សមាជិក​សភាបន្តឱបដៃ​មើល​ពលរដ្ឋ​ច្រើន​លាន​នាក់​រង​គ្រោះ​ពី​ប្រព័ន្ធ​យុត្តិធម៌

តំណាងរាស្រ្តជិត២០០​នាក់ ស៊ី​ប្រាក់​ខែ​រាស្រ្ត​ម្នាក់​៥ពាន់​ដុល្លារក្នុ​ង​មួយ​ខែ រង​ការ​រិះគន់​ថា បន្ត​ឱប​ដៃ​មើល​ម្ចាស់​ឆ្នោត​ច្រើន​លាន​នាក់​រង​គ្រោះ​ពី​ប្រព័ន្ធ​យុត្តិធម៌ បើទោះ​បី​អ្នក​រង​គ្រោះ​ចាញ់បោក​ក្រុម​​ឧកញ៉ា​ខ្លះ​បាន​ស្លាប់​ជា​បន្ត​បន្ទាប់ ដោយ​សារ​វិបត្តិ​បំណុល ក៏​ព្រោះ​តែ​យុត្តិធម៌​ពួក​គេត្រូវ​បាន​តុលាការ​បក់​​ចោល​ក្តី។

តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ និយាយ​ថា តំណាង​រាស្រ្ត​គឺ​ជា​អ្នកបង្កើត​ច្បាប់ ឃ្លាំ​មើល​ការ​អនុវត្ត​ច្បាប់ បើ​ការ​អនុវត្ត​មាន​ភាព​មិន​ប្រក្រតី មាន​ចន្លោះ​ប្រហោង​ ប៉ះ​ពាល់​ដល់​សិទ្ធិ​ពលរដ្ឋ តំណាង​រាស្រ្ត​មាន​សិទ្ធិ​ហៅ​មន្រ្តី​ទាំង​នោះ​សាក​សួរ ឬ​អាច​ហៅ​មកស្តី​បន្ទោស​ជាដើម។

បន្ថែមលើនេះ លោក​ថា តំណាងរាស្រ្តត្រូ​វចុះ​ទៅ​សួរ​សុខ​ទុក្ខ​រាស្រ្ត​ជា​ប្រចាំ​ ដោះ​ស្រាយ​ទុក្ខលំបាក​ពលរដ្ឋ​គ្រប់​និន្នាការ តែ​លោក​ថា​បច្ចុប្បន្ន​តំណាង​រាស្រ្ត​មិន​បាន​បំពេញ​តួនាទី​ឱ្យ​សម​ជាតំណាង​រាស្រ្ត​ដែល​ទទួល​បាន​ប្រាក់​ខែ​ពី​ញើស​ឈាម​ម្ចាស់​ឆ្នោត​នោះ​ទេ។

លោកថា៖ «តាំងពីគេរំលាយគណបក្សសង្រ្គោះជាតិ ឆ្នាំ​២០១​៧​មក តំណាង​រាស្រ្ត គឺ​អត់​មាន​គណបក្ស​ប្រឆាំង​ទេ និយាយ​ឱ្យ​ចំ គឹ​ឯកបក្ស អ៊ីចឹង​បាន​អត់​ខ្វល់! ពួ​ក​ហ្នឹង​មាន​ខ្វល់​ជាមួយ​រាស្រ្តឯ​ណា! មិន​មែន​រាស្រ្ត​អ្ន​ក​បោះ​ឲ្យ​គាត់​ឯណា គឺបក្ស​អ្នក​ឱ្យ​តើ! តាម​ខ្ញុំ​មើល​ទៅ​អត់​ដែរ​សោះ ទាំង​តំណាង​រាស្ត្រ ទាំង​ព្រឹទ្ធ​សភា។ តំណាង​រាស្រ្ត បាន​ប្រាក់​ខែ​ច្រើនទាល់​តែ​យើង​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដោះ​ស្រាយ​ឱ្យ​ច្រើន។ បើ​មិន​អ៊ីចឹង​បាន​ន័យ​ថា អត់​បំពេញ​តួនាទី​ជា​តំណាង​​របស់​រាស្ត្រ​ទេ គឺគេ​ថា​អាហ្នឹង​គឺ​វា​ខុស រាស្ត្រ​ត្រូវ​តែ​មាន​ការ​តវ៉ា»

