សារគំរាមបែបងើបមួយវាយមួយ ត្រូវបានគេមើលឃើញថា កំពុងដុតកំហឹងមហាជនជំរុញការផ្លាស់ប្ដូរ បើមានចរន្តរួមគ្នាទ្រង់ទ្រាយធំរបស់ក្រុមអ្នកប្រជាធិបតេយ្យ ដោយថាសារនេះបង្ហាញពីការដឹកនាំបែបហិង្សាបំពានរដ្ឋធម្មនុញ្ញនិងពង្រីកអយុត្តិធម៌សង្គមគំរាមកំហែងជីវភាពពលរដ្ឋ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមីនា បានថ្លែងក្នុងពិធីមួយក្នុងរាជធានីភ្នំពេញ ដោយព្រមានទៅលើក្រុមអ្នករិះគន់លោកថា យុទ្ធសាស្ត្រងើបមួយវាយមួយនៅបន្តមិនដកដៃនោះទេ ខណៈការដឹកនាំរបស់លោក រងការរិះគន់ថា សម្លាប់ប្រជាធិបតេយ្យបំពានរដ្ឋធម្មនុញ្ញ ។
លោកថា៖ «សុំប្រាប់ឱ្យហើយ យុទ្ធសាស្រ្តងើបមួយវាយមួយនៅបន្ត អត់ដកថយទេ ហែងរពឹសដៃតាមហ្វេសប៊ុកក៏អញតាមយកហែងដែរ យកហែងមកសួរ ម៉េចហែងនិយាយចឹង»។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា និយាយថា សារនេះបង្ហាញពីគំរូដឹកនាំបែបហិង្សា ផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ។
លោកថា សារនេះ កំពុងដុតកំហឹងមហាជន ដែលជំរុញការផ្លាស់ប្តូរ ប្រសិនបើក្រុមអ្នកនយោយបាយប្រឆាំងចេះចងក្រងជាក្រុមធំ ហើយហ៊ានធ្វើពលិកម្ម នាំមុខប្រជាពលរដ្ឋរងគ្រោះ ។
លោកថា៖ «វាអត់មានផ្លូវល្អសម្រាប់គាត់ទេ ពីព្រោះកាលណាប្រជាពលរដ្ឋខឹងសម្បាកាន់តែច្រើន គឺប្រជាពលរដ្ឋមានបំណងចង់ឱ្យមានការផ្លាស់ប្តូរការដឹកនាំរបស់គាត់ហើយ។ ហើយកាលណា ចង់ឱ្យមានការផ្លាស់ប្តូរតាមការដឹកនាំរបស់គាត់ គឺធ្វើឡើងតាមតែផ្លូវពីរទេ បើសិនជាគាត់រៀបចំការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌ គឺគេអត់បោះឆ្នោតឲ្យគាត់! បើគាត់ដឹកនាំបែបហិង្សា បែបបង្ក្រាបបែបហ្នឹង គឺគេអត់បោះឆ្នោតឱ្យគាត់ទេ។ តែបើសិនជាគេបោះឆ្នោតទម្លាក់គាត់មិនបាន! អាការខឹងសម្បានូវដឹកនាំរបស់គាត់ កាន់តែខ្លាំងទៅ វាផ្ទុះចេញនូវកំហឹងមហាជន ចលនាមហាជនកាន់តែខ្លាំងក្លា វាធ្វើឱ្យវឹកវរក្នុងសង្គម ប្រទេសជាតិធ្លាក់ទៅភាពវឹកវរកាន់តែធំទៅៗ អាហ្នឹងខ្ញុំមើលឃើញច្រកហ្នឹង»។
យ៉ាងណា លោកយល់ថា អំពើអយុត្តិធម៌ចាក់ស្រែស វាអាចជំរុញការផ្តាស់ប្តូរ បើអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលហ៊ានធ្វើពហលិកម្ម ដើរមុខប្រជាពលរដ្ឋ វាអាចនឹងឈ្នះរបបផ្តាច់ការបាន ទោះក្នុងរូបភាពណាក៏ដោយ ។
លោកថា៖ «កាលណាកម្លាំងអ្នកប្រជាធិបតេយ្យធំទៅៗ អ្នកដឹកនាំផ្ដាច់ការនឹងដួលឯងហើយ ទោះបីជាប្រើក្នុងរូបភាពប្រកួតបែបណាក៏ដោយ ក៏មិនអាចឈ្នះអ្នកប្រជាធិបតេយ្យ នៅពេលដែលអ្នកប្រជាធិបតេយ្យ រួមគ្នាដែរ។ តាមរយៈការបោះឆ្នោតក៏មិនអាចឈ្នះ តាមរយៈកម្លាំងមហាជនក៏មិនអាចឈ្នះ។ អ៊ីចឹងវាសំខាន់ខ្ញុំគិតថា អ្នកនយោបាយដែលខាងប្រជាធិបតេយ្យទេ ត្រូវរៀបចំខ្លួនឯងជាមុន ដើម្បីធ្វើម៉េចឲ្យមានការរួបរួមកម្លាំងអ្នកប្រជាធិបតេយ្យ ស្របតាមបំណងរបស់ប្រជាពលរដ្ឋ នោះទើបអាចធ្វើឲ្យមានការផ្លាស់ប្តូរនៃការដឹកនាំក្នុងពេលបច្ចុប្បន្នបាន»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ដោយឡែកមាត្រា៥១ ចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
ចំណែកមាត្រា៥២ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
