ឯកសាររដ្ឋាភិបាលធ្លាប់​បញ្ជាក់​ថា​បា្រសាទ​តាមាន់​ធំ តាមាន់​​តូច និង​តាក្របី​ជា​របស់​ខ្មែរ

ចំពេល​ដែល​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន មិន​ប្រើ​យន្តការ​អន្តរ​ជាតិ ដើម្បី​ទប់​ទល់​នឹង​បរទេស​ឈ្លាន​ទឹក​ដី អ្នកមាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បញ្ចេញ​វីដេអូ​ឯកសារ​បញ្ជាក់ថា ប្រាសាទ​តាមាន់​​តូច ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាក្របី ជារបស់​ខ្មែរ។

នេះបើតាម​វីដេអូ​ដែល លោក អ៊ុំ សំអាន បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​លោក នៅថ្ងៃ​ទី១៧ខែ​មិនា​នេះ ហើយបាន​រំឭក​ថា វីដេអូឯ​កសារ​ពិសេសនេះ​ កូន​ខ្មែរ​ត្រូវ​តែ​យល់​ដឹង​ដោយ​បញ្ជាក់​ថា វីដេអូ​ឯកសារ​ដែល​លោកបង្ហោះ​នេះ ផលិត​ដោយ​អង្គ​ភាព​ព័ត៌​មាន និង​ប្រតិ​កម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ក្នុង​ឆ្នាំ​២០១១ ពោលគឺ​ក្រោយ​៣ឆ្នាំ ដែលកម្ពុជាផ្ទុះអាវុធ​ជាមួយថៃ នៅឆ្នាំ២០០៨។

លោក អ៊ុំ សំអាន ធ្លាប់អះអាង​ថា បច្ចុប្បន្ន​ប្រាសាទ​តាមាន់​តូច ត្រូវ​បាន​ភាគី​ថៃដ​ណ្តើម​យក​ទៅ​គ្រប់​គ្រងទាំង​ស្រុង ដោយ​ឡែក ប្រាសាទ​តាក្របី និ​ង​ប្រាសាទ​តាមាន់ធំ ដាក់​ទ័ព​ត្រួត​ត្រា​រួម​គ្នា។

លោក អ៊ុំ សំអាន និយាយថា លោក ឡាំ ជា ធ្លាប់​និយាយថា ផែនទី​ពណ៌លឿង គឺជាប្លង់ទីតាំង​បង្គោលបារាំង​ទី២៣ ដែល​ផលិត​ដោយ​ក្រុម​បច្ចេក​ទេស​ចម្រុះ ដែល​កំណត់​ព្រំដែន​រវាង​ឥណ្ឌូ​ចិន​(កម្ពុជា)​និងសៀម​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រាសាទ​តាមាន់​តូច និ​ង​ប្រាសាទ​តាមាន់ធំ ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា​ ប្រៀប​ធៀបនឹង​បន្ទាត់​ព្រំដែន។ លោក ឡាំ ជា បច្ចុប្បន្ន ជារដ្ឋមន្ត្រីនៃ​រដ្ឋលេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន។

តាមវីដេអូឯកសារនិយាយជាភាសារបារាំង​បកប្រែខែ្មរ បាន​ពន្យល់​ថា តាមផែនទីបារាំងថា ប្រាសាទ​ទាំង​បីគឺ​ប្រាសាទ​តាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ស្ថិតនៅយ៉ាងពិតប្រាកដ​ក្នុងទឹកដីកម្ពុជា ដោយ​យោងតាមផែនទីបារាំងគូរនៅឆ្នាំ១៩០៨ តាមសន្ធិសញ្ញាបារាំង-សៀម១៩០៧។

ប្រភពនោះថា៖ «ផែនទីនេះ ជាលទ្ធផលរបស់គណៈកម្មាធិការ​កំណត់​ព្រំដែន​ រវាង​ឥណ្ឌូចិន និង​សៀម​ តាំងពីឆ្នាំ​១៩០៨​ ហើយប្រទេសថៃខ្លួនឯងបានទទួលស្គាល់ ហើយ​ផែនទី​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា​ប្រាសាទទំាង​៣​ស្ថិត​នៅ​យ៉ាង​ពិត​ប្រាកដ​នៅក្នុង​ទឹក​ដី​ និង​អធិបតេយ្យ​ភាព​របស់​យើង»

លោកគូសបញ្ជាក់ថា បញ្ហានេះបើកម្ពុជាប្តឹងថៃករណីប្រាសាទទាំង៣ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយ​យោង​តាម​សន្ធិសញ្ញាបារាំង-សៀមឆ្នាំ​១៩០៧ និងផែនទីឧបសម្ព័ន្ធភ្ជាប់​សន្ធិសញ្ញាបារាំង-សៀម១៩០៧ នោះកម្ពុជានឹងឈ្នះថៃ១០០% ដូចករណីប្រាសាទព្រះវិហារ។

បើតាមលោក អ៊ុំ សំអាន ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ ក្នុងសតវត្សរ៍​ទី១១ ហើយប្រាសាទតាមាន់តូចកសាងឡើងដោយព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងសតវត្សទី១២។ សៀមដែលបាន​ភៀស​ខ្លួនមកពីប្រទេសចិន ទើបតែបង្កើតប្រទេសសៀម ក្នុងចុង​សតវត្សរ៍​ទី១៣ និង​ដើមសតវត្សរ៍​ទី​១៤ ដូច្នេះប្រទេស​សៀម​កើត​ឡើង​ក្រោយ​ប្រាសាទ​ទាំង៣​នេះ បាន​កសាង​ឡើង។

លោកថា ហេតុនេះ ជនជាតិថៃថា ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និងប្រាសាទតាក្របី ត្រូវបានបុព្វបុរសខ្លួនសាងសង់ និងបន្សល់ទុកឱ្យគឺជាការបំភ្លៃប្រវត្តិសាស្រ្ត។

សៀមមិនចេះកសាងប្រាសាទទេ សៀមចេះតែកសាងវត្តអារ៉ាម​តែប៉ុណ្ណោះ។ ក្នុងសម័យសង្រ្គាមស៊ីវិលទសវត្ស​ទី៨០ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានគ្រប់គ្រងដោយ​រណ​សិរ្ស​រំដោះប្រជាពលរដ្ឋ​ខ្មែរ​របស់​លោក​តា សឺន សាន ហើយគ្មានវត្តមាន​ទាហានថៃនៅប្រាសាទទាំង៣នេះទេ។

លោកថា សព្វថ្ងៃនេះ ថៃមិនគ្រាន់តែគ្រប់គ្រងកោះគុតរបស់ខ្មែរនោះទេ ថៃថែមទាំងកំពុង​គ្រប់​គ្រង​រួមជាមួយ​ខ្មែរ​នៅ​ប្រាសាទ​តាមាន់ធំ និងប្រាសាទតាក្របី និងថៃកំពុងគ្រប់គ្រងប្រាសាទតាមាន់តូចទាំងស្រុង។

សម្រាប់លោក អ៊ុំ សំអាន រដ្ឋាភិបាលខ្មែរត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិក្រុងឡាអេ ករណីកោះគុត ប្រាសាទតាមាន់​​ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