លោក រ៉ុង ឈុន ស្នើ​​តុលាការ​​​បង់​​ប្រាក់​​​សំណង​​ទៅ​រដ្ឋាភិបាល​​​​តាម​​ដំណាក់​​កាល

ទីប្រឹក្សា​​គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានសម្រេច​បង់ប្រាក់ជំងឺ​ចិត្ត​​ទៅឱ្យ​គណៈកម្មា​ធិការ​ចម្រុះកិច្ច​ការ​​ព្រំដែនរបស់រដ្ឋាភិបាល ដែល​ជាដើមបណ្តឹង​ចំនួន​ជាង​ ២០លាន​រៀល​​សិន តាម​លទ្ធភាព​ដែលខ្លួនប្រមែប្រមូល​បាន​ពី​អ្នក​គាំទ្រ ក្នុង​​ចំណោម​ទឹក​ប្រាក់ ៤០០​លាន​​រៀល ​ដែល​​តុលាការ​​បាន​​បង្គាប់។

កាលខែ​សីហា ឆ្នាំ​២០២១ សាលាដំបូងរាជធានីភ្នំពេញ បាន​​ផ្តន្ទា​ទោស ​លោក រ៉ុង ឈុន និង​សកម្ម​ជន​នយោ​បាយ​២នាក់​​​ទៀត ឱ្យ​ជាប់​ពន្ធនាគារ​​​២ឆ្នាំ។ ក្រោយ​អនុវត្ត​ទោស​បាន​ជាង​ ១០ខែ​ តុលាការ​​សម្រេច​​​ឱ្យ​​នៅ​​ក្រៅ​ឃុំ ​ទោស​​​នៅ​​សល់​ត្រូវ​បាន​តុលាការ​​​​ព្យួរ។

ប៉ុន្តែ​​តុលាការ​នៅតែ​តម្រូវ​ឱ្យ​បង់​ប្រាក់​សំណង​​​ទៅ​គណៈ​កម្មាធិការ​​កិច្ច​ការ​​ព្រំដែន ចំនួន ៤០០​លាន​​រៀល ឬ​ស្មើ​នឹង​​១០​ម៉ឺន​​ដុល្លារ។

បន្ទាប់មកនៅថ្ងៃទី១១ ខែកុម្ភៈ តុលាការសើររើរឿងករណីនេះ ដោយទុកពេល១ខែ ត្រូវយកប្រាក់ប្រមាណជា១០​ម៉ឺន​ដុល្លារ​នេះ បង់ឱ្យម្ចាស់បណ្តឹង បើគិតត្រឹមថ្ងៃទី១២ ខែមិនា​នេះ គឺ​មាន​រយៈ​ពេល​១ខែ។

ជុំវិញបញ្ហានេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅថ្ងៃទី១២ ខែមីនានេះ លោក រ៉ុង ឈុន បានថ្លែងថា បើទោះជាលោក​មិនទទួលស្គាល់ ​នូវ​​​ការ​​ចោទ​​ប្រកាន់របស់តុលាការក្តី តែលោកថា លោក​ព្រមបង់លុយទៅម្ចាស់បណ្តឹងតំណាងឱ្យរដ្ឋាភិបាលនេះ ។

សម្រាប់ លោក រ៉ុង ឈុន គណបក្សកម្លាំងជាតិ ក៏ដូចជារូប​លោក និងសកម្មជននយោបាយ​២នាក់ទៀត ដែល​​រង​ការ​ចោទប្រកាន់ បាន​សម្រេចបង់ប្រាក់ជំងឺចិត្ត​ទៅគណៈកម្មាធិការ​​ចម្រុះ​កិច្ច​ការ​ព្រំ​ដែនចំនួនជាង ២០​លាន​រៀល​​​សិន ក្នុង​ចំណោមទឹកប្រាក់ ៤០០លាន​រៀល ដែលតុលាការ​​បង្គាប់​ឱ្យបង់។

