កម្មករ​រោងចក្រ​កាត់​ដេរ​ស្ទើ​រ​តែ​ទាំង​​អ​ស់​បន្ត​​រស់​នៅ​ក្រោម​សម្ពាធ​បំណុល​វ័ណ្ឌក

មេដឹកនាំ​សហជីព​ និង​​កម្មករ​​មួយ​​​ចំនួន ​បា​ន​​អះ​​អាង​​​ថា បច្ចុប្បន្ន​​ស្ថាន​ភាព​​​ជីវភាព​​​រស់​នៅ​​​របស់​​កម្មករ​​​​រោង​​ចក្រ​​កាត់​​ដេរ​​​ កំពុង​​​តែ​​ជួប​​​ការ​​លំបាក​​​កាន់​​តែ​​ខ្លាំ​ង​​ឡើង ក្នុង​នោះ​​មាន​​កម្មករ​​រហូត​ដល់​​ប្រមាណ​ជាង​​៩០​​ភាគ​រយ ​​គឺនៅ​​តែ​​បន្ត​​ជំពាក់​​បំណុល​​គេ​​វ័ណ្ឌក​ដដែល​ ខណៈ​​មួយ​​ចំនួន​​ទៀត ​​មាន​​ជីវភាព​​កាន់​​​តែ​ធ្លាក់​ចុះ​ដុន​ដាប បើ​​​​​ទោះ​​​បី​ជា​ក្នុង​ឆ្នាំ​២០២៥​នេះ​ ប្រាក់​ឈ្នួល​​គោល​​កម្មករ​​បាន​​ឡើង​​ពី ​២០៤ដុល្លារ​​ទៅ​​២០៨​ដុល្លារ​យ៉ាងណាក្តី។

​អ្នកស្រី ​យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា បាន​​ថ្លែ​ង​ប្រាប់​វីអូឌី​នៅថ្ងៃទី​​១០​​ខែ​មីនា​​នេះ​ថា តម្រូវ​​កា​រ​​ចំណាយ​​​ប្រចាំ​​ថ្ងៃ​​កាន់​តែ​ខ្ពស់​ នៅ​ពេល​​​ដែល​​ការ​​​រក​​ប្រាក់​​ចំណូល​​សម្រាប់​​គ្រួសារ​​ មាន​​ភាព​មិន​ទៀង​​ទា​​ត់ ​​ដោយ​សារ​​ក្រុមហ៊ុន​មួយ​​ចំនួន​​មាន​ការ​​ព្យួរ​​ការ​ងារ​ មាន​ការ​​បញ្ឈប់​ការ​ងារ​ គឺ​​ជាដើម​​ហេតុ​​ដែល​ដែល​​ធ្វើ​ឱ្យ​គ្រួសារ​​កម្មករ​ ខ្ចី​បុល​​ប្រាក់​​គេ​​​បន្ថែម ​ដើម្បី​​បង្គ្រប់​​ការ​​ចាយ​​ប្រចាំ​ថ្ងៃ​ ធ្វើ​ឱ្យ​បំណុល​គរ​កាន់​តែ​ច្រើន។

យ៉ាងណាក្តី​ អ្នកស្រី​បញ្ជាក់​​ថា​ បច្ចុប្បន្ន​​ស្ថាន​ភាព​ជីវភាព​​ក្នុង​​រង្វង់​គ្រួសារ​​កម្មករ​​មួយ​​ចំនួន ​អាច​​និយាយ​​បាន​ថា រាង​​មាន​​ភា​ពប្រសើរ​​ឡើង​​បន្តិច​ ​បើប្រៀប​ធៀប​​កាល​ពីអំឡុង​មាន​​ការ​​រីក​រាល​​ដាល​​នៃ​​ជំងឺ​​កូវីដ-១៩​ ដោយ​​សារ​​តែ​នៅ​ពេល​​នេះ​​កម្មករ​​មាន​ការ​​ងារ​​ធ្វើ​​រាង​​ទៀង​​ទាត់​​ជាង​មុន។ ប៉ុន្តែ​​បើនិយាយ​​​ពី​ស្ថានភាពបំណុល​ គឺ​កម្មក​រ​​នៅ​​តែ​​ជំពាក់​​បំណុល​គេច្រើន​​​នៅ​​ឡើយ​ដដែល​​។​ ពាក់ព័ន្ធ​​ជាមួយ​នឹង​​ការ​​ងារ​​​របស់​​កម្មករ​វិញ​​អាច​និយាយ​​បានថា ​រាងប្រសើរ​ជាង​មុនបន្តិច ដោយ​សារឥឡូវក្រុមហ៊ុន​មួយចំនួន គាត់មានការ​ងារ​ឱ្យកម្មករ​។

