អាជ្ញាធរអនុវត្ត​វិធាន​បណ្តេញ​​ចេញ​ដោយ​បង្ខំ​​នៅ​តំបន់​​ភ្នំ​១៥០០​ស្រុក​​វាល​​វែង

តំបន់អន្ទង់អាំង ឬ​ភ្នំ១៥០០ ក្នុង​ស្រុកវាលវែង ខេត្តពោធិ៍​សាត់ នៅ​ថ្ងៃទី១៩​ខែ​មិនា​នេះ ត្រូ​វអា​ជ្ញាធរ​បិទ​​ខ្ទប់មិន​​ឱ្យ​ធ្វើ​​ដំណើរ​​ឆ្លង​​កា​ត់ ក្រោម​វិធាន​​បណ្តេញ​ចេញ​​ពី​លំនៅ​ឋាន​ចាស់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​រត់​ភៀស​ខ្លួន ដើម្បី​គេច​ពី​សម្ពាធ​​បង្ខំ​ឱ្យ​​ទទួល​យក​សំណង ជា​គោល​នយោ​បាយ​ដែល​ពួក​គេធ្លា​ប់​ជំទាស់។

នេះបើតាម​ការ​ឱ្យដឹង​ពី​ប្រជាពល​រដ្ឋ​មួយ​ចំនួន​នៅ​តំបន់​នោះ និង​អ្នក​ឃ្លាំមើល​ការ​រំលោក​សិទ្ធិ​មនុស្ស ដែល​តាម​ដាន​​វិធាន​ការ​បណ្តេញរ​បស់​អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់​នេះ។

អនុប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី និយាយ​ថា តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាព​ល​រដ្ឋ​នៅ​ព្រឹក​ថៃ្ង​ទី​១៩ ខែ​មិនា​នេះ តំបន់​ភ្នំ​១៥០០ ត្រូវ​បាន​អាជ្ញាធរ​រឹត​បន្តឹង​សន្តិសុខ ដោយ​បិទ​ផ្លូវ​មិនឱ្យ​ឆ្ល​ង​កាត់ ពី​ស្រុក​វាល​​វែង​ទៅ​តំបន់​អន្ទង់​អាំង ចំ​ពេល​ចុះ​អនុវត្ត​វិធាន​បណ្តេញ​ចេញ​នេះ។

លោកថា៖ «យើងចង់ឱ្យការរិត​ត្បិត​ការ​ហាម​ឃាត់ ធ្វើ​ឡើង​អនុ​ឡោម​តាម​គោល​ការណ៍​ច្បាប់ ព្រោះ​អត់មាន​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​សោះ ស្រាប់​តែ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ចូល​ទៅ​ បែរ​ជា​កាក់​យើងកាក់​យើង​ហើយ​ចាប់​ផ្ដើម​ឆែក​ទូរស័ព្ទ​ច​ង់​ឆែក​កាមេរ៉ា​ឡាន​ ត្រូវ​ប្រាប់​អ្នក​ហ្នឹង​ថា​វា​ជា​បទ​ល្មើស​អី​ដែល​យើង​ចូល​មក​ឆែក​ទូរស័ព្ទ​គេ​មក​ឆែក​ឡាន​គេ​[…] ចឹង​សូម​ឱ្យ​លោក​អ្នក​អនុវត្ត​ច្បាប់​ហ្នឹង លោក​ឈរ​លើ​គោល​ការណ៍​ច្បាប់​ឱ្យ​បាន​ច្បាស់​លាស់ នៅ​ក្នុង​ការ​អនុវត្ត​ហ្នឹង​មិន​មែ​ន​ចេះ​តែ​មក​ឆែក​ទូរស័ព្ទ​គេ ចង់​ឆែក​ខ្លួន​ប្រាណ​គេ ចង់​ឆែក​ឡាន​គេ តាម​តែ​អំពើ​ចិត្ត​ អាហ្នឹង​​វា​លែង​ទៅ​ជា​ការ​អនុវត្ត​ច្បាប់​ ហើយ​ចឹង​ទៅ​ជារឿង​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​ទៅ​វិញ»។

