ប្រជាពលរដ្ឋនៅតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់ ឱ្យដឹងថា សមត្ថកិច្ចស្លៀកពាក់ស៊ីវិលរាប់សិបនាក់ បានដាក់កម្លាំង និងគ្រឿងចក្រទៅកាន់ភូមិកររបស់ពួកគាត់ ដោយចាប់ខ្លួនពលរដ្ឋម្នាក់ ព្រមទាំងបានបំផ្លាញកាមេរ៉ាសុវត្ថិភាពនៅតាមខ្នងផ្ទះ ដកហូតទូរស័ព្ទពីពលរដ្ឋជាច្រើនគ្រឿង ដែលធ្វើឱ្យពួកគាត់កាន់តែបារម្ភពីសុវត្ថិភាពដោយការបណ្តេញចេញដោយបង្ខំ។
កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តពោធិ៍សាត់ បានដាក់ឱសានវាទ ដោយតម្រូវឱ្យប្រជាពលរដ្ឋចំនួន ២៤គ្រួសារ រស់នៅតំបន់ភ្នំ១៥០០ ផ្លូវអន្ទង់អាំង រុះរើផ្ទះ និងសំណង់ផ្សេងៗចេញពីដីនោះ ក្នុងអំឡុងពេល ១៥ថ្ងៃ ឬឱ្យបានមុនថ្ងៃទី១៩ ខែមីនា ដោយអាជ្ញាធរអះអាងថា ដីនោះ ជាដីតំបន់អភិរក្សបៃតង។ ជាមួយគ្នានោះ អាជ្ញាធរក៏បានព្រមានដែរថា បើសិនជាពលរដ្ឋមិនព្រមរុះរើផ្ទះចេញតាមថ្ងៃកំណត់ អាជ្ញាធរនឹងធ្វើការរុះរើ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយឡើយ។
ពលរដ្ឋនៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ អ្នកស្រី សែម សុធា ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមិនានេះ សមត្ថកិច្ចចម្រុះដែលស្លៀកឯកសណ្ឋានស៊ីវិល បានយកគ្រឿងចក្រទៅដល់ភូមិកររបស់ពលរដ្ឋ និងបានបំផ្លាញកាមេរ៉ាសុវត្ថិភាពដែលពួកគាត់បានដាក់តាមផ្ទះ ផ្តាច់អគ្គិសនី ព្រមទាំងដកហូតទូរស័ព្ទមួយចំនួនពីពលរដ្ឋ។
អ្នកស្រីបន្តថា សកម្មភាពរបស់អាជ្ញាធរ បង្ហាញពីការត្រៀមរុះរើផ្ទះពលរដ្ឋ បណ្តេញចេញពីលំនៅឋានទាំងបង្ខំ ទាំងដែលពលរដ្ឋបានរស់នៅលើដីនោះជាង១០ឆ្នាំមកហើយ និងស្ថិតនៅក្រៅតំបន់អភិរក្ស
អ្នកស្រីនិយាយថា៖ «ប្រជាជនផ្សេងទៀតហ្នឹងគាត់មានការភ័យខ្លាច ដូចជាទ្រហោយំតាមប្រព័ន្ធទូរស័ព្ទ ប៉ុន្តែគាត់ក៏មានការស្លន់ស្លោពេលនេះ មានការឈឺចាប់ខ្លាំងណាស់ សម័យនេះហើយ ជាងសម័យជំនាន់ប៉ុលពតទៀត ខ្លាំងជាងសម័យប៉ុលពតទៀត អាពតបើកគេសម្លាប់ក៏គេអត់កម្ទេចផ្ទះដែរណា តែនេះអត់សម្លាប់ទេ តែកម្ទេចផ្ទះ[…] បើសិនជារដ្ឋយកមែន រដ្ឋគួរតែដោះស្រាយគោលនយោបាយណាឱ្យប្រជាជនឱ្យសមស្រប ហើយអាចទទួលយកបាន ដែលគាត់រស់នៅទីតាំងនេះយូរហើយ ហ្នឹងបើរដ្ឋយកមែន ហើយក៏មិនចាំបាច់ធ្វើអីជាអាថ៌កំបាំងចឹងដែរ»។
ពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ ដោយសារបារម្ភពីសុវត្ថិភាព បានឱ្យដឹងដែរថា ក្នុងកំឡុងពេលអាជ្ញាធរដាក់កម្លាំងរុះរើនេះ សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋម្នាក់ ឈ្មោះ សេន ថាយ អាយុ ៣០ឆ្នាំ ដោយពុំដឹងថាយកទៅណានោះទេ។ ពលរដ្ឋរូបនេះ បន្តថា ពលរដ្ឋកំពុងមានការភ័យខ្លាច និងបារម្ភពីសុវត្ថិភាព ខណៈអាជ្ញាធរដាក់កំហិតឱ្យពលរដ្ឋផ្តិតមេដៃទទួលយកគោលនយោបាយដីធ្លីនៅទីតាំងថ្មី និងត្រូវរុះរើផ្ទះឱ្យអស់ នៅថ្ងៃទី១៩ ខែមិនាស្អែក។
ពលរដ្ឋរូបនេះនិយាយថា៖ «អ្នកខ្លះក៏គាត់ជម្លៀសខ្លួន អ្នកខ្លះទៀតក៏នៅក្នុងផ្ទះ គេមិនឱ្យគាត់ទៅណា ហើយផ្ទះខ្លះទៀតគេត្រូវស្ទូចខ្លះអីខ្លះ គេមានការគំរាមកំហែងបង្ខិតបង្ខំ ហើយធ្វើឱ្យអ្នកខ្លះទៀតមានការភ័យខ្លាច ចាប់ខ្លួនពូខ្ញុំទៅមួយហើយ ចឹងធ្វើឱ្យមានការភ័យខ្លាច»។
ពលរដ្ឋរស់នៅក្បែរផ្លូវអន្ទង់អាំងម្នាក់ទៀត អ្នកស្រី ភិន ផល្លា មានប្រសាសន៍ទាំងទឹកភ្នែកថា សមត្ថកិច្ចបានដាក់កម្លាំងរាប់សិបនាក់ ទៅយាមកាមនៅតាមខ្នងផ្ទះពលរដ្ឋ ដោយមិនឱ្យពលរដ្ឋចាកចេញទៅណានោះទេ គឺត្រូវនៅរុះរើសំណង់ចេញដីនោះជាបន្ទាន់។
អ្នកស្រីថា៖ «[កម្លាំងសមត្ថកិច្ច]នាំគ្នាមកចាត់វិធានការព្រោងព្រាតពេញទឹកពេញដី ឡានដង្ហែដូចនៅទីក្រុងភ្នំពេញចឹង ពួកខ្ញុំភ័យខ្លាច គ្មានអ្វីនឹងតស៊ូជាមួយនឹងកងកម្លាំងប្រដាប់អាវុធទេអូន ចឹងខ្ញុំមានតែសំណូមពរ ម្រាមដៃដប់សំណូមពរហើយសំណូមពរទៀត មេត្តាយោគយល់ដល់ខ្មែរដូចគ្នាទៅ»។
អ្នកស្រីនៅតែអះអាងថា ពួកគាត់មិនបានរស់នៅលើដីរដ្ឋខុសច្បាប់ ឬទៅរុករានដីព្រៃតំបន់ការពារខុសច្បាប់ដូចការចោទរបស់អាជ្ញាធរនៅឡើយ គឺពួកគាត់បានទិញដីនោះតពីគេ និងមានការទទួលស្គាល់លិខិតទិញលក់ពីអាជ្ញាធរមូលដ្ឋាន។
ករណីនេះ អ្នកស្រីអំពាវនាវជាថ្មីទៀត ដល់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋ ហើយទុកពេលឱ្យពលរដ្ឋរុះរើដោយខ្លួនឯង ព្រមទាំងដោះលែងពលរដ្ឋម្នាក់ឈ្មោះ សេន ពិសី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយសាររឿងដីធ្លីនេះផងដែរ។
ពលរដ្ឋម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះនិងសំឡេង បានបញ្ជាក់ដែរថា គ្រួសាររបស់គាត់បានសម្រេចទទួលយកសំណងទាំងបង្ខំហើយ ដោយបារម្ភខ្លាចសមត្ថកិច្ចចាប់ខ្លួន និងប្តឹងផ្តល់ពួកគាត់ទៅតុលាការ។
