លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែទទូចឱ្យខ្មែរគ្រប់ភាគី ជឿទុកចិត្តលើរដ្ឋាភិបាល ក្នុងការចរចាទ្វេភាគី រកដំណោះស្រាយករណីវិវាទព្រំដែនជាមួយថៃ បើទោះកោះនិងប្រាសាទមួយចំនួន ត្រូវបានភាគីថៃគ្រប់គ្រងរួចទៅហើយ និងទីតាំងខ្លះទៀតកំពុងប្រឈមនឹងបាត់បង់ក្តី។
បញ្ហានេះអ្នកមានបទពិសោធន៍កិច្ចការព្រំដែន ពីគណបក្សប្រឆាំងព្រមានថា កម្ពុជាអាចនឹងបាត់បង់កោះគុត និងប្រាសាទមួយចំនួនទាំងស្រុង ប្រសិនបើរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជន មិនព្រមប្តឹងទៅតុលាការអន្តរជាតិ។
ការជំរុញឱ្យដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិនេះ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើការចរចាជាមួយភាគីថៃជាង២០ឆ្នាំមកហើយ តែមិនបានលទ្ធផលអ្វីនោះទេ ថែមទាំងភាគីថៃ បានកាន់កាប់ទាំងស្រុងលើកោះគុត និងប្រាសាទតាមាន់តូច ថែមទាំងកំពុងដណ្តើមកាន់កាប់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីថែមទៀតផង។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីបញ្ហាវិវាទព្រំដែន ដែលកំពុងកើតឡើងជាមួយថៃ ដោយលោកបានភ្ជាប់ទៅនឹងព្រឹត្តិការណ៍ផ្ទុះអាវុធជាមួយថៃ កាលពីអំឡុងឆ្នាំ២០០៨ នៅតំបន់ប្រាសាទព្រះវិហារ ដែលកម្ពុជាបានប្រើកម្លាំងទប់ទល់ជាមួយថៃ ប៉ុន្តែមិនមែនស្រែកអាឡេអាឡូតាមហ្វេសប៊ុក ដូចក្រុមប្រឆាំងនៅក្រៅប្រទេសនោះទេ។
លោកគូសបញ្ជាក់ថា នៅពេលដែលលោកមិនមាត់គេថាលោកក្បត់ជាតិ កាត់ទឹកដីឱ្យបរទេស បានមិនហ៊ានមាត់ គឺមិនមែនដូច្នេះទេ។ លោកថា រដ្ឋាភិបាលមានវិធីសាស្ត្រក្នុងការដោះស្រាយ យើងស្រឡាញ់ជាតិដូចគ្នា ស្រឡាញ់ទឹកដីដូចគ្នា ការពារជាតិ ការពារទឹកដីដូចគ្នា ហើយរដ្ឋាភិបាលមានវិធីសាស្រ្តក្នុងការធ្វើការគឺយើងមិនចង់ឱ្យមានសង្គ្រាមទេ។
លោកថា៖ «ប៉ុន្តែរបៀបរបបយើងធ្វើការក្នុងនាមជារាជរដ្ឋាភិបាលការការពាររបស់យើង គឺប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ប្រើមូលដ្ឋានច្បាប់និងការចរចា ការទូតរបស់យើង ច្បាប់អន្តរជាតិ ប៉ុន្តែត្រៀមលក្ខណៈគ្រប់ពេល បើសិនជាមានការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីឈ្លានពានទឹកដីកម្ពុជា កម្ពុជារក្សាសិទ្ធិដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ប្រើប្រាស់គ្រប់មធ្យោបាយរួមទាំងកម្លាំងប្រដាប់អាវុធ ខ្ញុំបានបញ្ជាក់ហើយ ហើយខ្ញុំសូមបញ្ជាក់ទៀត»។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត នេះ ត្រូវបានអ្នកមានបទពិសោធន៍កិច្ចការព្រំដែន នៃអតីតគណបក្សសង្គ្រោះជាតិ និងអ្នកដែលមាននិន្នាការមិនស្របនឹងរដ្ឋាភិបាល លើកឡើងថា ជាការថ្លែងដោយមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនព្រមទទួលស្គាល់ការពិត ខណៈជាច្រើនឆ្នាំកន្លងមកនេះ ថៃបានកាន់កាប់ទាំងស្រុងទៅហើយនៅលើកោះគជ់ និងប្រាសាទតាមាន់តូច ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលបានចរចាបោះបង្គោលព្រំដែន ដែលកាលពីជំនាន់បារាំងមិនដែលមាន ហើយបានធ្វើផ្លូវនៅតាមព្រំដែន ដែលនៅពេលនេះ រដ្ឋាភិបាលប្តេជ្ញាចិត្តធ្វើយ៉ាងណា តភ្ជាប់គ្រប់តំបន់ព្រំដែនទូទាំងប្រទេស ឱ្យជាប់គ្នាទាំងអស់ដើម្បីឱ្យកូនចៅជំនាន់ក្រោយរបស់ខ្មែរ បានទៅរស់នៅ កសាងសេដ្ឋកិច្ចនៅទីនោះ ហើយបានទៅលេងដល់ទីនោះ។
