យុទ្ធសាស្រ្តឱ្យ លោក ហ៊ុន ម៉ាណែត ឈ្នះឆ្នោតមុនការប្រកួត​កំពុងលេចឡើងយ៉ាងសកម្ម

វិធានការ​ចាប់​ខ្លួន​សកម្ម​ជន​យ៉ាង​គំហុក​ជា​បន្ត​បន្ទាប់​ទៅ​​នេះ ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា តុលាការ និង​មន្ត្រី​ន​គរបាល​យុត្តិធម៌ កំពុង​ស្រេះ​ដៃ​គ្នា​អនុវត្ត​យុទ្ធ​សាស្ត្រ​​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ លោក ហ៊ុន ម៉ាណែត ឈ្នះ​​​ឆ្នោត​ឆ្នាំ​២០២៧ និង​២០២៨ ខាង​មុខ ទាំង​គ្មាន​ដៃ​គូ​ប្រកួត។

បរិបទនេះ ក្លាយជាក្តីបារម្ភថ្មីទៀត ពីការ​គំរាម​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​បូរណ​ភាព​ទឹក​ដី ការ​បែក​បាក់​ជាតិ និង​ការ​យាយី​ជីវភាព​ពលរដ្ឋ​ច្រើន​ឆ្នាំ​ទៀត បើ​កម្ពុជា​គ្មាន​មេដឹកនាំ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ទេ​នោះ។

ក្តីបារម្ភនេះ ក៏ចំពេលដែល លោក ហ៊ុន សែន រង​ការ​ស្តី​បន្ទោស​ពី​សហគមន៍​អន្តរ​ជាតិថា ការ​ដឹក​នាំ​របស់លោក ហ៊ុន សែន បាន​​​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង ដើម្បី​តែ​ចង់សម្រេច​មហិច្ឆតា​​ក្តោបក្តាប់​អំណាច ចាប់​តាំ​ង​ពី​វៀត​ណាម​លើក​បន្តុប​អំឡុង​ឆ្នាំ​១៩៧៩។

ជុំវិញបញ្ហានេះ សកម្មជននយោបាយបក្សប្រឆាំង​៤នាក់​ទៀត មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើង​​ទៀ​ន​នៅ​ខេត្ត​កំពង់​ចាម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៥។

ពួកគេត្រូវបានចោទ​ពីបទ​​ ញុះញង់ បំភ្លៃ​ព័ត៌មាន​មិន​ពិត បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ​និងកិត្តិយស​ថ្នាក់​ដឹកនាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាដើម។

ប៉ុន្តែ បើគេពិនិត្យលើសារបែក​ធ្លាយ​របស់ លោក ហ៊ុន សែន កន្លង​ទៅ វិធាន​នេះ ហាក់​ជា​ការ​អនុវត្ត​តាមយុទ្ធ​សាស្ត្រ ដើម្បី​បើក​ផ្លូ​វ​ឱ្យ លោក ហ៊ុន ម៉ាណែត ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​២០២៨​ទាំងគ្មាន​គូប្រកួត​ទៅ​វិញ​ទេ ព្រោះ​​តុលាការ​ត្រូវ​បាន​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ចាត់​ទុក​ថា​ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច។

លោកថា៖ «បំបែក​មុខ​ពី​ឥឡូវ​ទៅ​តែម្ដង ដើម្បី​កុំ​ឲ្យពួ​ក​វា​មាន​មូល​ដ្ឋាន​កសាង​កម្លាំង​យក​មក​ធ្វើ​ជាសមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៧ និយាយ​រួម​គឺ​គ្រប់​គ្រង​កសាង​កម្លាំង​ពី​ឥឡូវ បំផ្លាញ​កម្លាំង​ពួក​ប្រឆាំង​កុំ​ឲ្យ​គេ​ធ្វើការ​ប្រឆាំង ​មាន​កម្លាំង​ប្រើ បើឯង​ប្រឆាំង​ងើប​មួយ​វ៉ៃ​មួយ»។

ជុំវិញ​វិធាន​ចាប់​ខ្លួ​ន​នេះ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើង​ទៀន ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ កាល​ពី​ថ្ងៃទី​១៨ ខែមីនា​នេះ ដោយ​ចាត់​ទុក​សម្មភាព​នេះ​គឺ​ជា​ការ​គំរា​ម​កំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ តាម​គ្រប់​រូប​ភាព ក្នុង​គោល​បំណង​រារាំង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំងនៅ​ទូទាំង​ប្រទេស។

ប្រភពបញ្ជា​ក់ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន រួម​មាន លោក កាន់ គុន ជា​ជំទប់​ទី២ នៅ​ឃុំ​តាប្រុក ត្រូវ​បានចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ចំណែក លោក ម៉ុត រិន ជាសមាជិក​ក្រុម​ប្រឹក្សា​ស្រុក និង​លោក ម៉ៅ ហេន ជាជំទ​ប់​ទី២ នៅ​ឃុំ​ជយោ ត្រូវ​បាន​ចាប់​ខ្លួន​នៅ ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ២០២៥។

