តាមផ្លូវឆ្ពោះទៅកាន់ច្រកព្រំដែនមួយក្នុងខេត្តបន្ទាយមានជ័យ លោក នរៈ ជាឈ្មោះដែលវីអូឌីហៅដើម្បីសុវត្ថិភាពប្រភព ក្នុងវ័យ៤០ឆ្នាំប្លាយ ជាអ្នករត់តាក់ស៊ីចាស់វស្សាម្នាក់ បានរំឮកឡើងវិញនូវរឿងរ៉ាវប្លែកៗ ពាក់ព័ន្ធនឹងមុខរបររបស់លោក ជាពិសេសគឺការដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ថៃ។
លោក នរៈ៖ «គេមានមេខ្យល់គេទាក់ទងឱ្យយើងទៅដឹក ដូចពួកឥណ្ឌា។ កាលមុនគេឱ្យខ្ញុំទៅដឹកដល់ភ្នំពេញ យកពួកវានៅម្ដុំទួលគោក។ ពួកវាឡើងឡានលឿនៗណាស់ ហើយមិនហ៊ានឈប់តាមផ្លូវដូចយើងអ្នកដំណើរធម្មតាទេ។ កាលហ្នឹងដឹកទៅច្រកព្រំដែននៅប៉ៃលិន។ ទៅដល់គេមានអ្នកទាក់ទងមកយើងឱ្យទម្លាក់ពួកវានៅប៉ុស្តិ៍ប៉េអឹម ហើយវាដើរចូលទៅក្នុង។ មានពួកប៉ូលីសអន្តោប្រវេសន៍នៅចាំវាខាងក្នុងនោះស្រេច ហើយគេនាំចេញតាមច្រកផ្សេងៗអ៊ីចឹងទៅ។ បាទ! ខ្ញុំដាក់វានៅមុខប៉ុស្តិ៍ប៉េអឹមហ្មង អាហ្នឹងតាមបទពិសោធន៍ខ្ញុំធ្លាប់ដឹកច្រើនដង តែឥឡូវឈប់ហើយ។ បានឈ្នួលថ្លៃ តែពិបាកពេលមានប៉ូលីសស្ទាក់តាមផ្លូវ យើងបង់លុយឱ្យគេ ជួនកាលអត់រួចថ្លៃដើមហើយខាតពេលទៀត»។
ជាង២០ឆ្នាំហើយដែលលោក នរៈ ប្រកបរបររត់តាក់ស៊ី ដោយចាត់ទុកច្រកព្រំដែនកម្ពុជា-ថៃ ជាឆ្នាំងបាយ តាមរយៈការស៊ីឈ្នួលដឹកភ្ញៀវធម្មតា ពលករ រហូតដល់ដឹកជនអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់ច្រកព្រំដែន។ ទោះបីច្រកព្រំដែនជាឆ្នាំងបាយ តែលោក នរៈ បានទទួលស្គាល់ថា ទីនេះមានអំពើពុករលួយកាន់ស្លែ ដែលប្រព្រឹត្តដោយមន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកាន់តួនាទីនៅក្នុងតំបន់នេះ។
លោកថា៖ « មិនបាច់ឆ្ងល់ទេ ថាពួកខុសច្បាប់ក្នុងស្រុកខ្មែរ វាចូលតាមណាបាន។ មន្ត្រីខ្មែររកស៊ីជាមួយពួកវាហើយហ្នឹង។ បើកាលខ្ញុំឆ្លងទៅលេងខាងថៃវិញ គេសុទ្ធតែមានសេវា VIP គេដើរមកសួរហ្មង ឲ្យយើងបង់៥០០បាត បើចង់ឆ្លងទៅលឿន។ ៥០០បាតហ្នឹង សង្ស័យមិនបានចូលជាតិទេមើលទៅ»។
អស់រយៈពេលជិត ៤ទសវត្សមកហើយ ដែលកម្ពុជាបើកច្រកព្រំដែនឡើងវិញ ជាមួយប្រទេសជិតខាង ក្រោយរបបខ្មែរក្រហម។ ខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ មានប្រវែង ៨១៧គីឡូម៉ែត្រ ជាប់ខេត្តចំនួន៧របស់កម្ពុជា គឺខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកោះកុង។
យោងតាមសៀវភៅរាជកិច្ចឆ្នាំ២០០១ ត្រង់អនុក្រឹត្យលេខ៦៤ រដ្ឋាភិបាលកម្ពុជាបានកំណត់យកច្រកប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងច្រកចាំយាម ក្នុងខេត្តកោះកុង ជាទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ និងមានច្រកតូចៗចំនួន ១៩ផ្សេងទៀត ជាទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន។
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតនៅជាប់ខេត្តស្រះកែវ ប្រទេសថៃ គឺជាច្រកដែលមានភាពមមាញឹកជាងគេ ដោយមានអ្នកឆ្លងកាត់ជាង១ម៉ឺននាក់ ក្នុងមួយថ្ងៃ និងច្រើនជាងនេះនៅពេលមានពិធីបុណ្យជាតិធំៗ ខណៈច្រកតំបន់ផ្សេងទៀត ក៏មានភាពសកម្មខាងការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផងដែរ។
