វិធានចាប់ខ្លួនអតីត​មេដឹកនាំ​ហ្វីលីពីន​ដោយ​ICC​ជា​ការ​គំរាម​មេដឹក​នាំ​ផ្តាច់​ការ​ផ្សេង​ទៀត​រួម​ទាំង​កម្ពុជា

ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយ​នៅក្រៅ​រដ្ឋាភិបាល យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​អតី​​ត​ប្រធា​នា​​​​​ធិ​ប​តី​ហ្វី​លីពីន នៅ​ពេល​នេះ ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទីក្រុង​ឡាអេ វា​ជា​ការ​ព្រមាន​មួយ​​​ដ៏​​ធំ​ប្រ​​​​​ឆាំ​ង​មេដឹក​នាំ​​ផ្តាច់​​​ការ​ដទៃ​ទៀត​នៅ​ក្នុង​ពិភព​លោក ក្នុង​នោះ​​រួម​ទាំង​កម្ពុជា​ផង ដោយ​ពួក​គេចា​ត់​ទុក​ថា ការ​​ដឹក​នាំ​ប្រទេស មិន​គួរ​ដើរ​ហួស​បន្ទាត់​ក្រហម ហើយ​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត ដែល​ផ្ទុយ​ពី​​ធម្មនុញ្ញ​អ​ន្តរ​ជា​តិ​​ឡើ​​​យ ក្នុង​ពេល​ដែល​ខ្លួន​នៅ​មា​​នអំ​ណាច​ពេញ​ក្នុង​ដៃ។

លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យ​ខ្មែរ ប្រចាំ​នៅ​ប្រទេស​អូស្រ្តាលី លើក​ឡើង​ថា​ កា​រ​​ចា​​ប់ខ្លួន​ លោក ឌូទ័រ​តេ នេះ​ជា​សញ្ញា​បង្ហាញ​ឱ្យ​មេដឹកនាំផ្តា​ច់កា​រ​​ដទៃ​ទៀត មើល​ឃើញថា​ ការ​ដែល​ចាត់​ទុក​​ព​​ល​​​​រដ្ឋ​​​ជា​សត្រូវ និងធ្វើ​ទុក្ខ​​បុកម្នេញ​ប្រឆាំង​ពួក​គេ​ដែល​រិះគន់​ខ្លួន គឺ​នឹង​ទទួល​បាន​លទ្ធផល​ដូច​នេះ ក្រោ​យ​​​អ​​ស់​​​​​​​ពីអំ​ណា​ចទៅ។

លោកបន្តថា ស្ថានភាពអតីតមេដឹកនាំ​ហ្វីលីពីន​រូប​នេះ ប្រហែល​ជា​មិន​ខុស​គ្នា​​​ពី​អ្វី​ដែ​​ល​រ​​ដ្ឋាភិបា​ល​កម្ពុជា ធ្លាប់​បាន​អនុវត្ត​ដែរ​ទេ។ លើសពីនេះទៀត មាន​ពលរដ្ឋជាច្រើនពាន់​គ្រួ​សារ​ណាស់​ម​​ក​ហើ​យ ត្រូវ​រង​គ្រោះ​ដោ​​​យ​​​​​កា​រ​​​ដឹកនាំ​ប្រទេ​ស ក្រោមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរ​យៈ​ពេលជិត​៤០​​ឆ្នាំម​ក​​នេះ​​។

បើតាម លោក ស៊ឹង សែនករុណា បញ្ហាដែលអាជ្ញាធរកម្ពុជា​បង្កឡើង​ប្រមាណ​៤ទស្សវត្ស៍មក​នេះ ជាកា​រ​បង្ហា​ញ​​ថា ក៏មានស្ថានទម្ងន់ទោស មិនខុសគ្នាពីលោក ឌូទ័រតេ ប៉ុន្មាន​ដែរ​ទេ​។ តែគេ​ត្រូវ​ទាម​ទារ​ឱ្យ​មាន​អ្នករៀ​​បចំ​​​បណ្តឹ​ង​ជាមុន ប្រឆាំងបទឧក្រិដ្ឋទាំងនោះ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ទើបអាចប្រាកដថាអំ​ពើ​ល្មើ​​​​ស​​ក្នុ​​ងបទឧក្រិដ្ឋនេះ មានប្រសិទ្ធភាព។