បើតាម​ លោក សុថាវ​រិន្ទ តំណាងរាស្រ្ត មាន​ប្រាក់​ខែ​៥ពាន់​ដុល្លារ បូក​រួម​ទាំ​ង​ប្រាក់ចុះ​បេសក​កម្ម​ផ្សេង​ទៀត និង​ការ​ផ្តល់​សាំង​ប្រមាណ ១៥០​លីត្រ​ក្នុង​មួយ​ខែ ហើយ​បើ​ប្រធាន​គណៈ​កម្មាធិការ​នីមួយៗ​​ក្នុង​សភា មាន​ការ​ឧបត្ថម្ភ​ច្រើន​ជាង​តំណាង​រាស្រ្ត​ដែល​ជា​សមាជិក​ធម្មតា​ទៅ​ទៀត។

ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​រដ្ឋ​សភា​កម្ពុជា លោក ឡេង ប៉េងឡុង បាន​ទេ​នៅ​ថ្ងៃ​នេះ ដោយ​ទូរសព្ទ​ចូល​មិន​មាន​អ្នក​ទទួល។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុក​ការ​រិះ​គន់​របស់​គណបក្ស​ប្រឆាំង​មិ​នឆ្លុះ​បញ្ចាំង​ការ​ពិត​ទេ ដោយ​លោក​ថា ទាំង​តំណាង​រាស្រ្ត ទាំង​ក្រុម​ការ​ងារបក្ស​ប្រជាជន​កម្ពុជា និង​មន្រ្តី​រដ្ឋាភិបាល​តែង​តែ​ទៅ​ដល់​មូល​ដ្ឋាន​ពលរដ្ឋ ដើម្បី​ដឹង​ពី​សុខ​ទុក្ខ​រាស្រ្ត។

ក្នុងន័យនេះ លោក​ថា បើ​តំណាងរាស្រ្ត​អសកម្ម​មែន មិន​មែន​ពលរ​ដ្ឋបោះ​ឆ្នោត​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ឱ្យ​ដឹក​នាំ​ប្រទេស​ចំនួន​ជាង​៨៣​ភាគ​រយ ដែល​លោក​ថា​ជា​ចំនួន​ច្រើន​លើស​លប់ដែល​បោះ​ឆ្នោត​គាំទ្រ​បក្ស​កាន់​អំណាច​ឱ្យ​ដឹក​​​នាំ​ប្រទេស។

លោកថា៖ «អសកម្ម ឬមិនអសកម្ម មិនមែនលើគណបក្សប្រឆាំង​អ្នក​ថា​ឯណា! ​វាលើ​ការ​វាយ​តម្លៃ​រប​ស់​ប្រជា​ជន ដែល​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល គណបក្ស​ចុះ​ទៅ​មូល​ដ្ឋាន​គ្រប់​ភូមិ ឃុំ ខេត្ត ស្រុក ទូទាំ​ង​ប្រទេស​ហ្នឹង! អាហ្នឹង​ម៉េច​ក៏គាត់​មិន​និយាយ​ផង។ សួរ​ថា បើ​សិន​ណា​ជា​គ្មាន​មន្ត្រី​របស់​គណបក្ស មន្រ្តី​របស់​រាជរដ្ឋាភិបាល​ចុះ​ទៅ​ដល់​មូល​ដ្ឋាន​ភូមិឃុំ​សង្កាត់​ទូទាំង​ប្រទេស​ទេ អាហ្នឹង សួរ​ថា ម៉េច​បាន​ដឹង​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ឲ្យ​ដោះ​ស្រាយ​រាល់​បញ្ហា​សំណូម​ពរ​របស់ប្រជា​ពលរដ្ឋ​បាន​ទាន់​ពេល​វេលា។ រាល់​ថ្ងៃ គេ​ធ្វើ​សកម្មភាព​ដូច​ទឹក​ពុះ មិន​មែន​នៅ​សម្ងំ​នៅ​ប៉ារីស ហើយ​ថា យើង​អ្នក​ធ្វើការ​ទេ»។