តែយ៉ាងណា អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា មានប្រសាសន៍ថា ដីនៅតំបន់ដែលត្រៀមចាត់វិធានការរុះរើនោះ ជាដីតំបន់អភិរក្ស ដែលមិនអនុញ្ញាតឱ្យពលរដ្ឋបន្តរស់នៅបានទៀតឡើយ។
លោកបន្តថា នៅតំបន់អន្ទង់អាំងនោះ មានពលរដ្ឋសរុបចំនួន ៩៨គ្រួសារ ដែលបានតាំងទីលំនៅដោយមិនស្របច្បាប់នៅទីនោះ ហើយក្នុងនោះមានពលរដ្ឋជាង៦០គ្រួសារហើយ បានយល់ព្រមទទួលយកគោលនយោបាយរបស់រដ្ឋាភិបាល ទៅកាន់ទីតាំងថ្មីនៅឃុំប្រម៉ោយ ដែលរដ្ឋបានរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ជូនពួកគាត់ហើយ គឺនៅសល់តែ ២៤គ្រួសារនេះ ដែលមិនព្រមចាកចេញ។
អភិបាលខេត្តរូបនេះ បន្តថា អាជ្ញាធរបានជូនដំណឹងដល់ពលរដ្ឋជាង២០គ្រួសារនោះ ចំនួន ៣ដងមកហើយទៅតាមនីតិវិធីច្បាប់ ហើយពេលនេះដល់ពេលអនុវត្តច្បាប់ ដែលពួកគាត់ត្រូវតែរុះរើចេញ ដោយមិនមានការយោគយល់ទៀតទេ។
លោកថា៖ «ហើយដីមុនគេឱ្យ រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក និងដីកម្មសិទ្ធិស្របច្បាប់ យើងបានរៀបចំរួចជាស្រេចហើយ តែក្រុមគាត់មួយក្តាប់តូចនេះគាត់មិនចូលរួមជាមួយទេ គាត់មិនចូលរួម គាត់ជឿម៉ែឪគាត់នៅអាស៊ីសេរីនោះ អ្នកអុជអ្នកញុះញង់ឱ្យខ្លួនវិនាសអន្តរាយហ្នឹង គាត់ជឿ តែអ្នកដែលគេខំប្រឹងជួយគាត់ គាត់អត់បានចូលរួមចំណែកជាមួយទេ ហើយគាត់កំពុងតែបំភ្លៃ បង្ហោះលើបណ្តាញសង្គម បំភ្លៃការពិតច្រើន»។
ពាក់ព័ន្ធនឹងករណីដីធ្លីនេះដែរ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៨ ខែមិនានេះ ដោយបង្ហាញក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការដាក់ឱសានវាទនិងការត្រៀមគ្រឿងចក្រសម្រាប់ការបណ្តេញប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អន្ទង់អាំង(ភ្នំ១៥០០) ដែលរដ្ឋាភិបាលបានកំណត់ទុកថា រៀបចំតំបន់នេះ ឱ្យទៅជាតំបន់បៃតងឡើងវិញ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមាគមអាដហុក យល់ឃើញថា ចំណាត់ការនេះ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ គួរតែចុះទៅជួបប្រជាពលរដ្ឋនៅតំបន់កើតហេតុនោះ ដើម្បីសាកសួរ ប្រមូលព័ត៌មានបន្ថែមទៀត ពីហេតុផលដែលប្រជាពលរដ្ឋមិនព្រមចាកចេញ និងសិក្សាឈ្វេងយល់ ស្តាប់កង្វល់ពីពួកគាត់ ល្អជាជាងការដាក់ឱសានវាទក្នុងការបណ្តេញចេញ ដែលអាចធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។
