វិភាគ៖ មានអ្វីនៅពីក្រោយការប្រើច្បាប់ជាអាវុធកម្ទេច​​សំឡេង​ប្រឆាំង​?

រដ្ឋធម្មនុញ្ញ​កម្ពុជា​​ បាន​​ចែង​​​ច្បាស់​​ថា ប្រជាពលរដ្ឋ​ខ្មែរ​​ជាម្ចាស់​វាសនា​នៃ​​ប្រទេស​​ជាតិ​​របស់​​ខ្លួន អំណាច​​ទាំង​​​​អស់​ជា​​របស់​ប្រជាពលដ្ឋ​។ ក៏ប៉ុន្តែ​​មជ្ឈដ្ឋាន​​ជាតិ ​និង​​អន្តរជាតិ ​មើល​​ឃើញ​​ថា រដ្ឋាភិបាល​​ដែល​​ដឹក​នាំដោយ​​គ្រួសារ​​​ហ៊ុន បានអនុវត្តផ្ទុយពីច្បាប់កំពូលនេះ​។

យោង​តាម​មាត្រា៣៥​ នៃ​រដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ប្រជាពលរដ្ឋខ្មែរ​ទាំង២ភេទ ​មាន​សិទ្ធិ​ចូល​រួម​យ៉ាងសកម្ម​​​ក្នុង​ជីវភាពនយោបាយ​ សេដ្ឋកិច្ច​ សង្គម និង​វប្បធម៌​​របស់​ប្រទេស​ជាតិ។ សេចក្តីស្នើ​ទាំង​ឡាយ ​របស់​ប្រជា​ពលរដ្ឋ​ ត្រូវ​បាន​ទទួល​ពិនិត្យ​និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់ចត់​ពីអង្គការរដ្ឋ។

 បន្ថែមពីនេះ មាត្រា៤១ ​​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ ​មាន​​សេរី​ភាព​​ខាង​ការបញ្ចេញ​​មតិ​​របស់​​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​ សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ​ សេរីភាពខាងការ​ប្រជុំ។

ជាមួយគ្នានេះ មាត្រា៤៩​ ចែងថា ប្រជាពលរដ្ឋខ្មែរ​គ្រប់​រូប មាន​កាតព្វ​កិច្ច​រួម​ចំណែក​​​កសាង​​ប្រទេស​ជាតិ​និង​​ការ​ពារ​​មាតុភូមិ។ ចំណែកមាត្រា៥១​ថ្មី ​ចែងថា ព្រះ​រាជា​ណាចក្រកម្ពុជា ​អនុវត្ត​​នយោ​បាយ​​​​​ប្រជាធិប​តេយ្យ​​សេរី​​ពហុបក្ស។ ប្រជាពលរដ្ឋខ្មែរ ​ជាម្ចាស់​វាសនានៃប្រទេស​ជាតិ​របស់​ខ្លួន។ អំណាច​ទាំង​អស់ ​ជា​របស់​ប្រជា​ពលដ្ឋ​។

ក៏ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​ គេ​ឃើញ​​អ្នក​​នយោបាយ​​ប្រឆាំង​ និង​​សកម្ម​​ជន​​សង្គម​ ​ដែល​​មាន​​សំឡេង​​មិន​ស្រប​​នឹង​​រដ្ឋាភិបាល​​ តែង​តែទទួល​រងការ​ធ្វើទុក្ខបុកម្នេញ​ រហូត​ដល់​មានការ​ចាប់​ឃុំ​ខ្លួន​​ក្នុង​ពន្ធនាគារ​​ជាបន្តបន្ទាប់​​ ដោយ​សារ​តែការ​ប្រើប្រាស់សិទ្ធិ​របស់​ខ្លួន​ ​ដែល​មាន​ចែងក្នុងច្បាប់។

លើសពីនេះ គេក៏សង្គេតឃើញមានករណីឃាតកម្មកើតឡើងរាប់សិបករណី ដែល​ខ្មាន់​កាំភ្លើង និងអ្នកនៅពី​ក្រោយ​ឃាតកម្មមិនត្រូវបានវែកមក ដើម្បីយកមកផ្តន្ទោសនោះទេ។

ជ្រុងមួយនៃបញ្ហានេះ អង្គការ​ការពារសិទ្ធិមនុស្សលីកាដូ បាន​បង្កើត​ឱ្យមាន​គេហទំព័រ​មួយ​​មានឈ្មោះថា «អ្នក​​ជាប់​​ឃុំ​ដោយប្រើ​សិទ្ធិ»។ តើអ្វីទៅជាអ្នកជាប់ឃុំដោយសារសិទ្ធិ?