ជុំវិញបញ្ហានេះ តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយប្រាប់​VOD​នៅ​ថ្ងៃទី​១៩ ខែ​មីនា​នេះ​ថា ការណ៍ដែល​មេដឹក​នាំ​គ្រួសារ​ហ៊ុន​បន្ត​ប្រើ​កណ្តាប់​ដៃ​ដែក​បង្រ្កាប​ពលរដ្ឋ ព្រោះ​មេដឹក​នាំ​រូប​នេះជាប់​អន្ទាក់​បរទេស​វៀត​ណាម​ ដែល​លើក​បន្តុប​គាត់​ឱ្យ​កាន់​អំណាច​អំឡុង​ឆ្នាំ​១៩៧៩។

លោកបន្តថា ការ​បន្តក្រាញ​អំណាច​ផ្តាច់​ការរបស់​គ្រួសារ​ហ៊ុន វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ​ច្រើន​លាន​នាក់ ជាពិសេស រឿង​បញ្ហា​បូរណភាព​ទឹក​ដី នឹង​រង​ការ​បាត់​បង់​បន្ថែម​ទៀត បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ​នោះ។

លោកថា៖ «វៀតណាម​គេយល់ថា​បើគណបក្សប្រជាជន​មិន​ខ្លាំង​ទេ មហិច្ចតា​របស់​ហូជីមិញ​ដែល​ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​លិច ដើម្បី​ត្របាក់​យក​កម្ពុជា និង​ឡាវ ជា​ប្រទេស​រណប នឹង​មិន​អាច​ទៅ​រួច​ទេ អ៊ីចឹងមាន​តែ​កម្ចាត់​គណបក្ស​ប្រឆាំង​ខ្សោយ​ទៅ ​ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន ជិះ​សេះ​លែង​ដៃ អា​ច​ធ្វើ​ឲ្យ​បានសម្រេច​ចិត្ត​កាត់​ដី​ឲ្យ​យួន​ប៉ុន្មាន​ក៏​បាន»។

ចំណែក អគ្គលេខាបក្សឆន្ទៈខ្មែរ និងជាសមាជិក​ព្រឹទ្ធ​សភា លោក គង់ មូនីកា សោក​ស្តាយ​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​ប្រព័ន្ធ​តុលាការ ដែល​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង ដែល​មាន​ឆន្ទៈ​បម្រើ​រាស្រ្ត។ លោកយល់ថា ការអនុវត្តនីតិវិធីបែបនេះ ជា​ការ​ដើរ​ផ្ទុយ​ពី​គន្លង​ប្រជាធិប​តេយ្យ សេរី​ពហុបក្ស ការណ៍នេះ​វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ទាំង​ភាព​ភ័យ​ខ្លាច គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជាដើម។

លោកថា៖ «ការ​បន្តចាប់ខ្លួនឃាត់ខ្លួន​នូវ​សកម្ម​ជន​នយោបាយ ក៏​ដូច​ជា​មន្ត្រី​ជាប់​ឆ្នោត​របស់​គណបក្សក្រៅ​រដ្ឋាភិ​បាល​ ជាពិសេស​គណបក្ស​ភ្លើង​ទៀន​ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ ឃើញ​ថា​នៅ​តែ​មាន​ជា​បន្តបន្ទាប់​ បង្ហាញ​ថា​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​ សិទ្ធិ​សេរីភាព​ការ​បញ្ចេញមតិ​ ក្នុង​ប្រទេស​មួយ​ដែលប្រកាន់​របប​លទ្ធិ​ប្រជាធិប​តេយ្យ​ សេរី​ពហុបក្ស ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ​១៩៩៣​ហ្នឹង ហាក់​បី​ដូច​ជា​ពុំ​បានអនុវត្ដ​ទូលំទូ​លាយ​ទេ»។

សម្រាប់​ពលរដ្ឋរងគ្រោះដីធ្លី​នៅ​ខេត្តកំពង់ស្ពឺ អ្នកស្រី មុំ សុភី និយាយ​ថា អ្នកស្រីក៏ធ្លាប់​រងគ្រោះ​ពី​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ផង​ដែរ ខណៈ​អ្នក​ស្រី​គ្រាន់​តែ​ការ​ពារ​ដីធ្លី​ខ្លួន ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ទៅ​វិញ។ អ្នកស្រីបន្តថា ការប្រើប្រព័ន្ធតុលាការដាក់សម្ពាធ​លើ​ពលរដ្ឋ​រង​គ្រោះ ជា​រឿង​អយុត្តិធម៌​បំផុត ខណៈ​ពលរដ្ឋ​រស់​នៅ​ពឹង​អាស្រ័យ​ប្រព័ន្ធ​ច្បាប់​ដើម្បី​ការ​ពារ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ដីធ្លី​ជាដើម។