មូលហេតុនៃការបង់មិនគ្រប់នេះ លោកថា ដោយសារ​លោក​ពុំមានលទ្ធភាព​​រក​ប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះបង់ក្នុងរយៈពេល ១ខែ ខណៈលោកពុំមានមុខរបរ ឬអាជីវកម្មណាមួយនោះ។

លោក​ថា ថវិកា​ជាង ២០លានរៀល​​ ដែលបង់ទៅតុលាការ​នេះ គឺគណបក្សកម្លាំង​ជាតិ ទទួលបានពីសមាជិក និង​​​អ្នកគាំទ្រ​គណបក្ស​​​តាមរយៈការ​រៃអង្គាសប្រាក់ ក្នុងរយៈពេល​១ខែទៅនេះ។

លោក​ថា៖ «យើង​សុំបង់​​ដំណាក់កាលៗ យើងមិនអាចយកទៅទាំងដុំ ពេល​​​ដែល​យើង​ប្រមូលអត់បាន ចឹង​វា​ត្រូវ​ស្ទះ​ ចឹង​យើងបង់ដំណាក់កាល ហើយចេះតែគៀងគរប្រមូល​ទៅ ដើម្បីមានទុនបង់កុំឱ្យវា​ដាច់ ដូចថា​ អាចថាមួយខែឬពីរខែម្តងទៅ ម្តងបីបួនពាន់​[ដុល្លារ]»

ករណី​នេះ លោក រ៉ុង ឈុន បាន​ស្នើដល់តុលាការ ពិចារណា​ក្នុងការ​ទទួលយកសំណើរ​​របស់​​លោក ដែលស្នើ​បង់​សំណងជំងឺចិត្ត​ទៅដើមបណ្តឹង​តាមដំណាក់កាលៗ ឬបង់តាមលទ្ធភាពនេះ បើពុំនោះទេ មិនខុសពីពាក្យមួយដែរថា «អារកខ្យង យកឈាម»នោះទេ។

លោកថា៖ «ពាក្យថា អាករខ្យងយកឈាម មានន័យថា ខ្យងអត់មានឈាមទេ អាហ្នឹងដូចខ្ញុំចឹង​ដែរ បើអារកខ្ញុំ ខ្ញុំមានលុយឯណា បើមានតែផ្ទះតូចមួយហ្នឹង ហើយបើថាដេញខ្ញុំពីផ្ទះហ្នឹង​ទៀត អាហ្នឹង​ទុកឱ្យប្រជាពលរដ្ឋ​ធ្វើការ​វាយតម្លៃទៅ»

អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និង​​មេធាវីគណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន ដែ​ល​​ជាដើមបណ្តឹងនោះ មិនអាចសុំការ​អត្ថាធិប្បាយ​បាន​ទេ​ នៅថ្ងៃទី​១២ ខែមីនានេះ។

ម​ន្ត្រីស៊ើបអង្កេតជាន់់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត និយាយ​ថា តាមការ​កត់​សម្គាល់ សំណុំ​រឿង​ចោទ​ប្រកាន់ លោក រ៉ុង ឈុន ត្រូវបានគេមើលឃើញ​ថា ជារឿង​នយោបាយ ហើយ​​ការណ៍​នេះ ធ្វើ​ឱ្យ​ លោ​ក រ៉ុង ឈុន ទាល់​ច្រក នៅ​ពេល​ដែល​លោក​ហក់​ចូល​ប្រឡូក​ក្នុងឆាក​ន​យោបា​យ ជាមួយ​គណបក្ស​កម្លាំង​ជា​តិ​។

លោកថា អ្វីដែលលោក រ៉ុង ឈុន ប្រកាសនៅថ្ងៃនេះ ព្រមបង់លុយឱ្យម្ចាស់បណ្តឹង ជាព្រមធ្វើតាមតុលាការ ប៉ុន្តែនៅត្រង់ថា បើរដ្ឋាភិបាលមិនយល់ព្រម អ្នកទាំង៣ អាចប្រឈមនឹងជាប់ពន្ធនា​គារជាថ្មីទៀត ហើយថា កា​រ​​ប្រើដីកាតុលាការ ដើម្បីដាក់សម្ពាធ​ពលរដ្ឋ មិនមែនជាប្រទេស ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យទេ។

