មតិប្រឆាំងរួមចំណែក​​ជួយរដ្ឋាភិបាលឱ្យដើរលើផ្លូវ​ត្រូវ​មិន​មែន​ទាញ​ប្រទេស​ឱ្យ​វឹកវរ​ទេ

អ្នក​​តាម​ដានសង្គម​ លើក​ឡើង​ថា គណបក្ស​​​ក្រៅ​រដ្ឋាភិបាល​​ និង​​អង្គ​ការ​​សង្គម​ស៊ីវិល ​នៅ​​តែ​​បន្ត​ដើរ​​តួនាទី​​យ៉ាង​សំខាន់ ​ក្នុ​ង​ការ​​​​ធ្វើ​​ជា​កញ្ចក់​​ឆ្លុះ​​បញ្ចាំង​ពី​ស្ថាន​​ភាព​​ពិត​​របស់​​សង្គម​ជាតិ​ ដែល​បាន​​រួម​​ចំណែក​​ជួយ​​បង្ហា​ញ​​ប្រាប់​​រដ្ឋាភិបាល​​នូវ​​​ចំណុច​​អវិជ្ជមាន ​ដែល​​​អាច​​​នាំ​ឱ្យ​មាន​​មហន្ត​រាយ​ដល់​ប្រទេស​​ជាតិ មិន​​មែន​​បញ្ចេញ​មតិ​​ដើ​ម្បី​ទាញ​​ប្រទេស​​ឱ្យ​​ធ្លាក់​​ក្នុង​​ភាព​វឹកវរ ​ដូច​​​ការ​ចោទ​ប្រកាន់​​របស់​​មន្ត្រី​​រដ្ឋា​ភិបាល ​និង​​មន្ត្រី​បក្ស​​កាន់​​អំណាច​​​នោះ​​ទេ។

ការ​លើក​ឡើង​នេះ ​គឺ​បន្ទាប់​ពី ​លោក ​ប៉ែន បូណា​ ប្រធាន​អង្គភាព​អ្នក​​នាំពាក្យ​​រដ្ឋាភិបាល​ ​បាន​ថ្លែង​​ថា បើ​គ្មាន​រាជរដ្ឋា​ភិបាល​​​រឹង​មាំមួយ ដូច​សព្វថ្ងៃ​នេះ​ទេ​ ប្រទេស​កម្ពុជា​​អាច​វិល​ត្រឡប់​ទៅ​អតីត​កាល​វិញ​​តាម​​រយៈ​នយោបាយ របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​​ក្តាប់​​តូច។

លោក​​បាន​​ថ្លែង​​​បែប​នេះ​ តាម​​បណ្តាញ​​សារព័ត៌​មាន​គាំទ្រ​​រដ្ឋាភិបាល​ Fresh News កាល​​​ពី​​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ២០២៥។

លោកថា៖ «ការ​ធ្វើ​នយោបាយ​របស់​ក្រុម​អ្នក​នយោបាយ​​មួយ​​ក្តាប់​​តូច​ ដែល​​យើង​​ហៅ​ថា ​​ជា​ក្រុម​អ្នក​​នយោបា​យ​ប្រឆាំង​​ប្រកាន់​មនោគម​ន៍​​វិជ្ជា​ជ្រុល​​និយម គឺ​គាត់​​ធ្វើ​នយោបាយ​​ដើម្បី​​ទាញ​ប្រទេស​​ឱ្យ​ធ្លាក់​​ក្នុង​​ភាព​វឹកវរ ​នៅ​ពេល​​យើង​​និយាយ​​ពី​សន្តិភាព​ យើង​​ការ​​ពារ​​សន្តិភាព​​យើង​កសាង​​សន្តិភាព ពួក​គាត់​​បែរ​ជា​ធ្វើ​នយោ​បាយ​ ដើម្បីធ្វើ​ឱ្យ​មាន​​ភាព​វឹកវរ​ ចលាចល​​ក្នុង​​សង្គម​​ ញុះ​ញង់​ ចោទ​​ប្រកាន់​ មួល​​បង្កាច់​ ភូត​កុហក់​​គ្រប់​​បែប​​យ៉ាង​​ធ្វើ​ឱ្យ​សង្គម​​វឹកវរ គោល​​បំណង​របស់​គាត់​​ណា  ប្រសិន​​​បើ​​អត់​មាន​​រាជរដ្ឋាភិបាល​មួយ​ ​ដែល​​រឹង​មាំ​ដូច​សព្វ​​ថ្ងៃ ​គឺ​​សង្គម​​​យើង​អាច​នឹង​ដើរ​​ថយ​ក្រោយ​​ត្រឡប់​ទៅ​អតីត​កាល​វិញ»