អ្នកស្រីថា៖ «ប៉ុន្តែ​ដោយសា​រ​​កក្តា​ក្នុង​​វិស័យ​កាត់​ដេរ ​ដែល​​ពួក​ខ្ញុំ​មើល​​ឃើញ​​វិញ​ មាន​ក្រុម​ហ៊ុន​ខ្លះ គឺ​គាត់​បិទ អ៊ីចឹង​​​​​វាធ្វើឱ្យ​កម្មករ​អាច​ធ្លាក់​នៅ​ក្នុង​សម្ពាធ​មួយ​​អត់​មាន​ការ​​ងារ​ធ្វើ​ បន្ទាប់​ពី​អត់​មានការ​​ងារ​​ធ្វើ ​កាល​ពីមុន ហើយ​ក្រោយ​​មក​​ទៀត គាត់​បាត់បង់​ការ​ងារ​ទាំង​ស្រុង​​ក៏​មាន​​ដែរ។ អ៊ីចឹង​​បាន​​ថា​វា​ប្រដម​ប្រសង​គ្នា វាមិន​​ទាន់​​ជា​ងើប​​ប្រសើរ​​ខ្លាំង​អី​ទេ គ្រាន់​​តែ​ថា ស្ថានភាព​សេដ្ឋកិច្ច​​ហ្នឹង​ ​នៅ​​រក្សា​ស្ថាន​ភាព​វាមិន​​ធ្លាក់​ ហើយ​​វាក៏​មិន​ងើប​​​អីទេ​ ​គឺ​វា​នៅ​ទ្រឹង​​អីចឹង ប៉ុន្តែ​អ្នក​ខ្លះមួយ​​ចំនួន​​​អាច​​ធ្លាក់​​ចុះ​ជាង​មុន​ទៅ​ទៀត»។

យោង​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គមស៊ីវិល ​នៅក្នុង​ខួប​លើកទី១១៤ ​នៃ​ទិវា​នារីអន្តរជាតិ​​៨​មីនា​ ឆ្នាំ​​២០២៥ បាន​​អំពាវនាវ​ដល់​​រាជរដ្ឋាភិបាល ​ក្រសួង​​ពាក់​ព័ន្ធ និយោជក ​និ​ង​​ក្រុម​​ហ៊ុន​ម៉ាក​យីហោ​ សូម​​​មាន​​វិធានការជាក់លាក់​​ប្រកប​​ដោយ​​ប្រសិទ្ធ​ភាព និង​បន្ទាន់​ ​ក្នុង​​ការ​​លុបបំបាត់អំពើហិង្សា​ទាក់​ទងនឹងយ៉េនឌ័រ​ និងការ​បៀតបៀន ​ដោះ​ស្រាយ​បញ្ហា​ទាក់​​ទង​នឹង​ការ​កេង​បន្លំប្រាក់​ឈ្នួលក្នុង​ខ្សែចង្វាក់ផ្គត់ផ្គង់​សម្លៀក​​បំពាក់​ និងធានាពង្រឹង​កិច្ចគាំពារ​ផ្នែក​សេដ្ឋកិច្ចនិង​សង្គម​សម្រាប់​កម្មករ​និយោជិត​ជាស្ត្រី។

