លោក មុត ចន្ថា អតីតប្រធានខុទ្ទការល័យប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា ការចោទលោក កឹម សុខា ជាទង្វើប្លន់អំណាចពលរដ្ឋពាក់កណ្តាលប្រទេស ដែលថា តុលាការត្រូវបើកការស៊ើបអង្កេតរកជនលាក់មុខ ធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ពាក់ព័ន្ធនឹងទោសក្បត់ជាតិ។
លោក មុត ចន្តា បាននិយាយលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៨ ខែមិនានេះថា អ្នកក្បត់ជាតិមិនមែនជា លោក កឹម សុខា ឡើយ។ តែថា លោក កឹម សុខា ជាអ្នកតស៊ូមតិដោយអហិង្សា ដើម្បីទាមទារសិទ្ធិមនុស្ស សេរីភាព និងសិទ្ធិស្របច្បាប់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ប្រឆាំងនឹងការរំលោភបំពាន។
លើសពីនេះ លោកថា លោក កឹម សុខា បានបង្កើតគណបក្សនយោបាយមួយ ស្របតាម រដ្ឋធម្មនុញ្ញ រហូតបង្កើតបាន«គណបក្សសង្រ្គោះជាតិ» ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ពាក់កណ្តាលប្រទេស នៅក្នុងការបោះឆ្នោតសភា ឆ្នាំ២០១៣ និងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧។
សម្រាប់ លោក មុត ចន្ថា ការដឹកគណបក្សនយោបាយស្របច្បាប់ ដើម្បីចូលរួមក្នុងការបោះឆ្នោត មិនមែនជាអំពើរដ្ឋប្រហារ ឬបដិវត្តិន៍ពណ៌ ដូចការចោទប្រកាន់របស់រដ្ឋាភិបាល និងតុលាការឡើយ។
ការចោទប្រកាន់មកលើ លោក កឹម សុខា ពីបទគប់គិតជាមួយសហរដ្ឋអាមេរិកដោយសម្ងាត់ដើម្បីធ្វើបដិវត្តន៍ពណ៌ «គឺជាអំពើប្លន់អំណាចសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរពាក់កណ្តាលប្រទេស ដែលបានបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិ ៥៥អាសនៈសភា និង ៥០០៧អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់»។
លោក មុត ចន្ថា ចោទជាសំណួរថា តើនរណាក្បត់ជាតិ? លោកឆ្លើយដោយខ្លួនឯងថា គេអាចឆ្លើយបានយ៉ាងងាយថា អ្នកដែលក្បត់ជាតិ គឺមានតែអ្នកដែលធ្វើឱ្យបាត់បង់ទឹកដី រួមទាំងដែនកោះ អ្នកបំផ្លាញធនធានធម្មជាតិ បំពានរដ្ឋធម្មនុញ្ញ ដែលការណ៍នេះ តុលាការគួរតែស៊ើបអង្កេតវែកមុខឧក្រិដ្ឋជនលាក់មុខទាំងនោះវិញ។
លោក ហ៊ុន សែន ធ្លាប់អះអាងថា លោកជាអ្នកបញ្ជាឱ្យចាប់ខ្លួន លោក កឹម សុខា ដែលវិធានចាប់ខ្លួន បានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលលោក កឹម សុខា កំពុងសម្រាកនៅក្នុងផ្ទះ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ទាំងមានអភ័យឯកសិទ្ធិសភា។
វិធានការចាប់ខ្លួននោះ លោក ហ៊ុន សែន ចោទថា លោក កឹម សុខា គប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ខណៈគណបក្សសង្គ្រោះជាតិ បានហក់ឡើងប្រជាប្រិយភាព ជិតទាន់បក្សកាន់អំណាច ដែលគេមើលឃើញថា លោក ហ៊ុន សែន ខ្លាចចាញ់ឆ្នោត របូតអំណាច នៅឆ្នាំ២០១៨។
បច្ចុប្បន្ននេះ សំណុំរឿងប្តឹងទាស់របស់ លោក កឹម សុខា ប្រឆាំងនឹងបទចោល បន្តជាប់គាំងនៅសាលាឧទ្ធរណ៍ភ្នំពេញ។
សាលាឧទ្ធរណ៍នេះ បានបើកសវនាការដំបូងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥នេះ មានរយៈពេលជាង១ឆ្នាំ ក្រោយពីបើកសវនាការបានចំនួន ១១លើក។ រីឯអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង មិនអាចទាក់ទងបានដើម្បីសុំពន្យល់ជុំវិញបញ្ហានេះ។
ដោយឡែក អ្នកមានបទពិសោធន៍កិច្ចការព្រំដែន មិនចំណុះឱ្យរដ្ឋាភិបាល លោក អ៊ុំ សំអាន ធ្លាប់អះអាងថា ការបាត់បង់ទឹកដីទៅប្រទេសជិតខាងរួមទាំងប្រជុំកោះ រួមទាំងកោះត្រល់ និងកោះគុត ជាកំហុស លោក ហ៊ុន សែន ដើម្បីចង់ក្តោបអំណាច។
យ៉ាងណាលោក ហ៊ុន សែន អំឡុងឆ្នាំ២០១២ ធ្លាប់បានប្រើវេទិកាសភា ដោយប្រើពេលជាង៥ម៉ោង ដើម្បីជំទាស់ទៅនឹងការចោទប្រកាន់ ពីការធ្វើឱ្យបាត់បង់ទឹកដីរួមទាំងកោះត្រល់ ទាំងមិនឱ្យមានការសួរដេញដោលពីតំណាងរាស្ត្រគណបក្សប្រឆាំង ដោយបញ្ជាឱ្យសភាបិទម៉ៃក្រូហ្វូនតំណាងរាស្ត្រ។
យ៉ាងនេះក្តី លោក ហ៊ុន សែន អំឡុងឆ្នាំ២០០៥ ធ្លាប់គំរាមរំលាយរបបរាជានិយម អាស្រ័យធម្មនុញ្ញ បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខា ធ្វើឱ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់រស់ឡើងវិញ ដើម្បីសម្រេចមហិច្ឆតាវៀតណាមលេបទឹកដី។
ក្រោយសម្រេចផែនការនេះ ការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម បានចាប់ផ្តើម ដំណើរការនៅដើមឆ្នាំ២០០៦។ បច្ចុប្បន្ន ការបោះបង្គោលព្រំដែន សម្រេចបានជិត១០០ភាគរយ ទោះមានការតវ៉ាពីក្រុមអ្នកឃ្លាំមើល និងគណបក្សប្រឆាំង។
បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ បទប្រគល់ឱ្យរដ្ឋបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជិវិត៕