សារមិនសម្លាប់មេមាន់​កំពុង​ក្លាយ​ជា​ឋាន​សួគ៌​ក្រុម​ឧកញ៉ា​ឆបោក

សារនយោបាយ មិនសម្លាប់​មេមាន់ ដើម្បី​ទុក​យក​ពង​របស់​រដ្ឋាភិបាល​បន្ត​វេន បក្ស​កាន់​អំណាច បាន​ក្លា​​យ​ជា​ឋាន​សួគ៌​​​ក្រុម​ឧក្រិដ្ឋ​ជន​ឧកញ៉ា​ឆបោក បន្សល់​ទុក្ខ​វេទនា​ដល់​ជន​រង​គ្រោះ​ច្រើន​ម៉ឺន​គ្រួសារ ដែល​ខ្លះ បែប​បា​​ក់គ្រួសារ និង​​​ខ្លះ​ស្លាប់ ក្រោម​សម្ពាធ​បំណុល ដែល​ច្បាប់​មិន​អាច​ការ​ពារ​បាន។

ជ្រុងមួយនៃបញ្ហានេះ ជន​រងគ្រោះម្នាក់ចាញ់បោក​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង គឺ​លោក ប៊ុន ធឿន ប្រាប់​VOD​ថា មាន​​អ្នក​សា្លប់​កើន​ជិត​​២០​នាក់ ក្នុង​នោះ​​មាន​​ទាំង​​អ្នក​​ធ្វើ​​អត្ត​ឃាត​​​ដោយ​​ចង​-ក និង​​ខ្លះ​​គ្មាន​​លុយ​​ព្យាបាល​​ជំងឺ ដោយ​សារ​ចាញ់​​បោក​​អតីត​​ឧកញ៉ា ហ៊ី គឹម​ហុង ធ្វើ​​​ឱ្យ​​ជួប​​វិបត្តិ​បំណុល​​ធ្ងន់​​ធ្ងរ។

បើតាមប្រភព​នោះ ពួកគេដែលបានចាញ់​បោក​ក្រុម​ហ៊ុន​ពិភព​ដី​មាស​របស់ លោក ហ៊ី គឹម​ហុង​នេះ​មាន​ជិត​៨ពាន់​គ្រួសារ ដែល​ថា​ក្រុម​ហ៊ុន​មិន​ព្រម​សង​លុយ​ពួក​គេ​វិញ​ទេ ច្រើន​ឆ្នាំ​ទៅ​នេះ ទោះ​ពួក​គេ​បាន​តវ៉ា និង​ដាក់​ពាក្យ​បណ្តឹង ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​​ច្រើន​លើក​ឱ្យ​រក​យុត្តិ​ធម៌ ដើម្បី​បាន​ដោះ​ស្រាយ​វិបត្តិ​បំណុល​ក្តី។

លោក​ថា៖ «ព័ត៌មាន​បឋម​មក​ចូល​១៧​នាក់! អ៊ីចឹង ដែល​ស្លាប់​ហ្នឹង​ប្រហែល​ជា​កើន​ឡើង​ទៀត ប៉ុន្តែ​មិន​ដឹង​ថា​កើន​ឡើង​ដល់​កម្រិត​ណា​ទេ! ព្រោះ​គាត់​ឈឺ​ស្លាប់​អត់​លុយ​មើល​ខ្លួន អត់​លុយ​ព្យាបាល​ជា​បន្ត​បន្ទាប់​ អ៊ីចឹង​ធ្វើឲ្យ​អ្នក​ស្លាប់​ប្រហែល​ជា កើន​រហូត​ដោយ​សារ​ក្រុម​ហ៊ុន​ពិភព​ដី​មាស​នេះ។ សុំ​ឱ្យ​រាជរដ្ឋា​ភិបាល​សុំ​ឲ្យ​លោក​ជួយ​មើល​ទុក្ខ​លំបាក​ ពី​ប្រជា​ពលរដ្ឋ​ដើម្បី​នឹង​ជួយ​ជំរុញ​រឿង​រ៉ាវ​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា​នៅ​ខាង​មុខ​នេះ កុំ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​ដាប​ទៅៗ»

ដោយ​ឡែក ជន​រង​គ្រោះម្នាក់​​ទៀត លោក យ៉ា សំអេង ប្រាប់​​ថា រឿង​​​ក្តី​អតីត​​ឧកញ៉ា ឡេង ចាន់ណា ដែល​មាន​អ្នក​ចាញ់​បោក​៧០០០​​គ្រួសារ គិត​ជា​ទឹក​ប្រាក់​ជាង ៣០០​លាន​ដុល្លារ​អាមេរិក​នោះ​ ជាង​​មួយ​​ឆ្នាំ​​ទៅ​​នេះ គ្មាន​ដំណោះ​ស្រាយ​ទេ។