ផ្ទុយពីកា​រ​លើក​ឡើង​របស់ លោក សុខ ឥសាន ជនរងគ្រោះម្នាក់ក្នុង​ចំណោមអ្នករងគ្រោះ ៧០០០​គ្រួសារ​ដែល​ចាញ់​បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា គឺ​លោក លោក យ៉ា សំអេង ប្រាប់​ថា បច្ចុប្បន្ន​ពលរដ្ឋ​រស់​នៅ​ក្រោម​សម្ពាធ​បំណុល​ធ្ងន់​ធ្ងរ ក្រោយ​យុត្តិធម៌​ត្រូវ​ជាប់​គាំង​ជាង១ឆ្នាំ​ទៅ​នេះ​ ធ្វើ​ឱ្យ​អ្នក​ខ្លះបែ​ក​បាក់​គ្រួសារ និង​ចំណាក​ស្រុក​ជាដើម តែ​មិន​ដែល​ឃើញ​តំណាង​រាស្រ្ត​សួរ​សុខ​ទុក្ខ​រាស្រ្ត​ទេ​។

លោកថា៖ «ធម្មតាតំណាងរាស្ត្រទទួលបានប្រាក់ខែពីប្រជាពលរដ្ឋ​ តាម​រយៈ​ការ​ប្រមូល​ពន្ធ​ដារ​ទទួល​បាន​ពីយើង​ជាពលរដ្ឋ បើចំពោះ​ការ​មក​សួរ​សុខ​ទុក្ខ គឺ​មិន​ដែល​មាន​ទេ សូម្បី​តែវត្ត​មាន​លេច​ឮ​ថា​មាន​ឯក​ឧត្តម​នេះ ឯក​ឧត្តម​នោះ តំណាង​រាស្ត្រ​នេះ​តំណាង​រាស្ត្រ​នោះ​​ដឹង​ពី​ព័ត៌មាន​បង​ប្អូន​ប្រជាពល​រដ្ឋ​សួរ​សុខ​ទុក្ខ​ចំណុច​នេះ ចំណុច​នោះ ដល់​ណា​ដល់ណី​ហើយ គ្មាន​ទេ គ្មាន​ឃើញ​ពី​ណា​ក្អក ​ឭ​ពី​ណា​និយាយ​អី​តិច​ផង»។

​ជុំវិញរឿងនេះ អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​​ដើមកំណើត​ខ្មែរ លោក ហុង លីម ប្រាប់់VODថា  តំណាង​រាស្រ្តប្រទេស​ជឿន​លឿន​ គេ​គិត​គូរ​ខ្លាំង​ណាស់​ពី​បញ្ហាព​លរដ្ឋ​ ដែល​ខុស​​គ្នាពី​តំណាងរាស្រ្ត​នៅ​ស្រុក​ខ្មែរ ដែល​លោក​ថា អង្គុយ​ចាំ​តែ​បើក​ប្រាក់​ខែ​ពី​រាស្រ្ត ដោយ​គ្មាន​ភាព​អៀន​ខ្មាស់។

លោកថា៖ «នឹក​អាណោច​អាធម​ចំពោះ​អ្នក​១០០​នាក់​ជាង ដែល​ជា​សមាជិក​សភា​ដែល​អត់​មាន​ធ្វើ​សកម្ម​ភាព​អីទាល់​តែ​សោះ គឺ​គ្មាន​កា​រ​ខ្មាស់​អៀន គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ខ្ញុំតែង​តែគិត​ថា មិ​ន​ដឹង​បង្កើត​រដ្ឋសភា​ប្រកាច់​យក​ហ្នឹង​យក​មកធ្វើ​អី! បិទ​អារដ្ឋសភា​ហ្នឹង​ទៅ ទាំង​រដ្ឋ​សភា ព្រឹទ្ធ​សភា ហើយ​យក​លុយ​ទៅ​ជួយ​សង់​ផ្ទះ​អ្នក​ក្រ​ល្ហេម​ល្ហាម​ហ្នឹង គឺ​នឹ​ង​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូ​ក​ដី។ បញ្ហាគ្រប់បែប​គ្រប់​យ៉ាង​ទាំង​អស់ ហើយ​ជីវភាព​អ្នក​ក្រ​ជាង​៧០​ភាគ​រយ​ ដែ​ល​ក្ររហាម​ហើយ​ដែល​ផ្ទះរ​ខេក​រខាក អត់​មាន! ហើយ​ហ្នឹង​ជា​តួនាទី​ដែល​តំណាង​រាស្ត្រ។ តំណាង​រាស្ត្រ​ទាំង​អស់​ហ្នឹង មិន​ដឹង​ធ្វើ​អី​ស៊ី​ប្រាក់​ខែហ្នឹង​គឺ​ជា​អំពើ​ទុច្ចរិត គឺ​ជា​អំពើ​កខ្វក់ គឺ​ជាអំ​ពើ​ដែល​គួរ​ឱ្យ​ខ្មាស់​អៀន។ តំណាងរាស្ត្រ​ទាំង​អស់​ហ្នឹង​មែន​ទែន ត្រូវ​តែ​ងូត​ទឹកចាន​ទាប ឬ​ក៏​ទៅ​លោត​លើ​ស្ពាន​ជ្រោយ​ចង្វារ​ឱ្យ​ងាប់​ទាំង​អស់​គ្នា​ហ្នឹង​បាន​សមរម្យ សម​ផល»