បន្ថែម​​​ពី​នេះ ​លោក ប៉ែន បូណា ​គូស​បញ្ជាក់​​ថា គណបក្ស​ប្រជាជន​​កម្ពុជា​ ជា​គណបក្ស​​មួយ​​ដែល​ខ្លាំង​ ​ពីព្រោះ​​បើ​​មិន​​ខ្លាំង​​​គឺ​​មិន​​អាច​​ដឹកនាំ​ប្រទេស​​បាន​​យូរ​ មិន​អាច​​ទទួល​​បាន​​ការ​​គាំ​ទ្រ​​​ពី​ប្រជា​ពល​រដ្ឋ​​យ៉ាង​​ច្រើន​​ភ្លូក​ទឹក​​ភ្លូក​​ដីនោះ​ទេ។

ប៉ុន្តែ​យ៉ាងណាក្តី រដ្ឋាភិបាល​​ក្រោម​​ការ​​ដឹកនាំ​របស់​​គ្រួសារ​​ហ៊ុន​ នៃគណបក្ស​ប្រជាជនកម្ពុជា​ ត្រូវ​បាន​​មជ្ឈដ្ឋាន​​ជាតិ​​និង​​អន្តរជាតិ ​មើល​​ឃើញ​​ថា បាន​​ប្រឌិដ្ឋ​​រឿង​​ចោទ​ប្រកាន់​​មួល​​បង្កាច់​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ តាម​​រយៈ​​កា​រ​​ប្រើ​តុលា​ការ​​កំពូល​ ​ដែល​​ជា​ឧបករណ៍​​របស់​​ខ្លួន​ឱ្យ​រំលាយ​​គណបក្ស​ប្រឆាំង​​នេះ​​ចោល ​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​​នេះ ​កំពុង​​កើន​​ប្រជា​​ប្រិយ​ភាព​​យ៉ាង​ខ្លាំង​​ ចាប់​​តាំង​​ពី​​ឆ្នាំ​២០១៣​មក​​។

សូម​រំលឹក​​ថា គិត​​ចាប់​​តាំង​ពី​ថ្ងៃ​ទី៣ ​ខែ​កញ្ញា ​​ឆ្នាំ​​២០​១៧​ មក​​ដល់​​ខែ​មីនា​ ឆ្នាំ​​២០២៥​​នេះ​​ មាន​រយៈ​ពេល​ ៧ឆ្នាំ៦​ខែ​​​ហើយ​ ដែល​​លោក ​កឹម សុខា​ ត្រូវបាន​ចាប់​ខ្លួន និង​មាន​រយៈ​ពេល​​២ឆ្នាំ​ហើយ ដែល​សាលា​​ដំបូង​រាជធានីភ្នំពេញ​ ដែល​​​ជា​ឧបករណ៍​​របស់​ ​លោក ​ហ៊ុន សែន បាន​សម្រេច​ផ្តន្ទាទោស​​ឱ្យ​លោក ​កឹម សុខា​ ​ជា​ប់ឃុំ​​នៅក្នុង​​ផ្ទះ ​២៧​ឆ្នាំ និង​ហាម​មិន​ឱ្យធ្វើ​នយោបាយ​អស់​១ជីវិត ក្រោម​ការ​ចោទ​ប្រកាន់​ ​ពីបទ ​ក្បត់​​ជាតិ​​​គប់​​គិត​​ជាមួយ​​បរទេស​​មាន​​សហរដ្ឋ​​អាមេរិក និង​អាល្លឺ​ម៉ង់​ជាដើម ដើម្បី​​ផ្តួល​​រំលំ​រដ្ឋាភិបាល ជា​បទ​ចោទ​​ដែល​​មជ្ឈដ្ឋាន​​ជាតិ ​និង​​​អន្តរជាតិ​​​​ជា​ច្រើន​ រួម​​ទាំង​​អង្គ​ការ​​សហ​ប្រជាជាតិ​​ចាត់​​ទុក​ថា​​​ជា​រឿង​នយោបាយ​។

