ការចាប់ខ្លួនអភិបាលរង​ខេត្ត​កំពង់​ស្ពឺ ផ្តើម​ពី​ធានា​រត់​​ការ​ឱ្យ​ចិន​រុក​រក​រ៉ែ​ស្ពាន់​នៅ​ខេត្ត​ប៉ៃលិន

វិធានការចាប់ខ្លួន អភិបាលរងខេត្តកំពង់​ស្ពឺលោក ទិត វុទ្ធី និង​មនុស្ស​២នាក់​ទៀត ដែល​រង​ការ​ចោទ​ពីបទ ពុក​​រ​​លួយ រំលោភ​អំណាច លើ​ជន​ជា​​តិ​ចិន​លើ​ទំហំ​ទឹក​ប្រាក់​ប្រមា​ណ​ជា​ ​៤០​ម៉ឺន​ដុល្លារ​នោះ ផ្តើម​ចេញ​ពីការ​ធា​​នា​​រត់ការ ដើម្បី​បាន​អាជ្ញាប័ណ្ណ​​រុក​រក​រ៉ែ​ស្ពាន់​នៅខេត្ត​ប៉ៃលិន មិន​បាន​សម្រេច។

ពួកគេទំាង៣នាក់នោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​មិនា ឆ្នាំ​​២០២​៥​នេះ​ ក្រោយ​មក​តុលាការ​ខេត្ត​កំពង់​ស្ពឺ​បង្កាប់​ឱ្យ​ឃុំ​ខ្លួន​នៅ​ថ្ងៃ​ដដែល។

បើតាមសេចក្តីប្រកាស​របស់​តុលាការ​ខេត្ត​កំពង់​ស្ពឺ ចុះ​ថ្ងៃ​ទី​៩ ខែ​មិនា​នេះ បុរស​ទាំង​៣នាក់​នោះ ត្រូវ​ចោទ​ពីបទ «រំលោភ​អំណាច ក្លែង​បន្លំ ប្រើ​ប្រាស់​លិខិត​ក្លែង ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ប្រើ​ប្រាស់​ឯកសារសាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​ខេត្ត​កំពង់​ស្ពឺ ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹង​ត្រែង កាល​ពី​អំឡុង​ឆ្នាំ​២០២៣» ។

ដោយឡែក បើតាមឯកសារ​ដែល​VOD​ទទួល​បាន ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បុរស​២នាក់​ទៀត មានឈ្មោះ ហ៊វ ខន ឋានវរៈ​សេនិយ៍​ត្រី​យោធា ឬពាក់​សក្តិ៤ និង​ម្នាក់​ទៀត ជាអ្នក​បក​ប្រែ​ចិន ឈ្មោះ អ៊ីង សារឿន ដែល​អង្គភាពប្រឆាំងអំពើពុករលួយ រក​ឃើញ​ពី​បទ​ពុក​រលួយ រំលោភ​អំណាច សម​គំនិត និង​បទ​ក្លែង​បន្លំ ប្រើ​ប្រាស់​លិខិត​ក្លែង ជាដើម។

ការចាប់ខ្លួនបុរសទាំង៣នាក់​នេះ ផ្តើម​ចេញ​ពី​ការ​យក​ប្រាក់​ពី​អ្នក​វិនិយោគ​ជន​ជាតិ​ចិន​ម្នាក់ ចំនួន ៤០​ម៉ឺនដុល្លារ លើ​តម្លៃ​សរុប ៨០​ម៉ឺន​ដុល្លារ ដែល​ត្រូវ​បង់ ដើម្បី​បាន​អាជ្ញា​ប័ណ្ណវិនិយោគ​រ៉ែ​ស្ពាន់ នៅ​ខេត្ត​ប៉ៃលិន ដែល​ប្រាក់​នេះ ទទួល​បាន​ពី​អ្នក​វិនិយោគ​ចិន​ម្នាក់​ឈ្មោះ លី  មិនឆាង(Li Minchang)។

បើតាមរបាយការណ៍​កម្រាស់​ជាង​៤ទំព័រ ដែល​យើង​ទទួល​បាន​បញ្ជាក់​ថា ដោយ​សារ​តែ​តំបន់​រ៉ុក​រក​រ៉ៃ​ដែល​បាន​​លើក​ឡើងក្នុង​គម្រោង​ទំហំ​ជាង​ ១០០​គីឡូម៉ែត្រ​ការ៉េ​ នៅខេត្តប៉ៃលិន ត្រូវក្រសួ​ងពាក់ព័ន្ធផ្តល់​អា​ជ្ញាប័ណ្ណ​ឱ្យអ្នក​វិនិយោ​គ​មួយ​រួច​ហើយ មិន​អាច​ជ្រៀត​ជ្រែក​បាន ជន​ត្រូវ​ចោទ​ទាំង​៣នាក់​នោះ បាន​ក្លែង​លិ​ខិតប្រាប់​ជន​ជាតិចិនជាម្ចាស់​លុយ​​ថា ក្រសួង​ពាក់​ព័ន្ធ​បាន​បដិសេធ។

ប្រភពនោះ បញ្ជាក់​ថា ក្រោយ​មក​ក្រុម​នេះ បាន​ណែនាំ​អ្នក​វិនិយោគ​ចិន​ម្នាក់​បន្ថែម​ទៀត ដោយ​បង្វែរ​ទៅ​រក ទីតាំង​រ៉ែ នៅ​ភ្នំ​អន្លុង ខេត្ត​ព្រះវិហារ​វិញ តែ​មិន​បាន​សម្រេច រហូត​មាន​ការ​ចាប់​ខ្លួន ខណៈ​អ្នក​ទាំង​៣​នោះ ធ្លាប់​ពាក់​ព័ន្ធ​នឹង​ករណី​ដូច​គ្នា នៅ​ខេត្ត​ស្ទឹង​ត្រែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