ចាងហ្វាងសារព័ត៌មានអនឡាញ ឈ្មោះបាណន់សន្តិភាព លោក ឈាង ផល្លា ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួន ដោយចោទពីបទបរិហាកេរ្តិ៍ ក្រោយធ្វើសេចក្តីរាយការណ៍ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាការធ្វើលូ សាលារៀនខ្វះគ្រូ និងអភិបាលកិច្ចជាដើម។
ភរិយាលោក ឈាង ផល្លា គឺអ្នកស្រី គី ចន្ថា បានប្រាប់VOD នៅថ្ងៃទី១៤ ខែមិនានេះថា ប្តីគាត់ត្រូវគេចាប់ខ្លួន នៅថ្ងៃទី១២ខែមិនានេះ តាមបណ្តឹងរបស់អភិបាលស្រុក លោក ស្រេង សុខា។
ប្រភពនោះបញ្ជាក់ថា ការចាប់ខ្លួនធ្វើឡើង ខណៈប្តីគាត់អង្គុយនៅហាងកាហ្វេមួយកន្លែង ស្ថិតក្នុងស្រុកបាណន់ ខណៈត្រៀមដាក់ឯកសារជាច្រើនជូនទៅតុលាការ ជុំវិញបណ្តឹងចោទប្រកាន់ចំនួន៥ ចោទពីបទបរិហាកេរ្តិ៍។
អ្នកស្រីថា៖ «ថ្ងៃទី១២ គាត់ឡើងមកបាត់ដំបងហ្នឹង បម្រុងថាយកភស្តុតាងអីហ្នឹងមកដាក់នៅតុលាការ គាត់កំពុងហូបកាហ្វេនៅជិតហ្នឹង គេទៅឃាត់ខ្លួនគាត់ពីកន្លែងហ្នឹងមក[…] គេប្តឹងពីបរិហាកេរ្តិ៍ហ្នឹង ដូចជារឿងដីផ្សារគាត់លក់ឱ្យអាជីវករ លក់មានប្លង់មានអីអញ្ចឹងទៅ ហើយចៅហ្វាយស្រុកគាត់ថាអត់មានលក់ដោះអីចឹងទេ គឺគេជួល ថាយើងនិយាយបំភ្លើសបានគេប្តឹងយើង»។
យ៉ាងណា ស្ត្រីរូបនេះ ចង់ឃើញប្តីគាត់មានសេរីភាពវិញ ដោយអះអាងថា ប្តីគាត់មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ទេ ហើយថាអាជ្ញាធរ ដែលជាម៉ែជាឳគួរតែមានការយោគយល់ ដោយថាការផ្សាយរបស់ប្តីគាត់ គឺចង់ជួយប្រជាពលរដ្ឋដែលបានជួបបញ្ហាប៉ុណ្ណោះ។
លោក ធី រដ្ឋមុនី ដែលជាក្រុមការងារសារព័ត៌មានបាណន់សន្តិភាព បានអះអាថា សមត្ថកិច្ចនឹងបញ្ជូន លោក ឈាង ផល្លា ទៅសាកសួរនៅតុលាការ នៅថ្ងៃទី១៤ ខែមិនានេះ ជាថ្មីម្តងទៀត ជុំវិញបទចោទនេះ។
លោកថា៖ «ខ្ទង់ប្រហែលជាម៉ោង២ គេនឹងបញ្ជូនគាត់ទៅតុលាការម្តងទៀត[…] ហើយខ្ញុំសង្ឃឹមថា ក្រុមការងារនឹងអាចជួយគាត់បានខ្លះ»។
VOD មិនអាចរកការបំភ្លឺអភិបាលស្រុកបាណន់ លោក ស្រេង សុខា ជាដើមបណ្តឹង ដើម្បីរកការពន្យល់បន្ថែមជុំវិញការប្តឹងចោទនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ដោយឡែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ចាត់ទុកការប្រើបទព្រហ្មទណ្ឌចោទ និងចាប់អ្នកសារព័ត៌មានជាការបំពានស្តីពីរបបសារព័ត៌មាន ដែលបានចែងពីកំហុសវិជ្ជាជីវៈត្រូវធ្វើការកែតម្រូវឡើងវិញ ដោយមិនមានប្រើវិធានចាប់ឃាត់ខ្លួនទេ។
លោកថា៖ «កាលណាយកក្រមព្រហ្មទណ្ឌមកអនុវត្ត អីចឹងធ្វើឱ្យមានការលំបាកដល់អ្នកសារព័ត៌មានក្នុងការអនុវត្តនូវវិជ្ជាជីវៈរបស់ខ្លួន នេះហើយដែលយើងមើលឃើញថា អង្គការអន្តរជាតិ គេបានដាក់ចំណាត់ថ្នាក់សារព័ត៌មាននៅកម្ពុជាមានការធ្លាក់ចុះ»។
យ៉ាងណា លោកចង់ឃើញភាគីពាក់ព័ន្ធដោះលែងអ្នកសារព័ត៌មានរូបនេះឱ្យមានសេរីភាពវិញ ដោយអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីបញ្ជាក់ថា កម្ពុជាមានចេតនាចង់ស្តារស្ថានភាពនេះ៕