នៅពេលដែលប៉ូលីសអន្តរជាតិអាំងទែប៉ូល បានចាប់ខ្លួន លោក ឌូទ័រតេ បញ្ជូនទៅកាន់ ICC ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះថា បទឧក្រិដ្ឋអន្ដរជាតិធំៗមាន៣ ក្នុងនោះមានបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
លោកបានលើកឡើងថា មេដឹកនាំពិភពលោកមួយចំនួន កំពុងប្រឈមនឹងដីកាចាប់ខ្លួនរបស់តុលាការយុត្តិធម៌អន្ដរជាតិ រួមមាន លោក ពូទីន (ប្រធានាធិបតីរុស្ស៊ី) លោក នេតាន់យ៉ាហូ (នាយករដ្ឋមន្ដ្រីអ៊ីស្រាអ៊ែល) លោក បាសា អាល់អាសាដ(អតីតនាយករដ្ឋមន្ដ្រីស៊ីរី) លោកស្រី ឆេក ហាស៊ីណា(អតីតនាយករដ្ឋមន្ដ្រីបង់ក្លាដែស) លោក មីង អោងឡាំង (មេយោធាមីយ៉ាន់ម៉ា) និងលោក ឌូដេតទេ (អតីតប្រធានាធិបតីហ្វីលីពីន) ដែលទើបត្រូវបានចាប់ខ្លួន ពាក់ព័ន្ធទៅនឹងការសម្លាប់មនុស្សដ៏សម្បើម ក្រោមយុទ្ធនាការគ្រឿងញៀន។
អ្នកសិក្សាផ្នែកច្បាប់រូបនេះ បានចោទសួរក្នុងសំណេរដើមថា «ចុះកម្ពុជា? អ្នកកាន់អំណាចអាចប្រឈមនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលស្ដែងតាមរយៈអំពើឃាតកម្មនយោបាយ ការដាក់ពន្ធនាគារ ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញលើក្រុម ឬសមូហភាពដោយហេតុផលនយោបាយ ពូជអំបូរ និងអំពើអមនុស្សធម៌ផ្សេងៗទៀត។ មួយវិញទៀត ការចិញ្ចឹមចិត្តចង់បង្កើតច្បាប់ “ភេរវករ” ដើម្បីដាក់មនុស្សមួយក្រុម ដែលមាននិន្នការនយោបាយផ្ទុយ ជាក្រុមភេរវជន នោះនឹងទាញឱ្យអំពើនេះ កាន់តែធ្លាក់ចូលទៅក្នុងយុត្តាធិការតុលាការអន្ដរជាតិ»។
បន្ថែមពីនេះ លោក វ៉ន ចាន់ឡូត បានគូសបញ្ជាក់ថា បទឧក្រិដ្ឋធំៗទាំងបីខាងលើ មិនមានអាយុកាលទេ។ មនុស្សគ្រប់រូបជាបុគ្គល ក្រុម រដ្ឋ ឬអង្គការ អាចផ្ដល់ព័ត៌មានពីឧក្រិដ្ឋកម្មទៅការិយាល័យរដ្ឋអាជ្ញា ICC បាន។
ចំណែក លោក ស៊ុន សារ៉ាត ដែលជាសកម្មជនសង្គម បានលើកឡើងថា មេដឹកនាំនៅអាស៊ាន២រូបទៀត អាចត្រូវចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បន្ទាប់ពីអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូទ័រតេ ដែលបានសម្លាប់មនុស្សជាង ៦ពាន់នាក់ កាលពីកំពុងកាន់អំណាចពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ បើទោះបីការសម្លាប់របស់គាត់ គឺធ្វើឡើងដើម្បីលុបបំបាត់គ្រឿងញៀនក្តី។
លោក សារ៉ាត លើកឡើងថា នៅពេលខាងមុខ ICC អាចនឹងមានការចាប់ខ្លួន លោក មីន អ៊ុងលាំង មេដឹកនាំភូមា ដែលបានសម្លាប់មនុស្សជាង ១ពាន់នាក់ ទាំងជនជាតិភាគតិច ទាំងពលរដ្ឋភូមា ដែលធ្វើបាតុកម្មទម្លាក់មេដឹកនាំរូបនេះ។
លោកបន្តថា មេដឹកនាំភូមារូបនេះ ទំនងមិនអាចរួចខ្លួនពីការចាប់ខ្លួនរបស់តុលាការ ICC នោះទេ ប្រសិនបើគាត់មិនអាចក្រាញអំណាចរហូតដល់ថ្ងៃស្លាប់បាន ឬមិនអាចផ្ទេរអំណាចឱ្យកូនបាន។