ជាមួយ​គ្នា​នេះ ​សេចក្តី​ថ្លែង​ការណ៍​​រួម​​របស់​​អង្គការ​​សមាគម​​ចំនួន​​៧៩​ទាំង​​នោះ​ ក៏បាន​យោង​តាម​​របាយ​ការណ៍ ​«សម្ពាធ​​ក្រោម​​ថ្នេរ​​សាច់​ក្រណាត់» ​ដែល​​បាន​​រក​​ឃើញ​​​ថា ៩១ភាគ​រយ​​នៃ​​កម្មករ​​កាត់​ដេរ កំពុង​​ជាប់​បំណុល​ ដោយ​​៧០​ភាគ​រយ​​នៃ​កម្មករ​ មាន​ការ​កើន​​ឡើង​​បំណុល ​​ចាប់​តាំង​ពីការ​រាតត្បាត​នៃជំងឺកូវីដ-១៩មក​​។ ប្រភព​ដដែល​​បន្ត​ថា កម្មករ​​​ជាស្ត្រី​ ត្រូវ​បាន​បង្ខំ​ចិត្ត​​ខ្ចី​បំណុល​​ ដែល​មាន​អត្រាកាប្រាក់​ខ្ពស់ ​ដែល​​ធ្វើ​ឱ្យ​ពួក​គេ​​ធ្លាក់​​ខ្លួន​​កាន់​​​តែ​ជ្រៅ​នៅ​​ក្នុង​​អន្ទាក់​បំណុល​។

ជាង​នេះទៀត ​ក្រុម​ហ៊ុ​ន​​ម៉ាក​​យីហោ​ ​និង​​ក្រុម​​ហ៊ុន​​ផ្គត់​​ផ្គង់ ​ពុំ​​បាន​​បើក​​ប្រាក់​​ឈ្នួល និង​​នៅ​​ជំពាក់​​អត្ថប្រយោជន៍​នានារបស់​កម្មករ​​កាត់​ដេរ​ ចាប់តាំង​ពី​អំឡុង​ពេល​នៃ​ការ​រាត្បាត​ជំងឺ​កូវីដ-១៩​ ដែល​​នាំ​​ឱ្យ​កម្មករ​ជា​ច្រើន​​ពាន់​​គ្រួសារ ​ធ្លាក់​ខ្លួន​​ក្នុង​​បំណុល ​​និង​​មាន​​អារម្មរណ៍​​តាន​​តឹង​​ក្នុង​​ការ​​រ​ក​ប្រាក់​​សង​បំណុល​។

សេចក្តី​ថ្លែងការណ៍ ​​បាន​​បញ្ជាក់​ក្នុង​សំណេរ​ដើម​ថា៖«យើង​ខ្ញុំ​ទទួលស្គាល់​ចំពោះ​សមិទ្ធផល​​នានាដែ​ល​​រដ្ឋា​​ភិបាល​ ​ខិតខំប្រឹងប្រែងសម្រេច​បាន​ក្នុងការការពារ និង​​ការ​​លើក​​កម្ពស់​សិទ្ធិ​​ស្ត្រី ​​និង​​សមភាព​យេន​ឌ័រ​អស់​​រយៈ​​ពេល​​​៧អាណត្តិ​មក​​នេះ​ ប៉ុន្តែ​យើងខ្ញុំ​សង្កេត​ឃើញថា អំពើ​ហិង្សា​ទាក់ទងនឹងយេនឌ័រ និង​ការ​បៀត​​​បៀន ​ការរើសអើង​ ការកេងប្រវ័ញ្ច​ពលកម្ម ​ជាពិសេសលើស្ត្រី​ក្នុងខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស​ម្លៀក​​បំពាក់​​នៅតែ​បន្ត​​​កើត​មាន​គ្រប់​ទម្រង់ និង​​គ្រប់​ទីកន្លែង ​ដូច​ជា នៅ​កន្លែង​​ការ​ងារ​ នៅ​តាម​​ទីសាធារណៈ ​តាម​​ផ្ទះ ​និងតាម​​អនឡាញ​​ជាដើម»

