ប្រជាពលរដ្ឋរស់នៅផ្លូវជាតិលេខ៥៥ នៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ អះអាងថា អាជ្ញាធរស្រុក បានចុះទៅបង្ខំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ឱ្យផ្តិតមេដៃទទួលយកគោលនយោបាយដោះដូរដីទៅតំបន់ផ្សេង ដោយព្រមានថា នឹងយកគ្រឿងចក្រទៅឈូសឆាយផ្ទះពួកគាត់ បើមិនព្រមចាកចេញឱ្យបានមុនថ្ងៃឱសាទមកដល់ទេនោះ។
កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តពោធិ៍សាត់ បានដាក់ឱសានវាទជាថ្មី ដោយតម្រូវឱ្យប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារ រស់នៅតំបន់ភ្នំ១៥០០ ផ្លូវអន្ទង់អាំង រុះរើផ្ទះ និងសំណង់ផ្សេងៗចេញពីដីនោះ ក្នុងអំឡុងពេល ១៥ថ្ងៃ ឬឱ្យបានមុនថ្ងៃទី១៩ ខែមីនា ដោយអាជ្ញាធរអះអាងថា ដីនោះ ជាដីតំបន់អភិរក្សបៃតង។
អ្នកស្រី ឡុង លីមី ពលរដ្ឋរស់នៅឃុំអន្លង់រាប ស្រុកវាលវែង បានឱ្យដឹងនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥នេះថា ស្របពេលដែលថ្ងៃឱសានវាទជិតមកដល់ ពោលគឺក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរស្រុក និងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដោយបង្ខំឱ្យផ្តិតមេដៃទទួលយកសំណងគោលនយោបាយ ជាថ្នូរការចាកចេញពីដីដែលអាជ្ញាធរថាជាតំបន់អភិរក្ស។
តែយ៉ាងណា អ្នកស្រីថា ប្រជាពលរដ្ឋ មិនទទួលយកគោលនយោបាយនោះទេ ដោយសារពួកគាត់រស់នៅទីនោះជាយូរឆ្នាំមកហើយ ហើយដីរបស់ពួកគាត់រស់នៅក៏មិនស្ថិតនៅក្នុងតំបន់អភិរក្សអន្ទង់អាំងនោះដែរ នេះបើតាមអនុក្រឹត្យដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី។ ចំណែក ទីតាំងថ្មីដែលរដ្ឋរៀបចំឱ្យពលរដ្ឋ ជាថ្នូរនឹងការដោះដូរនោះ ក៏នៅឆ្ងាយជាងទីតាំងចាស់ប្រមាណជាង៣០គីឡូម៉ែត្រ និងជាតំបន់ព្រៃដាច់ស្រយាល ដែលពួកគាត់មិនអាចប្រកបរបរចិញ្ចឹមជីវិតបាន ស្របពេលដែលគ្រួសារអ្នកស្រីក៏កំពុងជាប់បំណុលផងដែរ។
អ្នកស្រីនិយាយថា៖ «ខ្ញុំអត់ដែលទៅមើលទៅស្គាល់អីទេ[ទីតាំងថ្មីនៅភូមិប្រម៉ោយ] ដីនៅកន្លែងហ្នឹងគឺដូចជា អាចនិយាយបានថា ដីដូចជាមានព្រៃមានអី ហើយឱ្យពួកខ្ញុំទទួល ទៅរស់នៅកន្លែងណា ហើយដាច់ស្រយាល ខ្ញុំរកស៊ីអីគេ? ខ្ញុំរស់នៅកន្លែងនេះដោយសារមានផ្លូវជាតិអាចលក់រកស៊ីបាន ហើយដីពួកខ្ញុំរស់នៅនេះសំខាន់ជាភូមិករចាស់ ហើយពួកខ្ញុំទិញសាងសង់តពីគេមកទេ ទិញពីគេមករាប់ឆ្នាំហើយ ១០ឆ្នាំហើយ មានក្រដាសមានអីត្រឹមត្រូវបានហ៊ានសាងសំណង់រឹងម៉ាំ ហើយផ្ទះខ្ញុំមិនមែនឈើ៤ជ្រុងដែលអាចរើមួយថ្ងៃហើយណាបង ហើយឱ្យខ្ញុំទទួលយកម៉េចបាន បើខ្ញុំនៅតំបន់ខុស ខ្ញុំចាកចេញពីដើមមកហើយ ខ្ញុំមិនមែននៅរីងរៃ នៅសៅកែដល់រាល់ថ្ងៃនេះទេ»។