កាលពីថ្ងៃអង្គារ ពលរដ្ឋ​បាន​អះ​អាង​ថា សមត្ថកិច្ច​​ស្លៀក​ពាក់​ស៊ីវិល​​​​រាប់​សិប​​​នាក់ បាន​ដា​​ក់​​កម្លាំង និង​គ្រឿង​ចក្រ​ទៅ​កាន់​ភូមិ​ករ​របស់ពួក​គាត់ ដោយ​ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ ព្រម​ទាំង​បាន​​បំផ្លាញ​​កាមេ​រ៉ា​​សុវត្ថិភាព​នៅតាម​ខ្នង​​ផ្ទះ ដក​​ហូត​​ទូរស័ព្ទ​ពី​​​ពលរដ្ឋ​ជាច្រើន​គ្រឿង ដែលធ្វើ​ឱ្យ​ពួកគាត់កាន់​តែ​បារម្ភ​ពី​សុ​វត្ថិភាពដោយកា​របណ្តេញចេញដោយបង្ខំ។

វិធាននេះ ធ្វើឡើង​ក្រោយពីអាជ្ញាធរ​ខេត្តពោធិ៍សាត់ បានដាក់ឱសានវាទ ដោយ​តម្រូវ​​ឱ្យ​ប្រជាព​​លរដ្ឋចំ​នួន ២៤​គ្រួសារ រស់​នៅ​តំបន់​ភ្នំ១៥០០ ផ្លូវ​អន្ទង់អាំង រុះរើ​ផ្ទះ និង​សំណង់​ផ្សេងៗចេញ​ពីដីនោះ ដោយគិ​ត​​ត្រឹមថ្ងៃទី​១៩ ខែមីនា​នេះ​ជាកំហិត ដោយអាជ្ញាធរ​ថា ដើម្បីដីនោះ ជាដីតំបន់​អភិរក្សបៃតង និងបានព្រ​មា​ន​ថានឹងមិនទទួលខុសត្រូវ​ចំពោះការ​ខូចខាត​ណាមួយ​ឡើយ។​

​ពលរដ្ឋនៅឃុំអន្លង់រាប ស្រុកវាល​វែង ខេត្តពោធិ៍សាត់​ អ្នកស្រី សែម សុធា បានបង្ហាញការឈឺចាប់ជុំវិញវិធានបណ្តេញ​ចេញនេះ។

អ្នកស្រីថា៖ «ខ្ញុំអត់ដឹងថាយ៉ាងម៉េចទេឥលូវហ្នឹង ប៉ុន្តែគ្រាន់ថាជីវិត​ខ្ញុំនៅសល់​មិន​ទាន់​ដាច់​ខ្យល់ ក៏​ខ្ញុំ​នៅ​តែធ្វើ​ការតវ៉ា​រហូត​។ សង្គមនេះ​សាហាវ​ព្រៃ​ផ្សៃ​ហ្ហាស ខ្ញុំ​ដូច​ជា​មិន​ចង់​រស់​នៅ​ដោយ​គាត់​ធ្វើ​ឃោឃៅ​ដល់​ថ្នាក់​ហ្នឹង​ពេក យើង​អត់​យល់​ទេ ខ្ញុំ​គិត​អី​អត់​យល់​តែ​ម្ដង ដី​ផ្ទះ​គេ​ទិញ​ហេតុ​អី​ក៏​ទៅ​បំផ្លាញ​របស់​គេ ហើយ​ទ្រព្យស​ម្បត្តិ​របស់​គេ ហេតុ​អី​ក៏ទៅ​កំទេច​របស់​គេ​ចឹង ផ្ទះ​គេ​ប៉ុនៗណាណី​វា​អត់​ត្រូវ ហើយ​បើ​កំទេច​ផ្ទះ​គេ​ម៉េច​បាន​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​ធ្វើ​អីដូច​ជា​ដបស្រា​កាហ្វេ​អី​ហ្នឹង»។

អ្នកស្រីអះអាងថា ប្រជាពលរដ្ឋដែលជួបញ្ហានេះ បានមក​តាំង​លំនៅ​លើដីនោះ​ជាង​១០​ឆ្នាំ​មក​ហើយ ហើយ​ក៏​មិនបាន​រស់​នៅ​ក្នុង​តំបន់​អភិរក្ស​ដូច​ការ​ចោទ​ដែរ។

តែយ៉ាងណា អភិបាល​ខេត្តពោធិ៍សាត់ លោក ខូយ រីដា ធ្លាប់ប្រាប់VODថា ដីនៅតំបន់ដែលមានគម្រោងចាត់វិធាន​នេះ ជា​ដីតំបន់អភិរក្ស​ ដែលមិនអនុញ្ញាតឱ្យពលរដ្ឋ​បន្តរស់នៅបានទៀតឡើយ។