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​​បាន​​​ផ្ដល់​​ប្រាក់​​ឈ្នួល​​អប្បបរមា​​ជូន​​កម្មករ​​រោង​ចក្រ​​ចំនួន ២០៨​​ដុល្លារ ចាប់​​​ពី​​ខែ​មករា ឆ្នាំ​២០២៥​ ​ដែល​​កើន​​ឡើង ៤​ដុល្លារ ​បើ​​ធៀប​​នឹង​​ឆ្នាំ​២០២៤។

ក្រុម​កម្មករ​រោងចក្រ​វិស័យ​វាយ​នភណ្ឌ និង​​កាត់ដេរ ​បាន​​ចាត់​​ទុក​ប្រាក់​​ឈ្នួល​​អប្បបរមា​​ត្រឹម​ ​២០៨​ដុល្លារ​ គឺ​ជា​​​​ចំនួន​​ថ្លៃ​​កម្លាំង​​ពលកម្ម​​ដែល​​ទាប ​ខណៈ​​ដែល​​ការ​ចំណាយ​​គ្រប់​សព្វ ​រាប់​​ចាប់​តាំង​ពី​​​តម្លៃ​​បន្ទប់​​ជួល​ ថ្លែ​អា​​ហារ​​ហូប​ចុក និង​មុខ​ទំនិញ​លើ​ទីផ្សារ​​បាន​ឡើង​ថ្លៃ​ខ្ពស់។

អ្នក​ស្រី សន ធីតា ជា​កម្មករិនី​រោង​ចក្រ​កាត់ដេរ​ ធ្វើការ​​នៅរោងចក្រ​​ក្នុង​​ខណ្ឌ​ឫស្សី​កែវ ​​រាជ​ធានី​​ភ្នំពេញ ​និ​យាយ​​ថា​ អ្នក​​ស្រី​​ខិតខំ​ធ្វើ​​ការ​ងារ​​បន្ថែម​​ម៉ោង​​ទាំង​​ឈឺ​​ទាំង​​ជា ដោយ​សារ​​​តែ​​ប្រាក់​​ឈ្នួល​គោល​​កម្មករ​​​មាន​ចំនួន​​តិច​​ត្រឹម ​២០៨​ដុល្លារ ​នៅ​ក្នុង​​ឆ្នាំ​​២០២៥​​នេះ ​ខណៈ​ការ​​​ចំណាយ​​គ្រប់​​សព្វ​​មាន​​ការ​​កើន​ឡើង។ ដោយ​​សារ​​តែ​​​រោងចក្រ​មិន​​សូវ​មាន​ការ​ងារ​​ថែម​ម៉ោង​​ច្រើន​ ក្នុង​១​ខែ ​អ្នក​ស្រី ​ធី​តា ​អាច​រកប្រាក់​បានយ៉ាង​ច្រើ​ន​​​ត្រឹម​ពី​​២​៤​០​​ទៅ​​២៥០​ដុល្លារ​​ប៉ុណ្ណោះ​។