បើយើងនិយាយពីការឆ្លងដែនតាមផ្លូវគោកវិញ វាហាក់មានការលំបាកណាស់ ត្បិតច្រកព្រំដែនទាំងនោះ បានក្លាយជាកន្លែងជោគជាំទៅដោយអំពើពុករលួយ។
ជំងឺពុករលួយរ៉ាំរ៉ៃនៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ៖
ចំណែកពលករខ្មែរធ្វើការនៅប្រទេសថៃ លោក ឧត្តម ជាឈ្មោះដែលវីអូឌីហៅដើម្បីសុវត្ថិភាពប្រភពដែរ ប្រាប់ថា ទាំងច្រកព្រំដែនធំ និងច្រកតូចៗផ្សេងទៀត គឺពោរពេញដោយអំពើពុករលួយ ជាពិសេសនៅរដូវបុណ្យទាន ដោយមន្ត្រីច្រកទ្វារព្រំដែន ប្រើល្បិចពន្យារពេលវាយត្រាលើលិខិតឆ្លងដែន ដើម្បីរកលុយក្រោមតុ។ លើសពីនេះ លោកថា ភាគច្រើននៃមេខ្យល់នាំពលករខុសច្បាប់ គឺសុទ្ធតែមានទំនាក់ទំនងជាមួយមន្ត្រីនៅតាមច្រកទាំងនោះ ដោយពួកគេយកជោគវាសនាពលករធ្វើជាជំនួញ។
លោក ឧត្តម និយាយថា៖ «គេមានមេខ្យល់របស់គេ។ មេខ្យល់ហ្នឹងទាក់ទងខាងនគរបាលអីទៅ សូកលុយអ៊ីចឹងទៅ គេឱ្យចេញមក (ចូលទឹកដីថៃ) បានហើយ។ ដូចច្រកឡែម ច្រកកំរៀងអីហ្នឹង សុទ្ធតែច្រកដែលគេទៅហើយ។ គេទៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតអត់រួច គេទៅច្រកឡែម ច្រកកំរៀងអ៊ីចឹងទៅ វាច្រកតូចៗ។ គេទាក់ទងប៉ូលីស គេឱ្យលុយទឹកតែមួយចំនួនទៅគេបើកឱ្យទៅហើយ។ តែទៅហើយ តាមយថាកម្មហើយ គេអត់ទទួលខុសត្រូវទេ ពេលចូលដីគេ។ ពេលមានបញ្ហាគេដេញចាប់អី អាហ្នឹងជារឿងរបស់យើង»។
ការគប់គិតគ្នា បើកឱ្យមានការឆ្លងដែនទាំងខុសច្បាប់បែបនេះ បានធ្វើឱ្យពលករខ្មែរជាច្រើននាក់រងគ្រោះ ដោយមួយចំនួនត្រូវបានកងកម្លាំងការពារព្រំដែនរបស់ថៃ ចាប់បានក្នុងពេលលួចឆ្លងដែន អ្នកខ្លះរងគ្រោះដោយសារការរំលោភសិទ្ធិការងារ ឯខ្លះឈានដល់ការបាត់បង់ជីវិតផងដែរ។
អ្នកស្រី ចែម ស្រីមុំ វ័យ៤២ឆ្នាំ ជាអតីតពលករឆ្លងដែនខុសច្បាប់កាលពីជិត ២០ឆ្នាំមុន និងមានសាច់ញាតិម្នាក់បានបាត់ខ្លួន ក្រោយឆ្លងដែនខុសច្បាប់ទៅធ្វើការលើទូកនេសាទថៃ នៅជំនាន់នោះ។ អ្នកស្រីឱ្យដឹងថា ការឆ្លងដែនខុសច្បាប់នៅពេលនោះអាចធ្វើបាន ដោយសារអ្នកស្រីគ្មានលិខិតឆ្លងដែន ហើយមានមន្ត្រីព្រំដែនប៉ោយប៉ែតម្នាក់ បានណែនាំអ្នកស្រីទៅមេខ្យល់ក្នុងតម្លៃជិត ២០ម៉ឺនរៀល ដើម្បីនាំផ្លូវដើរកាត់ចូលទៅដីថៃ តែត្រូវកងកម្លាំងការពារព្រំដែនបូព៌ា ឬកងបូរ៉ាផារបស់ថៃចាប់បាន។
អ្នកស្រី ចែម ស្រីមុំ និយាយថា៖ «គេឱ្យយើងដើរតម្រៀបជួរគ្នា ឆ្លងស្ពានឬស្សីកាត់អូរមួយ។ អ្នកនាំផ្លូវដើរលឿននោះលឿន ហើយខ្ញុំមិនដែលដើរកាត់អ៊ីចឹង អូរឡើងជ្រៅ សុទ្ធតែភក់ ស្រាប់តែទាហានថៃមួយនៅខាងលើ វាក្រឡេកឃើញវាទាញកាំភ្លើងរកបាញ់ ខ្ញុំភ័យណាស់ កាលហ្នឹងគេចាប់បាន គេមានឡានមួយមកយកយើងទៅ ឯមេខ្យល់រត់បាត់»។
ដ្បិតបច្ចុប្បន្ន ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លែងសូវមានករណីពលករឆ្លងដែនខុសច្បាប់ តែនៅតាមច្រកទ្វារតំបន់ផ្សេងទៀត ដូចជា ច្រកអូរស្មាច់ ច្រកជាំស្រង៉ាំ សកម្មភាពនេះនៅតែបន្តយ៉ាងសកម្មដដែល ដោយជាញឹកញាប់អាជ្ញាធរថៃតែងចាប់បានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលបង្កប់ខ្លួនក្នុងរថយន្ត ទូកដឹកទំនិញ ទូកនេសាទ អ្នកខ្លះថ្មើរជើងកាត់ព្រៃកាត់ចម្ការ ជាពិសេសនៅក្នុងខេត្តចន្ទបុរី ខេត្តត្រាត និងខេត្តស្រះកែវ ប្រទេសថៃ។