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៧៧ ចែងថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាង​ប្រជាជាតិ​ខ្មែរទាំង​មូល ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ។

គេសង្កេតឃើញថា រយៈពេលជិតមួយឆ្នាំ​នៃ​ការ​ដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត កំណើន​នៃអំពើ​ឆបោក​ពី​បុគ្គល​មាន​ងារ​ជា​ឧកញ៉ា និង​បុគ្គល​ដែល​ស្និទ្ធិ​នឹង​មេដឹកនាំ​បាន​កើត​មាន​ជា​បន្តបន្ទាប់ ខណៈ​ក្រុម​ឈ្មួញ​ទាំង​នោះ​តែង​តែ​បង្ហាញ​ខ្លួន​ស្និទ្ធិ​នឹង​មេដឹកនាំ ​ជ្រ​ក​ក្រោម​ស្លាក​ជា​អ្នកគាំទ្រ​បក្ស​កាន់​អំណាច។

អង្គការខុមហ្វ្រែល​ កាល​ពីឆ្នាំ២០២០ ធ្លាប់​រក​ឃើញ​ថា សមាជិកសភា១២៣រូបរបស់​បក្ស​កាន់អំណាច ដែល​ចុះ​មូល​ដ្ឋាន គឺ​ក្នុង​បំណង​សំណេះ​សំណាល​ជាមួ​យ​ពលរដ្ឋ ដើម្បី​ពង្រឹង​ផ្ទៃ​ក្នុងរប​ស់​គណបក្ស និងអម​ដំណើរ​ថ្នាក់​ដឹក​នាំ​តែ​ប៉ុណ្ណោះ។

បើគេគណនាលើការចំណាយប្រាក់ខែឱ្យតំណាងរាស្ត្រទាំង​នៅក្នុងរដ្ឋសភា ១២៥រូប និងព្រឹទ្ធ​សភា​ ៦២រូប ដោយ​មិនរាប់​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​បើក​ប្រាក់ខែ​ឱ្យ​តំណាង​រាស្ត្រ​ជិត ១លាន​ដុល្លារ​ក្នុង​១ខែ ខណៈ​តំណាង​រាស្ត្រ​បច្ចុប្បន្ន​មាន​ប្រាក់​ខែ​ម្នាក់៥០០០​ដុល្លារ។ បើ​ក្នុង​មួយ​ឆ្នាំ​វិញ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ជាង ១១​លាន​ដុល្លារ សម្រាប់​បើកប្រាក់​ខែ​ឱ្យ​ស្ថាប័ន​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​ទាំង​ពីរ​នេះ។

សម្រាប់ប្រាក់ខែតំណាងរាស្រ្តទាំងនោះ ទទួលបានមកពីការបង់​ពន្ធ​រាប់​ចាប់​តាំង​ពី​ក្រុម​គណបក្ស​ប្រឆាំង ក្រុម​រង​គ្រោះដី​ធ្លី ក្រុម​កម្មករ មន្រ្តី​សង្គមស៊ីវិល​ជាដើម ប៉ុន្តែព​លរ​ដ្ឋ​ថា ពួក​គេអសកម្ម ក្នុង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