ពលករខ្មែរនៅកូរ៉េទាមទារឱ្យកាត់ទោស លោក ស៊ាន បូរ៉ាត់ ដែលជាមន្រ្តីជំនិត លោក ហ៊ុន ម៉ាណែត ដែលពួកគេថាបានរួមដៃជាមួយអ្នកស្រី ឡេង ចាន់ណា អូសទាញពលករកូរ៉េឱ្យចាញ់បោកលុយរាប់ម៉ឺនដុល្លារ ធ្វើឱ្យប្រឈមវិបត្តិបំណុលធ្ងន់ធ្ងរជាង១ឆ្នាំទៅនេះ។
ការទាមទារនេះ ក្រោយគ្មានការរឹបអូសទ្រព្យអតីតឧកញ៉ា ឡេង ចាន់ណា មកសងជនរងគ្រោះវិញទេ ខណៈ លោក ស៊ាន បូរ៉ាត់ ដែលពាក់ព័ន្ធជ្រៅក្នុងអំពើបោកប្រាស់នេះដែរ ត្រូវបានតុលាការខេត្តសៀមរាប ចាត់ទុកត្រឹមជាសាក្សីក្នុងអំពើឆបោកនេះតែប៉ុណ្ណោះ។
ពលកខ្មែរនៅកូរ៉េ លោក ខែម ស្តី ប្រាប់ VODថា លោក ស៊ាន បូរ៉ាត់ បានអូសទាញពលករកូរ៉េឱ្យណែនាំបងប្អូនមិត្តភក្តិ ដើម្បីមករកស៊ីជាមួយក្រុមហ៊ុនឆបោក ប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា ហើយថា លោក ស៊ាន បូរ៉ាត់ ប្រៀបដូចជាប្រធានក្រុមហ៊ុននេះដែរគ្រាន់តែមិនឈរឈ្មោះប៉ុណ្ណោះ។
បន្ថែមលើនេះ លោកថា លោក ស៊ាន បូរ៉ាត់ ក៏ជាអ្នកចេញមុខបញ្ចុះបញ្ចូលឱ្យពលករកូរ៉េចូលជាសមាជិកបក្សប្រជាជនកម្ពុជា ដោយភ្ជាប់ជាមួយក្រុមហ៊ុនប៊្រីលានស៊ីធីនេះថែមទៀត ដែលធ្វើឱ្យជនរងគ្រោះជឿជាក់ ហើយខ្ចីលុយធនាគាររាប់ម៉ឺនដុល្លារ យកលុយទៅវិនិយោគបែបនេះ។
លោកថា៖ «ហើយជាក់ស្ដែងដូចខ្ញុំបានចុះទៅស្រុកខ្មែរហ្នឹង គឺនិយាយទៅ គឺគេលក្ខណៈគេធ្វើស៊ីយើងតែម្តង។ គេហៅយើងទៅហូបអីនៅសុទ្ធតែលំដាប់ផ្កាយ ផ្កាយបួនផ្កាយប្រាំអ៊ីចឹងទៅ ហើយបានអូសទាញ ហើយបាននិយាយច្រើន! និយាយហ្នឹងទាក់ទងទៅនឹងការរកស៊ីផង ការចូលបក្សចូលអីអ៊ីចឹងទៅ។ អូសទាញឱ្យយើងហ្នឹងអូសទាញបានប្អូនមិត្តភក្តិអីឲ្យមករកស៊ីជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធី របស់លោកស្រី ឡេង ចាន់ណា»។
បើតាម លោក ខែម ស្តី មានពលករខ្មែរនៅកូរ៉េយ៉ាងតិចជាង ៣០០នាក់ ដែលបានចាញ់បោកក្រុមហ៊ុននេះ គិតជាទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ។
ប៉ុន្តែលោកថា នៅពេលមានផ្ទុះរឿងឆបោក បែរជាមន្រ្តីរូបនេះមិនទទួលខុសត្រូវទុកឱ្យជនរងគ្រោះវេទនា ដោយម្នាក់ៗបាត់បង់លុយរាប់ម៉ឺនដុល្លារ។
លោកថា៖ «សម្រាប់ឯកឧត្តម ស៊ាន បូរ៉ាត់ ដែលគាត់អូសទាញបងប្អូនពលករនៅកូរ៉េហ្នឹង គឺមានរូបភាពជាច្រើនដូចកាលអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកគាត់ឡើងមកកូរ៉េ មកធ្វើសិក្ខាសាលា ឬក៏អាហារសាមគ្គីដើម្បីកៀរគរ នូវការដាក់ទុនជាមួយក្រុមហ៊ុនហ្នឹង គឺគាត់ខលប្រចាំតែម្តង ហើយពេលដែលយើងជួបជុំគ្នាហ្នឹង គឺគាត់បានវីដេអូខល បើកកាមេរ៉ាមកហើយឱ្យខលតាមវីដេអូ ឡេង ចាន់ណា ហ្នឹងគឺឲ្យពលករទាំងអស់ជួបពលករទាំងអស់ បានន័យថា ជាវីដេអូខលជួបពីម្នាក់ទៅម្នាក់។ អ៊ីចឹងហើយហ៊ុនបន្តៗគ្នាអ៊ីចឹងទៅ ជម្រាបសួរគាត់អ៊ីចឹងទៅ ហើយក៏គាត់បាននិយាយនៅក្នុងហ្នឹងថា ឱ្យយើងនឹងប្រឹងប្រែងធ្វើការផង ហើយរកលុយផង ហើយវិនិយោគជាមួយគាត់ទៅ»។