កាលពីពាក់កណ្ដាលឆ្នាំ២០២៤ រដ្ឋាភិបាលថៃ បានបើកយុទ្ធនាការចាប់ពលករធ្វើការខុសច្បាប់ក្នុងប្រទេស ដោយត្រឹមតែរយៈពេល ១២០ថ្ងៃប៉ុណ្ណោះ អាជ្ញាធរថៃ ចាប់បានពលករខ្មែរខុសច្បាប់ជិត ៤ម៉ឺននាក់។
មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ លោក ឡឹង សុផុន ឱ្យដឹងថា ពលករខ្មែរឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ប្រឈមខ្ពស់នឹងការចាប់ខ្លួនដាក់ពន្ធនាគារ ខណៈមួយចំនួនរងគ្រោះដោយសារការរំលោភសិទ្ធិការងារ និងមិនទទួលបានសេវាថែទាំសុខភាពនៅទីនោះជាដើម។ លោកចាត់ទុកចំនួនពលករខ្មែរឆ្លងដែនខុសច្បាប់បច្ចុប្បន្ននេះ ថាជាការបង្ហាញឱ្យឃើញនូវកម្សោយគ្រប់គ្រងរបស់អាជ្ញាធរព្រំដែន ខណៈការគប់គិតគ្នារវាងមន្ត្រី និងមេខ្យល់នៅតែបន្តលេចឮ។
លោក ឡឹង សុផុន ថ្លែងថា៖ «បើសិនជាអាជ្ញាធរនៅតាមព្រំដែនគាត់តឹងរ៉ឹង ហើយគាត់មិនអនុញ្ញាត មានន័យថា គាត់មិនបានប្រើអំពើពុករលួយនៅតាមព្រំដែនទេ គឺបងប្អូនពលករខ្មែរដែលគាត់ឆ្លងដែនដោយមិនមានឯកសារគ្រប់គ្រាន់ហ្នឹង គឺមិនអាចចូលមកប្រទេសថៃបានទេ»។
ក្រៅពីមេខ្យល់ សូម្បីតែអ្នកលក់ចំណីអាហារតាមចិញ្ចើមផ្លូវ និងអ្នករត់ម៉ូតូឌុប ក៏សុទ្ធតែបានចងបណ្ដាញគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរ និងមន្ត្រីនៅច្រកទ្វារព្រំដែន ក្នុងការនាំពលករខុសច្បាប់ផងដែរ ដោយពួកគេទទួលបានកម្រៃជើងសារ ឬកុំមីស្យុង ជាមធ្យម៥ម៉ឺន ទៅ៨ម៉ឺនរៀលក្នុងពលករម្នាក់។
អ្នករត់ម៉ូតូឌុបនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ភក្ដី ជាឈ្មោះដែលវីអូឌីហៅដើម្បីសុវត្ថិភាពប្រភពផងដែរ ថ្លែងថា លោកធ្វើបណ្ដាញនាំពលករខុសច្បាប់នោះទាំងបង្ខំចិត្ត ដើម្បីរកលុយបន្ថែមទៀត ទុកបង់ឱ្យមន្ត្រីព្រំដែន ដែលចាំយកលុយ ជាថ្នូរនឹងការអនុញ្ញាតឱ្យលោកចូលឌុបភ្ញៀវនៅតំបន់នោះ។ លោកបន្តថា ទឹកដីច្រកព្រំដែនមួយនេះ ត្រូវបានមន្ត្រីអន្តោប្រវេសសន៍ មន្ត្រីគយ នគរបាល និងមន្ត្រីកងរាជអាវុធហត្ថ ពុះហែកជាប្លុកចែកគ្នា ដោយតម្រូវឱ្យអ្នករត់ម៉ូតូឌុប និងកង់បី ទិញអាវកាក់ ឬទិញបេនក្នុងតម្លៃជាង១ពាន់ដុល្លារ និងបង់ប្រចាំខែប្រមាណ ១០០ដុល្លារបន្ថែមទៀត ដើម្បីបានចូលទៅដឹកភ្ញៀវក្នុងតំបន់ប្រជុំជនមួយនេះ។
លោកថា៖ «នៅមាត់ច្រកហ្នឹង មានការទិញអាវកាក់មុន ក្នុងតម្លៃថ្លៃហើយបង់ប្រចាំខែទៀត។ បើអ្នករត់ម៉ូតូឌុប ឬរ៉ឺម៉កណា ដែលមិនបានបង់លុយទិញអាវកាក់ កុំសង្ឃឹមថាបានមករត់! ចូលមកគេដេញ ហើយគេយកសោរច្រវាក់មកចាក់ទៀត ទាល់តែល្ងាច ឬម៉ោង១០យប់បានគេព្រលែង។ មានការគំរាមកំហែង ហើយក៏តែងមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ដែរ»។
