មន្ត្រីជំនាញបានទម្លាយពីការរកឃើញ ជនជាតិចិនមួយក្រុម ធ្វើទារុណកម្មជំរិតទារប្រាក់ចំនួន ១៥០០០ដុល្លារ ពីបុគ្គលិកខ្មែរ ធ្វើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលសមត្ថកិច្ច មិនទាន់ចាប់ខ្លួនឧក្រិដ្ឋជនចិនទាំងនោះបាន គិតត្រឹមថ្ងៃទី១៣ ខែមិនានេះ។
នេះបើតាមលិខិតបំភ្លឺមួយសន្លឹក ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ ដែលគេបង្ហោះនៅលើហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ។
អធិការស្រុកស្នួល បាននិយាយថា ពាក់ព័ន្ធទៅនឹងករណី «បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួល ខេត្តក្រចេះ ត្រូវជនជាតិចិន ចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ចំនួន ១៥០០០ដុល្លារ» ខ្លួនបានរកឃើញដូចបានប្តឹង រាយការណ៍មកសមត្ថកិច្ចពិតមែន។ ប៉ុន្តែថា ជនល្មើសជាជនជាតិចិន ចំនួន៤នាក់ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន។
បើតាមប្រភពនោះ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធទៅនឹងករណី មានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City ។
ប្រភពនោះ បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះ មន្ត្រីជំនាញបានចុះធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលបានរកឃើញមានជនរងគ្រោះចំនួន ០៣នាក់ ដែលត្រូវបានមេការធ្វើការឃាត់ទុក។
សម្រាប់នគរបាលស្រុកស្នួល តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង០៣នាក់ខាងលើ មុនពេលកើតហេតុ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប. បបួលធ្វើការរៀបចំគម្រោងធ្វើបៀឱ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ។
រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានធ្វើការចែកលុយដែលជាភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូមកឱ្យពួកគេទាំង០៣នាក់ ដោយក្នុងម្នាក់ទទួលបានលុយចំនួន ៨០០ដុល្លារ ហើយថាឈ្មោះ ធ.ប. បានធ្វើការគេចខ្លួនមិនឃើញមកធ្វើការ។
លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ជនជាតិចិន០៤នាក់ ជាមេការ បានមកសួរនាំដល់បន្ទប់ជួល រួចក៏ប្រើហិង្សា និងបាននាំពួកគេទាំង ០៣នាក់ មកឃាត់ទុកក្នុងបន្ទប់រដ្ឋបាលកាស៊ីណូ Gold City។
ដោយឡែក ជនជាតិចិនទាំង ០៤នាក់ ដែលជាមេការ បានគេចខ្លួនបាត់ ហើយថា បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល បាននឹងកំពុងស្រាវជ្រាវ ស្វែងរក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ ប្រាប់VODនៅថ្ងៃទី១៣ ខែមិនានេះថា កត្តាចម្បងនៃបញ្ហានេះ គឺកើតចេញពីអំពើពុករលួយមានការគប់គិតគ្នាជាប្រព័ន្ធ រវាងមន្រ្តីមានអំណាច រួមទាំងកម្សោយនៃការអនុវត្តច្បាប់ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបន្តវេន។
លោកបន្តថា បើកម្ពុជាមិនអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹង និងវះកាត់មន្ត្រីដែលពុករលួយចេញទេ នោះកម្ពុជានឹងក្លាយជាប្រទេសមួយ ដែលលេងមានសុវត្ថិភាពសម្រាប់ជនបរទេស រួមទាំងប្រជាជនកម្ពុជាទូទាំងបរទេសផងដែរ។
លោកថា៖ «មានផលលំបាកខ្លាំងណាស់ ចំពោះកម្ពុជាយើង ដោយសារកម្សោយរបស់នាយករដ្ឋមន្ត្រីតាំងពីពុករហូតដល់កូន មានន័យថា កម្សោយរបស់រដ្ឋាភិបាល គឺអន់មែនទែនហើយ ហើយប្រជាពលរដ្ឋអាចទុកចិត្តបានទេ គ្រឿងញៀនសុទ្ធតែគ្រួសាររបស់គាត់ រឿងចាប់ជំរិតតាមអនឡាញ គ្រឿងញៀនរឿងស្អីទាំងអស់ហ្នឹង គឺសុទ្ធតែមានក្រុមគ្រួសារគាត់ គាត់មិនអាចកំចាត់បាន»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ការរកឃើញបទឧក្រិដ្ឋជាបន្តបន្ទាប់នេះ បានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជាជាខ្លាំង ដែលលោកបារម្ភថា នាពេលខាងមុខនឹងបង្កផលវិបាកដល់ជីវភាពពលរដ្ឋ រួមទាំងសន្តិសុខសង្គម។
បន្ថែមពីនេះ លោកស្នើឱ្យរដ្ឋាភិបាលត្រូវពង្រឹងបន្ថែមនូវការអនុវត្តន៍ច្បាប់ និងមានចំណាត់ការលើមន្រ្តី ឬបុគ្គលែលបណាដែលប្រព្រឹត្តខុសការងាត់សុវណាដែលប្រព្រឹត្តខុសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ នោះទើបអាចទប់ស្កាត់បញ្ហានេះកុំឱ្យបន្តកើំ្ហានេះអាច្រូវតែណូមពរតមានទៀត ។
លោកថា៖ «យើងមានការបារម្ភណាស់ វាជះឥទ្ធិពលមិនល្អទៅដល់រូបភាពនៃកេរ្តិ៍ឈ្មោះរបស់ប្រទេសយើង ពីព្រោះថាវាអាចនឹងធ្វើឲ្យមានការប៉ះពាល់ទៅដល់បញ្ហាអសន្តិសុខធ្វើឲ្យមានការជះឥទ្ធិពលមិនល្អទៅដល់អ្នកចូលមករកស៊ីត្រឹមត្រូវនេះ ក៏ដូចជាភ្ញៀវទេសចរបរទេស គេមានការបារម្ភអំពីសុវត្ថិភាពបារម្ភអំពីមុខរបររបស់គេ»។
អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឆ្មក់ចូលទីតាំងមួយកន្លែង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលសង្ស័យថា ជាកន្លែងបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនមនុស្សបានជាង១ពាន់នាក់ ដែលថា ភាគច្រើនជាជនជាតិចិន។
ដូចគ្នានេះដែរ សំបុកឧក្រុមឧក្រិដ្ឋជនច្រើនកន្លែងទៀត ត្រូវបានរកឃើញក្នុងឆ្នាំ២០២៥នេះ ដូចជានៅក្រុងព្រះសីហនុ ក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លើសពីនេះ កាលពីថ្ងៃទី៦ខែមិនានេះ សមត្ថកិច្ចបានឆ្មក់ចូលអាគារមួយកន្លែង ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍សរុបជិត ២៥៨នាក់ មានមីយ៉ាន់ម៉ា ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់ ក្នុងនោះជនជាតិចិនច្រើនជាងគេមាន ២៤៧នាក់។
ទាំងអស់នេះ បញ្ជាក់ថា បទឧក្រិដ្ឋក្នុងប្រទេសកម្ពុជា ប៉ុន្មានឆ្នាំជាប់គ្នាទៅនេះ មិនថយចុះទេ ដែលការណ៍នេះ ជំរុញឱ្យមានការព្រួយបារម្ភពីវិបត្តិសង្គមធ្ងន់ធ្ងរ បើកម្ពុជាគ្មានមេដឹកនាំ ដែលមានការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោតទេនោះ៕