ការរិះគន់បញ្ហាក្មេងទំនើង​និង​ចោរ​កម្ម​ក្រោម​ដំបូល​សន្តិភាព​រង​ការ​ព្រមាន

សារគំរាម​ងើប​មួយ​វាយ​មួយ ត្រូវ​បាន​គេមើ​លឃើ​ញ​ថា កំពុ​ង​ដុត​កំហឹង​ប្រជា​ពលរដ្ឋ ដែល​ថានឹង​គំរាម​ដល់​អំណាច​មេដឹក​នាំ​វិញ បើ​មិន​កែ​លម្អ ខណៈ​ថ្មីៗ​នេះ អ្នក​ផលិត​មាតិកា​ម្នាក់​ត្រូវបាន​មន្ត្រី​​ជំនាញ ហៅ​ទៅ​សួរ​នាំ​ជុំវិញ​ការ​បង្ហោះ​​សារ​និយាយ​ថា កំចាត់​ចោរ​ប្លន់​ឱ្យ​អស់​សិនទើប​ហៅ​ថា​សន្តិ​ភាព។

ការលើកឡើងនេះ ក្រោយ​សមត្ថកិច្ច​បាន​កោះ​ហៅ លោក ប៊ុន ផាក អ្នក​ផលិត​មាតិកា​តាម​បណ្តាញ​សង្គម​ឲ្យ​មក​បំភ្លឺ ពាក់​ព័ន្ធ​ការ​សរ​សេរ​រិះ​គន់​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ ក្នុង​ពេល​ថ្មីៗនេះ។

លោក ប៊ុន ផាក បានសរសេររិះគន់លើហ្វេសប៊ុ​ក​របស់ខ្លួន នៅថ្ងៃទី១៥ ខែ​មិនា ក្នុងន័យដើមថា៖ «កំចាត់ក្មេងទំនើង និង​ចោប្លន់ឱ្យអស់សិន ទើប​ហៅ​ថា សន្តិភាព»

១ថ្ងៃក្រោយមក ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ការកោះហៅអ្នកប្រើប្រាស់បណ្តាញសង្គមរូបនោះ ឱ្យមកបំភ្លឺចំពោះ​សំណេរ​រិះគន់​នេះ។

VOD បានព្យាយាមទាក់ទង លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរបាល​​ជាតិ លោក ឆាយ គឹម​ខឿន ដើម្បី​សុំ​ការ​ពន្យល់ប​ន្ថែម​តែគ្មាន​ការ​ឆ្លើយ​តប​នៅ​​​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់ថា រដ្ឋាភិបាលគ្រួសារហ៊ុនកំពុងភ័យខ្លាចការបញ្ចេញ​មតិ​របស់​ពលរដ្ឋ ទើបបន្តបង្រ្កាប​លើពលរដ្ឋដែលហ៊ានរិះ​​គន់ការដឹកនាំរបស់ខ្លួនបែបនេះ។

លោកថា៖ «ធម្មតាបើសិនជាយើងដឹកនាំល្អ ការដឹកនាំរបស់រដ្ឋាភិបាល​ មិនខ្លាចនូវការរិះគន់របស់​ប្រជាពលរដ្ឋទេ។ ប៉ុន្ដែមានតែការដឹកនាំមិនល្អទេ ដែលខ្លាចនូវការរិះគន់របស់ប្រជាពលរដ្ឋ អាហ្នឹងវាមិនខុស​អីពី​យើងលើកជាឧទាហរណ៍ថាបើយើងជាមនុស្ស យើងមិនខ្លាចនឹងដើរនៅ​ក្រោម​ពន្លឺព្រះអាទិត្យទេ។ តែ​ប្រសិន​បើ​យើង​ជា​ខ្មោច ជា​បិសាច​ប្រហែលជា​យើង​ខ្លាច​នូវ​ពន្លឺ​ព្រះ​អាទិត្យ យើង​មិនអាចប៉ះជាមួយនឹងពន្លឺព្រះអាទិត្យនៅកន្លែងភ្លឺបាន។ យើងចូលចិត្តទៅកន្លែងងឹត។ អ៊ីចឹង​ហើយ​បាន​ខ្ញុំគិត​ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​នូវ​ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាប​នា​ អាហ្នឹង​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែជា​អ្នក​ចំណេញ​ទៅ​វិញ​ទេ»។

ជាការកត់សម្គាល់ វិធានការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ហាក់ស៊ីគ្នា ទៅនឹងសារគំរាមរបស់ លោកហ៊ុន​ សែន ដែលថ្លែងជា​ចំហរពីយុទ្ធសាស្រ្ត ងើបមួយវាយមួយ។

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមីនា បានថ្លែងក្នុងពិធី​មួយក្នុង​រាជធានីភ្នំពេញ ដោយព្រមានលើអ្នករិះគន់​ថា យុទ្ធសាស្ត្រងើប​មួយវាយមួយនៅ​បន្តមិនដក​ដៃនោះ​ទេ ខណៈការដឹកនាំរបស់លោក រងការរិះគន់ថា​សម្លាប់ប្រជាធិបតេយ្យបំពានរដ្ឋធម្មនុញ្ញ ។

