ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅលើកោះមាស ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល បានស្នើជាថ្មីដល់រដ្ឋាភិបាល លុបចោល សជណ ដែលជួលដីឱ្យក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍នៅតំបន់នោះ និងផ្តល់ប្លង់កម្មសិទ្ធិដល់ប្រជាពលរដ្ឋ ដើម្បីបានរស់នៅនិងអាស្រ័យផលដូចដើមវិញ។
ការស្នើជាថ្មីរបស់ប្រជាពលរដ្ឋ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ រវាងប្រជាពលរដ្ឋ និងមន្ត្រីដែលជាតំណាងរបស់រដ្ឋាភិបាល នៅតំបន់កោះមាស ក្នុងខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥នេះ។
លោក ណុល ជា អាយុ ៧៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅតំបន់កោះមាស មានប្រសាសន៍ថា ពួកគាត់ជាប្រជាពលរដ្ឋទាំងជាង ១០០គ្រួសារ បានរស់នៅ និងដាំដំណាំផ្សេងៗអាស្រ័យផលលើដីនោះ ជាយូរឆ្នាំមកហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បែរជាលឺថារដ្ឋាភិបាលចេញ សជណ ដោយយកដីនៅកោះមាសនេះ ទៅជួលឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍទៅវិញ។
ករណីនេះ លោកស្នើដល់រដ្ឋាភិបាល ពិចារណាឡើងវិញ ក្នុងការលុបចោល សជណ នោះ និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋ ដើម្បីបន្តការរស់នៅ និងអាស្រ័យផលដូចដើមវិញ។
លោកថា៖ «ដូចខ្ញុំចាស់ហើយ ចង់បានប័ណ្ណកម្មសិទ្ធិហ្នឹង គ្រាន់តែបានជាទីលំនឹងសម្រាប់ចែកកូនចែកចៅទៅអនាគត។ អត់មានសំណូមពរដល់រដ្ឋាភិបាលអីច្រើនទេ សុំតែប័ណ្ណកម្មសិទ្ធិមកបានហើយ ដើម្បីស្រណុកមានក្រុមហ៊ុនណាគេចង់ទិញលក់ដូរអី យើងលក់គ្រាន់តែលក់ចែកកូនចែកចៅ ព្រោះចាស់ហើយ ក្រែងវានៅមិនបានយូរ អាយុកាន់តែច្រើនហើយ»។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាល បានចេញ សជណ ដោយអនុញ្ញាតឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត អាចជួលដីលើកោះមាសក្នុងទំហំប្រមាណ ៣៥០ហិកតា ជាអចិន្ត្រៃយ៍រយៈពេល ៥០ឆ្នាំ ហើយអាចជួលបន្តជាថ្មីសម្រាប់ការវិនិយោគអភិវឌ្ឍន៍លើកោះនោះ។ ស.ជ.ណ ដដែលឲ្យដឹងទៀតថា ក្រុមហ៊ុន ឃុន សៀ «ត្រូវដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើទីតាំងកោះមាស ក្នុងតម្លៃចន្លោះពី ៥ (ប្រាំ) ទៅ ៨ (ប្រាំបី) ដុល្លារ ក្នុងមួយម៉ែត្រក្រឡា»។
ប្រជាពលរដ្ឋនៅតំបន់កោះមាសម្នាក់ទៀត អ្នកស្រី ជា ស្រីពៅ អាយុ ៣៨ឆ្នាំ មានប្រសាសន៍ថា តាមរយៈសជណ ការដោះស្រាយគោលនយោបាយរបស់រដ្ឋាភិបាល ជូនប្រជាពលរដ្ឋដែលផ្តល់តម្លៃដីត្រឹម ៥ទៅ៨ដុល្លារក្នុងមួយម៉ែត្រការ៉េនេះ ប្រជាពលរដ្ឋមិនអាចទទួលយកបានទេ ដោយសារតែមានតម្លៃទាប ដែលពួកគាត់មិនអាចយកទៅដោះស្រាយជីវភាពបាន។
