ឧក្រិដ្ឋជនស្និទ្ធ​នឹង​មេដឹកនាំ​ជា​ឧបសគ្គ​របស់​មហាផ្ទៃ​ក្នុង​ការ​ចាប់​មេខ្លោង​គ្រឿង​ញៀន

ក្រុម​អ្នកឃ្លាំមើលនិយាយ​ថា ក្រសួងមហាផ្ទៃ​នឹង​មិនជោគជ័យលើវិធាន​វះកាត់​​​​មន្ត្រី​​ពាក់​ព័ន្ធ​​នឹង​​គ្រឿង​​ញៀ​ន​​​​ទេ ដរាប​ណាក្រសួងសាមីមួយនេះ គ្មាន​សិទ្ធិ​អំណាចឯករាជ្យ ដើម្បី​​បោស​​សម្អាត​អំពើ​ពុក​រ​លួ​យ​ជា​ប្រព័ន្ធ រួ​មក្រុមឧក្រិដ្ឋជនស្និទ្ធមេដឹកនាំកំពូលគ្រួសារហ៊ុនផងនោះ។

ការលើកឡើង​របស់​ក្រុមអ្នកឃ្លាំមើល ធ្វើឡើងក្រោយពី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា​ បានព្រ​មា​នធ្ងន់ៗ ដល់មន្ត្រីដែលពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​​ញៀន ត្រូវ​ដក​ខ្លួន​ថយ ដើម្បីបញ្ចៀសពីការប្រើវិធានវះកាត់​។

លោកបានលើកឡើង​ត្រង់ៗ​ថា បញ្ហាគ្រឿងញៀននៅ​កម្ពុជា បើមិនមានការ​ពាក់​ព័ន្ធ​នឹង​មន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួន​ទេ នោះបញ្ហានេះ ​មិនកើត​ឡើង​ធំដុំដូចបច្ចុប្បន្ននេះ​ទេ។

ការថ្លែងរបស់ លោក ស សុខា បាន​ធ្វើឡើង​​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយ​​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុស​ច្បាប់​លើកទី១០ កាលពី​​​រសៀល​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ និង​ត្រូវ​បាន​ដកស្រង់​សម្តីយកមក​ចុះ​ផ្សាយលើគេហទំព័រក្រសួង​មហាផ្ទៃ។

លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និយាយថា លោកគ្មាន​ជំនឿលើសារព្រមាន​នេះទេ ដោ​យ​ថា ក្រសួងមហាផ្ទៃ​គ្មានអំណាចអ្វីទៅវះកាត់បញ្ហា​នេះ​ទេ បើគ្មានភ្លើងខៀវ​ពី​គ្រួសារ​ហ៊ុន ខណៈ​ឧ​ក្រិដ្ឋ​​ជន​ជាច្រើន​ជា​មនុស្ស​ស្និទ្ធ និង​​​ជា​សាច់​ញាតិ​លោក ហ៊ុន សែន នោះ។ ​

លោកគូសបញ្ជាក់ថា ការ​បង្ក្រាប​​បទល្មើសគ្រឿង​ញៀន ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ គឺ​ត្រូវ​អនុវត្ត​​ច្បាប់ ការ​កែទម្រង់​​ប្រព័ន្ធ​​​អនុវត្ត​ច្បាប់​​ទាំង​នៅ​ក្រសួង​​មហា​ផ្ទៃ និង​​ប្រព័ន្ធ​យុត្តិធម៌​​ និងលុបបំបាត់អំពើពុករលួយ​ជាដើម ហើយ​​មិនទៅចាប់តែ​មន្ត្រី ឬ​​មនុស្ស​ប្រើប្រាស់​ និង​​​​ចែក​ចាយ​គ្រឿង​ញៀន​​​​​តូច​​​តាច​នោះទេ គឺត្រូវ​ចាប់​អ្នកនៅពីក្រោយដែលជាមេខ្លោង​ធំនៃ​អំពើឧក្រិដ្ឋកម្ម​​នេះ។

