ការធ្វើឱ្យបាត់បង់ទឹកដីជាបទក្បត់​ជាតិ​តាម​មាត្រា៤៤០​នៃក្រមព្រហ្មទណ្ឌ

តំណាងរាស្ត្រគណបក្សង្គ្រោះជាតិ លោក អ៊ុំ សំអាន បន្តគាស់ក​កា​យបញ្ហាព្រំដែន រឿងកោះគុត និ​​​​ងប្រា​សាទ​តាមាន់​តូច​ដែល​ថៃ​កំពុង​គ្រប់​គ្រង ដោយ​សំអាង​ថា«ត្រកូល​ហ៊ុន​នឹង​ក្លាយ​ជា​ត្រកូល​ក្បត់​ជាតិ​ត​​ជំ​នាន់ ដូច​ត្រកូល​អភ័យ​វង្ស​បែន» បើ​មិ​ន​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ​ICJ ដើម្បី​ទាម​ទារ​មក​វិញ។

លោក អ៊ុំ សំអាន និយាយលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៨ ខែមិនានេះ ដោយដាក់ការសង្ស័យថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​ដែល​និយាយ​បញ្ហា​ប្រាសាទ​តាមាន់​តូច អាច​ជា​សារ​បង្ហាញ​ថា រដ្ឋាភិបាល​នេះ នឹង​ឈប់​ទាម​ទារ​យក​ប្រាសាទ​តាមាន់​តូច ដូច​ករណី កោះគុត​ដែរ។

លោកនិយាយក្នុងន័យដើមថា៖ «យើងមិនដែលឮរដ្ឋាភិបាលនិយាយថា ប្រាសាទតាមាន់តូចជារបស់កម្ពុជានោះទេ។ ប៉ុន្តែឆ្នាំ២០១១ រដ្ឋាភិបាលបានអះអាងថា ប្រាសាទតាមាន់តូច ស្ថិតក្នុងទឹកដីកម្ពុជា។ ឥឡូវនេះ ប្រាសាទតាមាន់តូចត្រូវបានថៃគ្រប់គ្រងទាំងស្រុង ហើយខ្មែរចូលមិនបានទេ។ លោក ហ៊ុន ម៉ាណែត ត្រូវតែបញ្ជាក់ថា ប្រាសាទតាមាន់តូចជារបស់កម្ពុជា»។

សម្រាប់លោក អ៊ុំ សំអាន ប្រសិនបើ លោក ហ៊ុន ម៉ាណែត នឹងកាត់ប្រាសាទ​តាមាន់តូច​ឱ្យ​ថៃ​នោះ ត្រកូលហ៊ុ​ន​នឹងក្លាយជាត្រកូលក្បត់ជាតិ តជំនាន់ដូចត្រកូលអភ័យវង្សបែនដែរ។

ស​ម្រាប់លោក អ៊ុំ សំអាន ប្រាសាទតាមាន់តូចបានសាងសង់ឡើងនៅចុងសតវត្សទី១២ និង​ដើម​សតវត្ស​ទី​១៣ ក្នុងរាជ​​ព្រះបាទព្រះបាទជ័យវរ្ម័នទី៧។

ក្នុងសម័យសង្រ្គាមស៊ីវិលទសវត្សទី៨០ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបា​ន​​គ្រ​ប់គ្រងដោយរណៈសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន ហើយគ្មានវត្តមានទាហាន​ថៃ​នៅ​​ប្រា​សាទ​ទាំង​៣នេះ​នោះទេ។

លោកថា សព្វថ្ងៃនេះ ថៃមិនគ្រាន់តែគ្រប់គ្រងកោះគុតរបស់ខ្មែរនោះទេ ថៃថែមទាំងកំពុងគ្រប់គ្រងរួមជាមួយខ្មែរនៅ​ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងថៃកំពុងគ្រប់គ្រងប្រាសាទតាមាន់តូចទាំងស្រុង។

ហេតុនេះ រដ្ឋាភិបាលកម្ពុជា ត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិទីក្រុងឡាអេ ករណីកោះគុត ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច និងប្រាសាទតាក្របី។

បើបន្តចរចាទ្វេភាគី តទៅទៀត កម្ពុជានឹងបាត់បង់កម្មសិទ្ធិរបស់ខ្លួននៅលើកោះគុត បាត់បង់ប្រាសាទតាមា​ន់​តូចទាំងស្រុង បាត់បង់យ៉ាងហោចពាក់កណ្តាលប្រាសាទតាមាន់ធំ ឬបាត់បង់ទាំងស្រុងនិងបាត់បង់យ៉ា​ង​ហោចពាក់កណ្តាលប្រាសាទតាក្របី ឬបាត់បង់ទាំងស្រុង។