ចាប់តាំងពីមាន​ការ​រំលាយ​​គណបក្ស​សង្គ្រោះជាតិ​ ដែល​​មាន​​ប្រជាពលរដ្ឋ​គាំទ្រ​​ជិត​កន្លះ​​ប្រទេស​មក​ ថ្នាក់​​ដឹកនាំ​ ​និង​​សកម្ម​​ជន​​នយោបាយ​​ប្រឆាំង​​ជាច្រើន​ បាន​​រត់​ភៀស​ខ្លួន​ទៅ​​ជ្រក​កោណ​នៅ​ក្រៅ​​ប្រទេស​ ខណៈ​​អ្នក​​នៅ​ក្នុង​ស្រុក​បាន​​ទទួល​​រង​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ​​រហូត​​ដល់​​មាន​ការ​វ៉ៃដំ​បណ្តាល​​ឱ្យ​រង​របួស​​ធ្ងន់ ​និង​ខ្លះ​​ត្រូវ​ចាប់​ឃុំ​ក្នុង​ពន្ធនារគារ ហើយ​មួយ​ចំនួន​ត្រូវ​​បង្ខំ​ចិត្ត​ចុះ​ចូល​ជាមួយ​គណបក្ស​​ប្រជាជន​​កម្ពុជា។

ក្នុង​រយៈ​ពេល​ជិត ៨ឆ្នាំមកនេះ គេកត់​​សម្គាល់​​ឃើញ​​ថ្នាក់​ដឹក​នាំ និង​អ្នក​គាំទ្រ​​គណបក្ស​​កាន់​អំណាច ​និង​​គណ​បក្ស​ប្រឆាំង​​ដែល​​ត្រូវ​បាន​​រំលាយ​​ តែង​តែ​ធ្វើការ​​រិះគន់​វាយ​ប្រហារ​គ្នា​ទៅ​​វិ​ញទៅ​មក​​យ៉ាង​ក្តៅ​​គគុក​ ប៉ុន្តែភាគីដែល​ទទួល​រងគ្រោះ ​នឹង​​ទទួល​​រង​​នូវ​ភាព​អយុត្តិធម៌​កាន់​​​តែ​ខ្លាំង​គឺ​សកម្ម​ជន​​គណបក្ស​​សង្គ្រោះ​ជាតិ ​ដោយ​​សារ​​តែ​នៅ​កម្ពុជា​ ទាំង​ស្ថាប័ន​​មាន​​សមត្ថកិច្ច​​របស់​​រដ្ឋ​​និង​​តុលាការ ​គឺ​​ស្ថិត​នៅ​ក្រោម​​កណ្តាប់​​ដៃ​​របស់ លោក ​ហ៊ុន សែន។

សម្រាប់​ លោក ​សម រង្ស៊ី ដែល​ជាអ្នក​ជំនាញ​​សេដ្ឋកិច្ច និង​​​ជា​អតីត​ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ ​បាន​​លើក​ឡើង​​ថា កម្ពុជា ​ក្រោម​​ការ​​ដឹកនាំ​​រប​ស់​​គ្រួសារ​​ហ៊ុន ​ក្នុង​រយៈ​ពេល​ជាង ​៤០​ឆ្នាំ​មក​នេះ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​​ជួប​​វិបត្តិ​​ធ្ងន់​ធ្ងរ​ និង​ហិន​ហោច​អស់​​ធនធាន​​ធម្មជាតិ​ ​ជាពិសេស​​ព្រៃ​ឈើ​ និង​ទឹក​ដី​​​នៅ​តាម​​ព្រំដែន​​ត្រូវ​បាត់​​បង់​ទៅប្រទេសជិតខាង​។

លោក​បាន​សរសេរក្នុង​​សំណេរដើម​ បង្ហោះនៅលើហ្វេសប៊ុក​របស់​​លោក ​កាល​ពីថ្ងៃទី៥ ខែ​​មីនា​​ថា «កោះ​ត្រល់​ក៏​បាត់​​ កោះគជ់​ក៏បង់ ព្រំដែន​ក៏ផុង ខាង​ក្នុង​សម្បទាន​​ភ្នំ​បឹង​ក៏លក់​ លិច​កើត​ឈ្លាន​ពាន​រស់​នៅ​សុំទាន​​អួត​ថា​​ខ្លួន​ខ្លាំង​»

