គ្រួសារហ៊ុនរងការរិះគន់ថា​ខ្លាំ​ង​ជាមួយ​ខ្មែរ​គ្នា​ឯង​តែ​រណប​​បរទេស​ឈ្លាន​ពាន​ទឹក​ដី

ការបាត់បង់ទឹកដីទៅប្រទេសជិត​ខាងជាបន្តបន្ទាប់ និង​ការពង្រីកយុទ្ធសាស្ត្រ​​​តាម​កម្ទេច​ខ្មែរ​គ្នាឯង​ឥត​ឈប់​ឈរ​ជា​ង​៤ទសវត្សរ៍​ទៅ​នេះ ជំរុញ​ឱ្យ​មាន​ការ​រិះ​គន់​ថា គ្រួសារ​ហ៊ុន​ខ្លាំង​បាន​តែជាមួយ​ខ្មែរ​គ្នា​ឯង តែ​រណប​ប​រទេស​​ដែល​ឈ្លាន​ពាន​ទឹក​ដី ដើម្បី​ការ​ពារ​អំណាច​តពូជ។

ដែលការណ៍នេះ ក្លាយជាក្តីបារម្ភថា ពលរដ្ឋ​កម្ពុជា​នឹង​ជួប​គ្រោះ​អត់​ឃ្លាន​រយៈ​ពេល​យូរ​ឆ្នាំ​ទៀត ហើយ​បញ្ហា​បូរណភាព​ទឹកដី​នឹង​ធ្លាក់​ក្នុង​ដៃ​ប្រទេស​ច្រើន​ជាង​នេះ​ទៀត បើ​ឈាម​ថ្មី​របស់​បក្សកា​ន់​អំណាច ស្នង​មរតក បំពាន​រដ្ឋធម្មនុញ្ញ ដើម្បីតែបុព្វហេតុ ក្រាញ​អំណាច​នោះ។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន រំឮក​ថា កាលជំ​នាន់ លោក ហ៊ុ​ន សែន ជានាយក​រដ្ឋ​មន្រ្តី ដើម្បី​តែ​អំណាច ​បាន​បង្រ្កាប​ខ្មែរ​គ្នាឯង​ជា​ច្រើន រួម​មាន ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ចា​​ប់ខ្លួន​សកម្ម​ជន​សិទ្ធិ​មនុស្ស សកម្មជ​ន​បរិស្ថាន និង​​សកម្មជន​នយោបាយច្រើន​នាក់​ទៀត។

បន្ថែមលើ​នេះ លោកថា នៅមានករណីបាញ់​ប្រហារ​​សម្លាប់​ក្រៅ​សំណាញ់​ច្បាប់​ច្រើន​ករណី ​ដែល​រក​មុខ​ឃាតករ​មិន​ឃើញ​ ដូច​ជា លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី និង​លោក លិម គិម​​​យ៉ា ជាដើម។

សម្រាប់ លោក សំអាន សង្កត់​ធ្ងន់​ថា នាយក​រដ្ឋ​មន្រ្តី លោក ហ៊ុន ម៉ាណែត ក៏​កំពុង​ធ្វើនយោ​បាយ​បំរើ​មហិច្ចតា​ប្រទេស​ជិត​ខាង​ដូច​លោក ហ៊ុន សែន ដែរ ដោយ​បង្រ្កាប​ឆ្លង​ដែន​លើ​សកម្មជន​ខ្មែរ​នៅ​ប្រទេស​ថៃ ទើប​មិន​ហ៊ាន​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ដើម្បី​ការ​ពារ​កោះ​កុត និង​ប្រាសាទ​តាមាន់​ធំ ​ប្រាសាទ​តាមាន់​តូច និងប្រាសាទ​តាក្របី។