សកម្មជនសង្គមរូបនេះ លើកឡើងបន្តថា ឯមេដឹកនាំកម្ពុជា លោក ហ៊ុន សែន អាចនឹងរួចខ្លួន ដោយសារគាត់អាចកាន់អំណាចដល់ថ្ងៃស្លាប់បាន ព្រោះថា ប៉ូលីសអាំងទែប៉ូល មិនអាចចូលចាប់ខ្លួន លោក ហ៊ុន សែន បានទេ ប្រសិនលោក ហ៊ុន សែន នៅមានជីវិត ហើយបើ លោក ហ៊ុន ម៉ាណែត នៅកាន់អំណាច តែត្រូវចាំថា គ្មានអ្វីដែលនៅស្ថិតស្ថេរអមតៈបាននោះទេ ថ្ងៃមួយនឹងមកដល់។
សម្រាប់ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកផងដែរថា បន្ទាប់ពីមេដឹកនាំហ្វីលីពីន “ឌូទ័រតេ” គឺមេដឹកនាំភូមា និងមេដឹកនាំកម្ពុជា។
លោក សម រង្ស៊ី បានចង្អុលបង្ហាញថា លោក ហ៊ុន សែន នឹងប្រឈមមុខជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លើករណីមួយចំនួន ដូចជា ក៥ ទសវត្សរ៍ឆ្នាំ១៩៨០ ដែលកេណ្ឌប្រជាពលរដ្ឋឲ្យទៅកាប់ឆ្ការព្រៃបណ្តាលឱ្យស្លាប់រាប់ម៉ឺននាក់។
ឆ្នាំ១៩៩៧ លោក ហ៊ុន សែន នៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភា ស្លាប់និងរបួសមនុស្សរាប់រយនាក់ រួមទាំងរដ្ឋប្រហារឆ្នាំ១៩៩៧ ក៏លោក ហ៊ុន សែន បានបញ្ជាឱ្យសម្លាប់មនុស្សរាប់រយនាក់ផងដែរ។
បន្ថែមពីនេះ លោកសម រង្ស៊ី បានបញ្ជាក់ក្នុងសំណេរដើមថា៖ «ឆ្នាំ២០១៣-២០១៤ បាញ់ប្រហារសម្លាប់ក្រុមបាតុកររាប់រយនាក់។ សម្លាប់សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងមនុស្សល្បីៗមួយចំនួន ដូចជា ពិសិដ្ឋ ពិលីកា ជា វិជ្ជា កែម ឡី ឈុត វុទ្ធី កូវ សាមុត ហុក ឡង់ឌី និង លិម គីមយ៉ា ករណីឃាតកម្មសម្លាប់ និងចាប់អ្នកតវ៉ាជាច្រើនទៀត ពាក់ព័ន្ធទៅនឹងការរឹបអូសយកដីធ្លី និងការកាប់បំផ្លាញព្រៃឈើ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ តុលាការ(ICC)ក៏ចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សលោក មិនខុសពីបទឧក្រិដ្ឋសម្លាប់រង្គាល និងប្រល័យពូជសាសន៍ឡើយ»។
ជាមួយគ្នានេះ លោក មុត ចន្ថា អតីតនាយខុទ្ទការល័យគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើងក្នុងសំណេរដើមថា៖ «ពេលមានអំណាចខ្លា ពេលអស់អំណាចជាប់ខ្នោះ! អ្នកដឹកនាំប្រទេសដែលធ្វើបាប និងសម្លាប់ពលរដ្ឋខ្លួនមិនរួចខ្លួនពីសម្លាញ់ច្បាប់អន្តរជាតិឡើយ។ ពេលមានអំណាចសម្លាប់ ចោទចាប់ឥតប្រណី ចុងក្រោយគុកដូចគ្នា»។
សូមបញ្ជាក់ថា លោកឌូទ័រតេ ដែលមានវ័យ ៧៩ឆ្នាំ ត្រូវបានចាប់ខ្លួនដោយក្រុមប៉ូលីស Interpol ភ្លាមៗ បន្ទាប់ពីលោកបានមកដល់អាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីម៉ានីល ក្រោយធ្វើដំណើរមកពីទីក្រុងហុងកុង កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
នៅប៉ុន្មានម៉ោងក្រោយពីចាប់ខ្លួន លោក ឌូទ័រតេ ត្រូវបានដឹកតាមយន្តហោះចាកចេញពីទីក្រុងម៉ានីល សំដៅទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅប្រទេសហូឡង់។