លោកថា៖«សុំប្រាប់ឱ្យហើយ យុទ្ធសាស្រ្តងើបមួយវាយមួយនៅបន្ត អត់ដកថយទេ ហែងរពឹសដៃតាមហ្វេសប៊ុកក៏អញ​តាម​យក​ហែង​ដែរ យកហែងមកសួរ ម៉េចហែងនិយាយចឹង»។

សម្រាប់ លោក សួន សូរីដា សង្កត់ធ្ងន់ថា ការបង្រ្កាបមតិ​រិះគន់បែបនេះ កំពុងដុតកំហឹងម្ចាស់ឆ្នោត​ឱ្យស្អប់​មេដឹកនាំ ព្រោះម្ចាស់​ឆ្នោតនឹងមិនហ៊ានបញ្ចេញ​មតិ​រិះគន់​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​អយុត្តិធម៌​នានា​ក្នុង​សង្គម។

លោកថា«ប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ឬក៏ប្រទេសអូស្ត្រាលី​នេះ​ក្ដី អ្នកដឹកនាំដែលល្អ​ឥ​តខ្ចោះ ដឹកនាំដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ​យ៉ាងម៉េច​ក៏ដោយ ក៏ដឹកនាំអត់ល្អឥតខ្ចោះទេ។ តែងតែមានកំហុស​ហើយ ប៉ុន្តែអាកំហុសរបស់គេហ្នឹង វាត្រូវបានកែប្រែ ​ដោយសារតែគេទទួលយក​នូវការរិះគន់ពី​ប្រជាពលរដ្ឋគេ បើសិនជាការដឹកនាំប្រទេសកម្ពុជា ហើយយើងមិនទទួលយកការរិះគន់ ហើយបែរជាគំរាម ឬក៏សម្លុត ឬក៏ចាប់​​ដាក់​គុក​ក្នុងស្ថាន​ភាព​ដែល​គេ​និយាយ​ក្នុង​ន័យ​ល្អ​ អាហ្នឹង​វា​ឆ្លុះ​បញ្ចាំង​អំពី​ការ​ដឹកនាំ​របស់​គាត់​បែប​ណាៗ ចំពោះ​ភ្នែក​មហាជន និងគំនិត​ និងដួងចិត្តរបស់​ប្រជាពលរដ្ឋទៅវិញ»

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម​ក្នុងជីវភាព​​នយោ​បាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួល​ការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ដោយឡែក មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ចាត់ទុកការកោះហៅលើអ្នករិះគន់​នេះ ជា​ការ​រឹត​ត្បិត​លើ​សេរីភាពបញ្ចេញ​មតិ បំពាន​រដ្ឋ​ធម្ម​នុញ្ញ ដែល​នឹង​ធ្វើ​ឱ្យ​អំពើ​អយុត្តិ​ធម៌សង្គមនឹងរាលដានកាន់តែច្រើន។

លោកថា៖ «បង្ហាញអំពីការរឹតត្បិតលើសេរីភាព​នៅក្នុងការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋហើយ។ វាអាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លែង​ហ៊ាន​បញ្ចេញ​មតិ​ ប្រជាពលរដ្ឋមានការភ័យខ្លាច ដោយ​សារ​តែ​មាន​ការ​រឹត​ត្បិត​ពី​សមត្ថកិច្ចបែបហ្នឹង។ ហើយខ្ញុំមើលឃើញថា យើងកំពុងតែដើរប្រាសចាកឆ្ងាយ​ពីគន្លងប្រជាធិបតេយ្យ សេរីភាពប្រជាពលរដ្ឋហ្នឹង ហើយដែលយើងថារដ្ឋធម្មនុញ្ញ​ យើងធានាអំពីសិទ្ធិសេរីភាពប្រជាពលរដ្ឋ និយាយអំពីដំណើរការ​ប្រជាធិបតេយ្យអី! បើ​សិន​ជាយើងធ្វើបែបហ្នឹង ខ្ញុំគិតថា នេះវាកាន់តែធ្វើឲ្យមានការប្រាស​ចាកអំពីគន្លងប្រជាធិបតេយ្យ ហើយកាន់តែបង្ហាញអំពីការរឹតត្បិតសេរីភាព​​កាន់តែមានលក្ខណៈខ្លាំងឡើងទៀត»។

អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch រកឃើញថា រយៈពេល១ឆ្នាំ នៃការឡើងកាន់អំណាច លោក ហ៊ុន ម៉ាណែត បន្តប្រើប្រព័ន្ធតុលាការជាឧបករណ៍គំរាមកំហែងឥតឈប់ឈរ ដើម្បីបំបិទមាត់អ្នករិះគន់ អ្នកនយោបាយជំទាស់ និងអ្នកការពារសិទ្ធិមនុស្ស ដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ ដូចឳពុករបស់ខ្លួន។