លោកបន្តថា៖ «រាស្ត្រខ្មែរ​​សព្វថ្ងៃ​​ម្នាក់ៗ តឹង​ទ្រូង​​ស្ទើ​ប្រេះ​​មិន​​ហ៊ាន​​និយាយ​ វេទនា​ពិបាក​​ណាស់​​ ហើយ​​ជំពាក់​​បំណុល​គេ​វណ្ឌក​ទៀត»

លោក​ សម រង្ស៊ី​ លើកឡើ​ង​​ទៀត​ថា​ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនដែ​ល​ខ្វល់​ពី​ប្រជាពលរដ្ឋ​​ឡើយ ថ្នាក់​​ដឹក​នាំ​ និង​មន្ត្រី​​រដ្ឋាភិបាល បែរជាចូល​រួម​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាមួយ​ក្រុម​ម៉ាហ្វី​យ៉ា ហើយ​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់​ទៅៗ​ជា​រៀង​រាល់​ថ្ងៃ។

លោកថា មេដឹកនាំសព្វថ្ងៃនេះ ​ជា​​មនុស្ស​អសមត្ថ​ភាព មិន​ចេះ​ជួយ មិន​ចេះដោះ​​ស្រាយ​បញ្ហា​សង្គម តែ​បែរ​ជា​បន្ទោស​​ជន​រង​គ្រោះ បន្ទោសកសិករ​ដែលខំប្រឹង​ប្រែង​ចិញ្ចឹម​​ជីវិត​ចិញ្ចឹម​គ្រួសារ​ទៅ​វិញ។

សម្រាប់ ​លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស​ជំនាន់​​ថ្មី ​បាន​​ថ្លែង​ថា មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរ​ជាតិ ​ជាពិសេស​​ប្រជាពលរដ្ឋ​​ម្ចាស់​​ឆ្នោត​ ម្ចាស់​ប្រទេស គឺ​ជាអ្នក​មើល​ជាអ្នក​វាយ​តម្លៃ​ថា តើ​​ការ​ដឹក​នាំ​រដ្ឋាភិបាល​របស់​​គណបក្ស​​ប្រជាជន​កម្ពុជា​​​បច្ចុប្បន្ន​ មាន​ភាព​សុចរិត​ មាន​​តម្លាភាព មាន​ការ​​គោរពនីតិរដ្ឋ មាន​​យុត្តិធម៌សង្គម​​ ឬក៏មាន​ការ​គោរពនូវគោលការណ៍​ប្រជាធិប​តេយ្យ​ គោរព​សិទ្ធិ​មនុស្ស​ ឬក៏​គោរព​សិទ្ធិ​សេរីភាព ​នៃការ​ធ្វើនយោបាយ​ ឬក៏​គោរព​​សេរីភាព​នៃការ​បញ្ចេញ​មតិ​ដែរ​​ឬ​យ៉ាង​ណា វាមិន​អាស្រ័យ​ទៅ​លើ​ការអួត​អាង​របស់​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ។

លោក ​សុវណ្ណារ៉ា គូសបញ្ចាក់ថា​ អ្នក​នាំពាក្យ​​រដ្ឋាភិបាល​​ត្រូវ​​ចែក​​គ្នា​​ឱ្យ​​ដាច់ ​​កុំនិយាយ​ឡើងវ៉ៃ​អួត ប៉ាត​ណា​ប៉ាត​ណី សុទ្ធ​តែ​ក្រុម​ប្រឆាំង​​ជ្រុលនិយម។

លោកថា មន្ត្រី​រដ្ឋា​ភិបាល​គួរ​ធ្វើជាគំរូ និង​និយាយ​ឱ្យ​ចំៗ​ទៅលើបុគ្គល​ណាម្នាក់​​ ​​ពីព្រោះ​កម្ពុជា​​ជា​ប្រទេស​​ប្រជាធិប​តេយ្យ​ ​សេរីពហុបក្ស​ គឺ​​មាន​​គណបក្ស​នយោបាយ​ជាច្រើន​ ចូល​រួម​​ប្រកួត​ប្រជែង​​ក្នុង​ការ​​បោះ​​ឆ្នោត ​ដែល​ធានាការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ពាក់ព័ន្ធ​ផ្សេងៗ​។