កាលទិញអាវកាក់រត់ម៉ូតូឌុបដំបូង លោក ភក្តី បានបង់លុយសុទ្ធចំនួន៥ម៉ឺនបាត ឬជាង១៣០០ដុល្លារអាមេរិក ឱ្យទៅជនស៊ីវិលម្នាក់នៅក្នុងក្លឹបរាត្រីមួយ ដែលលោកស្គាល់យ៉ាងច្បាស់ថាជាកូនចៅ លោក អ៊ុក ស្រូយ នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែន។ កន្លងទៅ ធ្លាប់មានការចុះផ្សាយពីបញ្ហានេះ និងការស្នើទៅកាន់នាយប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លោក អ៊ី ចំរើន ឱ្យជួយដោះស្រាយ តែនៅតែគ្មានលទ្ធផល។
ទាក់ទិនរឿងនេះ វីអូឌី មិនអាចសុំការអត្ថាធិប្បាយពី លោក អ៊ី ចំរើន បានទេនៅអំឡុងខែមករា ឆ្នាំ២០២៥ ដោយខលចូលតែលោកមិនលើកទូរស័ព្ទ ខណៈលោក អ៊ុក ស្រូយ ក៏មិនទាន់អាចស្វែងរកមធ្យោបាយដើម្បីសុំការអត្ថាធិប្បាយពីលោកបាននៅឡើយ គិតមកទល់ពេលនេះ។
ដោយឡែក ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំនៅខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី ចាត់ទុកការយកលុយពីអ្នករត់ឌុបទាំងនោះ ថាជាការគាបសង្កត់ជីវភាពអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជះឥទ្ធិពលអវិជ្ជមានជាប្រព័ន្ធ ទៅលើវិស័យទេសចរណ៍ និងមុខមាត់ប្រទេសជាតិ។
លោក ឌិន ពុទ្ធី ថ្លែងថា៖ «រដ្ឋាភិបាលគួរតែចាត់ការអ្នកយកលុយពីអ្នករត់ Pass App។ វាអត់ត្រូវយកទេ ព្រោះដោយសារតែអ្នករត់ Pass App គាត់ចំណាយដើមទុនខ្លួនឯង Pass App ជួសជុលខ្លួនឯងនៅពេលខូច ហើយចំណាយកម្លាំងខ្លួនឯង ហើយទៅរកស៊ីលើផ្លូវសាធារណៈទេ ចតលើចិញ្ចើមផ្លូវទេ។ អាហ្នឹងវាខុសហើយ ចូលលក្ខណៈចាប់ជំរិត វាអត់ត្រូវទៅបង់លុយអីខុសច្បាប់អ៊ីចឹង។ បើបង់ពន្ធចូលរដ្ឋ យើងអត់មានទោម្នេញអីទេ តែនេះមិនមែនបង់ពន្ធចូលរដ្ឋឯណា ចូលហោប៉ៅបុគ្គលហ្នឹង បុគ្គលខិលខូចមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលផង ប៉ះពាល់ដល់សង្គមជាតិផង ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធផង»។
ជារៀងរាល់ថ្ងៃ នៅមាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត តែងមានជនស៊ីវិល ពាក់វែនតាខ្មៅ ពាក់មួកឃ្លុំជិត និងមានវិទ្យុទាក់ទង ឬអាយកូមក្នុងដៃ ចាំបោះភ្ញៀវឱ្យអ្នករត់កង់បី ឬម៉ូតូឌុបដែលបង់ប្រាក់ឱ្យពួកគេ។ ក្រុមមនុស្សទាំងនេះ មានតួនាទីមួយទៀត គឺចាំរាយការណ៍ទៅថ្នាក់លើ នៅពេលមាននរណាម្នាក់លើកទូរស័ព្ទថតសកម្មភាពផ្សេងៗ ដែលពួកគេសង្ស័យថាជាអ្នកសារព័ត៌មាន។
ទោះយ៉ាងណា អំពើពុករលួយទាំងនេះ នៅតែត្រូវបានលាតត្រដាង និងជីកគាស់កកាយឡើង ជាពិសេសករណីដ៏កក្រើកមួយ កាលពីជិត២ឆ្នាំមុន ជុំវិញអំពើពុករលួយក្នុងការសូកប្រាក់រត់ការចូលធ្វើជាមន្ត្រីច្រកព្រំដែន។
មន្ត្រីរាជការក្លាយជាអ្នកកួកជេ (Courtier) តំណែងមន្ត្រីព្រំដែន៖
កាលពីខែឧសភា ឆ្នាំ២០២៣ មានរឿងបែកធ្លាយមួយ អំពីការសូកប៉ាន់ រវាងពលរដ្ឋចំនួន ១១គ្រួសារនៅស្រុកសំឡូត ដែលប្រគល់ប្រាក់ជិត ១០ម៉ឺនដុល្លារ ទៅឱ្យលោកស្រី ស៊ឹម សុខុន ដែលជាឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ពាក់ផ្កាយមួយ នៅពន្ធនាគារខេត្តបាត់ដំបង ដើម្បីរត់ការឱ្យសាច់ញាតិពួកគេបានចូលធ្វើជាមន្ត្រីក្នុងតំណែង ឬតួនាទីណាមួយនៅច្រក៤០០ ក្នុងស្រុកសំឡូត ឬច្រកផ្សេងទៀតតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ក្នុងវីដេអូបែកធ្លាយកាលនោះ បានបង្ហាញពីទិដ្ឋភាព លោកស្រី ស៊ឹម សុខុន ក្នុងឯកសណ្ឋានជាមន្ត្រីពន្ធនាគារនៅឡើយ បានទទួលប្រាក់ដុល្លារមួយខ្ទាស់ នៅខ្ចុះមុខផ្ទះលោកស្រី ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយពេលនោះលោកស្រីបាននិយាយថា លុយទាំងនេះត្រូវប្រគល់ទៅថ្នាក់លើបន្តទៀត។ លោកស្រីថែមទាំងធានាថានឹងជួយឱ្យកូនចៅពលរដ្ឋទាំងនោះ ជាប់ឈ្មោះធ្វើជាមន្ត្រីនៅច្រកព្រំដែន ដោយបញ្ជាក់ថា លោកស្រីធ្លាប់យកមនុស្សចូលធ្វើការនៅទីនោះ បានសម្រេចជាច្រើននាក់មកហើយ។
វីដេអូបែកធ្លាយ៖ «(ពលរដ្ឋ) តាមមើលខាងព្រំដែនហ្នឹងទំនងខែណាបានគេរើស? (លោកស្រី ស៊ឹម សុខុន) តាមធម្មតាអស់យូរខែ២។ ត្រឹមថ្ងៃ ២៨ ឬ២៩ ខែ១ ឬខែ២ ពាក់កណ្ដាលខែ គេរើសហើយ អាហ្នឹងជាទម្លាប់។ ខ្ញុំគ្រាន់តែដឹងថា ព្រំដែនត្រូវការ [មន្ត្រី]ច្រើនណាស់។ អ៊ីចឹងកម្លាំងរបស់ខ្ញុំដែលយកមកដាក់នៅព្រំដែនប៉ុណ្ណឹងមិនស្កៀបជើងធ្មេញគេទេ គេត្រូវការច្រើន ព្រោះប៉ូលីសព្រំដែនខ្វះ។ នៅព្រំដែនគេមិនដែលយកតែបួនដប់នាក់ទេ ព្រំដែនគេយកគ្នាច្រើនណាស់។ វាអ៊ីចឹង! (ពលរដ្ឋ) អ៊ីចឹងអ្នកមីងជួយឱ្យបានមក ជួយឱ្យបាន(តំណែង)ទាំងអស់គ្នាមក។ (លោកស្រី ស៊ឹម សុខុន) កន្លងមកធ្លាប់ធ្វើ ដាក់អស់ៗដែរហ្នឹងឯង មិនដែលនៅទេ»។
ទោះយ៉ាងណា នៅតំបន់ស្រុកសំឡូតនេះ មិនមែនមានតែពលរដ្ឋ១១គ្រួសារនេះឡើយ ដែលបោះនុយស្ទូចយកតំណែងឬតួនាទីនៅច្រកព្រំដែន តាមរយៈលោកស្រី ស៊ឹម សុខុន។
អ្នកសូកប៉ាន់ទាំងនោះ ចាត់ទុកការប្រគល់លុយឱ្យទៅមន្ត្រីពន្ធនាគារខេត្តបាត់ដំបងរូបនេះ ថាគ្រាន់តែជាការពឹងពាក់ ដោយសារទុកចិត្ត ក្នុងនាមលោកស្រីជាសមាសភាពជាន់ខ្ពស់មួយរូបនៃសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកសំឡូត។
ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកសូកប៉ាន់ផ្សេងទៀត គឺអ្នកស្រី សំ រ៉ាន់ ថ្លែងថា គាត់ស្គាល់លោកស្រី ស៊ឹម សុខុន តាមរយៈអភិបាលរងស្រុកសំឡូត គឺលោក ប្រាជ្ញ សុវណ្ណមុន្នី ដែលបានណែនាំឱ្យអ្នកស្រីដាក់លុយ ១ម៉ឺនដុល្លារ ប្រសិនបើចង់ឱ្យកូនបានតំណែងណាមួយនៅច្រកព្រំដែន។
អ្នកស្រី សំ រ៉ាន់ និយាយថា៖ «យើងជឿជាក់គាត់ និយាយជាមួយគាត់ទៅ គេថាគេជួយបាន ក៏ដាក់ទៅកំណត់ថាមួយម៉ឺនដុល្លារ ខ្ញុំគិតថាតិចដែរ គេដាក់ខ្លះពីរម៉ឺនដុល្លារឯណោះ ម៉េចក៏មួយម៉ឺនដុល្លារជាប់? គាត់ថាគេជួយតាមការងារបក្ស ដល់អ៊ីចឹងយើងជឿជាក់គេៗនិយាយអ៊ីចឹង»។
រឿងរសើបនេះ បានបែកធ្លាយដោយសារមានអ្នកសូកប៉ាន់ម្នាក់ ក្នុងចំណោមពលរដ្ឋទាំង ១១គ្រួសារ បានលួចថតវីដេអូក្នុងពេលប្រគល់ប្រាក់ទៅលោកស្រី ស៊ឹម សុខុន កាលពីឆ្នាំ២០២១ ហើយក្រោយមកក៏ដាច់ចិត្តទម្លាយ នៅពីរឆ្នាំបន្ទាប់ ដោយអស់ទ្រាំនឹងលោកស្រី ស៊ឹម សុខុន ដែលមិនព្រមនាំសាច់ញាតិពួកគេចូលធ្វើការ។ ពលរដ្ឋទាំងនោះថែមទាំងដាក់ពាក្យបណ្ដឹងទៅរដ្ឋបាលខេត្តបាត់ដំបង និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យជួយដោះស្រាយទៀតផង។