គេហទំព័រនេះ ​បាន​សរសេរថា រាជរដ្ឋាភិបាល​កម្ពុជា​ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​ចំនួន ​​បាន​បន្ត​ចាប់​ ឃាត់​ និង​​ឃុំ​​ខ្លួន​​អ្នក​​នយោបាយ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្ម​ជន​​ដី​ធ្លី​ សហជីព​ អ្នក​​សារព័ត៌មាន ​និង​​អ្នក​​ប្រើ​​ប្រាស់​​បណ្តាញ​​សង្គម​​មួយ​​ចំនួន​ ដោយ​​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន ដោយសារ​​តែ​​ភាព​សកម្ម​​និយម​ ឬ​ការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ​។

លីកាដូ បានរកឃើញថា គិត​ត្រឹមថ្ងៃទី​១៤ ខែ​​មីនា ​ឆ្នាំ២០២៥​នេះ ​លីកាដូ​បានកត់ត្រាថា មាន​​អ្នក​ប្រើសិទ្ធិ​ដែល​​កំពុង​ជាប់​ឃុំ​ចំនួន​ ៦៥​នាក់ ក្នុង​​នោះ​ពាក់​​ព័​ន្ធ​​នឹង​​រឿង​​​នយោបាយ​៣៥​នាក់ បរិស្ថាន៥នាក់ សហជីព២នាក់ ដីធ្លី២នាក់ និង​ផ្សេងៗ​២១​នាក់។

ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ដោយ​សារ​សិទ្ធិ​​ ដែល​អង្គការ​លីកាដូបាន​កត់ត្រា​ទាំងនោះ​ ក៏មាន​ លោក ​កឹម សុខា​អាយុ​៧១​ឆ្នាំ ​ប្រធានគណបក្ស​សង្គ្រោះជាតិ ត្រូវ​ផ្តន្ទាទោស​ឱ្យជាប់​ឃុំ​ក្នុង​ផ្ទះ​​២៧​ឆ្នាំ ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​​បរទេស ដែលគេ​មើលឃើញថា ជាការចោទ​បែបប្រឌិត និង​ជាការបរាជ័យរបស់ប្រព័ន្ធយុត្តិធម៌ ដើម្បី​តែ​បំបិទសំឡេងប្រឆាំង។

បន្ថែមពីនេះ​ក៏មានផងដែរ លោក ថាច់ សេដ្ឋា អាយុ៧០​ឆ្នាំ អនុប្រធានគណបក្ស​ភ្លើងទៀន ​ត្រូវផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ​៣ឆ្នាំ ពីបទញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​លោក​ ស៊ុន ចន្ធី​ អាយុ៤១​ឆ្នាំ ​ប្រធានគណបក្ស​​កម្លាំង​ជាតិ​ ត្រូវ​ផ្តន្ទា​ទោស​ឱ្យ​ជាប់ពន្ធនាគារ​២ឆ្នាំ។

កញ្ញា សេង ធារី អាយុ៥១​ឆ្នាំ​ មាន​​សញ្ជាតិ​​អាមេរិកាំង ត្រូវផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទញុះ​ញង់ លោក ស្រ៊ុន ស៊្រន សកម្ម​ជនកិច្ចព្រមព្រៀងសន្តិភាពក្រុង​ប៉ារីស ត្រូវចាប់ឃុំខ្លួនពីបទ​ញុះញង់​​ឱ្យ​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ​​ជាអាទិ៍ និង​ ​កញ្ញា ភួន កែវរស្មី ​អាយុ​២៤ឆ្នាំ ​សកម្ម​ជនបរិស្ថាន ត្រូវ​ផ្តន្ទាទោស​ឱ្យ​​ជាប់ពន្ធនាគារ​៦ឆ្នាំ ​ពីបទ​រួមគំនិតក្បត់ជាដើម។

