រដ្ឋដកដី​ទំហំ​៤០ហិកតា​នៅ​ភ្នំ​ខ្នង​​ផ្សារ​​ ខេត្ត​កំពង់​ស្ពឺ ឱ្យ​សហគមន៍

រដ្ឋាភិបាល បាន​​សម្រេច​​លុប​​ចោល​​គម្រោង​​អភិវឌ្ឍន៍​ ​ពីក្រុម​ហ៊ុន​​ចំនួន​៤ និង​បាន​​ប្រគល់​​ដី​ចំនួន ៤០​ហិក​តា នៅ​ភ្នំ​ខ្នង​​​ផ្សារ ខេត្តកំពង់ស្ពឺ ដល់​ប្រជា​សហគមន៍គ្រប់គ្រង​​សម្រាប់ជា​ប្រយោជន៍ ក្នុងការ​​​​រក​ចំណូល​ពីវិស័​យ​ទេសច​រ​ និង​​រក្សា​ទុក​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ និង​ធនធាន​ធម្មជាតិ។

នា​យករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ឱ្យ​ដឹងនៅក្នុងសំណេរលើ​ទំព័រហ្វេស​ប៊ុក​របស់​លោក នៅថ្ងៃ​ទី១៤ ខែ​មិនា ឆ្នាំ២០២៥នេះ​​ថា រដ្ឋាភិបាល បាន​សម្រេច​​​លុប​ចោលគម្រោង​​​​អភិវឌ្ឍន៍​នៅ​លើ​តំបន់​ទេ​ស​ច​​រណ៍​ភ្នំ​ខ្នង​ផ្សារ តាមរយ:ការដកមកវិញ​នូវ​ដីទំហំ ៤០ហិកតា ដែល​មានការ​បោះ​បង្គោល​ព្រំ ដើម្បី​ថែ​រក្សា​​ឱ្យ​​បាន​នូវ​ស្ថានភាព​ដើ​ម​នៃ​ធម្មជាតិ សម្រាប់បម្រើជា​ប្រយោជន៍​ដល់​សហគមន៍​ប្រមាណ ១០០គ្រួ​សារ និងអ្ន​ក​ទេសចរ ដោយមិនអនុញ្ញាត​ឱ្យមានការវិនិយោគ​នៅលើភ្នំឡើយ។

លោ​កបន្តថា កាលពីថ្ងៃទី១៣ ខែមិនា ម្សិលមិញ​នេះ ក្រសួង​ពាក់ព័ន្ធ និង​ប្រជា​សហគមន៍ បាននាំគ្នា​ទៅ​​​​ដក​​បង្គោល​ព្រំដី​​ ក្រោយ​ពីមាន​ការ​ព្រម​ព្រៀង​បញ្ឈប់​គម្រោងវិនិយោគរបស់ក្រុមហ៊ុន​ចំនួន៤ នៅចំ​ណុច​ភូមិ​​តាំង​បំពង់ ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ ដែល​កំពុង​បម្រើ​សេវា​កម្ម​ទេស​ចរណ៍។

តែយ៉ាងណា លោក​ពុំបានបញ្ជាក់ពីឈ្មោះរបស់ក្រុមហ៊ុន​វិនិយោគទាំង​៤ ដែលបាន​ដក​ហូត​ដី​មក​វិញនោះទេ។

ចំណែកទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន​វិញ ក៏បាន​ឱ្យដឹង​ដែរ​ថា ក្រុម​ការ​ងារ​ពិសេស បានសហកា​រ​​​អ​ភិរក្ស និងថែរក្សាតំបន់​ទេសចរណ៍ខ្នងផ្សារ ខ្នង​សំពៅ នៃឧទ្យានជាតិភ្នំក្រវាញ​ឱ្យបាន​ល្អ សម្រាប់ផលប្រ​​យោ​​ជន៍​សាធារណៈ និងសហគមន៍នៅតំបន់នេះ។

ប្រភពដដែល ​បន្តថា ក្រុមការងារ​របស់រដ្ឋាភិបាល នឹង​​សិក្សា​​រៀបចំ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ និង​សេវា​កម្ម​គាំទ្រ ដូច​ជា ប្រព័ន្ធផ្គត់​ផ្គង់​ទឹក ផ្លូវ បន្ទប់​ទឹក កន្លែង​លក់​អាហារ និង​​កន្លែង​សង្គ្រោះ​​បន្ទាន់ជាដើម​​ ​ដើម្បី​ធ្វើឱ្យប្រ​សើរ​ឡើង​នូវការផ្តល់សេវាជូនអ្នក​ទេសចរជាតិ​ និង​អន្ត​រជាតិ ដែលទៅ​កម្សាន្តនៅទីនេះ ក៏ដូចជា​បម្រើ​ដល់​​​​ប្រយោជន៍​សហគមន៍​ផងដែរ។

ការ​សម្រេច​របស់រដ្ឋាភិបាល បាន​ធ្វើឡើង​ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​មន្ត្រីពាក់ព័ន្ធ​មួយ​​ចំនួន បាន​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​នោះ​ផ្ទាល់ កាលពីថ្ងៃទី០៨ ខែមីនា។

ជុំវិញករណីនេះ​ដែរ ប្រជាហគមន៍ការ​ពារ​ព្រៃឈើ​ខេត្តកំពង់ស្ពឺ កាល​ពីពេល​ថ្មីៗនេះ​ ក៏​​បាន​ស្នើ​ដល់​លោកនាយករដ្ឋមន្ត្រី ជួយ​ទប់ស្កាត់​​ប​ទល្មើស​​ព្រៃឈើ​​ ក្នុង​​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​​កណ្ដាល នៅ​ចំណុចភ្នំ​​ខ្នង​ផ្សារ និង​​ខ្នង​ក្រពើ ​ដែល​​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នេះ​ផងដែរ។

ពួកគេ​​​ថា ប្រភេទ​ឈើ​ដែល​ក្រុម​ជន​​ល្មើស​កាប់​​រំលំ នៅ​តំបន់​ខ្នង​ផ្សារ ​រួមមាន​ ដើម​ម្រេញ ឬ​រាជកុល ឈើ​ទាល គគីរ និង​ផ្ចឹក​​ជាដើម ដែល​មុខកាត់ ៣តឹក​ឡើង​ទៅ ដុះ​តាម​ជ្រលង​ភ្នំ​​ខ្ពង់រាប ខ្នងភ្នំ ចង្កេះភ្នំ និង​​ឈើ​ខ្លះ​​ទៀត ដុះ​តាម​ជម្រាល​ភ្នំ។

ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែល​មាន​ទំហំ​ជាង ៤​សែន​ហិកតា (៤០២.៣៥២) លាត​សន្ធឹង​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ពោធិ៍សាត់ និង​ជា​ព្រៃ​ទឹក​ភ្លៀង​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា បាន​ទទួល​រង​ការ​កាប់​បំផ្លាញ​ជាង​២​ទសវត្សរ៍​មក​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