អ្នកឃ្លាំមើលនិយាយថា អតីតមេដឹកនាំហ្វីលីពីន លោក Rodrigo Duterte ដែលត្រូវតុលាការ ICC ចាប់ខ្លួននោះ ហាក់មានស្មារតីជាតិនិយមជាង លោក ហ៊ុន សែន មេដឹកនាំកម្ពុជា បើពិនិត្យទៅលើឆន្ទៈការពារបូរណភាពទឹកដី បានផ្ទេរអំណាចដោយសន្តិវិធី ក្រោយចាញ់ឆ្នោតនោះ។
ការលើកឡើងនេះ ក្រោយពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមីនា បានថ្លែងក្នុងពិធីពិសារភោជនាអាហារសាមគ្គីនៃគ្រួសារសមាគមឧកញ៉ាកម្ពុជាថា កុំយករូបលោកទៅប្រៀបធៀបនឹងមេដឹកនាំហ្វីលីពីនលោក Duterte ដែលត្រូវបានតុលាការអន្តរជាតិICCចាប់ខ្លួនឱ្យសោះ។
លោកអះអាងថា លោកគឺជាអ្នកតស៊ូដើម្បីជាតិ ប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហម ប៉ុល ពត ដើម្បីរំដោះជាតិ មាតុភូមិកម្ពុជា ចេញពីរបបវាលពិឃាត ដូច្នេះកុំប្រៀបធៀបលោកទៅនឹងមេដឹកនាំផ្តាច់ការ។
លោកថា៖ «រឿង Duterte ជារឿង Duterte តែ ហ៊ុន សែន មិនមែន Duterte ទេ។ ខ្ញុំប្រយុទ្ធប្រឆាំងខ្មែរក្រហមដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា តើខ្ញុំជាអ្នកខុសទេ! ផ្ទុយទៅវិញ តុលាការអន្តរជាតិកូនកាត់នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញបានកាត់ទោសខ្មែរមានទោសរួចហើយ អ៊ីចឹងយើងដាក់ច្បាប់មួយ អ្នកណាមិនទទួលស្គាល់ថាគ្មានអំពើប្រល័យពូជសាសន៍នៅកម្ពុជាត្រូវមានទោស»។
យ៉ាងណាក្តី តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយប្រាប់VODនៅថ្ងៃទី១៧ ខែមីនានេះថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាលេសបិទបាំងកំហុសដឹកនាំផ្តាច់ការរបស់ខ្លួន ដែលរំលោភសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ បំពានរដ្ឋធម្មនុញ្ញ និងធ្វើឱ្យបាត់បង់ទឹកដីខ្មែរប៉ុណ្ណោះ។
លោកថា៖ «លោក Duterte គេគិតពីបញ្ហាទឹកដី ដ៏លោក ហ៊ុន សែន មិនគិតពីបញ្ហាទឹកដី គិតតែការពារអំណាចរបស់ខ្លួន សុខចិត្តកាត់ទឹកដីឱ្យបរទេសជិតខាង ដើម្បីឲ្យគេការពារអំណាចរបស់ខ្លួន ដូចកាត់ទឹកដីឲ្យយួនកាត់ទឹកដីថៃ ដើម្បីឲ្យគេការពារអំណាចរបស់ខ្លួន»។
សម្រាប់លោក អ៊ុំ សំអាន ប្រៀបធៀបថា បើនិយាយពីការដឹកនាំប្រទេសវិញ គឺលោក ហ៊ុន សែន ដឹកនាំផ្តាច់ការសាហាវជាងលោក Duterte ព្រោះលោក ហ៊ុន សែន ហ៊ានកាត់ទឹកដីឱ្យបរទេស បំពានរដ្ឋធម្មនុញ្ញ ប្រព្រឹត្តិអំពើពុករលួយ សម្លាប់ពលរដ្ឋក្រៅប្រព័ន្ធច្បាប់ និងការពារក្រុមឧក្រិដ្ឋជនគ្រឿងញៀនជាប់សែស្រឡាយរបស់ខ្លួន មានលោក ហ៊ុន តូ ជាដើម។
លោកបន្តថា អតីតមេដឹកនាំខ្មែរក្រហមលោក ហ៊ុន សែន ក៏ធ្លាប់មានប្រវត្តិបាតដៃប្រឡាក់ឈាម សម្លាប់មនុស្សសម័យខ្មែរក្រហមឆ្នាំ១៩៧៩ និងធ្វើរដ្ឋប្រហារទម្លាក់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាដើម។