អង្គការ​លីកាដូ​រួម​​ជា​មួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​​ជាច្រើន​ និង​​សហគមន៍​អន្តរ​ជាតិ ​​នៃបណ្តាប្រទេស​លោកសេរី​​ និង​រួមទាំង​អង្គការ​សហប្រជាជាតិ​ផង​​ដែរ​ ​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ប្រើសិទ្ធិ​ ​ឬ​ហៅថា​ជាអ្នក​ទោស​​មនសិការ​ទាំង​នេះ ​​និង​លើកចោល​បទ​ចោទ​ប្រកាន់​​ ក៏​ដូច​ជា​អនុញ្ញាត​ឱ្យ​ពួកគេ​បន្ត​ភាព​សកម្ម​និយម​​របស់​ពួកគេ​ស្របទៅ​តាម​ច្បាប់​​​។​

 លោក​ វិធិត​ មុន​ថាប៊ន​ អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​នៅ​​ឯ​ស​ម័យ​​​​​ប្រជុំ​លើក​ទី​៥៧​ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ​កាលពី​ចុ​ង​ឆ្នាំ២០២៤ ​ដោយ​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​​កម្ពុជា​ បញ្ឈប់​ការបង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំង ​និង​​រៀប​ចំ​​ការបោះឆ្នោត​ដោយ​​សេរី ​និង​​ត្រឹម​ត្រូវ ​ក្នុង​​ខណៈ​​​ដែល​​លំហរ​សេរីភាព​នៃ​ការ​បញ្ចេញ​​មតិ​​កាន់តែ​រួម​តូច។

​អ្នក​ជំនាញ​រូប​នេះ លើកឡើងថា​ ស្មារតី​នៃ​ការបោះឆ្នោត​ទាម​ទារ​ឲ្យ​បញ្ចប់​​ការបង្ក្រាប​លើ​សំឡេង​ប្រឆាំង ​និង​​​ចាត់​​វិធាន​ការចាំ​បាច់ ​ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ពិតប្រាកដ​ ដែល​មាន​គណបក្ស​ជាច្រើន​​ចូល​រួម។​ លោក ​មុន​ថាប៊ន ថែម​ទាំង​​បាន​រិះគន់​​​ការផ្ទេរអំណាច​​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៣​ថា​ ធ្វើ​ឡើង​តែ​នៅ​ក្នុងរង្វង់​​គ្រួសារ ​ដែល​នេះ​គឺ​ជា​ការឆ្លុះបញ្ចាំងពីបន្ត​ក្តោបក្តាប់​អំណាច ដោយ​គ្មាន​លក្ខណៈ​ប្រជាធិប​តេយ្យ ​និង​តម្លា​ភាព​​ទេ​។

សម្រាប់ ​លោក ​មុត ចន្ថា អតី​ត​នាយខុទ្ទការល័យ​គណបក្ស​សង្គ្រោះជាតិ​ ធ្លាប់បានលើក​ឡើងថា អ្នកក្បត់ជាតិមិន​មែន​​ជា លោក​ កឹម សុខា ឡើយ ផ្ទុយ​ទៅវិញ​លោក​ថា លោក កឹម សុខា គឺជាអ្នកការពារ​ និងតស៊ូមតិ​​ដោយ​អហិង្សា​ ដើម្បីទា​ម​ទារសិទ្ធិមនុស្ស និងសេរីភាព​។​

លើសពីនេះ លោកថា អ្នកដែល​ត្រូវចោទពីទោសក្បត់ជាតិ គឺអ្នកដែលធ្វើឱ្យបាតបង់ទឹកដី​ទៅប្រទេសជិតខាង មិ​នមែន​លោក កឹម ​សុខា ទេ​ដែលតុលាការ​គួរតែបើកការស៊ើប​អង្កេត​ករណី​នេះ ដើម្បី​រក​មុខ​អ្នក​ក្បត់ជាតិ​លាក់​មុខ។