អ្នកស្រីនិយាយថា៖ «តម្លៃ៧ទៅ៨រៀល[ដុល្លារ] យកទៅធ្វើអី គ្រាន់តែលក់ពីហ្នឹងទៅ ដូចម៉ែខ្ញុំ បងប្អូនខ្ញុំច្រើន យកទៅចែកគ្នាវាអត់គ្រាន់អីចឹងណា ហើយបើយើងនៅមានដីហ្នឹង យើងអាចធ្វើចម្ការទៅ យើងអាចចិញ្ចឹមជីវិតយើងបន្តទៅមុខទៀត។ ប៉ុន្តែគ្រាន់ថាឥឡូវនេះ ពួកខ្ញុំគ្រាន់តែចង់បានស្នើរាជរដ្ឋាភិបាល សុំតែប្លង់កម្មសិទ្ធ ចេញកម្មសិទ្ធិប្លង់រឹងហ្នឹងមក បើថាថ្ងៃក្រោយទៅ រាជរដ្ឋាភិបាលគាត់ចង់អភិវឌ្ឍន៍ ក៏អភិវឌ្ឍន៍ទៅ តែគ្រាន់តែថា ពួកខ្ញុំសុំថា អភិវឌ្ឍន៍ តែកុំយកទឹកភ្នែកប្រជាជនទៅអភិវឌ្ឍន៍ ស្នើមក ស្នើតម្លៃឱ្យសមរម្យ នឹងពួកប្រជាជនយើងទទួលបានគ្រប់គ្នា»។
លោក ឈឹម រី អាយុ ៧៧ឆ្នាំ រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានប្រសាសន៍ដែរថា គាត់មករស់នៅតំបន់នេះតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយពេលនោះមានការកកើតជាភូមិ ហើយប្រជាពលរដ្ឋរស់នៅពឹងលើការធ្វើស្រែចំការ ដើម្បីចិញ្ចឹមជីវិតមកដល់បច្ចុប្បន្ន។ លោកបន្តថា បើទោះបីជាមិនមានប្លង់រឹង ប៉ុន្តែពួកគាត់មានលិខិតបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរមូលដ្ឋាន។
លោកបន្តទៀតថា នៅពេលដែលដឹងថា ដីនៅកោះមាសនេះ ត្រូវបានបែងចែកទៅឱ្យក្រុមហ៊ុនរបស់ឧកញ៉ាធ្វើការអភិវឌ្ឍ ធ្វើឱ្យប្រជាពលរដ្ឋមានក្តីបារម្ភពីការបាត់បង់ដី និងផ្ទះសម្បែង ទើបពួកគាត់នាំគ្នាប្រមូលផ្តុំ ដើម្បីស្នើដល់រដ្ឋាភិបាល ជួយអន្តរាគមន៍លុបចោល សជណ ឆ្នាំ២០២០ និងផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់។
លោកថា៖ «ព្រោះខ្ញុំតាំងពីអើយ ៧៩មក មានតែប៉ុណ្ណឹងទេ ដីរស់រានមានជីវិត ដោយសារតែកោះនេះ ហើយខ្ញុំក៏មិនមែនថា រំលោភសិទ្ធិលើរដ្ឋអីដែរ ខ្ញុំរស់នៅដោយស្របច្បាប់ ហើយបើអត់ពីហ្នឹងក៏ខ្ញុំមិនដឹងបានពឹងអីដែរ និយាយអញ្ចេះ ហើយបើសិនជារដ្ឋាភិបាល ប្រគល់ឱ្យក្រុមហ៊ុន សូមឱ្យក្រុមហ៊ុនដាក់តម្លៃមកតាមទីផ្សារទៅ តែប៉ុណ្ណឹងទេ អត់ចង់បានអីទេ ចង់បានសុខស្រួលហើយរស់ដូចប្រជាជនទូទៅក្នុងស្រុកយើងនេះដែរ»។
លោក ហ៊ុន សុខា ទីប្រឹក្សាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងជាមន្ត្រីតំណាងរដ្ឋាភិបាល ដែលបានចុះជួបប្រជាពលរដ្ឋនៅព្រឹកនេះ មានប្រសាសន៍ថា លោកនឹងយកសំណើររបស់ប្រជាពលរដ្ឋ ដាក់ជូនរដ្ឋាភិបាលពិនិត្យ។
