អ្នកមានបទពិសោធន៍កិច្ចការព្រំដែន ពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ជំរុញឱ្យគ្រួសារហ៊ុនផ្ញើកំណត់ទូតតវ៉ាទៅភាគីថៃ ឱ្យរុះរើតង់កៅស៊ូដែលបានបោះច្បាមយកដីនៅប្រាសាទតាមាន់ធំ ដើម្បីបង្ហាញឆន្ទៈការពារទឹកដី តាមសន្ធិសញ្ញាបារាំងសៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។
លោក ហ៊ុន សំអាន បានប្រាប់VODនៅថ្ងៃទី១១ ខែមិនានេះថា បើកម្ពុជាមិនប្រញាប់ផ្ញើកំណត់ទូតតវ៉ា និងប្រើយន្តការអន្តរជាតិទេ ថៃអាចនឹងច្បាមយកប្រាសាទតាមាន់ធំនេះមួយទៀត។
លោកថា៖ «តវ៉ាទៅភាគីថៃឲ្យថៃដកតង់ ដែលបានបោះនៅដែនដីមួយចំនួននៃប្រាសាទតាមាន់ធំហ្នឹងចេញ អាហ្នឹងជាជំហ៊ានទីមួយ ហើយជំហ៊ានបន្ទាប់ទៀត គឺរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គឺមិនត្រូវបន្តចរចាទ្វេភាគីជាមួយនឹងថៃនោះទេ បើចរចាទ្វេភាគីប្រាសាទតាមាន់ធំនៅនឹងបាត់បង់ពាក់កណ្ដាល ឬបាត់ទាំងស្រុងតែម្ដង»។
ក្រៅពីនេះ លោកបាននិយាយនៅលើហ្វេសប៊ុករបស់លោក ដោយបង្ហាញពីមហិច្ឆតារបស់ថៃថា ថៃបានប្រកាសថា ប្រាសាទតាមាន់ធំជារបស់ថៃ តាំងពីយូរលង់ណាស់មកហើយ។ ប៉ុន្តែលោកថា បើតាមផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ បង្ហាញថា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ស្ថិតក្នុងទឹកដីកម្ពុជា។
លោកគូសបញ្ជាក់ថា បើកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិ កម្ពុជានឹងឈ្នះថៃ១០០ភាគរយ។ ប៉ុន្តែថា បើកម្ពុជានៅរក្សាភាពស្ងៀមស្ងាត់ មិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទេ កម្ពុជាអាចនឹងបាត់បង់ប្រាសាទតាមាន់ធំនេះមួយទៀត ខណៈថៃបានច្បាមយកប្រាសាទតាមាន់តូចទាំងស្រុងរួចហើយ ក្រោមយន្តការចរចាទ្វេភាគីរវាងថៃ និងកម្ពុជានោះ។
VOD មិនអាចរកការបញ្ជាក់ពីរដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា លោក ឡាំ ជា បានទេនៅថ្ងៃទី១១ ខែមិនានេះ។
យ៉ាងណា លោក ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា កម្ពុជាមិនមានភាពចាំបាច់ប្រើយន្តការអន្តរជាតិទេ ដោយថាកម្ពុជានៅរក្សាយន្តការចរចាទ្វេភាគី។ ប៉ុន្តែជុំវិញបញ្ហានៅប្រាសាទតាមាន់ធំ លោកធ្លាប់ព្រមានថ្មីៗនេះ កម្ពុជានឹងប្តេជ្ញាការពារក្នុងករណីមានការរំលោភបំពាន ។
បើតាម លោក អ៊ុំ សំអាន ប្រាសាទតាមាន់ធំត្រូវបានឈ្លានពានដោយភាគីថៃ តាំងពីឆ្នាំ២០០៨ ដែលបច្ចុប្បន្នថៃបានដាក់ទាហាន ៥នាក់ និងទាហានខ្មែរ ៥នាក់ រួមគ្នា។
ដោយឡែក ប្រាសាទតាមាន់តូច ត្រូវបានថៃគ្រប់គ្រងទាំងស្រុងហើយ ខ្មែរចូលមិនបានទេ។ ឯប្រាសាទតាក្របី ដាក់ទាហានយាមរួមគ្នាដែរ គឺទាហានខ្មែរ ២នាក់ និងទាហានថៃ ២នាក់។
លោករំឭកថា ទាហានខ្មែរយាមនៅប្រាសាទតាមាន់ធំ បាននិយាយថា បង្គោលព្រំដែនសម័យបារាំងនៅចម្ងាយជាង ១គីឡូម៉ែត្រ ទៅក្នុងដីថៃ ដោយគិតពីប្រាសាទតាមាន់ធំ។
ក្រៅពីនេះ លោកថា មុនឆ្នាំ២០០៨ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាទាំងស្រុង ហើយទាហានថៃគ្មានវត្តមាននៅប្រាសាទទាំង៣នេះទេ។
តែថា សព្វថ្ងៃនេះ ថៃមិនគ្រាន់តែគ្រប់គ្រងកោះគុតរបស់ខ្មែរនោះទេ ថៃថែមទាំងកំពុងគ្រប់គ្រងប្រាសាទខ្មែរចំនួន៣ទៀត។
លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលខ្មែរ ត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិក្រុងឡាអេ ករណីកោះគុត ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
សម្រាប់ លោក អ៊ុំ សំអាន បើបន្តចរចាទ្វេភាគីតទៅទៀត កម្ពុជានឹងបាត់បង់កម្មសិទ្ធិរបស់ខ្លួននៅលើកោះគុត បាត់បង់ប្រាសាទតាមាន់តូចទាំងស្រុង បាត់បង់យ៉ាងហោចពាក់កណ្តាលប្រាសាទតាមាន់ធំ ឬបាត់បង់ទាំងស្រុង និងបាត់បង់យ៉ាងហោចពាក់កណ្តាលប្រាសាទតាក្របី ឬបាត់បង់ទាំងស្រុង៕