ការចាប់ខ្លួនអតីតមេដឹកនាំរូបនេះ ធ្វើឡើងទៅតាមដីការបស់ ICC ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញសង្គ្រាមគ្រឿងញៀនដ៏ប្រល័យ ដែលលោកបានប្រព្រឹត្តក្នុងកំឡុងពេលកាន់អំណាច។
បើតាមប្រភពព័ត៌មាននានា លោក ឌូទ័រតេ បានឆ្លើយតបនឹងអ្នកកាសែត នូវពាក្យពេចន៍ចុងក្រោយមុនឡើងយន្ដហោះឯកជនរបស់ក្រុមប៉ូលីសទៅកាន់តុលាការ ICC ថា ប្រសិនបើលោកប្រព្រឹត្តអំពើខុសឆ្គង សូមកាត់ទោសលោកនៅតុលាការហ្វីលីពីន ជាមួយចៅក្រមហ្វីលីពីន ហើយអនុញ្ញាតឱ្យលោកជាប់ពន្ធនាគារនៅក្នុងប្រទេសរបស់លោក។
យ៉ាងណាក្តី លោក Duterte មិនបានសុំទោសចំពោះការបង្រ្កាបដ៏ឃោឃៅប្រឆាំងជនពាក់ព័ន្ធនឹងគ្រឿងញៀនដែលលោកបានបញ្ជាក្នុងកំឡុងលោកធ្វើជាប្រធានាធិបតីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ដែលបានធ្វើឱ្យមនុស្សប្រមាណ ៦ពាន់នាក់ ស្លាប់រង្គាលនោះឡើយ។
សូមជម្រាបថា ក្នុងពេលកំពុងកាន់អំណាចក្នុងអំឡុងឆ្នាំ២០១៩ អតីតប្រធានាធិបតីរូបនេះ បានសម្រេចដកប្រទេសហ្វីលីពីន ចេញពីតុលាការ ICC ដោយយល់ថា ការដកខ្លួននេះ អាចបញ្ចប់យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិលើប្រទេស និងប្រជាជនរបស់ខ្លួន។
ប៉ុន្តែអ្នកនាំពាក្យ ICC អះអាងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិមួយនេះ នៅតែមានសិទ្ធិអំណាចនៅក្នុងប្រទេសហ្វីលីពីន លើបទឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ មុនពេលប្រទេសនេះ ដកខ្លួនចេញពីសមាជិកភាព។
ជុំវិញការចាប់ខ្លួន លោក Duterte ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ គេពុំឃើញថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រុមបញ្ញវ័ន្តដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើការបញ្ចេញមតិនៅលើបណ្តាញសង្គមឡើយ ខណៈដែលVOD មិនអាចទាក់ទង លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីធ្វើអត្ថាធិប្បាយលើបញ្ហានេះ បានឡើយនៅថ្ងៃទី១៣ ខែមីនានេះ។
ការដឹកនាំរបស់មេដឹកនំាបក្សកាន់អំណាច លោក ហ៊ុន សែន ជាង៤ទសវត្សរ៍ទៅនេះ រងការស្តីបន្ទោសពីសហគមន៍អន្តរជាតិ ជុំវិញការប្រកួតអំណាចខ្វះសុចរិតភាព រំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ប្រើយុទ្ធសាស្ត្រកម្ទេចក្រុមអ្នករិះគន់ ប្រើប្រព័ន្ធច្បាប់ជាឧបករណ៍ យកចៅក្រម និងប្រធានតុលាការកំពូល ធ្វើជាសមាជិកបក្ស ក្រោមការត្រួតត្រារបស់ខ្លួន ទោះរដ្ឋធម្មនុញ្ញចែងថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យ សេរីពហុបក្សក្តី។
បរិបទនេះ ធ្វើឱ្យការដឹកនាំរបស់លោកជាង៤០ឆ្នាំទៅនេះ បានពង្រីកអយុត្តិធម៌សង្គម បន្សល់ទុកជនរងគ្រោះ និងអំពើឃាតកម្មរាប់សឹបករណី ដែលជនដៃដល់ រួមទាំងខ្មាន់កាំភ្លើងក្នុងអំពើឃាតកម្មទាំងនោះ មិនត្រូវបានវែកមុខ មកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះនោះទេ៕