ការណ៍នេះ លោកយល់ថា ទោសកំហុសទាំងអស់នេះ តុលាការអន្តរជាតិ ICC គួរតែសិក្សាស្រាវជ្រាវ និងផ្តន្ទាទោសមេដឹកនាំផ្តាច់ការរូបនេះ ដើម្បីលុបបំបាត់អំពើប្រឆាំងមនុស្សជាតិនៅលើពិភពលោក។
លោកថា៖ «បើគិតទៅទោះបីលោក Duterte គាត់ប្រើកណ្តាប់ដៃដែកបង្រ្កាបបទល្មើសហ្នឹង គឺដើម្បីប្រជាពលរដ្ឋនិងប្រទេសជាតិរបស់គាត់ មិនមែនដើម្បីអំណាចណា ខុសពីលោក ហ៊ុន សែន គឺប្រើកណ្តាប់ដៃដែក ដើម្បីតែអំណាចផ្តាច់ការបស់ខ្លួន និងដើម្បីអំណាចតពូជរបស់គ្រួសារគាត់ និងបម្រើហិច្ចតាឱ្យបរទេសឈ្លានពានទឹកដី»។
ចំណែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា សម្តីរបស់លោក ហ៊ុន សែន គំរាមពលរដ្ឋកុំឱ្យប្រៀបប្រដូចលោកទៅនឹងលោក Duterte ព្រោះគាត់ខ្លាចស្រមោលអតីតកាលរបស់គាត់ ដែលសម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងចិញ្ចឹមឧក្រិដ្ឋជនគ្រឿងញៀនដើម្បីបំផ្លាញជាតិ។
លោកបន្តថា ការដឹកនាំរបស់លោក ហ៊ុន សែន គឺផ្តាច់ការជាងលោក Duterte និងកំសាកជាង ព្រោះលោក ហ៊ុន សែន មិនហ៊ានប្រឈមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដូចមេដឹកនាំហ្វីលីពីន។
លោកថា៖ «បានន័យថាលោក ហ៊ុន សែន កំពុងតែភ័យ គឺកំពុងតែភ័យ បារម្ភអំពីតួនាទីរបស់ខ្លួនដែលប្រព្រឹត្តបទឧក្រិដ្ឋកម្មច្រើន នៅក្រៅប្រព័ន្ធតុលាការផង អាហ្នឹងការប្រើយុទ្ធនាការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានផង ដែលធ្វើឲ្យតុលាការអន្ដរជាតិហ្នឹងគេអាចកត់សម្គាល់ថា គាត់ហ្នឹងក៏ជាប្រភេទមេដឹកនាំឧក្រិដ្ឋជនដូចលោក Duterte ដែលអាចថ្ងៃណាមួយនៅតុលាការឡាអេនៅអាស៊ី នាំមុខលោក ហ៊ុន សែន ទៅជំនុំជម្រះដែរ»។
លោក ហ៊ុន សែន អំឡុងការបោះឆ្នោតឆ្នាំ១៩៩៣ បានចាញ់ឆ្នោតគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលរៀបចំដោយអង្គការសហប្រជាជាតិ ហៅកាត់អ៊ុនតាក់ (UNTAC) ដែលកាលណោះបានប្រកាសធ្វើអប្បគមយកខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមធ្វើជាទីតាំងប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
នៅឆ្នាំ២០១៧ បានប្រើដៃតុលាការរំលាយគណបក្សសង្គ្រោះជាតិ ចេញពីឆាកនយោបាយរហូតបច្ចុប្បន្ន ក្រោយគណបក្សប្រឆាំងមួយនេះ ហក់ឡើងប្រជាប្រិយភាពជិតទាន់គណបក្សប្រជាជនកម្ពុជារបស់លោក។
នៅឆ្នាំ២០០៥ លោកបានគំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញ ដើម្បីសម្រេចមហិច្ឆតាមវៀតណាមលេបទឹកដី បើព្រះអង្គមិនព្រមឡាយប្រហត្ថលេខាលើសន្ធិសញ្ញាខុសច្បាប់មួយនេះ។
សន្ធិសញ្ញាត្រូវបានយកទៅបោះបង្គោលព្រំដែល កម្ពុជា-វៀតណាម ចាប់ពីដើមឆ្នាំ ២០០៦ ដែលរងការចោទថាធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទាំងដែនដីគោក និងប្រជុំកោះ រួមទាំងកោះត្រង់ ទៅប្រទេសវៀតណាម។
មាត្រា៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