ផ្ទុយទៅវិញ បើសំណុំរឿងទាំងនោះ មិនត្រូវបានគេ​ចាត់ចែ​ង​ទេ មា​នន័​យ​ថា អ្វីដែលជា​ការឈឺ​ចាប់រប​ស់ជនរង​គ្រោះ នៅតែ​មិន​អាច​ស្វែង​រក​​យុត្តិធម៌បានដដែល។

លោកថា៖ «ជនរងគ្រោះ ឬក៏គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនានា គឺគួរតែដាក់ពាក្យបណ្តឹងជាផ្លូវការឱ្យច្បាស់លាស់ ដោយមានមេធាវីរៀបចំឱ្យបានត្រឹមត្រូវ តុលាការព្រហ្មទណ្ឌអន្តរជាតិ​​គេនឹងទទួលយកនិងពិនិត្យពិចារណា ក្នុងការស៊ើបអង្កេត និងចោទប្រកាន់ទៅលើមេដឹកនាំជាន់ខ្ពស់របស់កម្ពុជាហ្នឹងហើយបាទ»

លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានជាប់ឆ្នោតជាប្រធានាធិបតី​ហ្វីលីពីន កាលពីឆ្នាំ​២០១៦ ហើយអាណត្តិក្នុងរយៈ​ពេ​ល​៦ឆ្នាំរបស់​លោក ទើប​តែចប់​កាល​ពីឆ្នាំ២០២២។

មុនជា​ប់ឆ្នោត អ្វីដែលធ្វើឱ្យគណប​ក្សរបស់​លោក​​ទទួ​ល​​​​បានការគាំទ្រពី​ពលរដ្ឋ​ហ្វីលីពីន​នេះ គឺ​ការ​​សន្យា​បោ​​សសំអាត​​​គ្រឿង​ញៀន​រហូត​ដល់​ឬសគល់​នៃ​បញ្ហា​។

ផ្តើមចេញពីការសន្យានេះហើយ មនុស្សជាង៦ពាន់នាក់ ត្រូវបានអង្គការលើកលែងទោសអន្តរជាតិ រក​​​ឃើញ​ថា ពួក​គេ​ត្រូវ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ក្រោម​គោល​នយោបាយ​ប្រឆាំង​គ្រឿង​ញៀន​របស់ ​លោក ឌូ​​ទ័រតេ។

ដោយឡែក នៅកម្ពុជាវិញ ត្រូវបានអ្នកវិភាគនយោបាយ និងគណបក្សក្រៅរដ្ឋាភិបាល ប្រៀបធៀបថា​បញ្ហា​​នៅ​​​ហ្វីលីពីននេះ ក៏មិនខុសគ្នាប៉ុន្មានដែរទេពីកម្ពុជា​។

អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបង្ហោះសារនៅ​លើ​ទំព័​រ​​ហ្វេ​​​សប៊ុករប​ស់ខ្លួនថា លោក ហ៊ុន សែន ក៏សា​ងកំហុសមិនអន់ប៉ុន្មានឡើយពីលោក ឌូទ័រ​តេ។

លោក សម រង្ស៊ី បានចោទប្រកាន់​ថា ចាប់ពីមុនឆ្នាំ១៩៨៥​មក អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន មាន​​បាត​ដៃ​ប្រឡាក់ឈាម​ច្រើន​ណាស់ ជាពិសេស​ប្រឆាំង​ទៅ​លើ​ជន​ស៊ីវិល និង​អ្នក​នយោបាយ​ដែល​​មាន​​សំ​ឡេងផ្ទុយ​ពីខ្លួន។