លោកស្រី ស៊ឹម សុខុន ធ្លាប់ផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ថា លុយជិត១០ម៉ឺនដុល្លារនោះគឺជាចំនួនតិចតួច ហើយលោកស្រីព្រមទទួលដោយសារពលរដ្ឋទាំងនោះពឹងពាក់ និងអង្វករ។ លោកស្រីថែមទាំងនិយាយទៀតថា ការជួយពួកគេបែបនេះ ក៏ប្រៀបបាននឹងការពង្រឹងកម្លាំងនៅតំបន់នេះឱ្យកាន់តែរឹងមាំផងដែរ។
លោកស្រីថ្លែងបែបនេះ ដោយសារអ្នកសូកប៉ាន់ទាំងនោះ សុទ្ធតែជាមនុស្សចម្រាញ់ចេញពីគណបក្សប្រជាជនកម្ពុជា និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ក្នុងនោះមានខ្លះជាសមាជិក ខ្លះជាគ្រូបង្រៀន នាយកសាលា និងខ្លះជាកូនអនុភូមិ ជាដើម។
មកទល់ពេលនេះ កន្លងទៅរយៈពេលជិត២ឆ្នាំទៅហើយ ដែលករណីនេះបែកធ្លាយខ្ទរខ្ទារពេញប្រទេស ប៉ុន្តែដំណោះស្រាយបែរជាស្ថិតក្នុងភាពស្ងប់ស្ងាត់យ៉ាងអាថ៌កំបាំងទៅវិញ។
ក្រោយការស៊ើបអង្កេត វីអូឌី បានរកឃើញថា ករណីនេះរុញទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហើយ កាលពីចុងឆ្នាំ២០២៣ ដោយឱ្យតំណាងពលរដ្ឋចំនួន៣នាក់ និងលោកស្រី ស៊ឹម សុខុន ទៅជួបតទល់នៅរាជធានីភ្នំពេញ។ ACU បានសម្រួលរឿងនេះក្រៅប្រព័ន្ធច្បាប់ ដោយកំណត់ឱ្យលោកស្រី ស៊ឹម សុខុន សងរំលស់ប្រាក់ជិត១០ម៉ឺនដុល្លារនោះឲ្យទៅពលរដ្ឋទាំង១១គ្រួសារវិញ។ អង្គភាពមួយនេះបានណែនាំឱ្យពលរដ្ឋដាក់ពាក្យបណ្ដឹងទៅតុលាការ ប្រសិនបើលោកស្រី ស៊ឹម សុខុន មិនសងប្រាក់តាមការសន្យា។
អនុភូមិស្រែអណ្ដូង អ្នកស្រី រដ្ឋ ហឿង ដែលជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋទាំង១១គ្រួសារ បានឱ្យដឹងថា គិតមកទល់ពេលនេះ លោកស្រី ស៊ឹម សុខុន សងប្រាក់ទើបបានម្ដងប៉ុណ្ណោះ គឺលុយចំនួន ៣ម៉ឺនដុល្លារ ហើយសន្យាថាសងម្ដងទៀតនៅខែមករា ឆ្នាំ២០២៥នេះ។ តែមកទល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានប្រាក់លើកទី២ តាមការសន្យានៅឡើយទេ។ ស្ត្រីរូបនេះ បន្តថា ពួកគាត់មិនចង់ប្ដឹងផ្ដល់ឡើងតុលាការឡើយ ដោយចាត់ទុកថានេះជាកំហុសមួយគ្រា ហើយក៏ចង់ទុកពេលឱ្យលោកស្រី ស៊ឹម សុខុន រកប្រាក់សងពួកគាត់។
អ្នកស្រី រដ្ឋ ហឿង និយាយថា៖ «មនុស្សយើងអត់ចង់ឱ្យជាប់គុកជាប់ទោសពៃរ៍អីទេ សុំតែលុយវិញទេ។ ការប្រាក់អត់ក៏អត់ទៅ សុំតែដើមវិញទេ បើគាត់សងតាមដំណាក់កាលក៏ពួកខ្ញុំយកដែរ និយាយមួយម៉ាត់ទៅសុំតែលុយវិញ។ អ្នកណាក៏ចេះខុសដែរ យើងនឹកឃើញយើងចេះអធ្យាស្រ័យគ្នាអ៊ីចឹងណា យើងយល់យោគគ្នាអ្នកណាក៏ចេះខុសដែរ តែត្រង់តែថាឱ្យតែគាត់សងលុយយើងមក គាត់ក៏នៅមានការងារធ្វើដដែលទៅ»។
តែទន្ទឹមនឹងការដោះស្រាយនេះ លោកស្រី ស៊ឹម សុខុន ក៏បានព្រមានពលរដ្ឋទាំងនោះផងដែរ ដោយមិនឱ្យពួកគេនិយាយរឿងនេះចេញក្រៅ ឬផ្សព្វផ្សាយតទៅទៀត បើពុំនោះទេគាត់នឹងប្ដឹងបក និងមិនសងប្រាក់តាមការព្រមព្រៀង។
តាមការសន្ទនាដោយផ្ទាល់តាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានវីអូឌី នៅខែមករា ឆ្នាំ២០២៥នេះ លោកស្រី ស៊ឹម សុខុន នៅតែមិនព្រមប្រាប់ថាតើនរណាជាថ្នាក់លើ ដែលលោកស្រីប្រគល់ប្រាក់ជិត ១០ម៉ឺនដុល្លារនោះ និងបន្តអះអាងថាលោកស្រីព្រមទទួលលុយនោះ ដោយសារការអង្វកររបស់ពលរដ្ឋ។ ជាមួយគ្នានេះ លោកស្រី ក៏បានហាមវីអូឌីផ្សាយនូវអ្វីដែលលោកស្រីលើកឡើង។
