គ្រួសារហ៊ុនរងការ​រិះគន់​ពី​ការមិន​ផ្តន្ទា​ទោស​អ្នក​ឧកញ៉ា ហ៊ុន តូ ពាក់​ព័ន្ធ​បទ​លាង​លុយ

ការមិនចាត់វិធាន​ការ​​លើ​ម្ចាស់​ក្រុម​ហ៊ុន​លាង​លុយ​កខ្វក់ ឬ​លុយ​ខុស​ច្បាប់ ដែល​គេ​អះអាង​ថា ពាក់​ព័ន្ធ​នឹង​អ្នក​ឧកញ៉ា ហុន តូ ក្មួយ​លោក ហ៊ុន សែន នោះ​បង្ក​ជាក្តី​បារម្ភ ពី​ការ​ពង្រីក​ខ្លួន​របស់​ក្រុម​ឧក្រិដ្ឋ​ជន បង្ក​មហន្តរាយ​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ច្រើន​ឆ្នាំ​ទៀត បើ​គ្មាន​ចរន្តផ្លាស់​ប្តូរ។

ការលើកឡើង​នេះ ក្រោយ វិទ្យុ​អាស៊ី​សេរី បាន​ដក​ស្រង់​សម្តី​អ្នក​នាំ​ពាក្យ​ធនាគារ​ជាតិ​នៃ​កម្ពុជាចុះ​ផ្សាយ​ថា ធនាគារ​ជាតិ​បាន​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុម​ហ៊ុន «ហួយវ័ន ផេ» របស់​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន។

ការដកអាជ្ញាប័ណ្ណនេះ ក្រោយក្រុមហ៊ុននេះ រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រតិបត្តិ​ការ​លាង​លុយកខ្វក់​ឱ្យ​បណ្តាញ​ក្រុម​សង្គម​ងងឹត ឬ​ឆបោក​តាម​អន​ឡាញ​ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រទេស​ក្នុងតំបន់។

ក្រុម​ហ៊ុន «ហួយវ័ន ផេ» របស់​ឧកញ៉ា​ ហ៊ុន តូ ត្រូវ​បាន​ក្រុម​ហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic មានមូល​ដ្ឋាននៅ​ប្រទេស​អង់​គ្លេស កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៤ រក​ឃើញ​ថា កំពុង​រក​ស៊ី​ខ្មៅ​ងងឹតក្រោម​ឈ្មោះ​ក្រុម​ហ៊ុន​ ហួយ អាដេ គ្រុប ប្រព្រឹត្តិអំ​ពើ​លាង​លុយ​កខ្វក់ និង​ចាប់​ជំរិត​តាម​អនឡាញ។

លើសពីនេះ អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់​​​ឈ្មោះ SUN RUIFENG ដែល​​មាន​​ដើម​កំណើត​​ក្នុង​​ទីក្រុង​​ប៉េកាំង ប្រទេស​​ចិន កាល​ពី​​​ថ្ងៃ​ទី​៥ ខែ​​មករា ឆ្នាំ​​២០២៥ បាន​ដាក់​ពាក្យបណ្ដឹង​​មួយ​​ទៅ ​ក្រសួង​​យុត្តិធម៌ ចោទ​លោក ហ៊ុន តូ ថាបាន​បោកប្រាស់​លុយ​ចំនួន ៩​លាន​ដុល្លារ​អាមេរិក​ ជា​ថ្នូរ​នឹង​ការ​រត់ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ ​នៅ​ខេត្ត​មណ្ឌលគិរី ក៏​មិន​មាន​ចំណាត់ការ​ដែរ។

VOD បានព្យាយាមសុំការ​ឆ្លើយតបពីអគ្គ​ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា លោក​ស្រី ជា សិរី ដោយ​ហៅ​ទូរសព្ទ​ចូល​ជា​ច្រើន​ដង​ តែ​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​នេះ។ ដោយឡែក អ្នក​ឧកញ៉ា ហ៊ុន តូ មិន​អាច​ទាក់​ទង​បាន​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់​ថា ឧក្រិដ្ឋ​ជននឹង​បន្ត​ប្រើ​ល្បិច​បង្កើត​ក្រុម​ហ៊ុន​ថ្មី ដើម្បី​ដំណើរ​ការ​បទ​ឧក្រិដ្ឋ​បន្ត​ទៀត បើ​គ្រាន់​តែ​ដក​អាជ្ញាប័ណ្ណ​ តែ​មិន​កាត់​ទោស​ម្ចាស់​ក្រុម​ហ៊ុន​ទេ​នោះ។

