វិធានICCលើអតីត​ប្រធានាធិបតីហ្វីលីពីន ជំរុញ​ឱ្យ​មាន​ការ​ប្រៀប​ធៀប​ករណី លោក ហ៊ុន សែន

ករណីប៉ូលិសអាំងទែប៉ូលចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទែរ៍តេ តាមអំណាច​ដីការបស់តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ជំរុញឱ្យ​មាន​រលក​ទាម​ទារ​ចាប់​ខ្លួន​មេដឹក​នាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដើម្បី​សង្រ្គោះ​ប្រជាធិប​តេយ្យ ខណៈ​ការ​ដឹក​នាំរបស់​លោក​ បន្សល់​ទុក​ការ​សម្លាប់​មនុស្ស​ក្រៅ​សំណាញ់​ច្បាប់ និង​ការ​បង្រ្កាប​ដោយ​ហិង្សាច្រើន​ករណី​ទៀត។

អតីតប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទែរ៍តេ វ័យ​៧៩​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅអាកាស​យានដ្ឋាន​អន្តរជាតិ​ទីក្រុង​ម៉ានីល ក្រោយ​ធ្វើដំណើរ​ពី​ទីក្រុង​ហុង​កុង នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួន​លោក ពាក់ព័ន្ធ​នឹង​សង្រ្គាម​បង្រ្កាបគ្រឿង​ញៀន ដែលលោក​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ ពេល​កាន់​តំណែង​ជា​ប្រធានា​ធិបតី។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន បង្ហាញ​ជំនឿ​ថា វាសនារបស់ លោក ហ៊ុន សែន នឹងមិនខុសពីលោក ឌុយ​ទែរ៍តេ ទេ ដោយ​លោក​សំអាង​ថា តាមលោក​ដឹង​មាន​បណ្តឹង​ប្រឆាំង លោក ហ៊ុន សែន ដល់​ដៃ​តុលាការ​អន្តរ​ជាតិ ICC រួចហើយ។

ក្នុងន័យនេះ លោកថា លោក ហ៊ុន សែន បានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន ដូច​ជា​ផែន​ការ​ក៥​សម្លាប់​មនុស្ស​ជាង​២០​ម៉ឺន​នាក់ និង​ជាប់​សង្ស័យ​ថា​នៅ​ពីក្រោយ​ឃាតកម្ម​ ដូច​ជា លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី និង​លោក ឈុត វុទ្ធី ជាដើម។

លោកថា៖ «ដោយ​សារ​តែ​បទ​ឧក្រិដ្ឋ​ដែល​លោក​ហ៊ុនសែន​បានប្រព្រឹត្ត​ទាំង​អស់​នេះ​ ហើយ​យើង​ជឿ​ថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ (ICC) នឹង​ចេញ​ដីកា​ចាប់​ខ្លួនលោក ហ៊ុន សែន នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ហ្នឹង ហើយ​ពាក្យ​បណ្ដឹង​មួយចំនួន​ បាន​ទៅ​ដល់​ដៃ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ហើយ ជាពិសេស​បណ្ដឹង​​ទាក់ទង​ទៅ​នឹង​ការរំលោភ​ដីធ្លី​ប្រជា​ពលរដ្ឋនៅ​ស្រុក​ខ្មែរ​មាន​បណ្ដឹង​ហ្នឹង​មួយ ហើយ​បណ្ដឹង​ផ្សេងៗ​ទៀត​ ហើយ​យើង​កំពុង​រៀប​ចំ​ពាក្យ​បណ្ដឹង​បន្ថែម​ទៀត ហើយ​ឲ្យពន្លឿន​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)​ហ្នឹង ដើម្បី​ចេញ​ដីកា​ចាប់​ខ្លួន​ លោក ហ៊ុន សែន ក្នុង​ពេលឆាប់ៗ​ខាង​មុខ»។

ជាមួយគ្នានេះ សកម្មជនបក្សប្រឆាំង លោក ផន ផាន់ណា បញ្ចេញ​មតិ​លើ​ហ្វេស​ប៊ុក​​របស់​លោក​ថា លោក ហ៊ុន សែន អាច​ភ្លេច ICC តែ ICC មិន​អាច​ភ្លេច​ លោក​ ហ៊ុន សែន ទេ។

