ក្រុមអ្នកឃ្លាំមើលសង្គម ចាត់ទុកបណ្តឹងរបស់លោក សម រង្ស៊ី ប្រឆាំងមន្រ្តីជាន់ខ្ពស់២រូប ដែលជាមនុស្សស្និទ្ធរបស់លោក ហ៊ុន សែន ថាជាការបង្ហាញឱ្យឃើញពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនអាចជឿទុកចិត្តបាន ក្នុងពេលប្រព័ន្ធតុលាការនៅកម្ពុជា ធ្លាប់រងការរិះគន់ថាជាស្ថាប័នស្ថិតនៅក្រោមខ្សែញាក់របស់បក្សគ្រប់គ្រងអំណាច ដែលមិនអាចធានាបានពីឯករាជ្យភាពរបស់ខ្លួន ក្នុងការអនុវត្តនីតិវិធី។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា ការជ្រើសរើសផ្លូវការដើររបស់លោក សម រង្ស៊ី នៅពេលនេះ គឺជាវិធីដ៏ល្អ ហើយក៏ជាជម្រើសដែលគួរតែយកមកប្រើដែរ ដើម្បីទាមទារយុត្តិធម៌។លោកបន្តថា មូលហេតុដែលអតីតមេដឹកនាំជាន់ខ្ពស់របស់គណបក្សប្រឆាំង មិនប្តឹងករណីគប់គ្រាប់បែកដៃ កាលពីជិត៣០ ឆ្នាំទៅតុលាការនៅកម្ពុជានេះ បានផ្ញើសាររួចជាស្រេចហើយថា មន្រ្តីតុលាការនៅស្រុកខ្មែរ មិនអាចជឿទុកចិត្តបាន ក្នុងការស្វែងរកយុត្តិធម៌នោះឡើយ។
មួយវិញទៀត ការដែលលោក សម រង្ស៊ី ព្យាយាមបញ្ចេញឯកសារ ដែលជាតម្រុយនៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះ មានន័យថា ជាការបង្ហាញសាច់ដុំ នៃភស្តុតាងទៅភាគីក្នុងសំណុំរឿង ឱ្យឃើញថា អ្វីដែលលោកចោទប្រកាន់នេះ វាគឺជាការពិត។
លោកថា៖ «ដែលលោក សម រង្ស៊ី យកមកចាក់ឡើងវិញហ្នឹងដោយសារ ដោយសារចង់ប្រាប់ទៅភាគីដែលលោក ហ៊ុន សែន ចោទគាត់ថាចេះតែនិយាយមួលបង្កាច់រដ្ឋាភិបាលអីអញ្ចឹងទៅ។ ដូច្នេះ លោក សម រង្ស៊ី គាត់ថាគាត់មិនមួលបង្កាច់ទេ វាមានភស្តុតាង វាមានចម្លើយសារភាពរបស់អ្នកគប់គ្រាប់បែកហ្នឹង អញ្ចឹងហើយត្រូវចាក់ផ្សាយអាហ្នឹងជូនប្រជាពលរដ្ឋឱ្យបានស្តាប់ និងឱ្យបានជ្រាប់ទៅ។ អ្នកណាចូលមើល ហើយអ្នកណាតាមដានទៅដឹងថាអូ!រឿងហ្នឹងពិតជាការបញ្ជាដោយលោក ហ៊ីង ប៊ុនហៀង និងហ៊ុយ ពិសិដ្ឋ ហ្នឹងមែន »។
ការថ្លែងដូចនេះ របស់អ្នកឃ្លាំមើលកម្ពុជា ធ្វើឡើងមួយថ្ងៃមុន នៃតុលាការប្រទេសបារាំង កាត់ក្តីករណីគប់គ្រាប់ដៃ កាលពីជិត៣០ឆ្នាំមុន នៅថ្ងៃទី១៩ ខែមីនា ស្អែកនេះ។ លោក សម រង្ស៊ី ដែលជាម្ចាស់បណ្តឹងនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ បានលើកឡើងកាលពីថ្ងៃទី៨ ខែមីនាថា តុលាការប្រទេសបារាំង នឹងបើកសវនាការក្នុងសំណុំរឿងមនុស្សឃាត ក្រៅសំណាញ់ច្បាប់នេះ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ និងបញ្ចប់ទៅវិញ នៅថ្ងៃទី២១ ខែមីនា។
នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក សម រង្ស៊ី បានបញ្ចេញភស្តុតាងថ្មីបន្ថែមទៀត បន្ទាប់ពីភស្តុតាងដែលខ្លួនបានបញ្ចេញរួចហើយ ទាក់ទងការបំភ្លឺអ្នកប្រព្រឹត្តដ៏សកម្ម គឺឈ្មោះ គង់ សំរិទ្ធ ហៅ អាប្រេស៊ីល។ ភស្តុតាងបន្ថែមទៀតលើកនេះ ដែលលោក សម រង្ស៊ី ចាត់ទុកថាកាន់តែមានប្រយោជន៍ ក្នុងការផ្តល់សក្ខីកម្មដល់តុលាការប្រទេសបារាំង នៅថ្ងៃសវនាការនោះ គឺជនសង្ស័យក្នុងសំណុំរឿងនេះ បានសារភាពដោយឥតលាក់លៀមថា ខ្លួនគឺជាឃាតករស៊ីឈ្នួល ហើយត្រូវបាន លោក ហ៊ីង ប៊ុនហៀង ជួលឱ្យមកសម្លាប់ អ្នកធ្វើបាតុកម្ម ដែលដឹកនាំដោយលោក សម រង្ស៊ី នៅពេលនោះ។