 ស្រ្តី​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ​ បាន​និយាយថា៖ «ខ្ញុំ​ជួល​បន្ទប់​១​ស្នាក់​​នៅ២នាក់​​ប្អូនស្រី​ខ្ញុំ។ កាល​ពី​មុន​បន្ទប់​ជួល​​​តម្លៃ​៤០​​ដុល្លារ​ ដល់​ឥឡូវ​​គេ​ឡើង​​ថ្លៃ​ដល់​ ​៤៥ដុល្លារ ​បូក​​ថ្លៃ​​ទឹក​ថ្លៃភ្លើង​​សរុប​​អស់ប្រមាណ​ជាង ​៥០ដុល្លារ​​ក្នុង​​១ខែ។ ក្រៅពីនេះ ​ខ្ញុំ​ត្រូវចំណាយ​លើការហូប​ចុក​សល់ប៉ុន្មាន ​ត្រូវផ្ញើ​ទៅ​ឱ្យប្តីខ្ញុំ​នៅ​ឯស្រុក ក្នុង​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​បង់សងធនាគារ។ ប្តីខ្ញុំ​នៅ​ស្រុកគាត់​​ឡើង​ត្នោត​រម្ងាស់​​យក​​ស្ករ​ និង​​ត្រូវ​មើល​​ថែ​កូន២នាក់​ ដែល​​កំពុង​​នៅ​រៀន។ ប្តី​ប្រពន្ធ​ខ្ញុំ​ ត្រូវ​ខំ​រក​​ប្រាក់​​ដើម្បី​​បង់​​សង​ធនាគារ​ ​នៅជំពាក់គេជាង​ ១ម៉ឺន៤ពាន់​ដុល្លារ​ទៀត។​ ខ្ញុំ​ខ្ចី​គេយក​​មក​​ជួស​ជុល​ផ្ទះ​កាលពី​៣ឆ្នាំមុន»។​

ចំណែក​​អ្នក​ស្រី សន សុខា ជាកម្មការិនី​រោងចក្រ​ស្បែកជើង អ.ជី ហ្វ៊ូតវែរ ក្នុង​​ខេត្ត​កណ្ដាល ​ដែល​​នៅ​ជំពាក់ធនាគារ​​ជិត​១ម៉ឺន​ដុល្លារ​​ផងដែរនោះ ​បាន​​ថ្លែង​​ថា ការ​​ដំឡើង​ប្រាក់ឈ្នួល​​​​ឱ្យ​កម្មករ​​ត្រឹម​តែ ៤ដុល្លារ ​សម្រាប់​ឆ្នាំ​២០២៥ ​មិ​ន​អាច​​ជួយ​​សម្រួល​​បន្ទុក​របស់​កម្មករ​ដែល​មាន​ជីវភាព​​ក្រីក្រ ហើយ​​ថែម​ទាំង​​កំពុង​​មាន​​បំណុល​​ធ​នាគារ​ផង​នោះ​​​បាន​​​ទេ។

អ្នក​ស្រី សុខា ដែល​​មា​ន​ប្តី​ជា​អ្នក​រត់​​ផាស​អេប ​និង​​មាន​​កូន​តូច​៣នាក់ ​ក្នុង​បន្ទុក ​បាន​​និយាយ​​ថា រាល់​​ថ្ងៃ​​ជីវ​ភាព​អ្នក​ស្រី​លំបាក​ណាស់ ហើយ​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​កាន់​តែលំបាក​ទៅ​ៗ ដោយ​សារការរក​ប្រាក់​ចំណូលថយ​​​ចុះ​​ ហើយ​ការ​ចំណាយ​កាន់​តែកើនឡើង។

ស្រី្តវ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ ​បាន​និយាយ​ក្នុងសម្តីដើម​ថា៖ «កាលពីមុនក្រ តែអត់ជំពាក់​​បំណុល​​គេ​ទេ ដល់​ឥឡូវក្រហើយ​​ជំពាក់បំណុលគេ​ទៀត​។​ ការរស់នៅ​របស់គ្រួសារ​ខ្ញុំ​​ពីមួយ​ថ្ងៃទៅមួយ​​ថ្ងៃ ​កាន់​តែពិបាកទៅៗ​ មិន​​ដឹង​ថា ​ទៅ​មុខទៀតជីវិតទៅជាយ៉ាងណា​យ៉ាង​ណីទេ​បង អាណិត​តែកូនៗ​ទេ​ខ្ញុំ»

