បទឧក្រិដ្ឋ​នៅ​កម្ពុជា​ពង្រីក​ការ​ភ័យ​ខ្លាច​ដល់​ប្រទេស​កាណាដា

ការរីករាលដាល​បទ​ឧក្រិដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​នា​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​ទៅ​នេះ ហាក់​​បាន​​ពង្រី​ក​​ការ​ភ័យ​​ខ្លាច​​ដល់​​ប្រ​ទេស​​ក្នុង​​តំបន់​​​អាស៊ី និង​​អឺ​រ៉ុប រួម​ទាំង​ប្រទេស​កាណាដា ដែល​ការណ៍​នេះ ជំរុញ​ឱ្យ​មាន​ការ​បា​រ​ម្ភ​​ថា រដ្ឋាភិបាល​បន្ត​វេន​​គ្រួសារ​ហ៊ុន នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​គ្រោះច្រើ​ន​ឆ្នាំទៀត បើ​គ្មាន​ចរ​ន្ត​​ផ្លាស់​ប្តូរ។

តាមរយៈគេហទំព័ររបស់ខ្លួននៅខែមីនា ឆ្នាំ​២០២៥​នេះ រដ្ឋាភិបាល​កាណាដា ប្រកាស​ប្រាប់ពលរដ្ឋ​ខ្លួន​ត្រូវ​ប្រុង​ប្រយ័ត្ន​​ខ្ពស់ ពេលចង់ធ្វើដំណើរទៅប្រទេសកម្ពុជា ដោយថា មានការឆបោកតាមអនឡាញ សកម្មភាពឆក់ប្លន់ និងការប្រើអំពើហិង្សា ជាដើម។

ប្រភពនោះថា ករណីឆបោក ការជំរិតទារប្រាក់ និង​ឧក្រិដ្ឋកម្ម​ជាបណ្តាញ គឺកើតមានឡើងច្រើន ជាពិសេសនៅក្រុង​ព្រះសីហនុ និងក្រុងប៉ោយប៉ែត។

យ៉ាងណា VOD ព្យាយាមសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី តែ​គ្មានអ្នកទទួលទូរសព្ទ​នៅថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២៥នេះ។

ជុំវិញ​រឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក ម៉ែន សុថារិន្ទ និយាយ​ថា តាំងពីកម្ពុជា​បាត់​បង់​ប្រព័ន្ធត្រួត​ពិនិត្យ​​អំណាច មានការរំលាយបក្សប្រឆាំង ជាដើម ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដឹកនាំ​បែប​ផ្តាច់​ការ ដែល​មេដឹក​នាំ​គ្រួសារ​ហ៊ុន​ប្រើ​អំណាចតាមអំពើចិត្ត ឱ្យពួកឧក្រិដ្ឋជនជួយរកលុយមកទ្រទ្រង់អំណាចខ្លួន។

លោកសង្កត់ធ្ងន់ថា ករណីវាកើតមានជាប្រព័ន្ធ មានទាំងសាច់សែស្រឡាយគ្រសារហ៊ុន និងមានទីប្រឹក្សាលោក សែន សែន ជាច្រើននាក់ទៀតដែលជាឧក្រិដ្ឋជន ធ្វើឱ្យប្រព័ន្ធច្បាប់មិនហ៊ានកាត់ទោសឧក្រិដ្ឋជនទាំងនោះបាន។

លោកថា៖ «អ្នកដែលធ្វើហ្នឹង គឺសុទ្ធតែជាក្រុមបក្ខពួករបស់ថ្នាក់នាំ​​រដ្ឋាភិបា​ល ​ជាក្រុ​មគ្រួសារ​ជីដូន​មួយ​បក្ខពួកក្រុម​របស់​គាត់​ទាំង​អស់​ហ្នឹង​ ដែលបញ្ហានេះ​ដោយសារវិ​បត្តិ​សេដ្ឋកិច្ច ដោយសារ​គ្មាន​ថវិកា​ជាតិ។ អ៊ីចឹង​បានគាត់ចេះ​​​តែឱ្យធ្វើដូចថា អាតូចស៊ីតូចអាធំស៊ីធំ គឺគាត់មិនអាចគ្រប់គ្រងបាន។ ប៉ុន្តែបើសិនជាពួកគាត់ធ្វើគាត់ធ្វើបាន។ យើងមើល​សង្គម​ស៊ីវិល យុវជន​បរិស្ថាន អ្នកណា​គ្រាន់​តែក្នុងអនឡាញក្នុង​រឿង ស្អីបន្តិចបន្តួចរឿងហ្វេស​ប៊ុក​អីតិចតួច គាត់អាចតាមបានចាប់បានទាំងអស់ភ្លាមៗ អ្នកណារិះគន់​រដ្ឋាភិបាល ថ្នាក់ដឹកនាំរដ្ឋាភិបាលចាប់បានភ្លាម ខ្ញុំជឿថា សមត្ថកិច្ចរគាត់អាចធ្វើបាន ប៉ុន្តែដោយសារគាត់ខ្លាច»។