តាមរយៈបទសម្ភាសន៍ដែលមានរយៈពេលជិត១ម៉ោង ដែលលោក សម រង្ស៊ី បានផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញថា ជនសង្ស័យម្នាក់ឈ្មោះ ជុំ ប៊ុនធឿន ក្នុងចំណោមមនុស្ស២នាក់ មានឈ្មោះ ឆាយ វី ម្នាក់ផង ជុំ ប៊ុនធឿន លើកឡើងថា ខ្លួនបានទទួលបញ្ជាក្នុងការអនុវត្តគប់គ្រាប់បែកដៃលើក្រុមបាតុករ ដោយផ្ទាល់ពីលោក ហ៊ីង ប៊ុនហៀង។
លោកថា៖ «ក្រោយពីជួបគាត់ហើយ និងដឹងថាជា ហ៊ីង ប៊ុនហៀង ហើយតើមានដឹងថាគាត់មានតួនាទីអ្វីដែរទេ? ខ្ញុំអត់មានដឹងគាត់មានតួនាទីអ្វីទេ ខ្ញុំអត់បានដឹងទេ។ ចុះមានគេប្រាប់ដែរទេ? មានគេប្រាប់ហ្នឹងហើយ ទើបបានដឹងថាគាត់ជា ហ៊ីង ប៊ុនហៀង មេអង្គរក្សរបស់លោក ហ៊ុន សែន » ។
ជិត៣០ឆ្នាំមកនេះ គណបក្សជំទាស់តែងរៀបចំពិធីរំលឹកខួបនៃសោកនាដកម្ម ក្នុងអំពើគប់គ្រាប់បែកដៃ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មិនដែលលោះពេលឡើយ។ ការវាយប្រហារកាលណោះ បានឆក់យកជីវិតមនុស្ស ចំនួន១៦នាក់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។ ជនរងគ្រោះទាំងនោះ ជាក្រុមបាតុករដើរតាមលោក សម រង្ស៊ី និងខ្លះទៀត ជាអ្នកដែលឈរក្បែរហ្វូងបាតុកម្ម។
លោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សជាតិខ្មែរ បានដឹកនាំបាតុកម្មដែលមានអ្នកចូលរួមប្រមាណ២០០នាក់ នៅក្បែរអគារដ្ឋសភាចាស់ ផ្នែកខាងកើតព្រះបរមរាជវាំង។ ភ្លាមៗនោះ ស្រាប់តែគ្រាប់បែក ៤គ្រាប់ ត្រូវបានជនអនាមិកបោះចូលក្នុងហ្វូងបាតុកម្ម។ ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅគ្រានោះ បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ក្នុងនោះមានទាំងលោក សម រង្ស៊ី ម្នាក់ផង។
ក្រៅពីជនរងគ្រោះទាំងនោះ ក៏មានលោក រ៉ន អាប់នី(Rong Abney) ដែលជានាយកវិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ IRI ម្នាក់ទៀតដែរ ត្រូវរងរបួសដោយអំពើគប់គ្រាប់បែកដៃនេះ។ ស្ថិតក្រោមហេតុផលនេះហើយ ដែលជំរុញឱ្យការិយាល័យស៊ើបអង្កេត របស់ប៉ូលីសសហព័ន្ធអាមេរិក ដែលហៅកាត់ថា អេហ្វប៊ីអាយ(FBI) លូកដៃក្នុងការស៊ើបអង្កេតរឿងក្តីមួយនេះឡើង។
ចំណែក វីដេអូ ដែលបែកធ្លាយនៅក្នុងបទសម្ភាសន៍ទាំងឈ្មោះ គង់ សំរិទ្ធ ហៅអាប្រេស៊ីល និងជនសង្ស័យ២នាក់ទៀត នៅក្នុងតម្រុយភស្តុតាងរបស់លោក សម រង្ស៊ី លើកនេះ ក៏ជាឃ្លីបវីដេអូដូចគ្នា ដែលបានមកពីការយកចម្លើយ នៃការធ្វើសម្ភាសន៍របស់ ប៉ូលីស អេហ្វប៊ីអាយ (FBI) ក្រោយហេតុការកើតឡើង។