 VOD ​មិន​ទាន់​អាច​ទាក់​ទង លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ​ និងបណ្តុះបណ្តាល​​វិជ្ជាជីវៈ ដើម្បី​​ស្នើ​សុំ​​ធ្វើ​អត្ថាធិប្បាយ​​លើ​​ស្ថាន​ភាព​​ដ៏​លំបាក​​របស់​​កម្មករ ​ដែល​​កំពុង​ជំពាក់​​បំណុល​ធ​នា​គារ​​នេះ​​បាន​​ទេ ​នៅថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ​​២០២៥​​នេះ។

ប៉ុន្តែ​​លោក ​​ហេង សួរ​ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ​បាន​​ថ្លែង​​កាល​ពីពេ​ល​​ថ្មីៗ​​នេះ​ថា ចា​​ប់​ពីខែមករា ​ឆ្នាំ២០២៥​​នេះ​ត​ទៅ​ ប្រាក់​ឈ្នួល​​អប្បរមា​​របស់​​កម្មករ​​សម្រាប់​វិស័យ​វាយ​នភ័ណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង​ ផលិត​ផល​​​ធ្វើ​ដំណើរ ​និង​​កាបូប គឺមាន​​ចំនួន​​២០៨​​ដុល្លារ​​ ហើយ​​បើ​បូក​ទាំង​​​ប្រាក់​​អត្ថប្រយោជន៍​​ផ្សេង​ៗ ​គឺ​​កម្មករ​អាច​ទទួល​បានយ៉ាងតិច​ចាប់ពី ​២២៥​ដុល្លារ​ឡើង​ទៅ​ក្នុង​១ខែ​​។

ជាមួយគ្នា​នេះ ​មេដឹកនាំ​​សហជីព​​ឯករាជ្យ និង​​កម្មករ ​បារម្ភ​ថា​​ ស្ថានភាព​រស់នៅ​របស់​​កម្មករ ​និង​​ស្ថាន​​ភាព​សេដ្ឋកិច្ចទូទៅ​​រប​ស់​ប្រទេស​កម្ពុជា ​អាច​​នឹង​​ជួប​​ការ​លំបាក​​កា​ន់​​​តែ​ធ្ងន់ធ្ងរ​​ជាង​​នេះ​​ថែម​ទៀត នៅ​ពេល​​ខាងមុខ​​ បើ​​សិន​ជាលោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត មិន​ព្រម​ស្ដារ​​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​​ឱ្យ​បាន​​ល្អ​ប្រសើរឡើងវិញ ដើម្បី​ដោះ​ដូរ​​ទៅ​​នឹ​ង​​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​​គ្រប់​​មុខ​​ទំនិញ​​ទាំង​​អស់ ​លើក​លែង​​តែ​​អាវុធ (EBA)​​របស់​​​សហភាព​​អឺរ៉ុប ឱ្យនៅ​​បាន​​១០០​​​​ភាគ​​រយ​​ទេ​នោះ​។

លោក អាត់ ធន់ មេដឹកនាំសហជីព​មួយ​​រូប ​បាន​​ថ្លែង​​ថា ប្រសិន​បើ​​កម្ពុជា​​បាត់​បង់​ EBA បន្ថែម​​​ទៀត ​អ្នក​ដែល​​រង​គ្រោះ​​ខ្លាំង​​នោះ ​​គឺ​​ក្រុម​​កម្មករ​​ដែល​​នឹង​​ប្រឈម​​ការ​​បាត់​បង់​​ការ​ងារ ដោយ​សារ​​​តែ​​រោងចក្រ​​ជា​ច្រើន​អាច​​នឹង​​ត្រូវ​​​បិទ​ទ្វារ។