ជាការកត់សម្គាល់ ក្រុមឧកញ៉ាដែលអន្តរជាតិ​​​រកឃើញថាជាឧក្រិដ្ឋជន សុទ្ធសឹងតែជាមនុស្សដែល​នៅកៀកនឹងគ្រួសារ​ហ៊ុន រួមមាន លោក លី យ៉ុង​ផាត់ ឧកញ៉ា កុក អាន ឧកញ៉ា ហ៊ុន តូ និង​ឧកញ៉ា ចេនហ្ស៊ី​ ទីប្រឹក្សា​លោក ហ៊ុន សែន ដែល​ត្រូវ​​តុលាការ​ចិន​រក​ឃើញ​ថា​ ជាឧក្រិដ្ឋជនលាងលុយ និង​ឆបោក​តាម​អន​ឡាញ ជាដើម។

ថ្មីៗនេះ ឧកញ៉ា លី យ៉ុង​ផាត់ អ្នក​គ្រប់គ្រង​លុយ​ឱ្យ​បក្ស​កាន់​អំណាច ត្រូវក្រសួងរតនាគារជាតិអាមេរិក ដាក់​ទណ្ឌកម្មប​ង្កក​ទ្រព្យ​សម្បត្តិ ក្រោយ​មាន​ជាប់​ពាក់ព័ន្ធ​ការ​ជួញ​ដូរ​មនុស្ស ការ​រក​ស៊ី​ឆបោក​តាម​អនឡាញ។

សម្រាប់ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បារម្ភថា បើកម្ពុជាមិនអាចបោស​​សម្អាតក្រុម​ឧក្រិដ្ឋជន​បាន​ទេ នឹងគំរាមគំហែងដល់​ភ្ញៀវទេសចរ ​បាត់បង់អ្នកវិនិយោគ​ដែលចង់មករកស៊ីនៅកម្ពុជា និងបង្កផលប៉ះពាល់ដល់ជីវភាពពលរដ្ឋនៅទូទាំងប្រទេស។

លោកថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលបើសិនជាមិន​មាន​ការ​ឆ្លើ​យ​តប​ឱ្យបានរួសរាន់! ឲ្យ​បាន​នូវ​ភាព​ច្បា​ស់លាស់​ ដើម្បីបង្ក​លក្ខណៈ​ឲ្យមានជាទំនុកចិត្តពីបណ្តាប្រទេសដទៃទៀតទេ! ខ្ញុំគិតថា នេះជារឿង​មួយ​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​ដល់បញ្ហា​​នៃ​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​យើង ពិសេស​គឺ​ការចូលមកនូវភ្ញៀវទេសចរ ក៏ដូចជាអ្នកដែលវិនិយោគទុនសំខាន់ៗ​ដែល​​ចង់រកស៊ីនៅក្នុងប្រទេសយើងដែរ។ អាហ្នឹងដែលធ្វើឲ្យមានការប៉ះ​ពាល់ដល់បញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេស​យើង»

ជ្រុងមួយនៃរឿងនេះ អតីត​​ឧកញ៉ា ហេង សិទ្ធី ធ្លាប់​លាត​ត្រដាង​​រឿង​​​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស លោក ហ៊ុន សែន គឺ​ជា​​​មេ​ខ្លោង​​​ឧក្រិដ្ឋ​​កម្ម​​ឆបោក​​តាម​​អន​ឡាញ យក​​លុយ​ចិញ្ចឹម​​អំណាច​​គ្រួសារ​​ហ៊ុន ដែល​​កំពុ​ង​បង្ក​​ការ​​គំរាម​​កំហែង​ ដល់​​​ក្រុម​​អ្នក​​រកស៊ី​​បរទេស។