លោកថា៖ «ដឹកនាំតាមអំណាចផ្ដាច់ការតពូជអ៊ីចឹង មិនហ៊ានការពារទឹកដីអ៊ីចឹង កម្ពុជាយើងនឹងបាត់បង់ទឹកដីយើងបន្ថែមទៀតនៅតាមព្រំដែនទៅឱ្យប្រទេសថៃ ប្រទេសវៀតណាមហើយនៅពេលអនាគតកម្ពុជាអាចនឹងក្លាយទៅជាប្រទេសចំប៉ាទី២ អាចក្លាយទៅជាកម្ពុជាក្រោមទី២ ត្រូវបានលេបត្របាក់ពីសំណាក់ប្រទេសវៀតណាម ហើយនឹងនៅប្រទេសថៃមួយចំនួនផងដែរ ហើយយើងនឹងក្លាយទៅជាជនជាតិភាគតិចរស់នៅលើទឹកដីខ្លួនឯង ហើយនៅពេលអនាគតនៅពេលដែលយើងមានមេដឹកនាំគិតតែការពារអំណាចត់ព្រមការពារទឹកដី»។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំដោយប​ក្សកាន់​អំណាច ប្តេជ្ញា​ការ​ពារ​បូរណភាព​ទឹកដី ស្រប​តាម​ការ​ប្រគល់​សិទ្ធិរបស់​ប្រជាជន​កម្ពុជា​ដែល​លោក​ថា មាន​នៅ​ទូទាំង​ប្រទេស​បោះ​ឆ្នោត​ឱ្យ។

ក្នុងន័យនេះ លោកថា ការហ៊ានប្តឹងទៅតុលាការ​អន្តរជាតិ ឬ​មិន​ហ៊ាន​ជុំវិញ​បញ្ហា​ទឹក​ដី​នោះ វាគឺ​ជា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា មិន​មែន​ចេះ​តែ​​ធ្វើ​តាម​ការ​ទាម​ទារ​របស់​ក្រុម​ណាមួយ​នោះ​ទេ។

លោកថា៖ «៊ាន​មិន​ហ៊ាន វាអាស្រ័យទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើតាមការចង់បានរបស់ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដែលចេះតែនិយាយគ្មានការទទួខុត្រូវនោះទេ។ យើងត្រូវ​​មើលតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងដឹកនាំប្រទេសកម្ពុជាហ្នឹង ធ្វើអី! ធ្វើក្របខណ្ឌឯករាជ្យអធិបតេយ្យភាពរបស់ខ្លួន មិនមែនធ្វើដើម្បីតែប្រយោជន៍ប្រទេសណាទេ យើងធ្វើផលប្រយោជន៍ដើម្បីកម្ពុជា»។

យ៉ាង​ណា សម្រាប់​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អះអាងថា ​ក្រោម​ការ​ដឹកនាំ​​ដោយ​​គ្រួ​សារ​​​​ហ៊ុន ដែល​វៀតណាម​​លើក​​បន្តុប​​​ឱ្យឡើង​កាន់​អំណាច ក្នុង​​រយៈ​​ពេល​​ជាង​៤០​​ឆ្នាំ​​មក​​នេះ ​បាន​​ធ្វើ​​ឱ្យ​បាត់​​បង់​​ទឹកដី​ជាច្រើន​​​ទៅ​​ប្រទេស​​វៀត​ណាម និង​ថៃ​ ។

ប្រភពបន្តថា លោក ហ៊ុន សែន បាន​កាត់​ដែន​សមុទ្រ​​ខ្មែរ​​ឱ្យ​វៀត​ណាម​ចំនួន ៣ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ តាម​​សន្ធិ​​សញ្ញា​​ស្តីពី​​តំបន់​​ទឹក​​ប្រវតិ្ត​សាស្រ្ត​ឆ្នាំ​១៩៨២ ធ្វើ​​ឱ្យ​​បាត់​​កោះ​​ត្រល់ ចង្កោម​​កោះ​ក្រចក​​សេះ និង​ដាក់​ដែន​សមុទ្រ​ខ្មែរ​រួម​​ជាមួយ​វៀត​ណាម​ចំនួន ១ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​ថា បើនាយក​រដ្ឋមន្រ្តីឈា​ម​ថ្មី លោក ហ៊ុន ម៉ាណែត ស្នង​មរតក​ពី​ឪពុក​របស់​លោក​បែប​នេះ នោះ​ប្រទេស​កម្ពុជា​នឹង​មានវាសនា​កា្លយ​ជា​ជន​ជាតិ​ដើមភាគ​តិច​នៅ​ថ្ងៃ​ណាមួ​យ​មិន​ខាន។