លោក សម រង្ស៊ី បានទាញហេតុផលថា នៅក្នុងសម័យផែនការ ក៥ ដែលមេគំ​និតគឺ​ជា​វៀ​ត​ណាម ហើយអ្នក​​អ​នុវត្ត​ផែន​ការ​សម្លាប់​ខ្មែរ​បន្ត​ពី​របប​ខ្មែរ​ក្រហម​​ទៀ​តនេះ ដែល​ដឹកនាំដោ​​​យរ​បប​​សាធា​​រណ​រ​ដ្ឋ​​ប្រជា​​មានិ​ត​ក​ម្ពុ​ជា ដែលមានលោក ហ៊ុន សែន ជាក្បាលម៉ាស៊ីន បណ្តាល​​​ឱ្យ​​មាន​ជន​ស៊ីវិល និង​អ្នក​គ្មា​​ន​​កំ​​ហុ​​ស​​រា​​ប់​​​ពាន់នាក់ ត្រូវស្លាប់ដោយ​សា​រ​គ្រុន​ចាញ់ គ្មាន​របប​អាហារគ្រប់គ្រាន់ និងជាន់មីនស្លា​ប់ និងពិកា​រអ​ស់​​​​មួយជីវិត​។

បើតាមអ្នកនយោបាយចាស់វស្សារូបនេះ ក្រៅពីអំពើល្មើសក្នុងបទឧក្រិដ្ឋទាំងនេះ លោក ហ៊ុន សែន ក៏​​ជា​ប់​​ឈ្មោះ​ជាអ្នកសម្លាប់ពលរដ្ឋ ក្រៅសំណាញ់​ច្បាប់​ផ្សេង​ទៀត​ដែរ តួយ៉ាង​អ្នក​ស្រី ពិសិដ្ឋ ពីលីកា លោ​ក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី អតីតអ្នកតំណាងរាស្រ្ត លោក លិម គិម​យ៉ា ព្រះតេជព្រះគុណ សំ ប៊ុនធឿន មេ​ដឹ​​​ក​នាំ​សហជីព អ្នកនយោ​បាយ​​​សំឡេ​​ងជំ​ទា​​ស់ សកម្មជនដីធ្លី និងអ្នកការពារសិទ្ធិមនុស្សជាដើម​។

មិន​តែ​​​​​ប៉ុ​​ណ្ណោះ​​ ការបណ្តេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ និងការប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើ​ជា​ឈ្នាន់ បានបង្កើតឱ្យមានការឈឺចាប់ ពលរដ្ឋរាប់ម៉ឺនគ្រួសារ មួយរៈពេលចុងក្រោយនេះ។

ស្ថិតក្រោមហេតុផលនេះហើយ ដែលលោក សម រង្ស៊ី អះអាងថា អំពើល្មើសនៃបទឧក្រិដ្ឋ ក្នុងពេលលោក ហ៊ុន សែន នៅមានអំណាចនេះ វាជាតម្រុយមួយដែលនឹងបើកផ្លូវឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC អាច​​​​​អ​នុ​វ​ត្ត​នីតិវិធីប្រឆាំងលើលោក ហ៊ុន សែន បានហើយ។

បើទោះបែបណា សម្រាប់លោក សួន សូរីដា ហាក់យល់ឃើញផ្ទុយពីនេះបន្តិច តែក៏មិនបដិសេធដែរថា លោ​ក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក គឺពិតជាបានប្រព្រឹត្តិ​បទឧក្រិដ្ឋ ដូចការរកឃើញពីសហគមន៍ និ​​​​​​ង​​​អន្តរជាតិមែន។