ប្រភពថា លោក ហ៊ុន ម៉ាណែត បានបរាជ័យពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមការសន្យាជាមួយសិទ្ធិមនុស្សអន្តរជាតិ(UN) ដោយបានគាបសង្កត់យ៉ាងខ្លាំងទៅលើលំហពលរដ្ឋ ការចូលរួមនយោបាយ និងសេរីភាពជាមូលដ្ឋានផ្សេងទៀតនៅឆ្នាំ២០២៤ ។

មួយវិញទៀត ការអនុវត្តច្បាប់ ការចាប់ខ្លួន និងការឃុំខ្លួន អ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល ធ្វើឡើងក្រោមហេតុផលនយោបាយ។

ដោយឡែកយុទ្ធសាស្រ្តងើបមួយវាយមួយរបស់ លោក ហ៊ុន សែន នេះ ត្រូវបានគេមើលឃើញ​ថា លោក ហ៊ុន សែន បានប្រើចាប់តាំងពីពលរដ្ឋ​បោះ​ឆ្នោតដក​សេចក្តីទុក​ចិត្ត​យ៉ាង​គំហុក​នៅ​ឆ្នាំ​២០១៣ ហើយងាកទៅគាំទ្រគណបក្សសង្គ្រោះជាតិ ​ជាគណបក្សប្រឆាំង ដែលធ្វើ​ឱ្យ​​គណបក្សប្រជាជន​​ពេល​នោះ បាត់​បង់​អាសនៈ​ក្នុង​សភា​ចំនួន​​២២ និ​ង​​​ឆ្នាំ​២០១៧ បាត់​បង់​អាសនៈ​ឃុំ​សង្កាត់​ជិត​កណ្តាល​ប្រទេស ។

ប៉ុន្តែនៅពេលដឹងថាខ្លួនប្រឈមនឹងបាត់បង់អំណាច មេដឹកនាំបក្សប្រជាជន បាន​ប្រើ​យុទ្ធ​សាស្ត្រ​​ងើប​មួយ​វាយមួយ​​ជាចំហ ដូចករណីរំលាយគណបក្សសង្គ្រោះ​ជាតិ ចាប់​មេបក្សប្រឆាំងដាក់​ពន្ធនាគារ ចាប់សកម្មជន​ដីធ្លី  សកម្មជនសិទ្ធិមនុស្ស និងអ្នកដែលហ៊ានរិះគន់​ពីការដឹកនាំរបស់​​លោកតាមទំនើងចិត្ត។

បញ្ហានេះ អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់​និយាយ​ថា តុលាការ​ត្រូ​វ​បាន​បក្ស​ប្រជាជន​ប្រើ​​ជា​ប្រព័ន្ធ ដើម្បីកំចាត់​សំឡេងជំទាស់ បំពានលើគោលការណ៍សិទ្ធិមនុស្សជាសកល និងរដ្ឋធម្មនុញ្ញ។

ជុំវិញបញ្ហានេះ កាលពីដើមខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាសិទ្ធិ​មនុស្សរបស់អង្គការ​សហ​ប្រជា​ជាតិ​ លើក​ទី​៥៧ អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ វិធិត​ មុន​ថាប៊ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​ បញ្ឈប់​ការបង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំង​ និង​រៀបចំ​ការបោះឆ្នោត​ដោយ​​សេរី ​ត្រឹមត្រូវ និង​យុត្តិធម៌​តាមគន្លង​ប្រជា​ធិប​តេយ្យ។​

លោក​ វិធិត​ មុន​ថាប៊ន បានរិះគន់ចំៗថា ​ការផ្ទេរអំណាច​នៅ​កម្ពុជា​​នៅ​ឆ្នាំ​​២០២៣ ​​ធ្វើ​ឡើង​តែ​នៅ​ក្នុង​​ក្រុម​​គ្រួសារ ​ដែល​ថា​នេះ ​គឺជា​ការបន្ត​ក្តោបក្តាប់​​អំណាច ដោយ​គ្មាន​លក្ខណៈ​​ប្រជាធិបតេយ្យ​​និង​តម្លាភាព​។

លទ្ធផលនៃយុទ្ធសាស្ត្រងើបមួយវាយ​មួយជិត១០ឆ្នាំទៅនេះ ត្រូវបានគេមើលឃើញថា កម្ពុជាបានក្លាយ​ជម្រ​ក​ក្រុមឧក្រិដ្ឋ​ជន ចាប់​ជំរិត បទឧក្រិដ្ឋឆបោក និង​គ្រឿងញៀន។

បញ្ហានេះ បន្សល់ទុកជនរងគ្រោះរាប់លាននាក់  រួមទាំងអ្នករងគ្រោះរាប់ម៉ឺននាក់ ចាញ់បោកក្រុមឧកញ៉ាស្និទ្ធនឹងមេដឹកនាំ ហើយថា បន្ទាត់នយោបាយនេះ ពលរដ្ឋច្រើនលាននាក់ទៀត​ នឹង​បន្ត​រង​គ្រោះ បើកម្ពុជាគ្មានមេដឹកនាំ ចេញ​ពី​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ និងយុត្តិធម៌ទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