លោក អ៊ុំ សំអាន ឱ្យដឹងបន្ថែមថា ការមិនប្រើយន្តការអន្តរជាតិ ដើម្បីទប់ស្កាត់បរទេសឈ្លាន​ទឹក​ដី​​ជា​កំហុ​​​ស​ធ្ងន់​ធ្ងររបស់​មេដឹក​នាំ​ពាក់​ព័ន្ធ​នឹង​ទោស​ក្បត់​ជាតិ។

លោកថា៖ «ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គ្មានឆន្ទៈក្នុងការទាមទារយកកោះគុតនិងប្រាសាទតាមាន់តូចទេ ព្រោះដោយសារកោះគុត និងប្រាសាទតាមាន់តូចហ្នឹង គឺត្រូវថៃគ្រប់គ្រងទាំងស្រុង១០០ភាគរយហើយ គាត់យល់ថាបើទាមទារក៏មិនបានដែរ ព្រោះចរចាទ្វេភាគីធ្វើម៉េចទាមទារបាន បើថៃគេគ្រប់គ្រងទាំងស្រុងហើយហ្នឹង»។

ចំណែក ប្រធានក្រុមប្រឹក្សា​​ឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​ថា មេដឹកនាំ​ប្រទេស​​ដែល​មិនប្រើ​ជម្រើ​ស​​ចាំបាច់ ដើម្បីការពារទឹកដី ប្រៀប​បាន​នឹង​បើក​ដៃ​ឱ្យ​បរទេស​ជិត​ខាង​បន្ត​គឃ្លើន​ឈ្លាន​ពាន​ទឹកដី​កំ​ណើ​ត​ខ្លួន ដែលថានេះ ជាសោកនាដ្ឋកម្មជាតិ ជាងសម័យណាៗទាំងអស់។

លោកថា៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏ដោយ លោក ហ៊ុន សែន ក៏ដោយហ្នឹង​ ឪពុកកូនគាត់ហ្នឹងកំពុង​តែធ្វើដំណើរទៅកាន់ជាអ្នកក្បត់ជាតិ​កាន់ប្រវត្តិសាស្ត្រនៅថ្ងៃក្រោយ ឲ្យតែមិនព្រមដោះស្រាយរឿងហ្នឹងឲ្យត្រឹមត្រូវជូនជាតិ ជូនកម្ពុជាទេ នឹង​ធ្លាក់ខ្លួនក្លាយជាជនក្បត់ជាតិ ជាប្រវត្តិសាស្ត្រ​នៅថ្ងៃក្រោយហើយ ហើយ​កុំបន្ទោសគេ​ឱ្យ​សោះ»។

យ៉ាងណា នៅក្នុងពិធីមួយនៅក្នុងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែមីនានេះ លោក​ ហ៊ុន សែន ប្រធានគ​ណ​បក្សប្រជាជនកម្ពុជា បានបង្ហាញឆន្ទៈ​បន្ត​ប្រើ​យន្តការ​ទ្វេ​ភាគី ទោះធ្លាប់ចរចា​ជាង​២៤ឆ្នាំ​មិនទាន់រកច្រ​ក​ចេ​ញរួចក្តី។

លោកបញ្ជាក់ថា មេដឹកនាំកម្ពុជាមិនដែលបោះបង់ឆន្ទៈការពារទឹកដីរបស់ដូនតានោះទេ គ្រាន់តែរកវិធីសាស្រ្ត​ចរចា​យ៉ាងណា​ ដើម្បីកុំឱ្យមានបញ្ហាជម្លោះ ឬសង្រ្គាមជាមួយប្រទេសជិតខាងប៉ុណ្ណោះ។

លោកថា៖ «សម្តេចពុក​កុំភ្លេចកោះគុតនិង​ប្រាសាទតាមាន់ ដែលសៀមប្រុងលេបត្របាក់ ខ្ញុំReply ត្រឡប់ទៅវិញ​ថា​យើង​មិនដែលភ្លេចពីការការពារទឹកដីទេ និយាយថាសូមសម្តេចកុំភ្លេចកោះគុត និងប្រាសាទ​តាមាន់ ជា​មតិដ៏ល្អ​ដែល​ខ្ញុំឆ្លើយតបដោយ​សុភាពថា យើងមិនដែលភ្លេច ការការពារទឹកដីទេ»។

បើតាមអ្នកឃ្លាំមើលព្រំដែន ទោះកោះគុត ស្ថិតក្នុងខេត្តកោះកុង ត្រូវបានថៃគ្រប់គ្រងច្រើនឆ្នាំទៅនេះ ក្រោ​យ​កិច្ចព្រមព្រៀងពីលោក ហ៊ុន សែន ដោយឡែក ប្រាសាទតាមាន់តូច ស្ថិតក្នុង​ខេត្តឧត្តរមានជ័យ ត្រូវបានថៃ​​​​គ្រប់គ្រងទាំងស្រុង​ដូចគ្នា ក្រោយការគ្រប់គ្រងរបស់លោក ហ៊ុន សែន។

បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ បទប្រគល់ឱ្យរដ្ឋបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជិវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