លោក ផន ផាន់ណា ដែលធ្លាប់ត្រូវ​ លោក ហ៊ុន សែន បញ្ជា​ឱ្យចាប់ខ្លួន​លើ​ទឹកដីថៃ​​ទោះស្លាប់ក៏​ដោយ​នោះ បានលើក​ជា​សំនួរ​ថា សាក​ទាយ​ទៅ​មើល លោក ឌូតឺតេ សម្លាប់​អ្នក​ទោសគ្រឿង​ញៀន​ក្រៅ​ប្រពន្ធ័​តុលាការ ត្រូវ ICC អូសកដល់ប្រទេសកំណើត​ខ្លួន ចុះលោក ហ៊ុន សែន សម្លាប់​មនុស្ស​ស្លូត​ត្រង់ ដែលគ្មាន​ទោស និង​អ្នក​ស្នេហា​ជាតិ រាប់​តាំង​ពី​ក៥ មក​អស់​រាប់សិប​ម៉ឺន​នាក់ តើ​អាច​រួច​ខ្លួន​ទេ?។

រីឯ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​កំពុង​និរទេស​​ខ្លួន​នៅ​ប្រទេស​បារាំង លោក សម រង្ស៊ី និយាយ​លើ​ហ្វេសប៊ុក​ថា លោក ហ៊ុន សែន នឹងប្រឈមមុខ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស​ជាតិ លើករណី​មួយ​ចំនួន​ ដូច​ជា ផែនការក៥ ក្នុងទសវត្ស​ឆ្នាំ​១៩៨០ ករណី​បោក​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភា ធ្វើ​ឱ្យ​ស្លាប់​និង​របួស​មនុស្សរាប់​រយ​នាក់ និង​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧។

លោកថា មកដល់ឆ្នាំ២០១៣ និងឆ្នាំ២០១៤ លោក ហ៊ុន សែន បាញ់​ប្រហារ​សម្លាប់​ក្រុម​បាតុករ​រាប់រយនាក់ និងបានសម្លាប់​សកម្មជនសិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​មនុស្ស​ល្បីៗមួយចំនួន ដូចជា ពិសិដ្ឋ ពិលីកា, ជា វិជ្ជា, កែម ឡី, ឈុត វុទ្ធី, កូវ សាមុត, ហុក ឡង់ឌី និង លិម គិម​​យ៉ា ជាដើម។

បើតាម លោក សម រង្ស៊ី ករណីឃាតកម្មសម្លាប់ និង​ចាប់អ្នក​តវ៉ា​ជាច្រើន​ទៀត ពាក់​ព័ន្ធ​ទៅ​នឹងការ​រឹប​អូស​យក​ដី​ធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ តុលាការ(ICC)ក៏ចាត់ទុកជា​បទឧក្រិដ្ឋប្រឆាំង​មនុស្សលោក​មិន​ខុស​ពី​បទ​ឧក្រិដ្ឋ​សម្លាប់​រង្គាល និង​ប្រល័យ​ពូជ​សាសន៍​ឡើយ។

ឆ្លើយ​តបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចំអក​ឱ្យ​លោកសម រង្ស៊ី​ ថា​ជា​ក្រុម​ជ្រុល​និយម​ខុស​ច្បាប់ គ្មាន​ការ​ទទួល​ស្គាល់​ទាំង​នៅ​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ។ លោក​ថា មហិច្ចតា​ចង់​ឱ្យ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ត្រូវចាប់ខ្លួនដោយ​តុលាការICC នោះ គ្រាន់​តែ​ជាការ​​4=//​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ។

លោកថា៖ «ការ​ចោទ​ប្រកាន់​មក​លើ​សម្តេច​តេជោ ហ៊ុន សែន ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ មិន​មាន​តម្លៃ​អី​ទាំង​អស់ ពី​ព្រោះទ​ណ្ឌិត​មេឧទ្ទាម​ក្រៅ​ច្បាប់ វា​ជា​ក្រុមឧទ្ទាម​ជ្រុល​និយម​ ដែល​ពិភព​លោក​ទាំង​មូល មិន​មែន​ថា​តែ​កម្ពុជា​ទេ គឺ​គេមិ​ន​បាន​ទទួល​ស្គាល់​ឡើយ! មិន​រាប់​អាន​ថា ជាក្រុម​ស្រប​ច្បាប់​ទេ។ ដូច្នេះ​ការចោទ​ប្រកាន់ដែលមាន​បំណង​ច​ង់ឲ្យ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ យក​សម្តេច​តេជោ ហ៊ុន សែន ទៅចា​ត់​តាម​នីតិវិ​ធី​នោះ ខ្ញុំ​យល់​ថា គ្រាន់​តែ​ជាកា​រ​ស្រមើ​ស្រមៃ​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅ​ច្បាប់ ដែល​កំពុងរត់​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ»។

