ពលរដ្ឋ​ជិត​៣០០​​គ្រួសារ​នៅ​ខេត្ត​ក្រចេះ​រង​សម្ពាធ​បង្ខំ​ឱ្យ​ចេញ​ពី​ដី​ធ្លាប់​អាស្រ័យ​ផល​ដើម្បី​បើក​ផ្លូវ​ឱ្យ​ក្រុមហ៊ុន​វៀត​ណាម

អ្នកមានជម្លោះដីធ្លីនៅខេត្តក្រចេះ អះអាងថា មន្ត្រីបានបង្កើន​សម្ពាធ​ឱ្យ​ពួក​គាត់ ​ត្រូវ​តែ​ចាក​ចេញ​ពី​ដី​ធ្លាប់អាស្រ័យ​ផល ដើម្បី​បើក​ផ្លូវ​ឱ្យ​ក្រុម​ហ៊ុន​វៀត​ណាម តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល ដែល​ការណ៍​នេះ ជំរុញ​ឱ្យ​ការ​ព្រួយ​បារម្ភ​ពី​វិបត្តិ​ពលរដ្ឋ​ជិត​ ៣០០​គ្រួសារ មាន​សមាជិក​រាប់​ពាន់​នាក់។

តំណាង​ជនរងគ្រោះដីធ្លី​ នៅ​ឃុំកោះខ្ញែរ ស្រុក​សំបូរ អ្នក​ស្រី អ៊ែល រ៉ូហ្សា ប្រាប់​​VOD​នៅ​ថ្ងៃ​ទី​១២ ខែ​​​មិនា​នេះ​​​ថា កាល​ពីថ្ងៃទី​១០ខែ​មិនានេះ មន្ត្រី​អះ​អាង​ថា មក​ពី​ក្រសួង​កសិកម្ម បាន​ចុះ​ជួប​ពួក​គាត់​ជុំវិញ​ជម្លោះជាមួយ​ក្រុម​ហ៊ុន​វៀត​ណាម។

អ្នកស្រីបន្ត​ថា មន្ត្រីមក​ពី​ក្រសួង លោក ផេង គឹមស្រ៊ុន បាន​ដាក់​សម្ពាធ​ឱ្យ​ពួក​គាត់​ចេញ​ពី​ដី​ធ្លាប់អាស្រ័យ​ផល​តាំង​ពី​ដូន​តា​មក​ ដើម្បី​ទុក​ដី​នោះ​ឱ្យ​ក្រុមហ៊ុន​វៀត​ណាម ដែលទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិ​បាល។

អ្នកស្រី​​បញ្ជាក់​ថា មន្ត្រីនោះនិយាយ​គំរាម​ឱ្យ​ពលរដ្ឋ​ព្រម​ចាក​ចេញ ពីដី​​ធ្លាប់អាស្រ័យ​ផល​នេះ ហើ​យ​យល់​​​ព្រម​ទទួល​ដី​សម្បទាន​ប្រមាណ​៣ហិកតា នៅ​ខេត្ត​​ស្ទឹង​ត្រែង​ជំនួស​វិញ ដោយ​អត់​ហៅ​ជួប​ជាក្រុមទេ។

អ្នកស្រីថា៖ «សំឡុតយើង​ម៉ង ហើយគំរាមកំហែងយើង លួងលោមយើងយកទៅអនុវត្តច្បាប់ គាត់ធ្វើយ៉ាង​ម៉េច ដាក់​គំនាប​ឱ្យ​យើង​ធ្វើ​តាម​គាត់​ទាំង​អស់​ម៉ង ហើយ​ហៅ​ជួប​ម្តង​ម្នាក់ៗ​ទេ។ […ខ្ញុំ​សួរ​គាត់​ថា ] ប្រជាពលរដ្ឋ​កំពុង​មាន​ទុក្ខ​លំបាក បើ​សិន​ជា​ប្រជាពលរដ្ឋ​រង​ទុក្ខ​លំបាក ទៅ​សម្លាប់​ខ្លួន​គិត​យ៉ាងម៉េច? គាត់​ថា​អើ សម្លាប់ៗ​ទៅ ទឹក​ទន្លេ​មាន​តើ ទៅ​សម្លាប់​ទៅ [សម្តី​នេះ] បំបាក់​ស្មារតី​យើង​តែ​ហ្មង»។

