រដ្ឋាភិបាល​​បញ្ចេញ​ព័ត៌មាន​ពី​វិធាន​ការ​ពារ​អ្នក​វិនិយោ​គិន​​ក្រោម​ការ​រីក​រាល​ដាល​បទ​ឧក្រិដ្ឋ

រដ្ឋាភិបាល តាម​រយៈ​ក្រសួង​មហាផ្ទៃ បាន​បញ្ចេញ​ព័ត៌មាន​ពី​ឆន្ទៈ បង្កើន​វិធាន​ការ​ពារ​ភ្ញៀវ​ទេសចរ និង​អ្នក​វិ​និ​​យោ​​​គិន ក្រោម​ការ​រីក​រាល​ដាល​នៃ​បទ​ឧក្រិដ្ឋ​ចាប់​ជំរិត និង​ករណីឆបោក​​តាម​អន​ឡាញ ដែល​ជា​ក្តី​បារម្ភ ទា​​ម​​ទា​​រ​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់ ដោយ​ប្រសិទ្ធ​ភាព ទើប​អាច​ស្តារ​ជីវភាព​ពលរដ្ឋ​បាន។

អគ្គ​ស្នងការនគរបាលជាតិ លោក ស ថេត បាន​និយាយ​ក្នុង​លិខិត​ណែនាំ​មួយ ចុះ​​ថ្ងៃ​​ទី១១ ខែ​​មិ​នា ​ឆ្នាំ​​២០២​​៥​​​នេះ​​ថា កត្តាសុខសន្តិភាព បានធ្វើឱ្យកម្ពុជា មាន​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​​បរ​ទេ​​ស​មា​ន​កំ​ណើ​ន​ជា​លំដាប់ រៀង​រាល់​ឆ្នាំ។

ប៉ុន្តែលោកទទួលស្គាល់ថា ភ្ញៀវទេសចរមួយ​ចំនួន​តូច បាន​ទទួល​រង​គ្រោះ ដែល​ទាម​ទារ​ឱ្យ​សមត្ថ​កិច្ច ជួយដោះ​ស្រាយ និង​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេល​ផង​ដែរ។

បើតាម លោក ស ថេត ដើម្បី​មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ក្នុង​ការ​កំណត់​ហេតុ​ការណ៍ ឬ​ឧប្បត្តិ​ហេតុ​ទាំងនោះ ខ្លួន​បាន​ដាក់​ចេញ​នូវ​គំរូ​ឯកភាព ស្តីពី​បែប​បទ នីតិវិធី នៃ​ការ​ទទួល​ពាក្យ​បណ្ដឹង និង​ដោះ​ស្រាយ​បណ្ដឹង​សម្រាប់​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគិន​បរទេស។

បើតាម​ លោក ស ថេត ភ្ញៀវទេសចរ និង​អ្នកវិនិយោគិន​បរទេស ដែល​មាន​បំណង​ដាក់​ពាក្យ​បណ្ដឹង​មក​ស្ថា​ប័ន​មាន​សមត្ថកិច្ច សាម៉ី​​បណ្តឹង​ត្រូវ​សរសេរ​ពាក្យ​បណ្តឹង​ដោយ​ឯង​ផ្ទាល់ ពី​កម្មវត្ថុ​ពាក្យ​បណ្ដឹង ដំ​ណើ​រ​រឿងហេតុ និង​សំណូមពរ​របស់​សាម៉ីបណ្ដឹង ដាក់​មកស្ថានប័ន​ពាក់​ព័ន្ធ។

អង្គភាព​ទទួល​ពាក្យ​បណ្ដឹង ត្រូវ​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បឋម ដោយ​សហការ​ជាមួយ​នគរបាល​មាន​សមត្ថកិច្ច​មូល​ដ្ឋាន។

អង្គភាព​នគរបាល​យុត្តិធម៌​គ្រប់​ជាន់​ថ្នាក់ ត្រូវ​ស្រាវ​ជ្រាវ​ប្រមូល​ភស្តុតាង កំណត់​អត្តសញ្ញាណ ឃាត់​ខ្លួន​ជនល្មើស រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ស្រប​តាម​ច្បាប់ ស្តីពី​ នីតិវិធី​ព្រហ្ម​ទណ្ឌ ដែល​បាន​កំណត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