លោកថ្លែងបន្តថា ឥឡូវដូចនៅតំបន់កន្ទុយនាគ កន្លែងនឹងចោទពីដើមអត់មានពីណាទៅដល់ទេ យើងចង់ចូលទាល់តែសុំចូលពីខាងវៀតណាមបានទៅដល់ទីនោះ។ នៅទិសខាងលិចយើងមើលផ្លូវតាំងពីកោះកុងឡើងទៅពោធិ៍សាត់ សំឡូត ម៉ាឡៃឡើងទៅដល់ឧត្តរមានជ័យ ចាក់ទៅអន្លង់វែង ទៅដល់ព្រះវិហារឡើងតទៅដល់ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ចុះមកដល់ទូទាំងប្រទេស។
លើសពីនេះ លោកហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើស្រឡាញ់ជាតិកុំនាំគ្នាឈ្លោះតែខ្មែរគ្នាឯង ដោយលោកសូមឱ្យខ្មែរមានការទុកចិត្តគ្នា ដោយថា ក្រុមអ្នកជំនាញកិច្ចការព្រំដែនរបស់រដ្ឋាភិបាលកំពុងបន្តធ្វើការចរចាជាជួយភាគីថៃ។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា គ្មានប្រយោជន៍អ្វីដែលខ្មែរត្រូវឈ្លោះគ្នា លើគោលដៅស្រឡាញ់ជាតិដូចគ្នាគឺការពារជាតិដូចគ្នានោះទេ។
បន្ថែមពីនេះ នៅក្នុងពិធី «ពិសារភោជនីយអាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា» កាលពីថ្ងៃទី១៤ ខែមីនានោះដែរ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារពីការបន្តប្រើយន្តការទ្វេភាគីជុំវិញការរកដំណោះស្រាយបញ្ហាព្រំដែននេះដែរ ដោយមិននិយាយពីជម្រើសប្រើយន្តការអន្តរជាតិ ប្តឹងប្រទេសឈ្លានពានទឹកដី ទៅតុលាការអន្តរជាតិ ICJ ដូចការជំរុញពីសំឡេងជំទាស់នោះទេ។
យ៉ាងណាក្តី អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកអ៊ុំ សំអាន ដែលជាអ្នកជំនាញកិច្ចការព្រំដែនបានថ្លែងថា បច្ចុប្បន្នប្រាសាទតាមាន់តូច ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ត្រូវបានថៃគ្រប់គ្រង១០០ភាគរយរួចជាស្រេចទៅហើយ ហេតុដូច្នេះការចរចាទ្វេភាគី មិនអាចធ្វើឱ្យថៃព្រមប្រគល់ប្រាសាទរបស់ខ្មែរនេះមកឱ្យកម្ពុជាវិញនោះទេ។
លោកលើកឡើងថា ប្រាសាទតាមាន់តូចនេះ ក៏មិនខុសអីពីករណីកោះគជ់ដែរ គឺត្រូវបានថៃគ្រប់គ្រង១០០ភាគរយរួចជាស្រេចទៅហើយ ដូច្នេះការចរចាទ្វេភាគី គឺមិនអាចទេ ជម្រើសគឺមានតែប្តឹងទៅកាន់តុលាការអន្តរជាតិប៉ុណ្ណោះ ទើបអាចបានកោះគជ់យ៉ាងហោចណាស់ពាក់កណ្តាលមកវិញ ហើយនិងប្រាសាទតាមាន់តូចទាំងមូលមកវិញ ពីព្រោះដូចករណីកោះគជ់ រដ្ឋាភិបាលបានធ្វើការចរចាជាង២០ឆ្នាំមកហើយ ប៉ុន្តែលទ្ធផលនៅពេលនេះ គឺថៃបានរស់នៅនិងកាន់កាប់ទាំងស្រុង។
លោកថា៖ «ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី បើចរចាទ្វេភាគីអាចបាត់ពាក់កណ្តាល ឬបាត់បង់ទាំងស្រុង ពីព្រោះថៃគ្រប់គ្រងរួមជាមួយយើង ទាហ៊ានយើង៥ទាហ៊ានថៃ៥នៅប្រាសាទតាមាន់ធំ ឯប្រាសាទតាក្របី ទាហ៊ានថៃ៣ ទាហ៊ានយើង៣ ហីចឹងគ្រប់គ្រងរួមអ៊ីចឹងបើចរចាទ្វេភាគី ថៃមិនអាចដកទ័ពទៅវិញទេ យ៉ាងហោចគឺយើងបាត់ពាក់កណ្តាលឃើញទេ? ឱ្យថៃពាក់កណ្តាលយើងបាត់ពាក់កណ្តាល ហើយអាចបាត់ទាំងស្រុងផងឃើញទេ? ប៉ុន្តែបើឡើងទៅតុលាការអន្តរជាតិ គឺប្រាកដជាបានទាំង១០០មកវិញទាំងប្រាសាទតាមាន់តូច ហើយនិងប្រាសាទតាក្របី»។