លោក​បន្តថា នៅតំបន់អន្ទង់អាំងនោះ មានពលរដ្ឋសរុប​ចំនួន ៩៨គ្រួសារ ដែលបាន​តាំងទីលំនៅដោយ​មិនស្រ​ប​ច្បាប់​​នៅទីនោះ ហើយក្នុងនោះមាន​​ពលរដ្ឋ​ជាង៦០គ្រួសារ​ហើយ ​បាន​យល់ព្រមទទួលយកគោលនយោបាយ​របស់រដ្ឋាភិបាល ទៅ​កាន់​​ទីតាំង​ថ្មីនៅឃុំប្រម៉ោយ ដែលរដ្ឋបានរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ជូន​ពួកគាត់ហើយ គឺ​​នៅសល់​​តែ ២៤គ្រួសារនេះ ដែលមិនព្រមចាកចេញ។

អភិបាល​ខេត្តរូបនេះ បន្តថា អាជ្ញាធរ​បានជូនដំណឹង​ដល់ពលរដ្ឋជាង ២០គ្រួសារ​នោះ ​ចំនួន ៣ដង​​មក​​ហើ​យ​​ទៅ​តាម​​នីតិ​វិធី​​ច្បាប់ ហើយ​ពេល​​នេះ​​ដល់​ពេល​អនុវត្តច្បាប់​ ដែលពួកគាត់ត្រូវតែរុះរើចេញ ដោយមិន​មានការ​យោគយល់ទៀ​ត​ទេ។  ​

លោកថា៖ «ដីមុនគេឱ្យ រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ​ភ្លើង ទឹក​ និងដីកម្មសិទ្ធិ​ស្រប​ច្បាប់ យើង​បានរៀបចំរួចជាស្រេច​ហើយ តែក្រុមគាត់​មួយក្តាប់តូចនេះគាត់មិនចូលរួមជាមួយ​​ទេ គាត់មិនចូលរួម គាត់ជឿម៉ែឪគាត់នៅ​អាស៊ីសេរីនោះ អ្នកអុជអ្នកញុះញង់ឱ្យខ្លួនវិនាស​អន្តរាយហ្នឹង​​ គាត់ជឿ តែអ្នកដែលគេ​ខំប្រឹងជួយគាត់ គាត់អត់បានចូលរួមចំណែកជាមួយទេ​ ហើយគាត់កំពុងតែបំភ្លៃ បង្ហោះលើ​បណ្តាញ​សង្គម បំភ្លៃ​​ការ​ពិត​ច្រើន»។

យ៉ាងណា សម្រាប់អាដហុកចង់ឃើញ រដ្ឋាភិបាលមានដំណោះស្រាយសមរម្យ​មួយ ដែលអាចពលរដ្ឋទទួលយកបាន ដើម្បី​បញ្ចៀសផលប៉ះពាល់មុខមាត់រដ្ឋាភិបាល​និងអាជ្ញាធរខេត្ត ក្នុង​នាម​​​ជា​អ្ន​ក​បម្រើ​រាស្ត្រ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ។

លោក យិន ម៉េងលី ថ្លែង​ថា៖ «ដំណោះស្រាយបញ្ហារឿងប្រជាពលរដ្ឋខ្ញុំសុំឱ្យធ្វើការរៀបចំដីលំនៅដ្ឋានប្រជាពលរដ្ឋឱ្យបាន​ល្អ​សិនឱ្យមានទឹកមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សិន បើយកគាត់មកដាក់ក្នុង​ព្រៃល្បោះ​ដែលជាព្រៃដើម​ឈើ​​រិច​រិលតើគាត់ធ្វើយ៉ាងម៉េច ចឹងសូមរៀបចំកន្លែងបំលាស់​ពួកគាត់​ឱ្យបានសមរម្យ​សិន​ មុន​នឹងធ្វើការបណ្ដេញគាត់​ចេញពីលំនៅដ្ឋានរបស់ពួកគាត់ ហើយសូមជួយសម្រួល​នូវការដឹក​ជញ្ជូន​និងឧបត្ថម្ភ​ផ្សេងៗ​ទៀត ដែលរដ្ឋ​បាល​ខេត្ត​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ដល់​ជីវភាព​ពួក​គាត់​រយៈ​ពេល​ខ្លី ឬក៏រយៈពេលវែង​ណា​មួយ ដើម្បី​បញ្ហា​សេដ្ធកិច្ច​របស់​ពួក​គាត់នេះឯង»។