លោកថា៖ «កាលពីមុនគេស្គាល់កម្ពុជា ជា​ប្រទេស​អច្ឆរិយ​អង្គរ​វត្ត ឥឡូវ​នេះ​គេ​ស្គាល់​កម្ពុជា ដោយ​សារ ហ៊ុន តូ […] កម្ពុជា​​ក្លាយ​ទៅ​ជា​កន្លែង​បោក​ប្រាស់​រក​ស៊ី​អន​ឡាញ​ខុស​ច្បាប់»

យ៉ាងណា លោក ហេង សិទ្ធី ក្រោយ​ទម្លាយរឿងគ្រួសារហ៊ុន​​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ ក្នុង​បទឧក្រិដ្ឋ​នៅ​កម្ពុជា​នេះ អ្នក​នាំ​​ពាក្យ​​ក្រសួង​មហាផ្ទៃ ធ្លាប់​​អះ​អាង​ថា អតីត​ឧកញ៉ា​រូប​នោះ ត្រូវ​បានចាប់​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​​មិន​មាន​សេច​ក្តី​​រាយ​ការណ៍​ពី​ការ​​បញ្ជូន​មក​ដល់​កម្ពុជា​ទេ។

គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​ហាក់​បាន​ក្លាយ​ជា​ជម្រកឧក្រិដ្ឋ​ជន​ឆបោក និង​ចាប់​ជំរិត។

ជាក់ស្តែង កាលពីឆ្នាំ២០២៤​ ប្រទេស​កូរ៉េខាងត្បូង​​ បាន​ប្រកាស​អាសន្ន​ពី​ការ​ភ័យ​ខ្លាច​អំពើ​ចាប់​ជំរិត​នៅ​កម្ពុជា​ ដោយ​​ហាម​ពលរដ្ឋ​​ខ្លួន​​​មិ​ន​​ឱ្យ​​​ធ្វើ​​ដំណើរ​​មក​​កាន់​​​កម្ពុជា ខណៈ​ប្រទេស​​ឥណ្ឌា​ ក៏​ធ្លាប់​​រក​ឃើញ​​ថា ជន​ជាតិ​​ខ្លួ​ន​​ប្រមាណ ៥ ០០០​នាក់ បាន​​រង​គ្រោះ​ដោយ​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅកម្ពុជា។

ដោយឡែក អគ្គស្នងការនគរបាលជាតិ​កម្ពុជា កាលពីថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០២៤ បាន​ឆ្មក់​ចូល​ទីតាំង​មួយ​កន្លែង ក្នុង​​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ដែល​សង្ស័យ​ថា ជាកន្លែង​បង្ខាំង​មនុស្ស​ធ្វើ​ទារុណ​កម្ម និង​ធ្វើ​ប្រតិបត្តិ​ការឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ឃាត់​ខ្លួន​មនុស្ស​បាន​ជាង​១ពាន់​នាក់ ដែល​ថា ភាគ​ច្រើន​ជាជន​ជាតិ​ចិន។

ដូចគ្នានេះ​ដែរ សំបុកឧក្រុមឧក្រិដ្ឋជនច្រើនកន្លែងទៀត ត្រូវបានរកឃើញក្នុងឆ្នាំ២០២៥នេះ ដូចជានៅក្រុងព្រះ​សីហនុ ក្រុងបាវិត ខេត្ត​ស្វាយ​រៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លើសពីនេះ កាលពីថ្ងៃទី៦ខែមិនានេះ សមត្ថកិច្ចបានឆ្មក់ចូល​អាគា​រមួយកន្លែង ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ​ ខេត្ត​មណ្ឌល​គិរី បាន​ឃាត់​ខ្លួន​ជ​នប​រទេសចម្រុះជាតិសាសន៍​សរុប​ជិត ២៥៨នាក់ មាន​មីយ៉ាន់​ម៉ា ម៉ាឡេស៊ី​​ម្នាក់ និង​​វៀត​ណាម​​​​ម្នាក់ ក្នុង​នោះ​ជនជាតិចិន​ច្រើន​ជាង​គេ​មាន ២៤៧​នាក់។

ទាំងអស់នេះ បញ្ជាក់​ថា បទ​ឧក្រិដ្ឋ​ក្នុ​ង​ប្រទេស​កម្ពុជា ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​ទៅ​នេះ មិន​ថយ​ចុះ​ទេ ដែលការណ៍​នេះ ជំរុញ​​​ឱ្យ​មាន​ការ​​ព្រួយ​បារម្ភ​ពី​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ បើ​កម្ពុជា​គ្មាន​មេដឹកនាំ ដែល​មាន​ការ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ម្ចាស់​​ឆ្នោត​​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