លោកថា៖ «បើចាត់វិធានការបំបាត់​ដោយ​គ្រាន់​តែ​លុប​អាជ្ញាប័ណ្ណ ហើយ​មិន​ដាក់​ទោស​ទណ្ឌ​ ឬ​ក៏​ចាប់​ម្ចាស់​ក្រុម​ហ៊ុនហ្នឹង ដាក់​ទោស​ទៅ​តាម​ច្បាប់​ទេ ម្ចាស់​ក្រុមហ៊ុនគាត់​អាច​ទៅ​បើ​ក​ក្រុម​ហ៊ុន​ថ្មី​មួយ​ទៀត​បាន ហើយ​ជា​បន្ត​បន្ទាប់​ទៅ​​បើ​រដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​ក្រុម​ហ៊ុន​មួយ​ហ្នឹង​ទៀត​ គាត់​​ទៅ​បើក​ក្រុម​ហ៊ុន​ថ្មីៗ​ទៀត​ទៅ។ អាហ្នឹង​វា​មិន​ខុស​អី​ពី​ការ​បង្ក្រាប​តាមរបៀប​ការ​ពន្លត់​ភ្លើង​ចំបើង បាន​ន័យ​ថា រលត់​តែ​នៅ​ដើម​រួច​ហើយ​ វា​ចេះ​តែ​រាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត»។

សម្រាប់ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់​ថា ការ​មិន​កាត់ទោស​ម្ចាស់​ក្រុម​ហ៊ុន​ដែល​រក​​ស៊ី​ឆបោក ឬ​លាង​លុយ​បែប​នេះ ឆ្លុះ​បញ្ចាំង​​ប្រព័ន្ធ​​ច្បាប់​កម្ពុជា​នៅទន់​ខ្សោយ ដែល​វា​ជា​គ្រោះថ្នាក់​ដល់​ពលរដ្ឋ និង​សង្គម។

លោកថា៖ «ប្រសិន​បើ​យើងបាន​ប្រព្រឹត្ត​បទ​ល្មើស​ហើយ វាគ្រាន់​តែ​ដក​អាជ្ញាប័ណ្ណ​ ហើយ​យើង​ឱ្យ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើសរួច​ខ្លួន​ទៅ​វិញ ដូច្នេះ​យើង​គិត​ថា​អ្នក​ដែល​រក​ស៊ី​នីមួយៗ គេ​មិន​ជា​បញ្ហា​ប្រឈម​ប៉ុន្មាន​ទេ! ពីព្រោះ​ថា​វា​ធ្វើ​ឲ្យ​ទៅ​ជា​គំរូ​មួយមិន​ល្អ​សម្រាប់​ថា ​បើសិន​ជា​អ្នក​ឯង​រក​ឃើញ ដក​អាជ្ញាប័ណ្ណ​ខ្ញុំ​ទៅ។ ប៉ុន្តែ​បើ​អ្នក​ឯង​រក​មិន​ឃើញ ខ្ញុំ​រក​ស៊ី​អំពើ​ដែល​មិន​ត្រឹមត្រូវ​ កេង​នូវ​ផល​ចំណេញ​ហ្នឹង​បន្ត​ទៅ​ទៀត។ នៅពេល​ដែល​មិ​នត្រឹម​ត្រូវ​ដែល​ជា​អំពើ​ខុស​ច្បាប់ ដូច្នេះ​អា​នេះ​មិន​មែន​ជាការ​អនុវត្ត​ច្បាប់​មួយ​ ដែល​បាន​ពេញ​លេញ​ទេ គឺ​ថា​វា​ធ្វើ​ឲ្យ​បញ្ហា​នៃ​ការ​ជះ​ឥទ្ធិពល​ អំពី​ការ​អនុវត្ត​ច្បាប់​មិន​បាន​ពេញ​លេញទៅ​ដល់​បញ្ហា​វិបត្តិ ក្នុង​យើង​បន្ត​ទៅ​ទៀត»

កន្លងទៅ អតីត​ឧកញ៉ា ហេង សិទ្ធី ធ្លាប់​លាត​ត្រដាង​រឿង​​ឧកញ៉ា ហ៊ុន តូ ជា​​មេខ្លោង​​ឧក្រិដ្ឋ​កម្ម​ឆបោក​​តាម​​អន​ឡាញ យក​​លុយ​ចិញ្ចឹម​​អំណាច​​គ្រួសារ​​ហ៊ុន ដែល​​កំពុ​ង​បង្ក​​ការ​​គំរាម​​កំហែង​ ដល់​​ក្រុម​​អ្នក​​រកស៊ី​​បរទេស។

លោកថា៖ «កាលពីមុនគេស្គាល់កម្ពុជា ជា​ប្រទេស​អច្ឆរិយ​អង្គរ​វត្ត ឥឡូវ​នេះ​គេ​ស្គាល់​កម្ពុជា ដោយ​សារ ហ៊ុន តូ […] កម្ពុជា​ក្លាយ​ទៅ​ជា​កន្លែង​បោក​ប្រាស់​រក​ស៊ី​អន​ឡាញ​ខុស​ច្បាប់»។