ដោយឡែក តំណាង​ជនរងគ្រោះដីធ្លីម្នាក់ទៀត លោក ភេម ឡៃ និយាយ​ថា លោក​មិន​អាច​ទទួល​យកសំណើរ​​​នេះ​បាន​ទេ ដោយ​លោក​ចង់​បាន​ដំណោះ​ស្រាយ​ ជាជាង​ការ​ស្នើ​ឱ្យ​លោក​ចាក​ចេញ​ពី​ដី​ដែលអាស្រ័យ​ផល​តាំង​ពី​ដូនតា​​មក។

ប្រភពបន្តថា ពួកគេកំពុងរស់ទាំង​វេទនា​ដោយសារ​វិបត្តិ​ជីវភាព បញ្ហា​បំណុល​វ័ណ្ឌក ជាពិសេស​គឺ​បារម្ភ​ពីសុវត្ថិ​ភាព​ពួក​គេ​ជា​ខ្លាំង ខណៈ​រង​នូវ​បទ​ចោទ និង​ការ​គំរា​ម​ពី​សំណាក់​មន្រ្តី​មាន​អំណាច។

លោកថា៖ «ខ្ញុំបារម្ភខ្លាច​ចាប់​ពួក​ខ្ញុំ​ហ្នឹង ចាប់​ពួកខ្ញុំ​ទាំង​បំពាន​រាល់​ថ្ងៃ​បារម្ភ​តែរឿង​ហ្នឹង។ ពួក​គាត់និយាយ​ខ្ញុំ​ទទួ​​​លយក​អត់​បាន ក្នុង​ការ​គំរាម​កំហែង​ក្នុង​ការ​ដោះ​ស្រាយ គឺ​អត់​ស្រប​ច្បាប់ អត់​យោគ​យល់ មិន​ដូច​ម្ដេច​​​ធិបតី​ គាត់​ថា កន្លែង​ណាដែល​គាត់​ធ្លាប់​រស់​នៅ​ហើយ គឺ​វាស់​គិត​គូរ​ឲ្យ​គាត់​ទៅ។ នេះ​មានអត់​មាន​គិត​អ៊ីចឹង​ផគិតតែថា​ដី​ដែល​ក្នុង​ក្រវាត់​របស់​ក្រុម​ហ៊ុន​ហ្នឹង គឺ​ជា​ដី​ក្រុម​ហ៊ុន​ទាំង​អស់ ដល់​អីចឹង ខ្ញុំ​ទទួល​យក​ម៉េច​បាន »។

ជុំវិញបញ្ហានេះ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ផេង គីមស្រ៊ុន បដិ​​សេធ​មិ​​នឆ្លើយ​នឹង​សំនួរ VOD ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក​មាន​ជម្លោះដី​ធ្លី​នេះ ដោយ​ជំរុញ​ឱ្យ​សួរ​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា ជំនួស តែ​VODមិន​អាច​ទាក់​ទង​បាន។

សម្រាប់ អនុ​ប្រធាន​​ផ្នែក​​​​សិទ្ធិ​​​មនុស្ស ដីធ្លី និង​​​ធនធាន​​​ធម្មជាតិ នៃ​​សមាគម​​​ការ​ពារ​​សិទ្ធិ​​​មនុស្ស​​អាដ​ហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ប្រសិនបើករណីនេះ ពិតដូចពលរដ្ឋ​លើក​ឡើង​មែន ជា​ការសោក​ស្ដាយ​ជាខ្លាំង ដោយ​ថា ជា​ទង្វើមួយ​ដែល​មិន​សមរម្យ ព្រោះក្នុង​នាម​ជា​មន្រ្តី គឺ​មាន​កាតព្វ​កិច្ច​ស្វែង​រក​ដំណោះ​ស្រាយ និង​បម្រើពលរដ្ឋ។

បន្ថែមពីនេះ លោកថា រដ្ឋា​ភិបាល រួមទាំងអាជ្ញាធរ​ពាក់ព័ន្ធ គួរតែពន្លឿនការ​ដោះស្រាយ​បញ្ចប់វិវាទ​ដីធ្លីនេះ ជូនពលរដ្ឋ​ឱ្យបានឆាប់រហ័ស ដែលពលរដ្ឋ​អាចទទួលយកបាន ដោយមិនត្រូវដាក់សម្ពាធ។