លោកថា៖ «នៅពេលនេះ ដូចខ្ញុំបាននិយាយចឹង គឺយកគោលការណ៍២ ទី១ គឺគោលការណ៍ដែលបងប្អូនប្រជាពលរដ្ឋសំណើរទៅថ្នាក់ដឹកនាំ ទី២ ក៏យើងត្រូវយកបញ្ហា សជណ មកនិយាយ តាមគោលការណ៍ដោះស្រាយរបៀប សជណ ជាគោលនយោបាយដូចគ្នា ព្រោះប្រទេសជាតិយើងត្រូវការអភិវឌ្ឍន៍ ពេលណាដែលការអភិវឌ្ឍន៍ហើយ ក្រុមហ៊ុនក៏គាត់មិនយកជាកម្មសិទ្ធិដែរ គឺគាត់យកមកអភិវឌ្ឍន៍ក្នុងពេល ៥០ឆ្នាំ ហើយប្រគល់ជូនរដ្ឋវិញតែប៉ុណ្ណោះ[…] ចំពោះតម្លៃនេះ គឺឱ្យប្រជាពលរដ្ឋគាត់គិត ដោយការឯកភាពជាធ្លុងមួយ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋដោយគ្មានការបង្ខិតបង្ខំ ហើយមិនមែនជាការចាប់បង្ខំឬការអ្វីមួយផ្សេងនោះទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ជាធម្មតា ការអភិវឌ្ឍ គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ដូច្នេះការអភិវឌ្ឍ បើសិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គួរមានការដោះស្រាយជូនប្រជាពលរដ្ឋជាមុន មុននឹងការអភិវឌ្ឍ ឬមុននឹងផ្តល់ប្រយោជ៍ទៅដល់ក្រុមហ៊ុនឯកជន។
លោកបន្តថា ករណីដីធ្លីនៅកោះមាសនេះ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ គួរសម្របសម្រួលគ្នាចរចាជាមុន និងដោយសន្តិវិធី ដើម្បីបញ្ចៀសករណីហិង្សា ការបណ្តេញចេញដោយបង្ខំ និងការប្តឹងផ្តល់គ្នាកើតឡើង។
លោកថា៖ «បើមិនចឹងទេ វាមិនអាចបញ្ចប់បញ្ហាហ្នឹងដោយសន្តិវិធី ហើយក៏វាបង្កឱ្យមានបាតុភាពផ្សេងកើតឡើង ហើយអ្វីដែលបារម្ភ បទពិសោធន៍កន្លងមក ឱ្យតែមានបញ្ហាដីធ្លីកើតឡើង តែងតែមានរឿងហិង្សា ឬក៏ការប្តឹងផ្តល់ ការចោទប្រកាន់ និងការជាប់ពន្ធនាគាររបស់ប្រជាពលរដ្ឋ អាហ្នឹងលំនាំដែលយើងត្រូវគិតគូរ ដើម្បីបញ្ចៀសនូវបញ្ហាដែលកើតឡើងហ្នឹង។ ចឹងដំណោះស្រាយដែលល្អបំផុត គឺការដោះស្រាយដោយសន្តិវិធី។ អីចឹងទាក់ទងនឹងការទាមទារ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋហ្នឹង អាជ្ញាធរ និងភាគីពាក់ព័ន្ធ គួរតែជជែកគ្នា ពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយណាមួយ ដែលអាចនឹងទទួលយកបានទាំងអស់គ្នា»។
យោងតាមអនុក្រឹត្យលេខ២១០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដីកោះមាស មានទំហំ ៣៤០ហិកតា និង ៦១ អា ដែលលាតសន្ធឹងលើខណ្ឌចំនួន៣ គឺខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ។
អនុក្រឹត្យដដែលបានបញ្ជាក់ថា ដីមួយផ្នែកត្រូវចុះបញ្ជីផ្ទេរទៅរដ្ឋបាលរាជធានីភ្នំពេញ និងមួយផ្នែកទៀតទៅរដ្ឋបាលខេត្តកណ្តាល ដែលត្រូវជួលឱ្យក្រុមហ៊ុន ឃុន សៀ អ៊ិចផត អ៊ិចផត ដើម្បីអភិវឌ្ឍន៍រយៈពេល ៥០ឆ្នាំ។
អ្នកអភិវឌ្ឍន៍ដីធ្លីដ៏លេចធ្លោនៅកម្ពុជា លោក ឃុន សៀ បានទទួលងារជាអ្នកឧកញ៉ា កាលពីឆ្នាំ២០០៨ ហើយនៅឆ្នាំ២០២១ លោក ឃុន សៀ បានចាក់ដីលប់ច្រាំងទន្លេមេគ្គងដើម្បីសាងសង់ទីក្រុងរណប ទំហំ៧០ហិកតា នៅក្រុងអរិយក្សត្រ។ ពលរដ្ឋធ្លាប់លើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រោមគម្រោងអភិវឌ្ឍន៍នេះ ពួកគេមិនត្រូវបានគេជូនដំណឹងជាមុនទេ៕