មិនមែនតែពលករនៅកូរ៉េទេ ដែលថា ខ្លួនចាញ់បោកក្រុមហ៊ុនឆបោកប្រ៊ីលានស៊ីធី ដោយសារតែជឿលើការបញ្ចុះបញ្ចូលរបស់ លោក ស៊ាន បូរ៉ាត់ មន្រ្តីជំនិត លោក ហ៊ុន ម៉ាណែត តែពលរដ្ឋនៅក្នុងស្រុកក៏លង់ខ្លួន ក្រោមការឃោសនារបស់ លោក ស៊ាន បូរ៉ាត់ ដែរ។
ជនរងគ្រោះម្នាក់នៅខេត្តកំពត ធ្លាប់ប្រាប់ VOD ថាដោយសារវត្តមាន លោក ស៊ាន ប៊ូរ៉ាត់ ក្នុងក្រុមហ៊ុនប្រ៊ីលានស៊ីធីរបស់អតីតឧកញ៉ា ឡេង ចាន់ណា នេះទើបលោកហ៊ានខ្ចីលុយធនាគារ ១ម៉ឺន៤ពាន់ដុល្លារ ទៅវិនិយោគធ្វើឱ្យផុងខ្លួនក្នុងវិបត្តិបំណុលវ័ណ្ឌកដល់សព្វថ្ងៃ។
លោកថា៖ «ឡេង ចាន់ណា គាត់និយាយមិនដាច់ពីមាត់ទេ បងបូរ៉ាត់ បងបូរ៉ាត់ ទន្ទេញមិនដាច់ពីមាត់ បងបូរ៉ាត់នេះជាអ្នកបង្កើតក្រុមហ៊ុន។ ឡេង ចាន់ណា ហ្នឹងគាត់និយាយ ពួកខ្ញុំនឹកឃើញថា អ្នកធំគេនៅ យ៉ាងណាគេមិនធ្វើបាបប្រជាជន ក្រីក្រដែរ។ ខ្ញុំនឹកស្មានមិនដល់ថា មានឧកញ៉ាធំៗមកធ្វើបាបរាស្រ្ត ខ្ញុំនឹកស្មានមិនដល់ណាស់ ជឿជាក់លើពួកគាត់ហ្នឹងឯងបានដាក់លុយដាក់កាក់»។
ក្រុមហ៊ុនប្រ៊ីលានស៊ីធី ដែលជាប់ពាក់ព័ន្ធជាមួយលោក ស៊ាន បូរ៉ាត់ នេះបានបង្កើតល្បិចបោកពលរដ្ឋ តាមរយៈការអូសទាញមនុស្សជាប្រព័ន្ធ តាមយុទ្ធសាស្រ្តប្រមូលលុយ ដោយសន្យាឱ្យការប្រាក់ ៤ភាគរយ ក្នុងមួយខែនៃប្រាក់ដើម។
តាមរយៈសំឡេងឆ្លើយឆ្លងគ្នាតាមប្រព័ន្ធទូរសព្ទ ដែលជនរងគ្រោះផ្តល់ឱ្យ VOD បង្ហាញថា លោក ស៊ាន បូរ៉ាត់ ធ្លាប់បញ្ជាឱ្យអតីតឧកញ៉ា ឡេង ចាន់ណា ប្តឹងអ្នកដែលហ៊ានលាតត្រដាងពីអំពើឆបោកតាមផ្លូវច្បាប់នេះ មុនពេលដែលអតីតឧកញ៉ារូបនេះត្រូវបានចាប់ខ្លួន។
លោកថា៖ «ប្រាកដជាជាប់ទោសហើយ សាកទៅ! កុំឆ្លើយថាអត់ដឹង បើគ្មានការបញ្ជាពីពួកអ្នកឯងទេ មិនអាចមកបង្ហោះបានទេ ព្រោះគ្មានអាណាគេចង់ចូលគុកជំនួសអ្នកឯងទេ។ ប៉ុន្តែបើអ្នកចង់បន្តទៀត អត់អីទេ យើងលេងតាមសម្រួលតើ មានអី មិនបាច់និយាយអីបង្ខំទេ! អូនឯងធ្វើចឹង រៀបចំតាមផ្លូវច្បាប់ដាក់ម៉ងទៅ»។
លោក ស៊ាន បូរ៉ាត់ មន្រ្តីស្និទ្ធិលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានក្រុមជនរងគ្រោះបន្តទម្លាយពីភស្តុតាងជាសំឡេង បង្ហាញថា លោក ស៊ាន បូរ៉ាត់ បានប្រាប់អតីតឧកញ៉ា ឡេង ចាន់ណា ពីល្បិចបោកលុយពលរដ្ឋយកមករកស៊ី ដែលជាផែនការក្នុងគំនិតរបស់លោក ដើម្បីពង្រីកឥទ្ធិពលជំនួញក្នុងក្រុមហ៊ុនឆបោកប្រ៊ីលានស៊ីធី។
លោកថា៖ «តិចទៀតធនាគារប្រ៊ីលានម៉ង អូនឯងចាំមើលបើមិនជឿបង ដំបូងយើងយកលុយគេមករកស៊ី តែដល់ពេលទីបញ្ចប់ទៅ យើងយកលុយយើងឱ្យគេរកស៊ីវិញ ដាក់ឡានដាក់ផ្ទះម៉ង។ ហ្នឹងហើយដែលជាចំណុចសំខាន់ដែលយើងត្រូវធ្វើ ត្រូវតែមានចក្ខុវិស័យឱ្យវែងឆ្ងាយ ធនាគារប្រ៊ីលានត្រូវតែយកឱ្យបាន»។
លោក ស៊ាន បូរ៉ាត់ ជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធាន។ ក្នុងជួររដ្ឋាភិបាលវិញ លោកជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ស្តីបន្ទោសប្រព័ន្ធតុលាការថា នៅក្រោមខ្សែញាក់របស់អ្នកមានអំណាច ទើបមិនហ៊ានអនុវត្តច្បាប់លើ លោក ស៊ាន បូរ៉ាត់ ដៃស្តាំរបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត បែបនេះ។
លោកថា៖ «តុលាការមិនហ៊ានចាប់ខ្លួនគាត់នោះទេ ព្រោះគាត់ជាដៃស្ដាំរបស់ លោក ហ៊ុន ម៉ាណែត ជាអនុប្រធានរបស់លោក ហ៊ុន ម៉ាណែត រឿងអីតុលាការហ៊ានចាត់ការ។ ដូច្នេះតុលាការហ្នឹង គឺមិនមែនជាតុលាការឯករាជ្យដែលអាចស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា បាននោះទេ។ ហើយលោក ហ៊ុន ម៉ាណែត ហ្នឹងអាចជាអ្នកនៅពីក្រោយខ្នង លោក ស៊ាន បូរ៉ាត់ បន្ថែមទៀត ព្រោះកន្លងមក យើងដឹងហើយ អតីឧកញ៉ា ឡេង ចាន់ណា ថា លោក ហ៊ុន ម៉ាណែត ហ្នឹងគឺជាអ្នកដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរបស់គាត់ផងដែរ»។
អតីតឧកញ៉ា ឡេង ចាន់ណា ធ្លាប់ប្រាប់ពលរដ្ឋមុនពេលជាប់ពន្ធនាគារថា ក្រុមហ៊ុនខ្លួនមាននាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែក។
តែយ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបដិសេធការលើកឡើងនេះ តាមរយៈលិខិតមួយសន្លឹក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ទាំងគ្មានការស៊ើបអង្កេតណាមួយកើតឡើង។
លុះជាង២ខែក្រោយមក ពោលគឺនៅថ្ងៃទី១៥ ខែឧសភា លោក ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចឱ្យ លោក គី តិច មេធាវីរដ្ឋាភិបាលការពារក្តីឱ្យជនរងគ្រោះ តែចាប់ពីមេធាវីរូបនោះជួយការពារក្តីជិតមួយឆ្នាំទៅនេះ ជនរងគ្រោះនៅតែមិនទទួលបានសំណងមកវិញ ខណៈពួកគេកំពុងជួបវិបត្តិបំណុលវ័ណ្ឌក។
ពលកខ្មែរនៅកូរ៉េលោក ខែម ស្តី ស្នើឱ្យតុលាការពន្លឿនបញ្ចប់រឿងក្តីនេះ ដោយរឹបអូសទ្រព្យ អ្នកពាក់ព័ន្ធក្នុងអំពើឆបោកនេះ មកសងជនរងគ្រោះវិញ ដើម្បីបានលុយដោះស្រាយវិបត្តិបំណុល។