លោកថា៖«អ្វីដែលយើងទទូចទៅរដ្ឋាភិបាលក៏ដូចជាតុលាការ ឈប់បង្ខំពលរដ្ឋតាមរយៈដីកាទៅបើយើងចាត់ទុកថា ប្រទេសកម្ពុជាប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហបក្ស គឺសេរីភាពបញ្ចេញមតិ ការរិះគន់រដ្ឋាភិបាលគឺជាកញ្ចក់ឆ្លុះបញ្ចាំង ដើម្បីឱ្យរដ្ឋាភិបាលលោកមើលឱ្យកាន់តែច្បាស់ ហើយកែប្រែទៅតាមសំឡេងម្ចាស់ឆ្នោត»។

សំណុំរឿងចោទប្រកាន់ លោក រ៉ុង ឈុន និងសកម្មជន២នាក់ទៀត ត្រូវតុលាការ​ចោទ​ពី​បទ «ញុះ​ញង់»​ ពាក់​​​​ព័ន្ធ​​នឹង​​ការអត្ថាធិប្បាយ​កាល​ពី​ឆ្នាំ​២០២០ អំពី​​ការ​​បោះ​​បង្គោល​​ព្រំដែន​កម្ពុជា​-វៀត​​ណាម​ ចូល​ដី​ស្រែព​លរដ្ឋ​ខ្មែរច្រើន​គ្រួសារ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ។

ស្របពេលដែល លោក រ៉ុង ឈុន រងគំនាប​ផ្នែកនយោបាយ តាមរយៈការ​​ប្រើប្រាស់​តុលាការ​​ដាក់​សម្ពាធ និង​​​​​​ធ្វើទុក្ខបុកម្នេញ​​លើរូបលោកនេះដែរ ​គណបក្សកម្លាំង​ជាតិ​ ក៏​បានដាក់លិខិត​​​ទៅ​ប្រទេស​​លោក​សេរី​មួយចំ​នួន ស្នើកិច្ច​​​​​អន្តរាគមន៍ទៅរដ្ឋាភិបាល​កម្ពុជា ឱ្យ​​ទម្លាក់ចោលបទចោទ សំណង និង​បម្រាម​នានា​​ទៅ​លើទីប្រឹក្សា​​គ​ណ​​បក្ស​រូបនេះផងដែរ។

យោង​​តាមលិខិត​របស់​គណបក្ស​កម្លាំងជាតិ ដាក់ជូន​ស្ថានទូតអាមេរិក​ប្រចាំ​នៅ​កម្ពុជា ឯកអគ្គរាជទូត​អ៊ឺរ៉ុប និង​​ស្ថានទូតបារាំង​ប្រចាំ​នៅ​កម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បាន​លើកឡើង​ថា លោក រ៉ុង ឈុន​ បាន​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ពីសំណាក់តុលាការ និង​អាជ្ញាធរកម្ពុជា តាមរយៈការ​ចោទប្រ​កាន់នានា ការ​ចាប់ដាក់ពន្ធនាគារ និង​ហាមប្រាមសិទ្ធនានា​​​ថែមទៀត ដែល​ករណីនេះ ត្រូវ​បាន​មតិជាតិនិ​ងអន្តរជាតិ ចាត់ទុកថាជារឿងនយោបាយ មិនមែនជាការ​អនុវត្តច្បាប់នោះទេ។

ប្រភពដដែលបន្តថា ការ​បំបិទសំឡេងអ្នកសហជីព និងអ្នកប្រជាធិតេយ្យនេះ គឺអាជ្ញាធរកម្ពុជា កំពុង​តែ​ដើរចា​កឆ្ងាយ​ពីគោលការណ៍​ប្រជាធិបតេយ្យ និង​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ព្រមទាំងជាការ​គំរាមកំ​ហែ​ង​​ដល់សិទ្ធិ សេរីភាព អ្នកធ្វើកិច្ចការ​ងារសហជីព សកម្មជនសង្គម និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