ពាក់ព័ន្ធនឹង​ករណីដីធ្លីនេះដែរ សមាគមការពារ​សិទ្ធិ​មនុស្សអាដហុក កាលពីថ្ងៃទី១៨ខែ​មិនា បាន​​ចេញ​សេចក្តីថ្លែងការណ៍​មួយ ​បង្ហាញ​ក្តី​​បារម្ភយ៉ាង​ខ្លាំង ជុំវិញវិធានបណ្តេញចេញនេះ។

អាដហុកថា ការប្រើវិធានបណ្តេញចេញ វា​នឹងរងការខូច​ខាត​​ទ្រព្យ​​សម្បត្តិ និង​សេដ្ឋកិច្ច​ប្រជា​ពលរដ្ឋ រីឯ រដ្ឋាភិ​បាល រង​ការ​ប៉ះ​ពាល់​មុខ​មាត់ ជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស។

បើ​តាមក្រុមប្រជាពលរដ្ឋ​ កន្លងមក អាជ្ញាធរ​បានចាប់​ខ្លួន​ពលរដ្ឋម្នាក់​ ឈ្មោះ សេន ពិសី ដោយ​ចោទថា​រុក​រា​ន​ដីតំបន់​​អភិរក្ស​ដោយខុសច្បាប់ ហើយបច្ចុប្បន្ន​ពលរដ្ឋ​រូបនោះ កំពុងជាប់ឃុំនៅពន្ធនាគារ​ ខណៈព​លរ​ដ្ឋម្នាក់ទៀត ដែលត្រូវ​ចាប់ខ្លួននៅថ្ងៃអង្គារ មិនទាន់ដឹង​ថារងនូវការ​ចោទប្រកាន់បែបណា​​នៅឡើយ​។

រដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័ន ជាមួយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩២ លើកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិ​សេដ្ឋ​កិច្ច សង្គមកិច្ច និងវប្បធម៌ ដែលរាប់បញ្ជូលទាំង​សិទ្ធិលំនៅដ្ឋានសមរម្យ ។

ដោយឡែក មាត្រា៤៤​នៃរដ្ឋធម្មនុញ្ញកម្ពុជា ក៏​បាទទួលស្កាល់សិទ្ធិ​ជាម្ចាស់​ទ្រព្យ រួម​ទាំង​ច្បាប់​ភូមិបាល​ឆ្នាំ២០០១។

បើតាមចំនុច៦ នៃកតិកា​សញ្ញាអន្តរជាតិ ការបណ្តេញចេញដោយ​បំពាន គឺ​ជា​ការ​រំលោភ​បំពាន​ដ៏​កម្រោល​លើ​សិទ្ធិមនុស្ស​ជា​ច្រើន ដែលបានទទួលស្គាល់ជាអន្តរជាតិ រួមមានសិទ្ធិមានផ្ទះសម្បែង អាហារ ទឹក សុខភាព ការអប់រំ ការ​ងារ សន្តិ​សុខ សេរីភាព​ចាក​ផុត​ពី​ការប្រព្រឹត្ត​ឃោឃៅ អមនុស្ស​ធម៌។

ការបណ្តេញចេញដោយ​បំពាន ជំរុញកាន់តែខ្លាំងឡើង​ថែម​ទៀត នូវ​ភាព​មិន​ស្មើ​គ្នា ទំនាស់​ក្នុង​សង្គម ប៉ះ​ពាល់ប្រជា​ជន​ក្រីក្រ ពិសេស​ស្ត្រី និង​កុមារ ។

លើសពីនេះ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែង​ថា «សេចក្តី​ស្នើទាំងឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បាន​ទ​ទួ​ល​ការពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពីអង្គការរដ្ឋ»។

ស​រុបមក​ វិធាននេះ រដ្ឋាភិបាល មិនបានបំពេញកាតព្វកិច្ច តប​តាម​ស្មារតី​នៃ​ច្បាប់​កំពូល​របស់​ជាតិ និង​កតិ​កា​​​សញ្ញា​អន្តរ​ជាតិ ដែល​កម្ពុជា​បាន​ទទួល​ស្គាល់​នោះ​ទេ ព្រោះ​សិទ្ធិត្រូវ​បាន​បំពាន សំណើរ និង​កង្វល់ ត្រូវ​បា​​ន​បដិ​សេធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