លោកឱ្យដឹងថា​ លោក​បាន​បង្ខំ​ចិត្ត​ស៊ី​ឈ្នួល​ធ្វើ​ជា​កម្មករ​ដក​​ដំឡូង​​នៅ​ប្រទេស​​វៀត​​ណាម ក្រោយ​​​ចាញ់​បោក​ក្រុម​ហ៊ុន​នេះ​ជាង ២ម៉ឺន​ដុល្លារ ជា​កម្ចី​ធនាគារ។

លោកថា៖ «កន្លង​មក ខ្ញុំដែល​​ម​ក​​ស្គាល់​​ទឹក​​ដី​ស្រុក​​យួន​​ស្រុក​​អី​ ដល់​​ខេត្ត​តៃណិញ​​អី​ហ្នឹង ខ្ញុំមិន​ដែល​​ស្គាល់​​ទេ តែ​ឥឡូវមក​ស្គាល់​ស្រុក​គេ​ស្រុក​ឯង​​អស់​​ហើយ ដេក​យប់​ដេក​ថ្ងៃ​តាម​ព្រៃ ដើម្បី​តែ​​ក្រពះ​ ដើម្បី​តែ​ជីវិត ហើយ​ខ្ញុំ​ចង់​ឲ្យ​ខាង​តុលាការខេត្ត​សៀម​រាប គាត់​ធ្វើ​ម៉េច​ដោះ​ស្រាយ​រឿង​​ហ្នឹង​​ឲ្យចេញ ​ទោះថា​ក្នុង​តម្លៃ​ណា​ក៏ដោយ កាលៈ​ទេសៈ​ណា​ក៏​ដោយ សុំ​ដោះស្រាយ​រឿ​ង​ក្ដី​​ហ្នឹង​​ឲ្យ​ចេញ ដើម្បី​​ជួយ​​សង្គ្រោះ​​ដល់​​បង​​ប្អូន​​ជន​​រង​គ្រោះ​​ដទៃ​​ទៀត មិន​​​ថា​​រូបខ្ញុំ​​ឬ​​បង​​ប្អូន​​ជន​រង​​គ្រោះដទៃ​​ទេ គាត់​​កំពុង​​តែ​​លំបាក​​ដូចៗ​គ្នា ប៉ុន្តែ​ក្នុង​រូប​ភាព​ផ្សេងៗគ្នា​»។

យ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីខែមេសា ឆ្នាំ​២០២៤ អំឡុង​មាន​រលក​តវ៉ា​​ខ្លាំងពី​ជន​រង​គ្រោះ លោក​ធ្លាប់​ថ្លែង​ជាសាធារណៈ​ថា ការ​មិន​ចាត់​ការ​លើ​ក្រុម​អ្នក​ជំនួញ​បោក​ពលរដ្ឋ ជា​យុទ្ធ​សាស្រ្ត​រក្សា​ទុក​មេមាន់​ដើម្បី​យក​ពង​ឱ្យ​ពលរដ្ឋ។

លោកថា៖ «រដ្ឋាភិបាលពិតណាស់ មិនងាកចាប់ៗ​នោះទេ​ យើង​មិន​អាច​យក​រូប​មន្ត​សម្លាប់​មេមាន់​នោះ​ទេ យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​មេមាន់​នៅ​រស់ ដើម្បី​យក​ពង​ទៅ​នាំ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​នេះ​ជា​គោល​ដៅ​ធំ»

តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក សួន សូរីដា ហៅ​សារ​មិន​សម្លាប់​មេមាន់​នេះ  បង្ហាញ​ពី​កា​រ​ដឹក​នាំ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ងាក​ទៅ​ឱ្យក្រសោប​ក្រុម​ឧកញ៉ា​ឆបោក ជា​ហេតុ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ច្បាប់​មិន​អាច​រក​យុត្តិធម៌​ឱ្យ​ជន​រង​គ្រោះ​បាន។

លោកថា«ខ្ញុំគិតថា​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​នាម​គាត់​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ប្រទេស​មួយ។ ជាធម្មតា នៅ​ចំពោះ​មុខ​បុគ្គល​ឆបោក​ប្រាស់​ដ៏​ធំ​មួយ ចំពោះ​ប្រជា​ពលរដ្ឋ គឺ​ត្រូវ​តែ​ចាត់​វិធាន​ការ​ឲ្យ​រហ័ស​ទាន់​ពេល​វេលា ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង គាត់​អស់​ចិត្ត ហើយ​ទទួល​បាន​សំណង​កុំ​ឲ្យ​ជនបោក​ប្រាស់​ហ្នឹង នៅ​តែ​បន្ត​គឃ្លើន​តទៅ​ទៀត បើអ៊ីចឹង​ទេ អាអ្នក​បោក​ប្រាស់​នឹង​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់ ហើយ​វា​អាច​ជា​មេរៀន​មួយ​ឱ្យ​ជន​បោក​ប្រាស់​ហ្នឹង​ ចេះ​តែ​កើន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា​ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន»។ 