ពលរដ្ឋនៅឃុំអន្លង់រាបម្នាក់ទៀត អ្នកស្រី សែម សុធា បានលើកឡើងដែរថា បើទោះជាថ្ងៃឱសានវាទបានមកដល់ក្នុងរយៈពេលពីរបីថ្ងៃទៀត ហើយអាជ្ញាធរចុះទៅគំរាមកំហែងយ៉ាងណាក៏ដោយ ក៏ពួកគាត់មិនព្រមចាកចេញទៅកាន់ទីតាំងថ្មីនោះដែរ ដោយសារតែពួកគាត់មិនមែនរស់នៅក្នុងតំបន់អភិរក្សដូចអាជ្ញាធរចោទប្រកាន់។
អ្នកស្រីបន្តថា៖ «ដោយសារដីខ្ញុំនេះមានប្លង់កម្មសិទ្ធិហើយ ហើយមានធនាគារទទួលស្គាល់ ការវាយតម្លៃអចលនទ្រព្យក្នុងការខ្ចីលុយ ហើយខ្ញុំមានលិខិតសព្វគ្រប់បែបយ៉ាង នៅពេលដែលខ្ញុំទិញដីទិញអីគេ មានការទទួលប្រាក់ទិញលក់អីខ្ញុំមានគ្រប់បែបយ៉ាង អីចឹងខ្ញុំអត់រស់នៅខុសច្បាប់ទេ ចឹងសុំកុំបណ្តេញខ្ញុំឱ្យចាកចេញពីកន្លែងដែលខ្ញុំកាន់កាប់អាស្រ័យផលសព្វថ្ងៃហ្នឹង សុំប៉ុណ្នឹង ហើយសុំសំណូមពរដល់ថ្នាក់ដឹកនាំ សូមជួយដោះស្រាយកាត់ឆ្វៀល ហើយចុះពិនិត្យពីការជាក់ស្តែង ហើយប្រជាជនទាំងអស់ គាត់កំពុងតែមានទុក្ខ រងភាពអយុត្តិធម៌ហើយគាត់ដេកឈឺចាប់ មកដល់ពេលនេះ ម៉ោងនេះអត់មានដំណោះស្រាយទាល់តែសោះ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា និងអភិបាលស្រុកវាលវែង លោក ធាង ឡេង បានទេ។
កាលពីថ្ងៃទី០៦ ខែមិនា ក្រុមតំណាងប្រជាពលរដ្ឋប្រមាណ២០នាក់ រស់នៅក្បែរតំបន់អន្ទង់អាងនេះ ក៏បាននាំគ្នាឡើងមករាជធានីភ្នំពេញ ដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ ដើម្បីសុំការអន្តរាគមន៍ឱ្យមានដំណោះស្រាយរឿងដីធ្លី ដោយកាត់ឆ្វៀលដីឱ្យពលរដ្ឋ និងជួយជំរុញទៅតុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ទៅលើពលរដ្ឋម្នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ ដោយសារតែរងការចោទប្រកាន់រឿងដីធ្លីនេះដែរ។
ក្រសួងយុត្តិធម៌ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ចុះថ្ងៃទី១៦ ខែមិនា បានគូសបញ្ជាក់ថា ក្រសួងបានទទួលពាក្យបណ្តឹងពីបុគ្គលឈ្មោះ សែម សុខគា ជុំវិញការស្នើអន្តរាគមន៍រឿងជម្លោះដីធ្លីនៅតំបន់អន្ទង់អាំង ឬភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់នេះហើយ ហើយក្រសួងបាននិងកំពុងធ្វើការពិនិត្យស្រាវជ្រាវករណីនេះ។ ក្រសួងបន្តថា ដើម្បីភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងចំណាត់ការរឿងនេះ ក្រសួងនឹងចាត់ក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់បន្ថែមនៅទីតាំងជាក់ស្តែង