លោកថា៖ «អ្នកដែលនៅខាងក្រោយខ្នង​នៃអំពើឧក្រិដ្ឋ​កម្ម គ្មានបានឃើញ​ចាប់អីមួយទេ។ ករណីល្បីល្បាញ​គេ​ចុះ​ផ្សាយ​ទាំង​កាសែតជាតិ និងអន្តរជាតិ​អី​នានា ដូច​ជា​ កុក អាន ដូចជា​ ​លី យ៉ុង​ផាត់ ដូចជា ​ហ៊ុន តូ អីនោះ អាហ្នឹង​ដែល​ត្រូវ​ស៊ើបអង្កេត ព្រោះ​អ្នកទាំង​អស់​ហ្នឹងជំពាក់​​ជំពិនរឿងជួញដូរ​ធំណាស់​ ដែលមាន​ទំ​ហំទឹកប្រាក់​ពាន់លានដុល្លារ​​​ ចាត់វិធានការ​លើ​អ្នក​អស់​ហ្នឹង​​ ហើយ​​អត់ដែលឃើញ​ក្រសួង​មហាផ្ទៃ ឬនា​យ​ករដ្ឋមន្ត្រីទៅចាត់វិធានការ​អ្នក​អស់​ហ្នឹង​ផង​ហ្នឹង​​ ហើយទៅធ្វើម៉េច​ទៅបង្ក្រាបបទល្មើស​អស់ហ្នឹង​បាន»

លោកថា បញ្ហានេះ ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់សង្គម​ជាតិ ដូចជា ប៉ះពាល់ដល់ធនធាន​មនុស្ស បង្ក​ឱ្យ​មាន​ឃា​ត​​កម្ម​​ឬ​ការ​​ធ្វើ​អត្តឃាត​ដោយ​សារ​​ឥទ្ធិពល​គ្រឿង​ញៀន អំពើហិង្សា កើតមានអំពើ​ល្មើសផ្សេងៗ និ​ងធ្វើឱ្យ​ស​ង្គម​​ទទួល​ភាពអយុត្តិធម៌​ព្រោះតែអំពើពុករលួយ​របស់មន្ត្រីជាដើម​។

លោកថា៖ «ដើម្បី​ឱ្យ​​អនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព ស សុខា អត់មាន​ត្រូវ​អំពាវនាវ​ទេ ស សុខា ក៏​ដោយ ហ៊ុន ម៉ាណែត ក៏ដោយ ​គឺចាត់វិធានការម៉ឹងម៉ាត់​ទៅលើពួកមន្ត្រី ហើយមន្ត្រីណា​​ដែល​​ដាក់គោល​ដៅថាឱ្យ​អ​នុ​វត្ត​ច្បាប់​ហើយ អនុវត្តបរាជ័យ​​ គឺត្រូវ​បង្ខំឱ្យ​លា​ឈប់ពីតំណែង ឬ​​ដក​តួនាទី​ ឬបើ​ស៊ើបអង្កេតឃើញថា មា​ន​ពាក់ព័ន្ធ​បទ​ឧក្រិដ្ឋ ត្រូវ​ដាក់ទោស​ដាក់ទណ្ឌកម្មតាមច្បាប់​​ អាហ្នឹង​បានអាចចាត់​វិធានការ​បាន។ បើ​យើង​និយាយ​ពី ដែល​មិន​អាច​ទប់​ស្កាត់​ករណី​គ្រឿង​ញៀន​បាន សមត្ថកិច្ច​ មេដឹកនាំ គឺ​​អត់សមត្ថភាពដឹកនាំ​គេ ដូច្នេះ​ហើយ​បើ​ដឹងខ្លួនប្រញាប់​​​​​សុំលា​ឈប់ពីតំណែង​ឱ្យ​ហើយ​ទៅ កុំឱ្យគេ​តិះទៀន​ច្រើនពេក»។

លោក អ៊ូ ច័ន្ទរ័ត្ន​ អតីតតំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ សាទរចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​​របស់​ក្រសួង នា​រយៈកាល​​ចុងក្រោយ​នេះ ដែលបានធ្វើតេស្ត និងមានវិធានការ​ខ្លះ​​លើ​មន្ត្រី​ដែល​​ពាក់ព័ន្ធនឹងគ្រឿងញៀន។ តែ​​យ៉ាង​ណា លោកមើលឃើញថា ជាចំណាត់ការ​តិច​តួច​ពេក និង​​ជា​​ការ​អំពាវនាវ​ដដែលៗ​ស្ទើរគ្រប់អាណត្តិ។