ប្រធាន​អង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា និយាយ​ថា សារ​មិន​សម្លាប់​មេមាន់ ប្រព័ន្ធ​តុលាការ​មិន​អាច​រក​យុត្តិធម៌​ឱ្យ​ជន​រង​គ្រោះ​នោះ​ទេ ដែល​លោក​បារម្ភ​ថា ពលរដ្ឋ​នឹង​បន្ត​រង​គ្រោះ​កាន់​​តែ​ច្រើន​ថែម​ទៀត បើពួក​គេ​មិន​ហ៊ាន​ប្រើ​ប្រាស់​សិទ្ធិ​ដើម្បី​ទាម​ទារ​អយុត្តិ​ធម៌​នោះ។

លោកថា៖ «វា​ជាការលើក​ទឹកចិត្ត​ទៅដល់​ឧក្រិដ្ឋ​ជន ​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ជាតិ​ក្នុង​ការ​កេង​ចំណេញ​កេង​ប្រវ័ញ្ច​ទៅ​លើ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន ដែល​រង​គ្រោះ​ដោយ​សារ​តែ​ការ​ឆបោក​នូវ​អំពើ​ទុច្ចរិត​របស់​អ្នក​ធំ​ អ្នក​មាន​ប្រាក់ និង​ឧកញ៉ា​ទាំង​អស់​ហ្នឹង។ បើសិន​ជា​ដំណោះ​ស្រាយ​មិន​កើត​មាន​ចំពោះ​គាត់ គឺ​មាន​នីតិវិធី​ទីពីរ គឺ​ការ​ធ្វើការ​តស៊ូ​មតិ​របស់​ពួក​គាត់​ដោយ​ការ​ទាម​ទារ​តវ៉ា បាតុកម្ម ក្នុង​ស្ថាប័ន​ពាក់​ព័ន្ធ​ណា​មួយ ដែល​មាន​អំណាច​សម្រេច​ចិត្ត ឬ​ក៏​បុគ្គល​ណាមួយ​ដែល​មាន​អំណាច​មាន​ឥទ្ធិពល​ ក្នុង​ការ​សម្រេច​ និង​ដោះ​ស្រាយ​បញ្ហា​របស់​ពួកគាត់​ ពីព្រោះ​ការ​ដើ​រក្ដី ឬ​ក៏​នីតិ​វិ​ធី​ផ្លូវ​ច្បាប់​របស់​ពួក​គាត់​ហ្នឹង ស្ថិត​នៅ​ក្នុង​ក្តី​អស់​សង្ឃឹម»។

ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នករងគ្រោះយ៉ាង​តិច ៣ម៉ឺន​នាក់ ដែល​ចាញ់​បោក​គម្រោង​​អចល​ទ្រព្យ រួម​មាន​ដូច​ជា អតីត​ឧកញ៉ា ជា សារ៉ន ហ៊ី គឹមហុង ឡេង ចាន់ណា ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុនCIC និង​ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប​នៅ​ខេត្ត​ស្វាយ​រៀង ជាដើម។

បើទោះបីឧក្រិដ្ឋជន​ឆបោកខ្លះ កំពុ​ងជាប់​ពន្ធនាគារ​ក្តី តែគ្មាន​វិធាន​រឹប​អូស​ទ្រព្យ ដើម្បី​សង​សំណង​ដល់​ជន​រង​គ្រោះ ដើម្បី​ដោះស្រាយ​បំណុល​វិញ​ទេ និង​ខ្លះ​ទៀត រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​ ដូច​ជា អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម។

ជាការកត់​សម្គាល់ ការរាលដាននៃអំពើឆបោកនេះ ក្រោយ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​តាម​បែប​ប្រជាធិប​តេយ្យ​ច្រើន​ឆ្នាំ​ទៅ​នេះ។

បរិបទនេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រើ​ដៃ​តុលាការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ បិទ​ខ្ទប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ចាប់​ខ្លួន​សកម្មជន​សង្គម ដែល​ជា​កញ្ចក់​សង្គម ដែល​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ការ​ដឹក​នាំ​បែប​គ្រួសារ​និយម ហើយ​ពលរដ្ឋ​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ពុក​រលួយ។

របាយការណ៍ថ្មីមួយចេញផ្សាយ​ដោយ CBC បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​ជិត ៥លាន​នាក់ កំពុង​ជាប់​កម្ចី​ឥណទាន ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ៥៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៣។

របាយ​ការណ៍​វាយ​តម្លៃ​ពី​អំពើ​ពុក​រលួយ​រប​ស់​អង្គការ​តម្លាភាព​អន្តរ​ជាតិ រក​ឃើញ​ថា ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​មិន​អាច​កាត់​ទោស​កំហុស​រដ្ឋាភិ​បាល​បាន វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​រ​ង​គ្រោះ ហើយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ វាទាល់​តែ​បើក​លំហ សេរីភាព​បញ្ចេញ​មតិ និង​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។ ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌ មិន​អាច​កើត​មាន​ទេ ដរាប​ណាជន​រង​គ្រោះ ខ្វះ​ភាព​ក្លាហាន ដើម្បី​ដាក់​សម្ពាធ​ឱ្យ​មេដឹក​នាំ​បង្ហាញ​​ការ​ទទួល​ខុស​ត្រូវ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