តែអតីតតំណាងរាស្រ្តគណបក្សសង្រ្កោះជាតិរូបនេះ យល់ឃើញថា អំពើល្មើ​សរបស់ ​លោ​​​​​​​ក ​ហ៊ុន សែន នៅ​ពេល​នេះ គឺដូចមិនទាន់ដល់​កម្រិតមួយ ដែលតុលារការព្រហ្មទណ្ឌអន្តរជាតិ ICC ត្រូវ​ចា​​ត់​វិធា​នការ​នៅ​​ឡើយ​ទេ។

លោកបន្តថា ចំណែកនៃបទល្មើសនេះ វាហាក់នៅស្រាល​ណាស់ បើធៀបនឹង​អំ​ពើ​មនុស្ស​ឃាត ដែល​​អតីតប្រធានា​ធិប​តី​​ហ្វីលីពីន អនុវត្តក្នុងពេលនៅមានអំណាច។

លោកថា៖ «ការបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរ ក្នុងនាមដែលគេហៅថាសំឡេងជំទាស់ អាហ្នឹងវាហាក់មិនមានចែងនៅក្នុងបទឧក្រិដ្ឋនៃក្រមព្រហ្មទណ្ឌរបស់​ICCទេ ខ្ញុំគិតថា តុលាការនេះ នឹងមិនចាត់ការលើមេដឹកនាំកម្ពុជាទេ»

ផ្ទុយមកវិញ សម្រាប់​លោក ស៊ឹង សែនករុណា វិញ លើកឡើងថា បើគេពិនិត្យ​ពី​ធម្មនុញ្ញ​រ​ប​ស់តុ​លាការ​​ព្រហ្ម​ទណ្ឌ​​​អន្តរ​ជា​តិ ​ICC ប្រាកដណាស់ អ្វីដែលលោក ហ៊ុន សែន អនុវត្តកន្លងទៅនេះ គឺ​គេច​មិន​រួច​​​ពីដែ​ន​​យុត្តា​​ធិ​​​ការ នៃការអនុវត្តដោយតុលាការអន្តរជាតិនេះឡើយ។

លោកបន្តថា ដែនសមត្ថ​កិច្ច​នៃតុ​លាការ​ប្រ​ឆាំង​នឹង​​ឧ​ក្រិ​ដ្ឋកម្មអន្តរជាតិនេះ គឺសំដៅដល់អំ​ពើល្មើស​ដែល​ផ្តាច់​​យក​ជីវិត​មនុស្ស ក្នុង​ពេល​ខ្លួន​មាន​អំណាច។​ ទាំ​​ង​នេះ​​ គឺជាផ្នែកមួយ​ដែល​ជា​តម្រុ​យ​នាំទៅ​ដល់​​ការអនុ​វត្ត​​នីតិវិធី​ ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ ICC ហើ​​យ។

លោកថា៖ «បើយើងនិយាយពីបទឧក្រិដ្ឋកម្មប្រឆាំងនឹមនុស្សជាតិ សកម្មភាពមួយចំនួនរបស់មេដឹកនាំកម្ពុជា គឺស្ថិតនៅក្នុងបទល្មើសហ្នឹងហើយបទល្មើសហ្នឹងទៀតសោធ គេអនុវត្តតែលើមេដឹកនាំប្រទេសទេ»

ជុំវិញការលើកឡើងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រតិកម្ម​កាល​​ពីថ្ងៃ​ទី​​១២​ ខែមីនា ថាអ្វីដែល​ជា​ការ​យល់​ឃើញ​របស់​ក្រុម​ប្រឆាំង និង​លោក សម រង្ស៊ី នេះជា​អំពើ​ឆ្កួត​លីលា និងខុស​​ទំ​នង។

អ្នកនាំពាក្យរូប​នេះ បន្ត​ថា ការរិះគន់ និងការទាមទារឱ្យចង់ លោក ហ៊ុន សែន អនុវត្តទោស​នៅចំ​ពោះ​មុ​​ខ​តុ​​លា​ការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ វាគឺជាការស្រមើស្រមៃរ​បស់ក្រុមប្រឆាំងប៉ុណ្ណោះ។