លោកស្រី ស៊ឹម សុខុន និយាយថា៖ « ទេ! ខាងគាត់នោះខ្ញុំបាននិយាយគ្នារួចអស់ហើយតើ ម៉េចបានទៅទាក់ទងអីជាមួយខាងប្អូនទៀត។ រឿងនេះមិនមែនទើបតែមានរឿងបានត្រូវនិយាយទេ។ រឿងនេះខ្ញុំបានប្រាប់គាត់តាំងពីអើយ គាត់ទេអ្នកមកអង្វរខ្ញុំនោះ ហើយនៅទៅពាក់ព័ន្ធអីនឹងខាងប្អូនទៅវិញទៀត។ ឥឡូវអញ្ចេះបានទេ ខ្ញុំសុំសំណូមពរប្អូនទៅជម្រាបគាត់វិញទៅ ថាអ្វីដែលខ្ញុំត្រូវធ្វើ […] ខ្ញុំនិយាយឱ្យហើយ ព្រោះខ្ញុំអត់មានបានធ្វើអីទៅរំលោភបំពានអីរបស់គាត់ហ្នឹងទេ ហើយខ្ញុំក៏មិនដឹងថាគាត់លួចថតខ្ញុំដែរ។ វាអត់មានការងារអីដែលខ្ញុំត្រូវបញ្ជាក់ប្រាប់ប្អូនទេនេះ គាត់ដឹងហើយតើ ខ្ញុំបានប្រាប់គាត់ដឹងអស់ហើយតើ»។
បើតាមអ្នកសូកប៉ាន់លោកស្រី ស៊ឹម សុខុន ឱ្យដឹងថា លោកស្រីនៅតែបម្រើការងារជាមន្ត្រីរាជការដដែល ដោយគាត់បានត្រឹមរងការពិន័យឱ្យឈរជើងមួយរយៈនៅភ្នំពេញ ប៉ុន្តែនៅដើមឆ្នាំ២០២៥នេះ លោកស្រីបានសុំផ្លាស់ទៅខេត្តបាត់ដំបងវិញ ក្រោមហេតុផលពិបាកធ្វើដំណើរទៅមក និងមានបញ្ហាសុខភាព។
វីអូឌីបានព្យាយាមសុំការអត្ថាធិប្បាយពីប្រធានពន្ធនាគារខេត្តបាត់ដំបង លោក សំអុល ធារិទ្ធ ពីបច្ចុប្បន្នភាពការងាររបស់លោកស្រី ស៊ឹម សុខុន ប៉ុន្តែលោកបដិសេធឆ្លើយតប និងរុញឱ្យទៅសួរខាងអគ្គនាយកដ្ឋានពន្ធនាគារវិញ។
លោក សំអុល ធារិទ្ធ និយាយថា៖ «បងសួរទៅខាងអ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ធនាគារ»។
វីអូឌី ក៏បានព្យាយាមទាក់ទងជាច្រើនដង ទៅអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន ក្នុងអំឡុងខែមករា ឆ្នាំ២០២៥ ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។
យោងតាម មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ បទស៊ីសំណូក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ នូវអំពើដែលប្រព្រឹត្តដោយអ្នករាជការសាធារណៈ។ ចំណែក មាត្រា៦០៥ បទសូកប៉ាន់ ចែងថា អំពើសូកប៉ាន់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ បុគ្គលណាដែលប្រគល់អំណោយ ឬជំនូន ធ្វើការសន្យាជាមួយ ឬផ្តល់អត្ថប្រយោជន៍អ្វីមួយដល់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួល អាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីឱ្យអ្នកទាំងនោះ បំពេញ ឬមិនបំពេញកិច្ចនៃមុខងាររបស់ខ្លួន។
ទាក់ទិនរឿងនេះ វីអូឌី មិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចន្ទវិចិត្រ និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេ គិតមកត្រឹមម៉ោងផ្សាយនេះ។
ទោះយ៉ាងណា កាលពីខែឧសភា ឆ្នាំ២០២៣ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្នុងការប្រឡងចូលជាមន្ត្រីក្របខណ្ឌ មិនមានការជាប់ពាក់ព័ន្ធនឹងលុយឡើយ ហើយបើមានការសូកប៉ាន់ នោះទាំងអ្នកយកលុយឱ្យគេ និងអ្នកទទួលលុយពីគេគឺមានទោសដូចគ្នា។