 ចំណែក​​សហគមន៍​អន្តរ​ជាតិ​ ក៏​តែង​តែលើកឡើង​ពីភាពស្អាតស្អំ​របស់ ​លោក ​កឹម សុខា និង​​ទាម​ទារ​ឱ្យ​តុលាការ​​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​​នឹងរូប​លោក​ផងដែរ ក្នុង​នោះ​ក៏មាន​អតីត​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ​លោក ផាទ្រីក មើហ្វី ដែល​បាន​និយាយ​ជាបន្ត​បន្ទាប់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ។ វិទ្យា​ស្ថានសាធារណរដ្ឋអន្តរ​ជាតិ IRI សហភាពអឺរ៉ុប សភាអា​ស៊ាន សភា IPU រួម​ទាំង​​លោក ដូណាល់ ត្រាំ ផងដែរក្នុងតំណែង​ជា​ប្រធានាធិបតី​អាមេរិក កាលពី​អាណត្តិទី​មួយ​ជា​ដើម​​​ សុទ្ធ​តែ​បាន​បញ្ជាក់​ពីភាព​ស្អាតស្អំ​របស់ ​លោក ​កឹម សុខា និង​​បាន​ទាម​ទារ​ជាបន្ត​បន្ទាប់​ឱ្យមានការ​ដោះ​លែង។

 ហេតុអ្វីសហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​ដោះ​លែង​ លោក ​កឹម សុខា និង​សកម្មជន?

ក្រៅ​ពីរដ្ឋធម្មនុញ្ញ​កម្ពុជា​​ ដែល​ធានាការពារ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​​ កតិកាសញ្ញា​អន្តរជាតិ​ស្តីពីសិទ្ធិពលរដ្ឋ​ និង​សិទ្ធិនយោបាយ​ក៏បាន​ធានាការពារ​ដូចគ្នា​ផងដែរ ក្នុងនោះ​មាត្រា៩ ត្រង់​ចំណុច​​១ បាន​ចែងថា ជនគ្រប់​រូបមានសិទ្ធិមានសេរីភាព និងសន្តិ​សុខផ្ទាល់​ខ្លួន។ គ្មាន​ជនណាម្នាក់​ត្រូវ​ចាប់ខ្លួន ​ឬ​ឃុំ​ខ្លួន​តាម​អំពើចិត្តឡើយ ​លើក​លែង​តែមាន​ហេតុ​ផល​​ និង​ស្របតាមនីតិវិធី​​ដែល​មាន​​ចែង​នៅក្នុងច្បាប់។

ចំណែក​ មាត្រា១៤​ ចំណុច​១ នៃ​កតិកា​សញ្ញាអន្តរជាតិ​នេះ ​ចែងថា ជន​គ្រប់​រូប​​ត្រូវ​មាន​ភាព​ស្មើគ្នា​​ចំពោះ​មុខ​តុ​លាការ​ និង​​សាលា​ជម្រះក្តី។ ជនគ្រប់រូប ត្រូវមាន​សិទ្ធិ​ឱ្យ​សាលា​ក្តី​មាន​សមត្ថកិច្ចឯករាជ្យ ​និងមិន​លម្អៀង​ដែល​ប​ង្កើតឡើងដោយច្បាប់​ ជំនុំជម្រះ​រឿងក្តី​របស់​ខ្លួន​​ដោយ​សមធម៌​​និង​ជាសាធា​រណៈ។

 បើផ្អែក​លើរដ្ឋធម្មនុញ្ញកម្ពុជា ​និង​មាត្រាមួយ​ចំនួន​​នៃ​កតិកាសញ្ញាអន្តរជាតិ​នេះ​ ទាំង​ ​​លោក ​កឹម សុខា និងសកម្ម​ជននយោ​បាយ​ សកម្ម​ជន​សង្គម​​ដែល​កំពុង​ជាប់​ឃុំគ្មាន​ទោសពៃរ៍​អ្វី​នោះឡើយ ​​ពីព្រោះ​ពួកគាត់​គ្រាន់​​​តែប្រើ​សិទ្ធិ​ដែល​មាន​ចែងនៅក្នុង​ច្បាប់​តែប៉ុណ្ណោះ។

វិលទៅសំណួរ​ខាងដើម ថាតើ​មាន​ហេតុផល​អ្វី​នៅពីក្រោយការ​ប្រើច្បាប់​មិនត្រឹមត្រូវ ​ដើម្បី​កម្ទេច​សំឡេងប្រឆាំង​?