លោកថា៖ «ចឹងសុំឲ្យតុលាការក៏ដូចជាថ្នាក់ដឹកនាំ មេត្តាមើលរឿងនេះផង ហើយស្រាវជ្រាវលុយដូចជាទ្រព្យសម្បត្តិក្រុមហ៊ុននេះ ដែលលាក់នៅកន្លែងណាខ្លះ បុគ្គលណាខ្លះ ដែលគាត់ពាក់ព័ន្ធ សូមមេត្តាជួយជំរុញឲ្យពន្លឿននូវការដោះស្រាយ ដើម្បីឲ្យបងប្អូនយើងបានធូរស្រាល ព្រោះរាល់ថ្ងៃនេះ ម្នាក់ៗជាប់ធនាគារទាំងអស់ មិនថានៅខ្មែរនៅកូរ៉េទេ សូម្បីតែយកធនាគារ បងប្អូននៅកូរ៉េនេះក៏យកធនាគារច្រើនដែរ ខ្ចីធនាគារកូរ៉េដើម្បីយកទៅដាក់រកស៊ីជាមួយក្រុមហ៊ុន»។
ប្រធានសមាគមការពារសិទ្ធិមបនុស្សអាដហុក លោក នី សុខា និយាយថា យុត្តិធម៌ពិតប្រាកដមិនមែនត្រឹមតែចាប់ខ្លួនជនឆបោកដាក់ពន្ធនាគារទេ តែក៏ត្រូវរឹបអូសទ្រព្យមកសងជនរងគ្រោះ និងដាក់ទោសអ្នកពាក់ព័ន្ធ ទោះតួនាទីខ្ពស់ក្នុងជួររដ្ឋាភិបាលក្តី។
លោកថា៖ «នៅពេលដែលក្រុមហ៊ុនមានការរកស៊ីមិនត្រឹមត្រូវ រកស៊ីទុច្ចរិត មានការបោកប្រាស់ធ្វើឲ្យខូចខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺអាជ្ញាធរមិនអាចនៅព្រងើយកន្តើយបានទេ គឺត្រូវតែមានវិធានការទៅតាមច្បាប់ ដើម្បីធានាបាននូវផលប្រយោជន៍របស់ភាគីដែលទទួលរងគ្រោះ។ ខ្ញុំគិតថា រឿងទាំងអស់នេះ អាជ្ញាធរគួរតែស្រូតរូតធ្វើយ៉ាងណា ដើម្បីស្រាវជ្រាវរកឲ្យឃើញ មានមូលដ្ឋានច្បាស់លាស់នៅក្នុងការពន្យល់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីដោះស្រាយនូវទ្រព្យសម្បត្តិមួយចំនួនណា ដែលនៅមានដោះស្រាយ ដើម្បីសងទៅដល់បំណុលរបស់ប្រជាពលរដ្ឋ»។
អតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោយពីជនរងគ្រោះផ្ទុះការតវ៉ាជាបន្តបន្ទាប់រយៈពេលប្រមាណ ១ខែ ដែលមានអ្នកចាញ់បោកប្រមាណ ៧០០០គ្រួសារ គិតទឹកប្រាក់ជាង ៣០០លានដុល្លារអាមេរិក។
បើតាមតុលាការខេត្តសៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវជាប់ចោទច្រើនបទល្មើស រួមមាន បទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង បទសម្អាតប្រាក់ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ជុំវិញរឿងនេះ តុលាការខេត្តសៀមរាប បានបង្គាប់ឱ្យ លោក ស៊ាន បូរ៉ាត់ ចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សី កាលពីខែធ្នូ ឆ្នាំ២០២៤ ។
VOD បានព្យាយាមទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រ៊ាង តែគ្មានការឆ្លើយតប។
យ៉ាងណា ក្រុមជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា នៅកូរ៉េ អះអាងថា ពួកគេគ្រោងតវ៉ាទ្រង់ទ្រាយធំលើទឹកដីប្រទេសកូរ៉េ ដើម្បីបង្ហាញទុក្ខវេទនា ក្រោយយុត្តិធម៌របស់ពួកគេត្រូវជាប់គាំងជាង១ឆ្នាំ ធ្វើឱ្យជួបវិបត្តិបំណុលធ្ងន់ធ្ងរ ខ្លះបែកបាក់គ្រួសារ ក្រោមសម្ពាធបំណុល ខណៈក្រុមជនរងគ្រោះក្នុងស្រុករងការគំរាមចាប់ខ្លួនពីអាជ្ញាធរ បើសិនមានការប្រមូលផ្តុំណាមួយកើតឡើង៕