លោកថា៖ «ជាសញ្ញាមួយអវិជ្ជមានខ្លាំងណាស់​សម្រាប់ពលរដ្ឋយើង ដែលគាត់ធ្វើស្រែ ធ្វើចម្ការ ហើយគាត់​សំអាង​តែ​ទៅលើដីធ្លី ហើយ​បាត់​ដី​ពី​ដូនតា។ […]​ អាហ្នឹង​គាត់​ប្រឈម​ទាំង​បញ្ហា​រឿង​ចំណាក​ស្រុក ជំ​ពាក់​លុយ​ធនាគារ ចំណាក​​ស្រុក​ទាំង​គ្រួសារ។ វាវេទនា​ណាស់ រស់​នៅ​ស្រុក​គេ​ទៀត អត់​ផ្ទះ​អត់សម្បែ​​ង ហើ​​​យ​ក្មេងៗ​បាន​អី​ធ្វើការ​សិក្សា អាច​ពេល​ខ្លះ​បញ្ហា​ហ្នឹង បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​​ក្នុង​គ្រួ​សា​រ […] ពេល​ខ្លះ​អាច​ធ្លាក់​ខ្លួន​នៅ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​ទៀត»។

ជុំវិញបញ្ហា​ដីធ្លីនេះដែរ​​ តំណាង​ពលរដ្ឋចំនួន ៦នាក់ ក៏រងសម្ពាធពី​តុលាការ​ដែរ ដោយក្រុមហ៊ុនបានប្តឹង ចោទ​ពីបទ​ហិង្សា ​ម្ដង​​រួច​មក​​ហើយ ដែលពួកគាត់​បានឡើងទៅបំភ្លឺនៅតុលាការ​ច្រើន​ដង។

បើតាមប្រភព​ដដែល ជិត១ឆ្នាំទៅនេះ ពួកគាត់​បាន​ឡើង​មក​ភ្នំពេញ រក​កិច្ច​អន្តរាគមន៍​ពី​មេដឹកនាំ​ញឹក​ញាប់ រួម​​​ទាំង​​​ក្រសួង​​ពាក់​ព័ន្ធ​​របស់​​រដ្ឋាភិបាលផងដែរ ឱ្យ​ជួយ​​ទប់​​ស្កាត់​​ការ​​រំលោភ​យក​ដី ពី​សំណាក់​​ក្រុម​ហ៊ុន​​វៀត​​ណាម​​នេះ ប៉ុន្តែ​​ថា​មក​ដល់​ពេល​នេះ​​គ្មាន​ដំណោះ​ស្រាយ​ទេ។

ពួកគាត់​ថា ចំពេល​យុត្តិធម៌​​ត្រូវ​​បាន​​ស្ថាប័ន​​ជាតិ​កប់​ចោល ក្រុម​ហ៊ុន​វៀត​ណាម បាន​​បង្កើន​​កា​រ​​ប្រើ​​ដៃ​តុលាការ ប្តឹង​​ចោ​ទ​​ប្រកាន់​តំណាង​ពួក​គាត់​ជា​ជន​រង​គ្រោះ​ទៅ​វិញ ហើយ​ពេល​នេះ​រង​សម្ពាធ​ពី​ក្រសួង​បង្ខំឱ្យ​ចាក​ចេញ​ពី​ដី​ធ្លាប់​អាស្រ័យ​ផល ទៅ​ទទួល​យក​ដី​នៅ​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​បើក​ផ្លូវ​ឱ្យ​ក្រុម​ហ៊ុន​វៀត​ណាម ដែល​រំលោភ​បំពាន​ដីធ្លី​ពួក​គាត់​ទៅ​វិញ។

របាយការណ៍នានា រកឃើញថា គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​របស់​រដ្ឋាភិបាល មិន​បាន​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​សហគមន៍​ក្រីក្រ​ទេ។ តែផ្ទុយ​ទៅវិញ វាហាក់​បាន​ពង្រីក​អយុត្តិធម៌ និង​ជំរុញ​ឱ្យ​មាន​​ការ​បណ្តេញ​ចេញ​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