លោក រ៉ុង ឈុន នឹង​បក​ស្រាយជុំវិញ​ការ​បង្គាប់​ឱ្យ​បង់​ប្រាក់​ពិន័យ​របស់​តុលាការ​​​​​នៅ​ថ្ងៃ​ស្អែក

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន គ្រោង​ធ្វើសន្និសីទសារព័ត៌មានជុំវិញជំហរ​របស់​​​​លោក នៅថ្ងៃពុធ​​​ស្អែក​នេះ ខណៈ​ឱសាន​វាទ​រយៈ​ពេល​១ខែ រប​ស់​​តុលាការ​​ដែល​​បង្គាប់​ឱ្យ​​សង​​សំណងការ​ខូច​​ខាត​ទៅឱ្យ​គណៈ​កម្មាធិការ​​ចម្រុះ​កិច្ច​​ការ​​ព្រំដែន បានចូលមក​ដល់។ 

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សកម្លាំងជាតិ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បាន​ឱ្យ​ដឹង​ថា លោក រ៉ុង ឈុន គ្រោង​ធ្វើសន្និសីទសារព័ត៌​មាន ស្តីពី «តុលាការ​​បង្គាប់​ឱ្យសង​សំណង​​ការ​​ខូច​ខាត​​​ទៅ​គណៈ​កម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន» នៅម៉ោង​៩ព្រឹក ថ្ងៃទី១២ ខែមិនា នៅទីស្នាក់ការ​សមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ ក្នុង​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

តែយ៉ាងណា លោក រ៉ុង ឈុន បាន​បដិសេធអត្ថាធិប្បាយជុំវិញបញ្ហានេះ នៅ​ថ្ងៃ​នេះ​ ដោយ​​ប្រាប់​​ថា​លោក​នឹង​​ជម្រាប​​ព័ត៌មាន​លម្អិត​​​នៅ​ក្នុង​សន្និសីទ នាថ្ងៃស្អែក។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ តុលាការ​សាលាដំបូងរាជធានីភ្នំពេញ បានជូនដំណឹង​ទៅ​កាន់​លោក រ៉ុង ឈុន និង​សកម្មជននយោបាយ ២នាក់ទៀត ឱ្យបង់ប្រាក់ចំនួន ៤០០លានរៀល ឬប្រហាក់ប្រហែល ១០ម៉ឺន​ដុល្លារ​ ទៅឱ្យគណៈកម្មាធិការ​កិច្ចការព្រំដែន។ ការបង្គាប់របស់តុលាការដូចនេះធ្វើឡើង ក្រោយលោក រ៉ុង ឈុន និង​សកម្មជននយោបាយទាំង ២រូប បាន​លើកឡើង​ក្នុងឆ្នាំ​២០២១ ពីការបាត់បង់ដីកសិកម្ម​ទៅ​លើ​ប្រទេស​ជិត​ខាង​ អំឡុងពេលរដ្ឋាភិបាលបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ។

ក្នុង​សំណុំ​រឿង​«​ញុះញង់» ​ពាក់ព័ន្ធ​នឹងរឿង​ព្រំដែន​នេះ​ ទាំង​លោក រ៉ុង ឈុន និង​សកម្មជន​នយោ​បាយ​២នាក់ទៀត រួមមាន ​កញ្ញា ​ស​ កណិការ​ និង​លោក​ តុន និមល ត្រូវបា​ន​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​ពី​ ២០ខែ ​ដល់ ២​ឆ្នាំ​។ ប៉ុន្តែ​​ពួក​គាត់​​ត្រូវបាន​ដោះ​លែ​ងវិញ ក្រោយបាន​​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​ជាង​ ១០ខែ​ ហើយ​ទោស​នៅ​សល់​ត្រូវ​បាន​តុលាការ​ព្យួរ។

ពាក់ព័ន្ធនឹង​ករណីតុលាការ​តម្រូវ​ឱ្យ​ពួកគាត់ទាំង ៣នាក់ បង់ប្រាក់ពិន័យ​ទៅដល់ដើម​បណ្តឹង​នេះដែរ​ ក៏មាន​អ្នកគាំទ្រលោក រ៉ុង ឈុន ​មួយចំនួន​ បាននាំគ្នា​រៃអង្គាសប្រាក់ ដើម្បីជួយ​បង់​ទៅគណៈកម្មាធិកា​រចម្រុះកិច្ចការ​ព្រំដែននេះដែរ ខណៈមតិរបស់​ពលរដ្ឋ និង​​អ្នកតាមដានសង្គម​មួយ​​ចំនួន បាន​លើកឡើង​ថា មិនគួរមានការ​បង់ប្រាក់ទៅ​គណៈកម្មាធិការ​នេះទេ ព្រោះលោក រ៉ុង ឈុន និង​សកម្មជន​នយោបាយ​២នាក់ទៀត មិនបាន​ប្រព្រឹត្តកំហុស​ដូចការ​ចោទប្រកាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