ចំណែក កញ្ញា ឡេង ចិន្តា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានបញ្ចេញមតិបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនដោយជំរុញឱ្យរដ្ឋាភិបាលឈាមថ្មី របស់គណបក្សប្រជាជនកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ លើរឿងការរំលោភបំពានទឹកដីជាបន្តបន្ទាប់ ពីសំណាក់ប្រទេសវៀតណាមនិងថៃនេះ។ កញ្ញាលើកឡើងថា វាជារឿងចម្លែកខ្លាំងណាស់ ដែលរដ្ឋាភិបាលខ្មែរតែងតែគំរាមប្រជាពលរដ្ឋខ្លួនឯង នៅពេលដែលប្រជាពលរដ្ឋហ៊ាននិយាយបញ្ចេញមតិ ពីរឿងការការពារទឹកដី ខ្វល់ខ្វាយពីការបាត់បង់ទឹកដី បែរជាមេដឹកនាំគំរាមងើបមួយវ៉ៃមួយទៅវិញ។
កញ្ញាថា៖ «មកគំរាមពលរដ្ឋមួយហើយមួយទៀត គ្រាន់តែរឿងការពារទឹកដីហ្នឹង វាមិនដែលម៉ែអាណាថ្នាក់ដឹកនាំប្រទេសមួយទាំងមូល ពលរដ្ឋស្រឡាញ់ការពារទឹកដីបែជាម៉ោអីណា អាណាងើបមួយវាយមួយ មើលឃើញទេ គេ គេដាក់គំរាម គេដាក់អំណួត ថៃបានតែអំណួតតែជាមួយ ហ៊ុន សែន ហ្នឹងទេ ពីព្រោះក្រៅពី ហ៊ុន សែន ហ៊ានជាមួយគេហី? បើតាមផ្លូវច្បាប់គ្មានឈ្នះខ្មែរទេ ពួកយួនពួកសៀមនេះនោះ ប៉ុន្តែដោយសារតែអ្នកដឹងនាំប្រទេសវាបម្រើគេ! ថានិយាយទៅវាមិនចង់ឱ្យខឹងក្តៅក្រហាយអីជាងហ្នឹងទេ ប៉ុន្តែវាជារឿងប៉ះពាល់ដល់បូរណភាពទឹកដីបងប្អូន មិនមែនរឿងបុគ្គលទេ រឿងរួមរឿងជាតិអនាគតពូជបាត់ប្រទេស »។
សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៣៧នាក់ ក្នុងនោះក៏មានទាំងលោកស៊្រុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសម្នាក់ផងដែរ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដោយសារតែពួកគេ មានភាពសកម្មក្នុងការធ្វើការរិះគន់រដ្ឋាភិបាលគ្រួសារហ៊ុន ទាក់ទងនឹងការដាក់ខេត្តកម្ពុជាចំនួន៤ នៅភាគឦសានចូលទៅក្នុងតំបន់អភិវឌ្ឍន៍ CLV កម្ពុជា ឡាវ វៀតណាម បើទោះបីជាក្រោយមកគម្រោងនេះត្រូវបានរដ្ឋាភិបាល និងរដ្ឋសភាបានសម្រេចលុបចោលហើយក្តី។
បញ្ហាព្រំដែននាសម័យទំនើបនេះ វាបានកក្រើកឡើងវិញអំឡុងឆ្នាំ២០០៥ ដែលពេលនោះលោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញចោល បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែម ដែលរងការរិះគន់ថា ធ្វើតាមការចង់បានរបស់មេដឹកនាំវៀតណាម ។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ ត្រូវអ្នកតាមដានមិនចំណុះរដ្ឋាភិបាល លោក ហ៊ុន សែន បានអះអាងថា ធ្វើឱ្យកម្ពុជាបាត់បង់ទាំងដែនដីគោក ដែនសមុទ្រ រួមទាំងប្រជុំកោះក្រចកសេះ និងកោះត្រល់ ជាដើម ធ្លាក់ក្នុងដៃវៀតណាមគ្រប់គ្រងរហូតបច្ចុប្បន្ន។
ដោយឡែក ភាគខាងលិចវិញ ថៃបានច្បាមយកកោះគុត ស្ថិតក្នុងខេត្តកោះកុង និងប្រាសាទតាមាន់តូច ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងបន្តច្បាមយកប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ដែលបច្ចុប្បន្នប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ត្រូវបានដាក់ទ័ពគ្រប់គ្រងរួមគ្នា ដែលការណ៍នេះ ក្លាយជាក្តីបារម្ភថា កម្ពុជានឹងបាត់បង់ប្រាសាទបុរាណខ្មែរទាំងពីនេះទៀត ក្រោមដៃរដ្ឋាភិបាលគ្រួសារហ៊ុន បើនៅបន្តប្រើយន្តទ្វេភាគី ជាមួយថៃ ដោយមិនប្រើយន្តការអន្តរជាតិ ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាននោះ។
បើយោងតាមមាត្រា៤៤០ នៃមក្រមព្រហ្មទណ្ឌកម្ពុជា បទប្រគល់ឱ្យរដ្ឋបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជិវិត៕