ចំណែកលោក អំ សំអាត នាយកទទួលបន្ទុកិច្ចការទូទៅ​នៃអង្គការ​ការពារសិទ្ធិមនុស្ស លីកាដូ យល់ឃើញថា ជុំ​វិ​ញរឿងការបញ្ជូនខ្លួន​មេដឹកនាំ​មួយ ឱ្យអនុវត្តទោស​ក្រោម​យុត្តាធិការ​នៃតុ​លាការ​ព្រហ្ម​​ទណ្ឌ​អន្តរ​​ជាតិ​នេះ​​ វា​ហាក់​ពិបាកបន្តិច។

ការដែលមាន​ភាពស្មុគស្មាញនោះ នៅត្រង់ថា ការអនុវត្តនីតិវិធីទៅបាន លុះត្រា​​មា​ន​កា​រផ្ត​ល់​​ភ្លើងខៀ​វពីប្រ​ទេ​ស​សាម៉ី ទើបអាចនាំខ្លួនជនសង្ស័យបានទាំងមុន និងក្រោយអស់​អំណាច​។​ បើ​​​មិនដូ​ច្នេះ​ទេ បើ​ទោះ​ជាពួ​ក​គេ​ត្រូវ​ទទួល​បាន​និវេទក្រហម ពីប៉ូលីសអាំងទែ​ប៉ូល​បែប​ណា​ក្តី ក៏​មិន​អាច​​​ទៅ​​រួ​ច​​ដែ​រ​។

លោកថា៖ «នៅក្នុងពិភពលោកនេះ យើមើលឃើញថា មេដឹកនាំនៃបណ្តាប្រទេសមួយចំនួនដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ​ICC​ចេញដីកាចាប់ខ្លួន ប៉ុន្តែនៅពេលពួកគេនៅមានអំណាច ដីកាចាប់ខ្លួនហ្នឹងហាក់បីដូចជាមិនអាចធ្វើទៅបាន ហើយមេដឹកនាំមួយចំនួនទៀតក្រោយពីអស់អំណាច ប៉ុន្តែរដ្ឋាភិ​បាថ្មីនៃប្រទេសហ្នឹងមិនមានកិច្ចសហការ ក៏ការចាប់ខ្លួនហ្នឹងយើងកម្រឃើញកើតមាន»

គិតមកដល់ពេលនេះ មានមេដឹកនាំចំនួន ២រូបហើយ នៅតំបន់អាស៊ីនេះ ដែ​ល​ត្រូវ​បាន​តុលាការ​ព្រ​​ហ្ម​ទ​ណ្ឌ​​អ​ន្ត​រជាតិ ICC ចេ​ញ​​​​​ដី​​កា​ឱ្យចាប់ខ្លួន​ក្នុង​បទ​ល្មើស​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ក្នុង​នោះ​មាន​មេដឹកនាំ​ភូមាលោក ម៉ីន ​អ៊ុង​លាំង ហើយ​និង​លោក រ៉ូឌ្រីហ្គោ ឌូទ័រ​តេ ដែលត្រូវបានតុលាការចាប់ខ្លួន និងកំពុងឃុំខ្លួន​​នៅក្នុង​ពន្ធ​នា​គា​រ នៃទីក្រុងឡាអេ ប្រទេសហូឡង់។

បើពិនិត្យពីធម្មនុញ្ញ និងគោលការណ៍សំខាន់ៗ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ធ្វើកិច្ចការ បន្ទាប់​ពី​តុ​​​លាការនេះ ត្រូវបានបង្កើតឡើង​​ក្រោយឆ្នាំ១៩៩៨​មក ក្នុងនោះដែនយុត្តាធិការដែលតុលាការនេះ គ្រប​ដណ្ត​ប់​​​ដូចជាបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម បទល្មើសប្រល័យពូជសាសន៍ និ​ង​​​​ឧ​ក្រិ​​​​​​ដ្ឋនៃការឈ្លានពាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