ក៏ដូចជាជួបផ្ទាល់ជាមួយម្ចាស់ដើមបណ្តឹង ព្រមទាំងភាគីដែលមានការពាក់ព័ន្ធ និងស្រាវជ្រាវករណីនេះឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីជាធរមាន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ដែលតាមដានរឿងដីធ្លីនេះ មានប្រសាសន៍ថា សមាគមគាំទ្រការអភិរក្ស និងការអភិវឌ្ឍរបស់រដ្ឋាភិបាល ប៉ុន្តែចង់ឱ្យការអភិរក្ស និងការអភិវឌ្ឍនោះ ទទួលបានទាំងអស់គ្នា ស្របទៅតាមលិខិតបទដ្ឋានគតិយុត្តិ។
លោកបន្តថា ចំពោះបញ្ហាដីធ្លីនេះ អាជ្ញាធរមិនបានកំណត់ទីតាំង និងមានឯកសារច្បាស់លាស់ថា ដីនៅចំណុចណាដែលជាដីអភិរក្ស ដើម្បីឱ្យប្រជាពលរដ្ឋអស់ចិត្ត និងអាចរុះរើចេញបាន ប៉ុន្តែបែរជាប្រជាពលរដ្ឋមាន សជណ ពីទីស្តីការគណៈរដ្ឋមន្ត្រី ដែលថាពួកគាត់មិនបានរស់នៅក្នុងតំបន់អភិរក្សអន្ទង់អាំងដូចអាជ្ញាធរខេត្តចោទពួកគាត់ទៅវិញ។
លោកបន្តថា៖ «យើងមិនចង់ឃើញការអភិវឌ្ឍ ការអភិរក្សដែលធ្វើឱ្យប្រជាពលរដ្ឋទឹកភ្នែកទឹកសម្បោរទេ ការអភិវឌ្ឍគឺយើងធ្វើដើម្បីទាំងអស់គ្នា ការអភិរក្សក្តី ការអភិវឌ្ឍក្តី ត្រូវធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយត្រេកត្រអាលនឹងការអភិរក្ស ការអភិវឌ្ឍនេះ តែដល់ពេលការអភិរក្ស និងការរៀបចំនៅតំបន់ហ្នឹងវាអត់មាន ចឹងហើយដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើការតវ៉ាពីបញ្ហាហ្នឹង ចឹងយើងសំណូមពរសូមកុំឱ្យមានការទៅបណ្តេញ ទៅឈូសឆាយគាត់ សូមឱ្យយកឯកសារដែលមានតម្លៃជាផ្លូវការ ដែលមានតម្លៃលើ សជណ លេខ១១០១នេះ យកទៅបង្ហាញគាត់វិញ»។
ករណីនេះ លោក យិន ម៉េងលី អំពាវនាវដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ពិនិត្យលើលិខិតបទដ្ឋានគតិយុត្តិ និងមូលដ្ឋានច្បាប់ ហើយបន្តជជែកពិភាក្សាគ្នារកដំណោះស្រាយឡើងវិញ ជាជាងការបណ្តេញប្រជាពលរដ្ឋទាំងបង្ខំ ដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត។
លោកថា៖ «វាអត់មានចំណេញអីទេៗ ពាក់ព័ន្ធនឹងដាក់វិធានការ[បណ្តេញចេញដោយបង្ខំ] ទី១ វាប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្ទេចខ្ទីអស់ វានឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែក្រទៅៗថែមទៀត ទី២ រូបភាពនៃការបំផ្លិចបំផ្លាញនោះ ប្រសិនបើកើតមាន ត្រូវបានថត ត្រូវបង្ហោះនៅបណ្តាញសង្គម ត្រូវបានយកទៅផ្សព្វផ្សាយផ្សេងៗទៀត វាធ្វើប៉ះពាល់ដល់រដ្ឋាភិបាល ជាពិសេសប៉ះពាល់ដល់មុខមាត់រដ្ឋបាលខេត្តពោធិ៍សាត់តែម្តង»៕