សម្រាប់លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត ឯកភាពថា ភស្តុតាងគឺពិតណាស់វាគឺជារឿងដែលសំខាន់ នៅក្នុងសវនាការ ក្រៅពីសាក្សី និងភាពរឹងម៉ាំនៃរឿងក្តី។ ប៉ុន្តែលោកមិនយល់ស្របទេថា ការជំនុំជម្រះ ដោយតុលាការយុត្តិធម៌របស់ប្រទេសបារាំង វាជាការឆ្លុះបញ្ចាំងពីភាពយុត្តិធម៌ នៅក្នុងសំណុំរឿងនេះ។
លោក សេក សុជាតិ ក៏បដិសេធដែរថា ប្រសិនបើតុលាការប្រទេសបារាំង ផ្តល់ដំណោះស្រាយចុងក្រោយ ឱ្យភាគីនៅក្នុងសំណុំរឿងនេះ ជាពិសេសចុងចោទចាញ់ក្តី វាហាក់នឹងពិបាកទទួលយក ព្រោះតុលាការមិនបានបើកការស៊ើបអង្កេតឱ្យបានល្អិតល្អន់ និងស៊ីជម្រៅ។ ហេតុនេះ វាជារឿងដែលពិបាកនឹងជឿជាក់ថា តើសេចក្តីសម្រេចរបស់តុលាការ នៅក្នុងរឿងនេះ ឈរលើភាពត្រឹមត្រូវកម្រិតណាបាន។
លោកថា៖ «មើលទៅលទ្ធផលវាហាក់បីដូចជាមិនទាន់អាចយកធ្វើជាមូលដ្ឋានបាននោះទេ ដោយសារថាកិច្ចការជាច្រើនដែលកើតឡើងកន្លងមក ការកាត់ក្តីរបស់បរទេសមកលើជនជាតិខ្មែរ កើតឡើងនៅក្នុងស្រុកខ្មែរ លុះត្រាណាតែជាតុលាការអន្តរជាតិ ហើយបើត្រឹមតែជាតុលាការនៅស្រុកបារាំង ខ្ញុំមើលបញ្ហានេះ ហាក់បីដូចជាមិនទាន់មានបន្ទុកគ្រប់គ្រាន់ សម្រាប់ដាក់បន្ទុកទៅលើភាគីដែលពាក់ព័ន្ធនៅឡើយទេ » ។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្នើសុំការឆ្លើយតបពីលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ បានភ្លាមៗទេ ដោយទូរស័ព្ទ មិនអាចទាក់ទងបាននៅថ្ងៃនេះ។
តែយ៉ាងណា កាសែតក្នុងស្រុកធ្លាប់ចុះផ្សាយកាលពីឆ្នាំ១៩៩៧ ដោយស្រង់សំដីរបស់លោក ហ៊ីង ប៊ុនហៀង មេកងអង្គរក្សរបស់លោក ហ៊ុន សែន ដោយគំរាមផ្តាច់ជីវិតអ្នកកាសែតរូបណា ហ៊ានចុះផ្សាយថា អង្គរក្សរបស់អតីតនាយករដ្ឋមន្រ្តី មានជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ដោយអំពើបោកគ្រាប់បែកដៃនេះ។
បើទោះជាបែបណា គេសង្កេតឃើញថា បើគិតពីភស្តុតាងថ្មី២បន្ថែមទៀតនេះ គឺមានន័យថា នៅក្នុងរឿងក្តីគប់គ្រាប់បែកដៃ កាលពីជិត៣០ឆ្នាំមុននោះ លោក សម រង្ស៊ី មានតម្រុយនៃភស្តុតាងចំនួន៣ហើយ ក្នុងការផ្តល់ការដាក់បន្ទុកប្រឆាំង លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ។ ជនសង្ស័យទាំងបីនាក់ មានឈ្មោះ គង់ សំរិទ្ធ ជុំ ប៊ុនធឿន និងឈ្មោះ ឆាយ វី ពួកគេសុទ្ធបានផ្តល់សក្ខីកម្មដូចៗគ្នាថា អ្នកបញ្ជាឱ្យប្រព្រឹត្តអំពើល្មើសនេះ គឺជាមេកងអង្គរក្សរបស់លោក ហ៊ុន សែន។
ដោយឡែក លោកឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ត្រូវបានប៉ូលីសអេហ្វប៊ីអាយ បញ្ជាក់តាមការចេញផ្សាយរបស់កាសែត Washington Post កាលពីឆ្នាំ១៩៩៧ ថាកាលណោះខ្លួនគឺជាអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងការដាក់ពង្រាយកម្លាំង នៅជុំវិញការធ្វើបាតុកម្ម ដែលដឹកនាំដោយលោក សម រង្ស៊ី៕