យ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ច្រើនទសវត្សរ៍ទៅនេះ លោក ហ៊ុន សែន មិនដែលគោរពរដ្ឋធម្មនុញ្ញទេ។ តែផ្ទុយទៅវិញ លោកថា បន្ទាត់នយោបាយរបស់ លោក ហ៊ុន សែន ដើម្បីការពារផលប្រយោជន៍គ្រួសារ និងអំណាច ។
លោកថា បន្ទាត់នយោបាយនេះ បន្សល់ទុកជនរងគ្រោះជាច្រើន រួមទាំងករណីឃាតកម្ម ធនធានមនុស្សសំខាន់ ដូចជា ព្រះតេជគុណធម្មវិបស្សនា សំ ប៊ុនធឿន មេដឹកនាំសហជីពសេរីកម្មករ លោក ជា វិជ្ជា សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី និងការសម្លាប់លោក បណ្ឌិត កែម ឡី និងសកម្មជនគណបក្សប្រឆាំង លោក លិម គិមយ៉ា ។
លោកថា៖ «លោកហ៊ុន សែន អត់ដែលអនុវត្តឲ្យបានត្រឹមត្រូវ តាមខ្លឹមសាររដ្ឋធម្មនុញ្ញទេ។ អាហ្នឹងបញ្ជាក់ថា គាត់ហួងហែងអំណាចបំផ្លិចបំផ្លាញជាតិ បំផ្លិចបំផ្លាញកម្ពុជា ដើម្បីតែទ្រព្យសម្បត្តិពូជពង្សវង្សត្រកូលគាត់ ដើម្បីតែការកាងទីនៅក្នុងអំណាចដ៏ឧក្រិដ្ឋរបស់គាត់តែប៉ុណ្ណឹង ហើយធ្វើឲ្យប្រជាពលរដ្ឋហ្នឹង រងគ្រោះមិនអស់មិនហើយនៅក្រោមអំណាចដឹកនាំទុច្ចរិតរបស់គាត់។ ថ្ងៃណាមួយប្រជាពលរដ្ឋហ្នឹង នឹងដកអំណាចគ្រួសារលោក ហ៊ុន សែន ដូចករណីអ្នកស្រី ហាស៊ីណា នៅបង់ក្លាដែស អត់យូរប៉ុន្មានទេ»។
យុទ្ធសាស្រ្តងើបមួយវាយមួយនេះ ត្រូវបានគេមើលឃើញថាលោក ហ៊ុន សែន បានប្រើចាប់តាំងពីពលរដ្ឋបោះឆ្នោតដកសេចក្តីទុកចិត្តយ៉ាងគំហុកនៅឆ្នាំ២០១៣ ហើយងាកទៅគាំទ្រគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំង ដែលធ្វើឱ្យគណបក្សប្រជាជនពេលនោះបាត់បង់អាសនៈក្នុងសភាចំនួន២២ និងឆ្នាំ២០១៧ បាត់បង់អាសនៈឃុំសង្កាត់ជិតកណ្តាលប្រទេស ។
ប៉ុន្តែនៅពេលដឹងថាខ្លួនប្រឈមនឹងបាត់បង់អំណាច មេដឹកនាំបក្សប្រជាជន បានប្រើយុទ្ធសាស្ត្រងើបមួយវាយមួយជាចំហ ដូចករណីរំលាយគណបក្សសង្ក្រោះជាតិ ចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ ចាប់សកម្មជនដីធ្លី សិទ្ធិមនុស្សតាមទំនើងចិត្ត។
បញ្ហានេះ អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់និយាយថា តុលាការត្រូវបានបក្សប្រជាជនប្រើជាប្រព័ន្ធ ដើម្បីកំចាត់សំឡេងជំទាស់ បំពានលើគោលការណ៍សិទ្ធិមនុស្សជាសកល និងរដ្ឋធម្មនុញ្ញ។
ជុំវិញបញ្ហានេះ កាលពីដើមខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើកទី៥៧ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិធិត មុនថាប៊ន បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំង និងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យ ។
លោក វិធិត មុនថាប៊ន បានរិះគន់ចំៗថា ការផ្ទេរអំណាចនៅកម្ពុជានៅឆ្នាំ២០២៣ ធ្វើឡើងតែនៅក្នុងក្រុមគ្រួសារ ដែលថានេះ គឺជាការបន្តក្តោបក្តាបអំណាច ដោយគ្មានលក្ខណៈប្រជាធិបតេយ្យនិងតម្លាភាព។
លទ្ធផលនៃយុទ្ធសាស្ត្រងើបមួយវាយមួយជិត១០ឆ្នាំទៅនេះ ត្រូវបានគេមើលឃើញថា កម្ពុជាបានក្លាយជម្រកក្រុមឧក្រិដ្ឋជន ចាប់ជំរិត បទឧក្រិដ្ឋឆបោក គ្រឿងញៀន។
បញ្ហានេះ បន្សល់ទុកជនរងគ្រោះរាប់លាននាក់ រួមទាំងអ្នករងគ្រោះរាប់ម៉ឺននាក់ ចាញ់បោកក្រុមឧកញ៉ាស្និទ្ធនឹងមេដឹកនាំ ហើយថា បន្ទាត់នយោបាយនេះ ពលរដ្ឋច្រើនលាននាក់ទៀត នឹងបន្តរងគ្រោះ បើកម្ពុជាគ្មានមេដឹកនាំ ចេញពីការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ទេនោះ៕