អ្នកណាៗក៏ដឹងដែរថា ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ គឺជាឧបករណ៍ ​ដែល ​លោក​ ហ៊ុន សែន​ ប្រើធ្វើជាអាវុទ្ធ​​ ដើម្បី​ក្តោប​អំណាច​ក្រោយ​វៀត​ណាម​លើក​បន្ទុប​ចាប់​តាំ​ង​ពី​ឆ្នាំ​១៩៧៩​មក។

ចំណែក គណបក្ស​សង្គ្រោះជាតិ​ គឺ​​ជាគូប្រជែង​នយោបាយ​​យ៉ាង​​ស្រួច​​ស្រាវ​ជា​មួ​យ ​លោក ​ហ៊ុន សែន ហើយ​ លោក កឹម សុខា និងលោក សម រង្ស៊ី ជាមេដឹកនាំបានចាប់ដៃគ្នានៅពេលនោះ ដែលធ្វើឱ្យគណបក្សនេះ ហក់​ឡើងប្រជាប្រិយ​​យ៉ាងគំហុក​គំរាម​កៅអីរបស់ លោក ហ៊ុន  សែន ។

កំណើននៃការហក់ឡើងប្រជាប្រិយភាពនេះ ​​ ធ្វើឱ្យមានការ​ព្យាករណ៍​​ថា គណ​បក្ស​​ប្រឆាំង​​​ដ៏​ធំ​នេះ​​ នឹង​ឈ្នះ​​ការ​​បោះ​​ឆ្នោត​​​ជាតិ ​នៅអាណត្តិ​ទី៦​ក្នុង​ឆ្នាំ​២០១៨។

ភាពភ័យខ្លាចបាត់បង់អំណាច​លើសង្វៀនប្រកួត តាមគន្លងប្រជាធិបតេយ្យនេះហើយ ដែលជាដើមហេតុចម្ប​ង​មួយត្រូវបានអ្នកឃ្លាំ​មើល និយាយថា លោក ​ហ៊ុន សែន ត្រូវបង្ខំចិត្តកាត់កេរ្តិ៍ខ្មាស់ ​ប្រឌិត​​រឿង​​ចោទ​ប្រកា​​ន់​ ​​លោក ​សម រង្ស៊ី និងចាប់ខ្លួន លោក​ កឹម សុខា​ ដើម្បី​​ធ្វើយ៉ាងណា​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​​ជាគូប្រជែង​​នយោ​បាយ​ដ៏ស្រួចស្រាវ​​​របស់​ខ្លួន ​ឱ្យ​បាន​​​នៅមុនការ​បោះឆ្នោតជាតិ​ឆ្នាំ២០១៨។

 នៅទីបំផុត ​គឺ​នៅ​ថ្ងៃទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ​តុលាការ​កំពូល ​ក្រោម​ការ​ដឹកនាំរបស់ ​លោក ​ឌិត មន្ទីរ​​ ដែល​គាត់ ​ជាសមាជិក​គណៈ​កម្មាធិការអចិន្ត្រៃយ៍​​គណបក្ស​ប្រជាជនកម្ពុជា ក្រោមបង្គាប់លោក ហ៊ុន សែន ​​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំនេះ​ ចេញពីឆាកនយោបាយ។

​​សាលដីកានេះ បាន​ព្យួរ​សិទ្ធិ​នយោបាយ ​របស់ថ្នាក់​ដឹកនាំគណបក្ស​នេះ​ចំនួន ​១១៨​នាក់ ​ក្នុង​ម្នាក់ៗ​​ចំនួន​៥​ឆ្នាំ​ ​និងបើកផ្លូវឱ្យរឹបអូសអាសនៈ ទាំងក្នុងសភា​ និងឃុំ​សង្កាត់ ​ដោយប្រឌិតការចោទ​ចោទ​ប្រកាន់ថា​ ​មេបក្ស​នេះ​ បានគប់​គិត​ជាមួយ​បរទេស​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