អ្នកស្រីថា៖ «ក្នុងនាម​ខ្ញុំជាជនរងគ្រោះ​ដីធ្លីម្នាក់ ហើយ​ត្រូវ​គេ​ចោទ​ប្រកាន់​ ខ្ញុំគិត​ទៅ​អយុត្តិធម៌​ចំពោះ​ខ្ញុំ។ ខ្ញុំ​នៅ​តែ​​មាន​អារម្មណ៍​ខក​ចិត្ត​ណាស់ ពេល​ដែល​ឃើញ​ទង្វើ​អយុត្តិធម៌​កើត​ឡើង​សម្រាប់​ខ្ញុំ​កន្លង​មក ហើយ​វាកើ​ត​ចំពោះ​ពលរដ្ឋ​ផ្សេង​ទៀត មើល​ទៅ​វា​អយុត្តិធម៌​ណាស់»។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធ​ថា គណបក្ស​កាន់អំណាច មិន​បាន​ប្រើប្រព័ន្ធ​តុលាការ​ដើម្បី​រឹត​ត្បិត​សិទ្ធិ​សេរីភាព​អ្នកនយោបាយ​ឬពលរដ្ឋ​នោះ​ទេ។ លោកបញ្ជាក់ថា ជនណាធ្វើខុស​ច្បាប់ ឬអ្នកនយោបាយ​រូប​ណា​​ប្រព្រឹត្តិ​បទ​ល្មើស ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់ មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​គ្រប់​គ្រង​អំណាច​នោះ​ទេ។

លោកថា៖ «បើ​អស់លោក​ហ្នឹង​មិន​មាន​ពិរុទ្ធ​ភាព​ខាង​ផ្នែក​ផ្លូវ​ច្បាប់​ទេ តុលាការ​គេ​មិន​បាន​ចោទ​ប្រកាន់​បាន​ទេ ឬ​ក៏​នាំ​ខ្លួន​យក​ទៅ​វិនិច្ឆ័យ​ទោស​បាន​ទេ ពួក​គាត់​នៅ​យល់​ច្រឡំ​​ពី​រឿង​សិទ្ធិ អំណាច និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»។

ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេស​អូស្រ្តាលី លោក ស៊ឹង សែន​ករុណា យល់​ថា ការ​បង្រ្កាប​ខ្មែរគ្នាឯង​​ដើម្បី​រក្សា​អំណាច​ផ្តាច់​ការ ជា​ការ​បើក​ដៃ​ឱ្យ​បរទេស​ជិត​ខាង​មើល​ងាយ និងឈ្លាន​ពាន​ទឹក​ដី។

លោកបន្ត​ថា ជាទម្លាប់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច គឺ​ចូល​ចិត្ត​ប្រើ​ប្រព័ន្ធ​តុលាការ​កម្ចាត់​ខ្មែរ​គ្នា​ឯង ដោយ​យក​លេស​ចោទ​ប្រកាន់​ពលរដ្ឋ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ថា រំលោភ​ច្បាប់​ ឬ​ញុះ​ញង់​ជា​ដើម។

លោកថា៖ «ខ្ញុំមិនដែលចាត់ទុកថា​ កម្ពុជាមានការដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិប​តេយ្យ​ត្រឹម​ត្រូវ​អ្វី​នោះទេ អ៊ីចឹង​​ហើយ​យើង​មើល​ឃើញ​ថា ការ​ដឹក​នាំ​ហ្នឹង គឺ​ជា​ប្រទេស​មួយ​ដែល​មិន​មាន​ប្រជាធិប​តេយ្យ​ក្នុងការ​ប្រកួត​ប្រជែង​​ទេ អ៊ីចឹង​ក្នុង​ករណី​រឿង​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នយោបាយ​ជា​បន្ត​បន្ទាប់ គឺ​តែង​តែរង​ការ​ចោទ​ប្រកាន់​ ការ​ចាប់​ខ្លួន​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នានា នេះ​​សរបញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ក្ដី ទាំង​លោក​ឪពុក​ក្ដី ក្នុង​គណបក្ស​ប្រជាជន​ហ្នឹង​ អត់​ហ៊ាន​ប្រកួត​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ»។

អង្គការ​ការពារសិទ្ធិមនុស្ស លីកាដូ(Licadho) បានចេញរបាយករណ៍ ដែលដាក់ចំណងជើងថា «អ្នក​ជា​ប់​​ឃុំដោយប្រើសិទ្ធិ» រកឃើញ​ថា គិត​មក​ដល់​ពេល​នេះ ទាំ​ងអ្នក​នយោបាយ ក្រុម​អ្នកកា​រពារប​រិស្ថា​ន មេ​ដឹ​​ក​​នាំសហជីព សកម្ម​ជនដីធ្លី និងអ្នកដែលសកម្មក្នុងកិច្ចការសង្គម​ចំនួន ៦៥នាក់​ហើយ ត្រូវ​ចា​​ប់ខ្លួ​ន​។ ​

ដោយឡែក ក្រុមអ្នកតស៊ូមតិកម្ពុជាហៅកាត់ថា (CAT) បាននិយាយក្នុងលិខិតចុះថ្ងៃទី២ ខែមករា ឆ្នាំ ២០២៥​ថា រយៈពេល​១៦ខែ​នៃ​រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បាន​សម្រេចបោះចោលសុចរិតភាព យុត្តិធម៌ ហើយចាប់​យក​គ្រួសារ​និយម បក្ខពួកនិយម អញនិយម ដើម្បីបុព្វហេតុបន្តវេន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