លោក​ថ្លែងទៀត​ថា ​កុំ​គិត​ថា អ្នក​​ធ្វើ​នយោបាយ​​ប្រឆាំង សុទ្ធ​​​តែប្រឆាំង​​ធ្វើ​​​ឱ្យ​ប្រទេស​​ជាតិ​​ធ្លាក់​ទៅ​ក្នុង​​ភាព​​វឹកវរ​អី គឺចែកគ្នាឱ្យដាច់​ ហើយ​​បង្ហាញ​​ឱ្យ​​ចំ​នូវគំនុំ​​នយោបាយ​​បុគ្គល​​នៃ​​បក្ស​ប្រឆាំង ​ក៏​ដូច​​ជា​អ្នក​នយោបាយ​ប្រឆាំង​ ពីព្រោះ​គេប្រឆាំង​រិះ​គន់​ដើម្បី​ស្ថាបនា ​ហើយ​ការ​ធ្វើ​នយោបាយ​គឺ​​ធ្វើឡើង​​ស្រប​​ទៅ​​តាម​លក្ខន្តិកៈ តាម​​​ច្បាប់​​ក្រសួង​​មហាផ្ទៃ​ ច្បាប់​​រដ្ឋធម្ម​នុញ្ញ​​ច្បាប់​បង្កើត​គណបក្ស​​នយោបាយ​។

បើ​តាម​ លោក ​មាជ សុវណ្ណារ៉ា គណបក្ស​​ប្រឆាំង ​និង​​អង្គការ​​ក្រៅរដ្ឋាភិបាល ​​​​គឺ​​ជា​កញ្ចក់​​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​​ភាព​​ពិត​​របស់​​សង្គម​ជាតិ​ ដែល​ជំរុញ​​ដល់​រដ្ឋាភិបាល​ឱ្យ​ធ្វើការ​​កែ​តម្រូវ​ ​នៅ​ត្រង់​ចំណុច​ណា​ដែល​មានការ​ខុស​ឆ្គង​​ នាំឱ្យមានមហន្តរាយ​ដល់ជាតិ មិន​មែន​​ធ្វើ​នយោ​បាយ ​ឬ​​បញ្ចេញ​មតិ​ដើម្បី​​ទាញ​​ប្រទេស​​ឱ្យ​ធ្លាក់​​ក្នុង​​ភាព​វឹកវរ​នោះ​ទេ។

លោកថា៖ «ត្រូវ​ចែកគ្នា​ឱ្យដាច់​ កុំម៉ៅអួរហើយ ​បើយើង​ធ្វើនយោបាយម៉ៅអួរ​ រដ្ឋាភិបាល​ទៅវិញ​ទេ​អ្នក​នាំពាក្យ​​ហ្នឹង​​ ដែលងុប​ងុល​​ដែល​​ដើរ​ផ្ទុយ​​នឹង​​រដ្ឋធម្មនុញ្ញ ​ហើយ​មិនបាន​នាំជាគំរូ​នៃ​បក្ស​កាន់​អំណាច ​ដើម្បី​​ដឹក​នាំរា​ជរដ្ឋាភិបាល​​ជា​គំរូ​បង្ហាញ​​នូវ​សុចរិត​ភាព​នយោបាយ ​ហើយ​​កុំ កុំ​មាន​គំនិត​ព្រឹត្តិ​កា​រ​ណ៍ណា​​កម្ទេច ​ដើម្បី​​ត្រួត​ត្រា​​ធ្វើ​ឱ្យ​គេ​ទទួល​​នូវ​ភាព​អយុត្តិធម៌ ​ធ្វើ​ឱ្យ​គេ​ទទួល​នូវ​ការ​​ឈឺ​​ចាប់​ ​ដែល​​វា​ផ្ទុយ​​ទៅនឹង​ការ​​ធានា​ការ​ពារ​​ដោយ​​រដ្ឋ​ធម្ម​នុញ្ញ»

ជាមួយ​គ្នា​​នេះ ​លោក អ៊ូ ច័ន្ទរ័ត្ន ​តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ​ ដែល​​បច្ចុប្បន្ន​​ជា​ប្រធាន​គណបក្ស​​កែ​ទម្រង់​​កម្ពុជា បាន​​ថ្លែង​ថា អ្វី​​ដែល​​​គេ​ធ្វើ​ឱ្យ​ឡើង​​កម្តៅ​​នយោបាយ​​ជា​ហូរ​ហែ ក្នុង​​រយៈ​ពេល​​​ជា​ច្រើន​ឆ្នាំ​កន្លង​​មក​នេះ ​ភាគ​ច្រើន​​​គឺ​​ដោយ​​សារ​​រឿង​ផ្ទាល់​ខ្លួន​ ​រឿង​បុគ្គល​​ជាជាង​​រឿង​គោល​​នយោបាយ​​សម្រាប់​​ជាតិ។