លោកថា«បើថានៅតែមានរបប លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បន្តទៅទៀតអ៊ីចឹងកម្ពុជាយើងប្រឈមនឹងហានិភ័យ។ ហានិភ័យ ទី១ហ្នឹង គឺអាបាត់បង់បូរណភាពទឹកដីបន្ថែម។ ហានិភ័យទី២ វារងគ្រោះដោយសារជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់អីច្រើនទៅច្រើនទៅនៅប្រទេសកម្ពុជា នឹងមកទទួលបានលិខិតស្របច្បាប់ តាមការណែនាំរបស់រដ្ឋាភិបាលវៀតណាមឲ្យក្រសួងមហាផ្ទៃឲ្យរដ្ឋាភិបាលខ្មែរ ទទួលស្គាល់ហានិភ័យ​​ទី៣ ថ្ងៃណាមួយប្រទេសកម្ពុជាវាបាត់ចេញពីផែនទីពិភលោក បើមានមេដឹកនាំតែប្រភេទហ្នឹងច្រើនឆ្នាំទៅមុខទៀតនោះ»

ដោយឡែក អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch រកឃើញ​ថា រយៈ​ពេល​១ឆ្នាំ នៃ​ការ​ឡើង​កាន់​អំណាច លោក ហ៊ុន ម៉ាណែត បន្ត​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​គំរាមកំហែង​ឥត​ឈប់​ឈរ ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់​អ្នក​នយោបាយ​ជំទាស់ និង​អ្នក​ការ​ពារ​សិទ្ធិមនុស្ស ដើរ​ផ្ទុយ​ពី​គន្លង​ប្រជាធិប​តេយ្យ ដូច​ឳពុក​របស់​ខ្លួន។

ប្រភពថា លោក ហ៊ុន ម៉ាណែត បានបរាជ័យព​ង្រឹ​ង​​​ល​ទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមការសន្យា​ជាមួយ​​សិទ្ធិ​មនុស្សអ​ន្តរ​ជាតិ(UN​) ដោយ​​បាន​​គាប​​សង្កត់​​យ៉ាង​​ខ្លាំ​ង​​​ទៅ​​លើ​​លំហ​​ពលរដ្ឋ ការ​​ចូល​រួម​នយោបាយ និង​​សេរីភាព​​ជា​មូល​ដ្ឋាន​ផ្សេង​ទៀត​នៅ​ឆ្នាំ២០២៤ ។

មួយវិញ​ទៀត ការអនុវត្តច្បាប់ ការចាប់​ខ្លួន និង​ការ​ឃុំខ្លួន អ្នក​ប្រឆាំង និង​អ្នករិះគន់​រដ្ឋាភិបាល ធ្វើ​ឡើង​ក្រោ​​ម​​ហេតុ​ផល​​នយោបាយ។

ការបំពាន​នេះ បាន​ក្លាយ​​ជា​​គោលដៅវាយ​ប្រហារ​ទៅ​លើសេ​រីភាព​​បញ្ចេញ​​មតិ ដែល​​អាជ្ញាធរ​​បាន​​​ចាប់​​​ខ្លួន​​មនុស្ស​​​យ៉ាង​​​តិច ៩៤​នាក់ ​តាម​អំពើ​ចិត្ត​ចាប់​​តាំង​​​ពី​​ខែ​​កក្កដា​មក ​ពី​បទ ​​រិះ​គន់​​ជា​​សាធារណៈ​​ចំពោះ​​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាលកម្ពុជា​ជា​មួយ​ប្រទេស​វៀតណាម និង​ឡាវ (CLV)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