មេដឹកនាំ​សហជីព​​រូ​ប​​នេះ ​​ចង់​ឃើញ​រដ្ឋាភិបាល​កៀរគរ​​អ្នក​​វិនិយោគ​​បរទេស ជាពិសេស​​អ្នក​​វិនិយោគ​​មក​​ពី​បណ្ដា​​​ប្រទេស​​លោក​​សេរី​ ​មក​បើក​រោងចក្រ​ឱ្យបាន​កាន់​តែ​ច្រើន​​បន្ថែម​​ទៀត​​នៅ​​កម្ពុជា ដើម្បី​​អាច​​ឱ្យ​​កម្មករ​ទទួល​​បាន​​ការ​ងារ​​កាន់​​​តែ​ទូលំ​ទូលាយ និង​​ទទួល​​​បា​ន​​ប្រាក់​​ឈ្នួល​​ខ្ពស់​ជាង​បច្ចុប្បន្ន។

សូម​បញ្ជាក់​ថា កាល​ពីឆ្នាំ​២០២៣ សហព័ន្ធសហជីពកម្ពុជា (CATU) និង​សម្ព័ន្ធ​សហជីព​​ប្រជា​ធិប​តេយ្យកម្មករ​កាត់ដេរកម្ពុជា(CCAWDU) បាន​បើក​​​ការ​​សិក្សា​​ស្រាវ​ជ្រាវ ​និង​​ប្រមូល​​ទិន្នន័យ​​ ដោ​យ​​​បាន​​ធ្វើសម្ភាស​ន៍​​​ជាមួយ​កម្មករ​រោងចក្រ​កាត់​ដេរ​ចំនួន ៣០៨​នាក់ ក្នុង​​នោះ​​ស្ត្រី ៦៥​ភាគរយ បាន​​រក​​ឃើញ​ថា​ កម្មករ​ ៩១ភាគរយ រាយ​ការណ៍​ថា ពួកគេ​ជំពាក់​​បំណុល​យ៉ាង​ហោច​ណាស់​ចំនួន​​មួយ​ស្ថាប័ន។

ជាមួយគ្នា​នេះ យោងតាមរបាយការណ៍ស្ថានភាព​ឥណទាននៅកម្ពុជា​ ដែល​ក្រុម​ហ៊ុន​ Credit Bureau Cambodia (CBC) បាន​ចេញ​​ផ្សាយ​​កាល​​​ពី​​ចុង​ខែ​មីនា ឆ្នាំ​២០២៤ ​បាន​​ឱ្យ​ដឹង​​ថា គិត​​ត្រឹម​​ដំណាច់​​ឆ្នាំ២០២៣ ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ៤,៩៨​លាន​នាក់ កំពុ​ង​ប្រើ​​ប្រាស់​​កម្ចី​​ពី​ប្រព័ន្ធ​​ធនាគារ ដែល​​​​មាន​​ទំហំ​ទឹក​ប្រាក់​​សរុប​​ប្រមាណ ​៥៧,៦​​ពាន់​​លាន​​ដុល្លារ​​។

ខណៈ​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​បំណុល ​និង​វិបត្តិសង្គម​​ចាក់​ស្រែស​​យ៉ាង​ច្រើន ​លោក ​សម រង្ស៊ី ប្រធាន​ស្តីទី​​គណបក្ស​​​សង្គ្រោះ​ជាតិ​ និង​​​​អ្នក​​ឃ្លាំមើល​​សង្គម ​មិន​ចំណុះ​​រដ្ឋាភិបាល​​ បាន​​លើក​ឡើង​ថា វិបត្តិ​​បំណុល​ និង​​ទុក្ខ​​លំបាក​​របស់​​ប្រជាពលរដ្ឋ​​ក្រីក្រ​ ​នឹង​​មិន​​អាច​​ដោះ​​ស្រាយ​បាន​​ទេ ​ប្រសិន​បើ​កម្ពុជា​​​នៅ​​តែ​បន្ត​ដឹក​នាំ​ដោយ​​រដ្ឋាភិបាល​គ្រួសារ​​ហ៊ុន ដែល​​បក្ខពួក​និយម​ ​គ្រួសារ​​និយម ​និង​​កើត​មានអំពើ​ពុក​រលួយ​​​ជា​ប្រព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