ក្នុងទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា បានកំណត់យកប្រធានបទ៖ «សេវាសាធារណៈល្អ រាស្ត្រស្រឡាញ់គាំទ្រ» ជាពិសេសគឺការគោរពតាមអភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ការងារនេះអាចសម្រេចទៅបានប្រកបដោយប្រសិទ្ធភាព លុះត្រារដ្ឋបាលសាធារណៈស្អាតស្អំ បម្រើរាស្ត្របម្រើរដ្ឋប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់។
សម្រាប់ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា កត់សម្គាល់ថា មន្ត្រីដែលបានតំណែងឬតួនាទីមកពីការសូកប៉ាន់ ច្រើនតែជាមនុស្សគ្មានគុណភាព និងសមត្ថភាព មិនអាចបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឡើយ។ ក្នុងករណីនេះ លោកចង់ឃើញស្ថាប័នប្រឆាំងអំពើពុករលួយ កសាងសំណុំរឿងមន្ត្រីទទួលសំណូក និងអ្នកពាក់ព័ន្ធផ្សេងទៀត បញ្ជូនទៅតុលាការ ដើម្បីបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលក្នុងការបោសសម្អាតអំពើពុករលួយ ពុំមែនសម្របសម្រួលឱ្យអ្នកប្រព្រឹត្តកំហុសរួចខ្លួនបែបនេះឡើយ។
លោកថា៖ «ហើយបើមិនអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវទេ គេនឹងកាន់តែមើលឃើញច្បាស់ថា ច្បាប់ហ្នឹង វាបង្កើតឡើងក្នុងន័យតែការពារនូវផលប្រយោជន៍ ឬបក្ខពួករបស់ខ្លួនតែប៉ុណ្ណឹងឯង។ ប្រសិនបើអ្នកនោះជាបក្ខពួករបស់ខ្លួន គឺផ្ដល់យោបល់ឱ្យសម្របសម្រួលគ្នាបញ្ចប់រឿងអីចឹងទៅ។ តែបើសិនជាអ្នកហ្នឹង ពិនិត្យទៅជាមនុស្សដែលមាននិន្នាការផ្សេង ឬផ្ទុយទៅវិញ គឺយើងឃើញហើយ សូម្បីតែរឿងសមាគមអាដហុក ដែលកើតឡើងនៅពេលកន្លងមកហ្នឹង ថវិកាសម្រាប់ជួយជនរងគ្រោះទៅតាមគោលនយោបាយការងាររបស់អាដហុកសោះ ក៏គេចោទប្រកាន់ថាជាអំពើសូកប៉ាន់សាក្សីដែរ អ៊ីចឹងវាជារឿងដែលអយុត្តិធម៌»។
របាយការណ៍អំពីសន្ទស្សន៍នៃអំពើពុករលួយលើប្រទេស និងដែនដីចំនួន១៨០ របស់អង្គការតម្លាភាពអន្តរជាតិ ចេញផ្សាយនៅដើមឆ្នាំ២០២៤ បានរកឃើញថា អំពើពុករលួយនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៣ ស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ ដោយប្រទេស មានមេដឹកនាំគ្រួសារនិយមមួយនេះទទួលបានពិន្ទុ ២២ ស្ថិតនៅចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោមប្រទេសចំនួន១៨០។
បើគិតនៅក្នុងតំបន់អាស៊ាន កម្ពុជាស្ថិតនៅជិតបាតតារាង ដោយនៅពីលើតែប្រទេសភូមា (Myanmar) មួយប៉ុណ្ណោះ។ ចំណែកនៅអាស៊ីប៉ាស៊ីហ្វិកវិញ កម្ពុជាមានលេខរៀងទាបជាងគេបំផុតទីបួន ដោយនាំមុខតែអាហ្វហ្គានីស្ថាន ភូមា និងកូរ៉េខាងជើង។
សន្ទស្សន៍នៃអំពើពុករលួយនេះ បង្ហាញឱ្យឃើញពីកង្វះឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងរូបភាពដ៏គួរឱ្យព្រួយបារម្ភនៃបញ្ហាប្រឈមរ៉ាំរ៉ៃនានា រួមមានកង្វះប្រសិទ្ធភាពក្នុងការផ្ដន្ទាទោសមន្ត្រីប្រព្រឹត្តអំពើពុករលួយ ការប្រើប្រាស់ធនធានដោយមិនត្រឹមត្រូវ និងយន្តការគណនេយ្យភាពទន់ខ្សោយនៅឡើយ។ ក្រៅពីនេះ កម្ពុជានៅមានហានិភ័យខ្ពស់នៃការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ប្រព័ន្ធតុលាការដែលមិនដំណើរការ និងកំណើនឥទ្ធិពលនៃផលប្រយោជន៍របស់ក្រុមមនុស្សមួយភាគតូច៕