យ៉ាងណា លោក ហេង សិទ្ធី ក្រោយ​ទម្លាយរឿងគ្រួសារហ៊ុន​​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ ក្នុង​បទឧក្រិដ្ឋ​នៅ​កម្ពុជា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ធ្លាប់​អះ​អាង​ថា អតីត​ឧកញ៉ា​រូប​នោះ ត្រូវ​បានចាប់​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​មិន​មាន​សេចក្តី​រាយ​ការណ៍​ពី​ការ​បញ្ជូន​មក​ដល់​កម្ពុជា​ទេ។

ឧកញ៉ា ហ៊ុន តូ ត្រូវ​បាន​អន្តរជាតិ​រក​ឃើញ​ជា​បន្ត​បន្ទាប់​ថា ជា​ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់ មេខ្លោង​ឆបោក​តាម​អន​ឡាញ និង​ឧក្រិដ្ឋជន​គ្រឿង​ញៀន ប៉ុន្តែ​គ្មាន​ស្ថាប័ន​ជាតិ​នៅ​កម្ពុជា​បើកការ​ស៊ើប​អង្កេត​នោះ​ទេ។

ប្រភពពីអន្តរជាតិ ដែល​រកឃើញពី​បទ​ឧក្រិដ្ឋ​របស់ លោក ហ៊ុន តូ រួម​មាន​ដូច​ជា កាសែត DL News នៅ​ទីក្រុង​ឌូបៃ ក្រុម​ហ៊ុន​វិភាគ​កាក់​ឌី​ជី​ថល Elliptic នៅប្រទេសអង់គ្លេស សារព័ត៌មាន The Australian និងទូរទស្សន៍អាល់ចាហ្សីរ៉ា (Al Jezera) ជាដើម។

ការអះអាងនេះ​ ហាក់ស៊ីគ្នា​ទៅ​នឹង​ការ​រក​ឃើញ​សំបុក​ឧក្រិដ្ឋ​ជន​លើ​ទឹក​ដី​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ឆបោក​តាម​អនឡាញ ការ​ចាប់​ជម្រិត ជាដើម ដែល​បានរក​ឃើញ​នៅ​ខេត្ត​ព្រះសីហនុ ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ កំពង់ស្ពឺ កណ្តាល ក្រុងបាវិត ខេត្ត​ស្វាយ​រៀង។

ថ្មីៗនេះ ​នគរបាល​ជាតិ ​បាន​រក​ឃើញ​សំបុក​ឧក្រិដ្ឋជន​ នៅ​ក្នុង​​ក្រុង​​សែន​មនោរម្យ ខេត្តមណ្ឌល​គិរី កាល​​​ពី​​ថ្ងៃ​​ទី៦ ខែ​មីនា ឆ្នាំ​២០២៥​នេះ។

បើតាម​សមត្ថ​កិច្ច​ ប្រតិបត្តិ​ការ​បង្ក្រាប​នេះ បាន​​ឃា​ត់​​ខ្លួន​​ជន​បរទេស​​សរុប​ជិត ៣០០​នាក់ ចម្រុះជាតិ​សាសន៍​ តែភាគ​ច្រើន​ជាជនជាតិ​ចិន ដែល​មាន ២៤៧​នាក់។

អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២៥នេះ​រក​ឃើញ​ថា អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២៤ មាន​ស្ថាន​ភាព​អាក្រក់ជាង​ឆ្នាំ​មុន ដែល​ទាម​ទារឱ្យកម្ពុជា​ដោះស្រាយ​បញ្ហា​នេះ​ជាប្រ​ព័ន្ធ និង​ទ្រង់​ទ្រាយ​ធំ។

បើតាមរបាយការណ៍នោះ កម្ពុជា មានអំពើពុករលួយខ្ពស់​ជាប់​គ្នា​ជិត​១ទសវត្សរ៍ បើ​ធៀប​នឹងប្រ​ទេស ១៨០ ដែលអង្គការនោះបានសិក្សា។

ប្រទេ​សដែលមិនអាចរើខ្លួនពីអំពើពុករលួយញាំញីបាន បញ្ហា​ចម្បង​មួយ​ គឺ​ឥទ្ធិពលន​​យោ​បាយ​​​ជ្រៀត​ជ្រែត​ប្រព័ន្ធ​យុត្តិធម៌។

អង្គ​ការតម្លាភាពអន្តរជាតិ គូសបញ្ជាក់ថា ជាដំណោះស្រាយ ត្រូវ​បើក​លំហសេរីភាព​បញ្ចេញមតិ និង​រៀប​ចំ​ការ​បោះ​ឆ្នោ​ត​​ឱ្យ​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និ​ងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