វិធាននេះ ក្រោយពីកម្ពុជា​រក​ឃើញ​សំបុក​ឧក្រិដ្ឋជន​ឆបោក និង​ចាប់​ជំរិ​ត​​ជា​បន្ត​​បន្ទា​ប់​នៅតា​​មប​ណ្តា​​​​​ខេ​ត្តមួយ​ចំនួន ដែល​ជា​ការគំរាមកំហែង​ដល់​វិស័យ​ទេសចរ វិស័យ​វិនិយោគ ដែល​ជា​ប្រភព​ឆ្នាំង​បាយ​រប​ស់​​ប្រ​ជាពលរដ្ឋ។

អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២៤ ខែ​តុ​លា ឆ្នាំ​២០២៤ បាន​ឆ្មក់​ចូល​ទីតាំង​មួយ​កន្លែង ក្នុងស្រុ​ក​​​គង​ពិសី ខេត្តកំពង់ស្ពឺ ដែលសង្ស័យ​ថា ជា​កន្លែង​បង្ខាំ​ង​មនុស្ស ធ្វើទារុណកម្ម និងធ្វើប្រតិបត្តិការឆបោក​​តា​ម​ប្រព័ន្ធ​អនឡាញ ឃាត់​ខ្លួ​នមនុ​ស្ស​បា​​ន​ជា​ង១ពា​ន់នាក់ ដែល​ថា ភាគ​ច្រើន​ជាជន​ជាតិ​ចិន។

ដូចគ្នានេះដែរ សំបុក​ក្រុម​ឧក្រិដ្ឋជ​ន​ច្រើន​កន្លែង​ទៀត​ក្នុង​ឆ្នាំ​២០២៥ ត្រូវ​បាន​រក​ឃើញ​នៅ​​ក្រុងព្រះ​សី​ហនុ ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​​បន្ទា​យ​​មា​ន​ជ័​យ ជាខេត្តជាប់ព្រំដែន។

លើស​ពី​នេះ ក៏រកឃើញផងដែរ​សំបុក​ពួក​ឧក្រិដ្ឋជន​នៅ​ខេត្ត​មណ្ឌលគិរី ជា​ខេត្ត​ជាប់​ព្រំដែន​វៀត​ណាម។

កាល​ពី​សប្តាហ៍​មុន ពោល​គឺ​នៅ​ថ្ងៃទី៦ ខែ​មិនា​នេះ សមត្ថកិច្ច​បាន​ឆ្មក់​ចូល​​អាគា​រ​មួយ​កន្លែង ស្ថិត​នៅ​​ក្រុង​ច្បា​មន បាន​​ឃាត់​​ខ្លួន​​ជ​ន​ប​រទេស​សរុប ជិត៣០០នាក់ ក្នុងនោះជនជាតិចិនមាន ២៤៧នាក់។

របាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស(UNHCHR) កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០២៣ បាននិ​យាយ​ថា មនុស្ស​ប្រមាណ ១០​ម៉ឺន​នាក់ ជា​ជន​បរទេស ត្រូវ​បាន​ចាប់​បង្ខំ​ឱ្យ​ធ្វើ​ការ​ងារ​ឆបោក​​តា​មប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទាំងអស់នេះ បញ្ជាក់ថា បទឧក្រិដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្មា​​ន​ឆ្នាំ​​​ជាប់​​គ្នា​​ទៅ​នេះ មិន​ថ​យ​ចុះ​​ទេ ​​ដែល​​កា​រណ៍​នេះ​ ធ្វើ​ឱ្យ​​រដ្ឋាភិបាល រង​ការ​ស្តី​បន្ទោស​ថា វិធាន​ការ​បង្ក្រាប​មិន​ចំ​សំបុក​មេខ្លោង ពួក​​ឧក្រិ​ដ្ឋ​​ជ​ន ដែ​ល​​ការ​ណ៍​នេះ បន្តការគំរាមដល់អ្នកវិនិយោគ ភ្ញៀវ​ទេសចរ និងជីវភាព​ប្រជាព​លរដ្ឋ​ជាម្ចា​ស់ប្រទេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