លោក អ៊ូ ច័ន្ទរ័ត្ន​ បានលើកឡើង​ទៀតថា​ មក​ដល់ពេលនេះហើយ មិនគួរមានការ​អំពាវនាវ​​ម្តង​ហើយ​ម្តង​ទៀត និង​រងចាំតែបញ្ជា​ពីថ្នាក់ដឹកនាំ​នោះ​​ទេ គួរតែចាត់វិធានការ​ច្បាប់​ឱ្យ​បាន​តឹង​រឹង និង​ជា​បន្ទាន់​​​​ មិន​ថាអ្នក​ពាក់ព័ន្ធ​នោះ​​ជា​​​​​មន្ត្រី ឬរាស្ត្រ ហើយ​ត្រូវ​បើក​ទូលាយ​​ និង​ការ​ពារ​ដល់​​ប្រជាពលរដ្ឋដែល​ហ៊ាន​​រាយកា​រណ៍​រឿង​​គ្រឿង​​ញៀន ទើបអាចទប់ស្កាត់​មាន​ប្រសិទ្ធភាព។

លោក​បន្តថា​ បញ្ហា​គ្រឿង​ញៀន ដែលកើត​មានធំដុំនាពេលបច្ចុប្បន្ននេះ ដោយសារ​តែ​បញ្ហាពុក​រលួយ និង​ផល​ប្រយោជន៍​។

លោកថ្លែង​​ថា៖ «ដូច្នេះអ្វីដែល​យើង​ទទួលរង​គ្រោះ​នៅពេលនេះ គឺ​ដោយសារ​ការ​បណ្តែត​បណ្តោយ​​បន្តិច​ម្តងៗ រហូតដល់សង្គមយើងធ្លាក់ក្នុងបញ្ហាជ្រៅ​បែបហ្នឹង​។ ខ្ញុំជឿថា បើយើងរួមគ្នា ហើយមានសមត្ថភាព មាន​​ឆន្ទៈពិតប្រាកដក្នុងការកម្ចាត់បញ្ហាគ្រឿង​ញៀន​​នេះ ខ្ញុំជឿ​ថា​ ​យើង​នៅ​តែ​អាច​ធ្វើ​បានទេ។ ហើយបើយើ​ង​មិនអាចទប់ស្កាត់​បានទេ ប្រទេស​​យើង​​ហ្នឹង​ វា​ប៉ះពាល់ខ្លាំង​ណាស់​ដល់​​មនុស្ស​ជំនាន់​ក្រោយ​ៗទៀត មិន​អាចទៅប្រកួតប្រជែងអី​នឹងគេ​បាន​​ទេ ព្រោះសង្គមយើងនេះ វាញ៉ាំញីទៅដោយគ្រឿង​ស្រវឹង គ្រឿងញៀន​អីជាដើម»

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឱ្យ​រៀបចំធ្វើតេស្ត​គ្រឿងញៀនលើ​​មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ ហើយ​ព្រមាន​ថា ត្រូវបណ្តេញ​ចេញពីក្របខ័ណ្ឌ​ដោយគ្មានករណី​លើក​លែង ប្រសិន​បើរកឃើញមន្ត្រីណាមួយបានប្រើប្រាស់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្រោយវិធានការបានដាក់ចេញរយៈពេល ៥ខែ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរកឃើញ​មន្ត្រីរាជការចំនួន៩៧នាក់ តេស្តឃើញមានសារធាតុញៀន។

សម្រាប់ នាយកទទួលបន្ទុក​កិច្ច​ការ​ទូទៅនៃអង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់ថា សារ​​ដាស់តឿន និង​ការ​ព្រមាន​ពី​ការ​វះកាត់សាច់ស្អុយ​​ ចំពោះមន្ត្រីដែលពាក់ព័ន្ធគ្រឿងញៀន ពីសំណាក់ថ្នាក់​​ដឹកនាំក្រសួង​មហាផ្ទៃ​នេះ ​ជារឿង​​ល្អ ខណៈបញ្ហាគ្រឿ​ង​ញៀន​​​នៅតែជា​ក្តីបារម្ភ និង​​បង្ក​​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​ស​ម្រាប់​សង្គម និង​សេដ្ឋកិច្ច​​ជាតិ។

