ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិរបស់ខ្លួន កាលពីថ្ងៃសុក្រ ដោយបញ្ចប់បុក្គលិកសំឡេងសហរដ្ឋអាមេរិក វីអូអេ ១៣០០នាក់ ខណៈវិទ្យុអាស៊ីសេរី និងអឺរ៉ុបសេរី ក៏ត្រូវប្រឈមមុខនឹងការបិទទ្វារដូចគ្នា ក្រោយពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ក្នុងការបន្តកាត់បន្ថយការចំណាយរបស់ការិយាល័យសហព័ន្ធ។
លោកស្រី ការី លែក (Kari Lake) ដែលជាទីប្រឹក្សាជាន់ខ្ពស់ នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ត្រូវបានកាសែត Fox News ស្រង់សំដីមកចុះផ្សាយ ដោយលោកស្រីនិយាយថា ការបន្តរុះរើដល់ប្រព័ន្ធផ្សព្វផ្សាយរបស់លោកប្រធានាធិបតី នៅពេលនេះ ព្រោះតែស្ថាប័នព័ត៌មានទាំងនោះ ផ្សាយមានភាពលម្អៀង ហើយវិទ្យុវីអូអេ បានដើរចេញឆ្ងាយពីគោលនយោបាយរបស់សហរដ្ឋអាមេរិក អស់ពេលជាច្រើនឆ្នាំមកហើយ។
ក្រោយមានការសម្រេច ពីការិយាល័យរបស់ប្រធានាធិបតី លោកស្រី បេយ៍ ហ្វាង(Bay Fang) ដែលជានាយិកាវិទ្យុអាស៊ីសេរី ប្រកាសជំហរក្នុងការតវ៉ាប្រឆាំងការផ្តាច់ជំនួយដោយការិយាល័យសហព័ន្ធនេះ។ ជាមួយគ្នានេះដែរ នាយកវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ លោក ម៊ីកគែល អាប់ប្រាមូវីត (Michael Abramowitz) បាននិយាយនៅលើបណ្តាញសង្គមថា ការសម្រេចចិត្តបិទទ្វារវិទ្យុ VOA ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នេះគឺជារឿងដែលគួរឱ្យសោកសៅបំផុត ក្នុងពេលវិទ្យុផ្សាយជាខេមរភាសាមួយនេះ បានបម្រើឱ្យគោលនយោបាយរបស់សហរដ្ឋអាមេរិក អស់ពេលប្រមាណ ៨៣ឆ្នាំទៅហើយ។
ដោយឡែក លោកស្រី បេយ៍ ហ្វាង វិញ និយាយថា វិទ្យុអាស៊ីសេរី ដែលមានបេសកកម្ម ២៩ឆ្នាំមកនេះ បានផ្តល់នូវព័ត៌មានជាច្រើន ដែលជួយទៅដល់អ្នកធ្វើគោលនយោបាយរបស់សហរដ្ឋអាមេរិកផង និងជាសារសម្រាប់ពិភពលោកផង ហើយលោកស្រី ថែមទាំងប្រដូចការផ្តាច់ជំនួយដោយរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ លើកនេះថា វាមិនខុសអីដូចការផ្តល់កាដូមួយដ៏ធំ សម្រាប់មេដឹកនាំគ្មានគុណធម៌ និងជនផ្តាច់ការនានា រួមទាំងបក្សកុម្មុយនីសចិននោះឡើយ។
ស្របពេលគ្នាមួយនេះ វិទ្យុអាស៊ីសេរី បានចេញផ្សាយអត្ថបទរបស់ខ្លួន ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញបទបញ្ជាប្រតិបត្តិ ដោយចាត់ទុកថា ការបង្គាប់ឱ្យកាត់បន្ថយផ្នែកនានា ដែលមិនចែងក្នុងច្បាប់ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយសាកល ហៅកាត់ថា USAGM ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាលសហព័ន្ធមួយ អាចនឹងធ្វើឱ្យស្ថាប័នព័ត៌មានមួយនេះ លែងដំណើរការ ក្រោយបទបញ្ជានេះចូលជាធរមាន។
សភាសហរដ្ឋអាមេរិក គឺជាអ្នកកំណត់ផ្តល់មូលនិធិដល់ទីភ្នាក់ងារ USAGM ដែលចែកចាយមូលនិធិបន្តដល់វិទ្យុអាស៊ីសេរី និងស្ថាប័នព័ត៌មានផ្សេងៗទៀត៕