ចំណែក ​លោកបណ្ឌិត ​មាស នី​ អ្នក​​សិក្សា​​ស្រាវ​​ជ្រាវ​​ពី​ការ​​អភិវឌ្ឍ​​សង្គម ​បាន​​ថ្លែង​​ថា សង្គម​មួយ​ដែល​​ស្អ​ប់​ការ​ពិត តែង​ជួបប្រទះ​រឿង​ដដែលៗ​ដោយ​ជៀស​មិន​ផុត។

ទាក់​ទង​ទៅនឹង​ប្រសិទ្ធភាព​ការងារ​​របស់​​រដ្ឋាភិបាល​ឈាម​​ថ្មី ​ដែ​ល​​ដឹកនាំ​​ដោយ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ម៉ាណែត ​វិញ លោក​បណ្ឌិត ​មាស នី ​​​លើក​​ឡើង​ថា កត្តា​ក្បាល​​ធំ ខ្លួន​​តូច​ ​​​ឬ​ក្បាល​​កាន់​តែ​ធំ ខ្លួន​ស្គម ដែល​​លោក​ចង់​សំដៅ​ទៅ​ចំនួន​ក្រសួង​ស្ថាប័ន និង​មន្ត្រី​ដ៏ច្រើន​លើសលប់ ថានៅ​តែ​ជា​​បញ្ហា​​ដែល​យើង​​មិន​ទាន់​ជំនះបាន ​ហើយ​បន្ត​ធ្វើឱ្យប្រសិទ្ធភាព​គ្រប់គ្រប់រដ្ឋខ្សោយ។

ជាមួយគ្នា​នេះ​ លោក វន ចាន់​ឡូត ​អ្នក​​សិក្សា​ផ្នែកច្បាប់​​ ក៏បាន​​​កត់​សម្គាល់​ដែរ​​ថា ក្នុង​​រយៈ​​ពេល​ពីរ​ឆ្នាំ​ក្រោម​ការ​​ដឹក​​នាំរ​បស់ លោក ​ហ៊ុន ម៉ាណែត អំពើពុករលួយ​បាន​កើនឡើង។

នៅ​ឆ្នាំ​២០២៣ និង២០២៤ កម្ពុជាឈរនៅលេខរៀង១៥៨ ក្នុងចំណោម១៨០ប្រទេស ដែល​ទទួល​បាន​ពិន្ទុ​២២/១០០ សម្រាប់​ឆ្នាំ​២០២៣ និង​២១/១០០ សម្រាប់​ឆ្នាំ​​២០២៤ បើ​ធៀប​​នឹ​ង​ឆ្នាំ​​២០២២ ក្រោម​ការ​ដឹកនាំរបស់អតីតនាយករដ្ឋមន្ដ្រី លោក​ ហ៊ុន សែន កម្ពុជា​ឈរនៅ​លេខ​រៀង ១៥០/១៨០​ ដែលទទួលបានពិន្ទុ ២៤/១០០។ លោក​ថា ​អំពើពុករលួ​យ​ជា​​ចោរ​​លួច​​​សេដ្ឋ​កិច្ច និង​ការ​អភិវឌ្ឈ ប៉ុន្តែ​អ្នកកាន់អំណាច​ហាក់គ្មានឆន្ទៈពិតប្រាកដ ក្នុង​ការ​លុបបំបាត់​អំពើ​ពុក​រលួយ​នេះ​ទេ។

ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សវិញ ​អង្គការ​លីកាដូ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​បង្ហាញ​​ទិន្ន័យ​​កត់​​ត្រា​​ត្រួសៗ ​រក​​ឃើញ​​ថា ឆ្នាំ​២០២៤ អាណត្តិ​លោក ហ៊ុន ម៉ាណែត មាន​ករណី​​ចាប់​ខ្លួន​​សកម្មជន​​សង្គម ​និងសកម្មជននយោបាយ​​ យ៉ាង​​គំហុក យ៉ាង​​តិច ១០២​នាក់ ពាក់​​ព័ន្ធ​នឹង​សកម្ម​ភាព​ការ​ពារធ​នធាន​ធម្មជាតិ ទាម​ទារ​យុត្តិធម៌​សង្គម និង​អ្នក​និយាយ​បញ្ហា​បូរណ​ភាព​ទឹក​ដី ពាក់​ព័ន្ធ​គម្រោង CLV ជាដើ​ម។