លោកថា៖ «ពីព្រោះបញ្ហាគ្រឿងញៀន បើសិន​ជាមានមន្ត្រីជាប់ពាក់ព័ន្ធ គឺ​​ពិបាក​នៅ​ក្នុងការ​ស៊ើបអង្កេត ហើ​យ​ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​ហ្នឹង ​គឺមានការ​ពិបាក​តែម្តង អីចឹង​ការ​រំលឹក និងការ​ដាស់តឿននេះ វា​ជារឿ​ង​ល្អ​​​មួយ ក៏ប៉ុន្តែត្រូវ​តែមានការអនុវត្តឱ្យ​មានប្រសិទ្ធិភាព បើសិន​ជា​មន្ត្រីណានៅតែជាប់ពាក់ព័ន្ធ​បញ្ហាគ្រឿ​ង​ញៀន​ ត្រូវ​តែវះកាត់ចោល»

លោក អំ សំអាត បន្តថា ដើម្បីទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព​ គឺ​ត្រូវ​លុប​បំបាត់បញ្ហាអំពើពុករលួយ ឬការសូកប៉ាន់ ហ៊ាន​ដាក់ទោសទណ្ឌលើមន្ត្រី​ដែលជាប់ពាក់ព័ន្ធ​​ បន្ថែមឧបករណ៍និងបច្ចេក​ទេស​ក្នុងការ​ស៊ើបអង្កេត​និង​ស្រាវ​ជ្រាវ​ ព្រមទាំង​ត្រូវ​​អនុវត្តច្បាប់ឱ្យមានតម្លាភាព។

ក្នុងឆ្នាំ២០២៤ នាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន​​​បាន​ជាង ២ម៉ឺន៧ពាន់​នាក់ (២៧ ០៦៨នាក់) ក្នុងនោះមានជន​​បរទេសចំនួន ១ ០៤៥ នាក់ ដែលមា​​ន១៦សញ្ជាតិ។ រីឯគ្រឿងញៀនដែលសមត្ថកិច្ចបានរឹបអូសវិញ គឺមានចំនួនសរុប ១៤.៩តោន ដែលតួរ​លេ​ខ​នេះមានការ​កើនឡើង​ជាង​ឆ្នាំ២០២៣ ដែលចាប់បាន​ប្រមាណ ៤តោន។

រដ្ឋាភិបាល​ចាស់ ធ្លាប់បានប្រកាស​បើកយុទ្ធនាកា​រ​បោស​សម្អាត​គ្រឿង​ញៀន​នេះ តាំង​ពី​ឆ្នាំ​២០១៧​មក ប៉ុ​​ន្តែ​​​ត្រូវ​បាន​គេមើល​ឃើញ​ថា វិធាន​នេះ បាន​បរាជ័យ។

បរាជ័យ​ដោយ​សារ​តែ​មិន​អាច​បោស​សម្អាត​អំពើពុ​ក​រលួយ​ជាប្រព័ន្ធ​បា​ន​ រីឯ​ការ​អនុវត្ត​ច្បាប់​ត្រូវ​សុំ​គោលការណ៍​ពី​មេដឹកនាំ​ជាមុន​ ទើប​ចុះ​ធ្វើ​ប្រតិបត្តិកា​រ​បាន។

ចរន្ត​នេះ បានធ្វើឱ្យកម្ពុជា ប្រែក្លាយជាប្រទេសឆ្លងកាត់ទៅជា​ដែន​ឧក្រិដ្ឋ​ជន និង​បាន​រក​ឃើញ​ទីតាំង​ច្រើនក​ន្លែង​ដែល​ក្រុម​ឧក្រិដ្ឋជន​លួច​លាក់​ផលិត​គ្រឿង​ញៀន​ទៀត​ផង។

ជុំវិញ​បញ្ហានេះ​ អតី​ត​រដ្ឋមន្រ្តីក្រសួងម​​ហាផ្ទៃ លោក ស ខេង ធ្លាប់​និយាយ​ថា ការ​រីករាលដា​ល​លំហូរ​គ្រឿងញៀន​នៅ​កម្ពុជា ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន។

ការសំអាង​របស់ លោក ស ខេង ហាក់​ស៊ី​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​បទ​លើ្មស​គ្រឿង​ញៀន​នៅ​កម្ពុជា ប៉ុន្មាន​ឆ្នាំជាប់​គ្នា​នេះ កំណើន​គ្រឿងញៀន បាន​ហក់ឡើយយ៉ាង​គំហុក រហូត​មាន​ការ​ព្រមាន​ជា​ថ្មី​ទៀត​ពី​រដ្ឋាភិបាលបន្តវេន​របស់​គណបក្ស​កាន់​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