ចំណែក​សកម្ម​ជន​នយោបាយ​ និង​សកម្ម​ជន​សង្គម​ផ្សេង​ទៀត ​ដែលលីកាដូ​រាប់​​បញ្ចូល​​ជា​អ្នក​ជាប់​ឃុំ​ដោយ​សារសិទ្ធិ ក៏ជា​អ្នក​ទទួល​រងគ្រោះ​ដូច​ លោក ​កឹម សុខា ផង​ដែរ​។

 អ្នក​ឃ្លាំមើល​សង្គម ​លើកឡើងថា ​ពួកគាត់ទាំងនោះ ​​មិន​បានប្រព្រឹត្ត​បទល្មើស​​អ្វី​ ដូច​ការ​ចោទ​ប្រកាន់​របស់​​តុលាការ​នោះ​ទេ។ ពួកគាត់​​ជាអ្នក​ស្រឡាញ់​​ជាតិ​ ស្រឡាញ់​ទឹកដី ​​ស្រឡាញ់​​ធនធានធម្ម​ជាតិ​ ហើយ​តែង​​តែ​បញ្ចេញ​មតិ​លើក​ឡើង​ពី​អំពើ​អយុត្តិ​ធម៌​នៅ​ក្នុង​សង្គម​ បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​ បារម្ភ​ពីការ​បាត់​បង់ទឹក​ដី​ទៅ​ប្រទេស​ជិតខាង​ ដូចជា​ករណី​ការ​​សម្រេច​ដាក់​​ខេត្ត​៤​របស់​កម្ពុជា​ នៅភាគ​ឦសាន​ទៅ​ក្នុង​តំបន់​អភិវឌ្ឍ​កម្ពុជា ឡាវ វៀត​ណាម​ CLV​ ក្រោយ​មក​ត្រូវ​បាន​ដក​ខ្លួន​ចេញ​វិញ និង​ការ​បំផ្លិចបំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​យក​រ៉ែ និងការ​បូមខ្សាច់​​​​ដែល​កំពុង​តែ​បន្ត​កើតឡើង​ជាដើម។

ថ្មីៗនេះ អាវុធតុលាការ បានបាញ់តម្រង់ទៅ​លើ ​លោក ​រ៉ុង ឈុន ​ទីប្រឹក្សា​គណ​បក្ស​​កម្លាំង​ជាតិ និង​សកម្មជន២នាក់ទៀត ដោយ​​បង្គាប់ឱ្យបង់ប្រាក់​រហូត​​ដល់​១០​ម៉ឺន​​ដុល្លារ​ ជុំវិញ​ការណ៍​ដែល​កសិករ​នៅ​ខេត្តត្បូង​ឃ្មុំ អះ​អាង​ថា ​​ដី​ស្រែពួ​ក​គេ​រាប់​សិប​គ្រួសារ​ធ្លាក់​ក្នុងដៃវៀតណាម។

ការបាត់បង់ដីតាមព្រំដែនទៅប្រទេសវៀតំណា នាសម័យទំនើបនេះ តាមរយៈសន្ធិសញ្ញាព្រំដែនខុសច្បាប់ ដែល​លោក ហ៊ុន សែន ធ្វើឱ្យរស់ឡើងវិញនៅឆ្នាំ២០០៥ ទោះបីមានការជំទាស់​យ៉ាងខ្លាំង​ខ្លា​នៅ​ក្នុងសភា​ពីតំណាងរាស្ត្រគណបក្សប្រឆាំង។

កាលណោះ លោក ហ៊ុន សែន បានគំរាមរំលាយ​របបរាជានិយមអាស្រ័យធម្មនុញ្ញចោល បើព្រះអង្គមិនព្រមឡាយ​​ព្រះហស្តលេខា ដើម្បីសម្រេចមហិច្ឆតាវៀតណាម លេបទឹកដី។

ទាំងអស់នេះ ជាឆ្លើយតបទៅនឹងសំណួរដែល​ថា មានអ្វីនៅពីក្រោយការប្រើច្បាប់ជាអាវុធកម្ទេច​សំឡេងប្រឆាំង​?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