យ៉ាងណា សម្រាប់អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត បញ្ចេញ​មតិ​លើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា​នេះ​ថា បទឧក្រិដ្ឋអន្ដរជាតិធំៗ​មាន​៣ គឺ​បទ​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ហើយ​ថា បទ​ឧក្រិដ្ឋទាំង​នេះ​មិន​មានអាយុ​កាល​ទេ ដែល​មនុស្ស​គ្រប់​រូបជាបុគ្គល ក្រុម រដ្ឋ ឬអង្គការ អាចផ្ដល់ព័ត៌មាន​ពី​ឧក្រិដ្ឋ​កម្មទៅ​ការិយាល័យ​រដ្ឋ​អាជ្ញា (ICC) បាន។

ក្នុងន័យនេះ លោកថា នៅកម្ពុជាអ្នកកាន់​អំណាច​អាចប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ស្ដែង​តាម​រយៈអំពើ​ឃាតកម្ម​នយោបាយ ការដាក់​ពន្ធនាគារ ការធ្វើ​ទារុណ​កម្ម ការធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​ ឬសមូហ​ភាព​ ដោយ​ហេតុ​ផល​នយោបាយ ពូជ​អំបូរ និង​អំពើអមនុស្ស​ធម៌​ផ្សេងៗ​ទៀត។

មួយវិញទៀត បើតាម លោក វ៉ន ចាន់ឡូត ការចិញ្ចឹមចិត្ត​ចង់​បង្កើត​ច្បាប់ “ភេរវករ” ដើម្បី​ដាក់មនុស្ស​មួយ​ក្រុម​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ ជាក្រុមភេរវជន នោះនឹងទាញឱ្យ​អំពើ​នេះកាន់​តែ​ធ្លាក់ចូល​ទៅក្នុ​ង​យុត្តាធិការតុលាការអន្ដរជាតិ។

សម្រាប់ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេស​អូស្រ្តាលី លោក ស៊ឹង សែន​ករុណា និយាយ​ថា ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់ ​លោក ហ៊ុន សែន បាន​បន្សល់​ទុក​អំពើអយុត្តិ​ធម៌​សង្គម​ ទាំង​ជម្លោះ​ដីធ្លី ការ​បង្រ្កាប​បាតុកម្ម​​ដោយ​ហិង្សា និង​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធច្បាប់​ជាដើម ដែលជាក្តីបារម្ភថា ពលរដ្ឋ​នឹង​ងើប​ដោយ​ខ្លួន​ឯង​នៅថ្ងៃ​ណា​មួយ ដើម្បី​ប្រឆាំងអំពើ​ផ្តាច់​ការ​នេះ​ បើមិន​កែល​ម្អ។

លោកថា៖ «គ្មាន​ពលរដ្ឋនៃ​ប្រទេស​ណាមួយ​ គេចង់​បាន​មេដឹក​នាំ​ដែល​មាន​ចរិ​តកោង​កាច មេដឹកនាំ​ដែល​មាន​ចរិត​ទុច្ចរិតធ្វើ​បាប​ពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ។ គេចង់​បាន​មេដឹកនាំ​ដែល​មាន​ចរិត​លក្ខណៈ ជា​អ្នក​ទទួល​ខុស​ត្រូវ​ ជា​អ្នក​ជួយជ្រោម​ជ្រែង​ គិត​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ គិត​ពី​ផល​លំបាក​នៃ​ជីវភាព និង​សេដ្ឋ​កិច្ច​របស់​ប្រទេស​ជាតិ ឲ្យ​រីក​ចម្រើន និង​គ្មានអំពើ​ពុក​រលួយ​អី​ជា​ដើម ទាំង​អស់​ហ្នឹង​ សុទ្ធ​សឹង​តែ​ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​នីមួយៗ គេ​ចង់​បាន​ ហើយ​មេដឹក​នាំ​គ្រប់រូប​​ដឹង»

សម្រាប់ អ្នកវិភាគនយោបាយ លោក កឹម សុខ បាន​បញ្ចេញ​មតិ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា គ្មាន​នរណា​ភ័យ​ជាង​ឧក្រិដ្ឋ​ជន​ក្នុង​តំណែង​ទេ។ លោក​ថា ពេល​អស់​តំណែង កាង​តាម​ចិត្តលែង​បាន ក៏​អស់​មាន​អ្វី​ត្រូវ​ភ័យ​ឡើយ ក្រៅ​តែ​ពី​ដឹង​ខ្លួន និង​ត្រៀម​ខ្លួន​រងចាំ​ការ​ចាប់​ខ្លួន និងការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