ការរកឃើញរបស់អង្គការលីកាដូ ហាក់ស៊ីគ្នាទៅនឹង​ការ​រក​ឃើញ​របស់​អង្គ​ការ​​សិទ្ធិ​​មនុស្ស​អន្តរ​ជាតិ Human Rights Watch ដែរ។

Human Rights Watch បាននិយាយថា ក្នុងសេចក្តីថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៥ ថា លោក ហ៊ុន ម៉ាណែត បាន​បរាជ័យព​ង្រឹ​ង​​​​ល​ទ្ធិ​ប្រជាធិប​តេយ្យ និង​នីតិរដ្ឋ តាម​ការ​សន្យា ជាមួយ​​សិទ្ធិ​មនុស្ស​អន្តរជាតិ​(UN​)។

​​អង្គការនោះថា ជាង​១ឆ្នាំ នៃការឡើ​ងកាន់អំណាច លោក ហ៊ុន ម៉ាណែ​​ត បន្ត​ប្រើប្រព័ន្ធ​តុ​លាការ​​ជា​ឧបករណ៍​​គំរាម​កំហែង​ឥ​​​ត​ឈប់​ឈរ ដើម្បី​បំបិទមាត់អ្នករិះគន់​អ្នកនយោបាយ​ជំ​ទា​ស់ និង​អ្នក​​​ការ​​ពារ​​សិទ្ធិ​មនុស្ស ដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ ដូចឳពុករបស់ខ្លួន។

ប្រភពនោះ សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​​របស់ លោក ហ៊ុន ម៉ាណែត បាន​គាប​សង្កត់​​យ៉ាង​​ខ្លាំង​​ទៅ​​លើ​លំហ​​ពលរដ្ឋ ការ​ចូលរួមនយោបាយ និង​សេរីភាព​ជាមូលដ្ឋានផ្សេងទៀតនៅឆ្នាំ២០២៤ ។

ប្រភពដដែល បញ្ជាក់ថា បញ្ហានេះ ជំរុញ​ឱ្យ​មាន​ការ​គំរាម​កំហែង ទៅ​លើ​​សេរីភាព​​សារព័ត៌​មាន និង​​ការ​​ជួប​​ប្រ​​ជុំ​ដោយ​សន្តិវិធី។

មួយវិញ​ទៀត ការអនុវត្តច្បាប់ ការចាប់​​ខ្លួន និង​​ការ​​ឃុំខ្លួន​អ្នក​​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល ធ្វើ​ឡើង​ក្រោ​​ម​​ហេតុ​ផល​​នយោបាយ។

សេចក្តីប្រកាស​នោះ បាន​ដក​ស្រង់​សម្តី លោក Bryony Lau នាយក​រង​ប្រចាំតំបន់អាស៊ី នៃ​អង្គ​ការ​​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស Human Rights Watch មក​ចុះផ្សាយ​ថា៖ «នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានដើ​រតាម​គន្លង​ឪពុក​របស់​លោក ដោយ​បង្កើន​ការ​ប្រើ​ប្រាស់​ច្បាប់​គាប​សង្កត់ និង​តុលាការ​​ជា​ឧបករណ៍​នយោ​បាយ ដើម្បី​បំបិទ​មាត់​អ្នក​រិះ​គន់​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស»

លោកបន្តថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា មាន​ត្រឹម​ជា​និម្មិត​​រូប​​ប៉ុណ្ណោះ សម្រាប់​​ការ​​បញ្ចេញ​មតិ​របស់​​សង្គម​​ស៊ីវិល និង​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ ស្ថិត​​​នៅ​​ក្រោម​​ការ​​គំរាម​កំហែង នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ឈប់​ឈរ។

បញ្ហាទាំងអស់​នេះ Human Rights Watch រំឭក​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរ​តែ​កែ​ប្រែ​នូវ​​ទង្វើ​បំពាន​សេរីភាព​ជាមូ​ល​ដ្ឋាន ហើយ​​ងាក​​មក​​អនុវត្ត​តាម​ការ​សន្យា​របស់​ខ្លួន ​ក្នុង​​ការ​​លើក​កម្ពស់​​លទ្ធិ​ប្រជាធិប​តេយ្យ និង​នីតិ​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