សមាគមនេះ នៅតែទទូចស្នើដល់អាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល គួរធ្វើការពិចារណាឡើងវិញ ដោយប្រើប្រាស់យន្តការចរចា សម្របសម្រួលជាមួយប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បីទទួលបានការអភិរក្ស ការសាទរ និងការចូលរួមពីប្រជាពលរដ្ឋ។
អ្នកនាំពាក្យសមាគមអាដហុក លោក យិន ម៉េងលី ដែលតាមដានករណីនេះ ឱ្យដឹងថា បច្ចុប្បន្ន ស្ថានភាពនៅភូមិក្រហម ឃុំអន្លង់រាបនេះ កំពុងមានភាពតានតឹងខ្លាំង ខណៈសមត្ថកិច្ចបានដាក់កម្លាំង និងគ្រឿងចក្រត្រៀមរុះរើផ្ទះរបស់ពលរដ្ឋដែលមិនព្រមចាកចេញ។
ករណីនេះ លោកបានស្នើយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចបញ្ចៀសការប្រើហិង្សា ការឈូសឆាយបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋ ហើយបន្តការចរចា ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងថ្មី ឱ្យបានរៀបរយ មុននឹងឱ្យពលរដ្ឋចាកចេញពីដីលំនៅឋានចាស់។
លោកថា៖ «យើងនៅតែទទូចសុំឱ្យជៀសវាងឱ្យខានតែបាន នូវការប្រើប្រាស់អំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទីបំផុតប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់ ដែលកំពុងតែទាក់ទងទៅនឹងធនាគារ ជំពាក់ធនាគារ។ ហើយបញ្ហាសំខាន់ គឺអំពើទាំងអស់នេះ ឬសកម្មភាពទាំងអស់នេះ លេចបែកចេញទៅ វានឹងមើលឃើញនូវភាពរំលោភសិទ្ធិមនុស្ស ឃើញនូវអំពើដែលអាក្រក់មើលណាស់ ខ្ញុំចង់និយាយអាក្រក់មើលណាស់ បើសិនយើងយកគ្រឿងចក្រទៅកាយបំផ្លាញទាំងអស់ហ្នឹង ហើយវាប៉ះពាល់ដល់រដ្ឋាភិបាលទៀត។ ចឹងសុំបន្តការចរចា សិក្សារកមូលហេតុពិតប្រាកដដល់ពួកគាត់ កុំបង្ខិតបង្ខំកុំគំរាមកំហែងពួកគាត់ ធ្វើឱ្យគាត់យល់អំពីសារសំខាន់ពីការអភិវឌ្ឍនេះ ហើយយកកង្វល់របស់ពួកគាត់មកសិក្សាថែមទៀត»។
បើតាមក្រុមប្រជាពលរដ្ឋ កន្លងមក អាជ្ញាធរបានចាប់ខ្លួនពលរដ្ឋម្នាក់ ឈ្មោះ សេន ពិសី ដោយចោទថារុករានដីតំបន់អភិរក្សដោយខុសច្បាប់ ហើយបច្ចុប្បន្នពលរដ្ឋរូបនោះកំពុងជាប់ឃុំនៅពន្ធនាគារ ខណៈពលរដ្ឋម្នាក់ទៀត ដែលត្រូវចាប់ខ្លួននៅថ្ងៃអង្គារនេះ មិនទាន់ដឹងថារងនូវការចោទប្រកាន់បែបណានៅឡើយ៕