គណបក្សកម្លាំងជាតិថា វិទ្យុVOA និងRFA ជាផ្នែកលើកកម្ពស់ប្រជាធិបតេយ្យ

គណបក្សកម្លាំងជាតិ ចាត់ទុក​​ស្ថាប័នសារព័ត៌មានVOA និង RFA បានបំពេញតួនាទីយ៉ាងសំខាន់​ ក្នុងការចូល​រួម​លើក​ស្ទួយសេរីភាព និងលិទ្ធិប្រជាធិបតេយ្យ ផ្តល់ព័ត៌មានពិតប្រកបដោយតម្លាភាពដល់ពលរដ្ឋដែលកំពុងរស់នៅប្រទេស ដែលមានការរឹតត្បិតសេរីភាពសារព័ត៌មាន រួមទាំងកម្ពុជា។

នេះបើតាមសេចក្តីថ្លែងការណ៍ស្តីពី ការបិទវិទ្យុសំឡេង​សហរដ្ឋអាមរិក និងការផ្អាកជំនួយដល់វិទ្យអាស៊ីសេរី ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។

បើតាមគណបក្សកម្លាំងជាតិ ការសម្រេចចិត្តបិទវិទ្យុVOA និងអាស៊ីសេរីនេះ ជាការបាត់បង់ឱកាសទទួលបានព័ត៌មានពិតថ្មីៗ ស្តីពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម សិទ្ធិមនុស្ស បរិស្ថាន និងសេដ្ឋកិច្ច ជាដើម។

ប្រពភពដដែលថា វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) គឺជាស្ថាប័នផ្សព្វផ្សាយសារព័ត៌មាន​ឯករាជ្យ មានគណនេយ្យភាព និងតម្លាភាពដល់សង្គម។

ក្នុងន័យនេះ គណបក្សកម្លាំងជាតិ អំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក បន្តគាំទ្រដល់ស្ថាប័នវិទ្យុទាំងពីរ​នេះ ដើម្បីលើកស្ទួយការផ្សព្វផ្សាយសារព័ត៌មានឯករាជ្យ និងតម្លាភាពដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងបណ្តាប្រទេសមួយចំនួន ដែលមានសារព័ត៌មានសេរីតិចតួច ឬគ្មានសោះ។

ជុំវិញការបិទវិទ្យុទាំងពីរនេះ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន សរសេរសារលើហ្វេសប៊ុកខ្លួនថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានសេចក្តីក្លាហានចេញ​ដឹកនាំពិភពលោក ដើម្បីប្រយុទ្ធ​ប្រឆាំងព័ត៌មានក្លែង​ក្លាយ ដោយចាប់​ផ្តើមពីបណ្តាញព័ត៌មាន​ដែលផ្តល់ថវិកា​ដោយរដ្ឋាភិបាលអាមេរិក​ជាមុន។

សម្រាប់ លោក ហ៊ុន សែន នេះជាការរួមចំណែកដ៏ធំ​ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាប​ពណ៌ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនា​ដែលលោកប្រធា​នាធិបតី ត្រាំ បញ្ឈប់​ការផ្តល់ថវិកា។

លោក ហ៊ុន សែន ធ្លាប់បើកយុទ្ធនាការ កម្ចាត់សារព័ត៌មានឯករាជ្យ ចាប់ពីឆ្នាំ២០១៧មក និងជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ចំពេលដែលពលរដ្ឋបោះឆ្នោតដកសេចក្តីទុកចិត្តយ៉ាងគំហុក ហើយងាកទៅគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដែលការនេះ ធ្វើឱ្យលោក ហ៊ុន សែន ប្រើតុលាការរំលាយគណប​ក្ស​ប្រឆាំងចេញ​ពី​ឆាក​នយោបាយ​ចាប់​ពី​ពេល​នោះ​មក។

យ៉ាងណា អង្គការ​អ្នកការសែត​គ្មាន​ព្រំដែន​ បាន​ដាក់ចំណាត់ថ្នាក់កម្ពុជា​នៅលេ​ខ​រៀ​ង​ទី​១៥១​ ក្នុង​ចំណោម ១៨០​ប្រទេស ​លើ​ពិភព​លោក​ក្នុងឆ្នាំ២០២៤។ ចំណាត់ថ្នាក់​នេះ ​មានន័យថា​ កម្ពុជា​ជា​ប្រទេស​មាន​ការគំរាម​កំហែងដល់​សេរីភាព​សារព័ត៌​មាន​«ធ្ងន់ធ្ងរ»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