បទវិភាគ៖ ហេតុអ្វី​មេដឹកនាំ​កម្ពុជា​តែង​តែ​បិទ​ព័ត៌មាន​លាត​ត្រដាង​បញ្ហា​សង្គម?

មរតក​អំណាច​របស់​គ្រួសារ​ហ៊ុន​មក​ដល់​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ បាន​ពី​ការ​ប្រកួត​អំណាច​ខ្វះ​សុ​ច​រិត​ភាព ដោយ​ប្រើ​ដៃ​តុលាការ​វាយ​បំបែក​កញ្ចក់​សង្គម ដែល​ជា​តួអង្គ​ចង្អុល​បង្ហាញ​ពី​ជំងឺ​សង្គម បើ​ទោះ​បី​រដ្ឋធម្ម​នុញ្ញ​ចង​កាតព្វ​កិច្ច​ឱ្យ​ការ​ពារ​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​ក្តី។

ថ្មីៗនេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចាត់​ទុក​ការ​ផ្តាច់​ការ​ផ្គត់​ផ្គង់​ជំនួយ​ហិរញ្ញ​វត្ថុ​ដល់​ដំណើ​ការ​ផ្សាយ​របស់ អាស៊ី​សេរី និង​វិទ្យុ​​សំឡេង​សហរដ្ឋ​អាមេរិក ប្រ​យុទ្ធ​​ប្រឆាំង​ព័ត៌មាន​ក្លែង​​ក្លាយ បើ​ទោះបី​វិទ្យុ​ទាំង​២នាក់ បាន​​ជួយ​បន្លឺ​សំឡេង​ជន​រងគ្រោះ និង​អំពើ​អយុត្តិធម៌​សង្គម​ក្តី។

ទាំងអស់នេះ​ជាវិញ្ញាសារ​ចោទ​សួរ​ថា ហេតុអ្វីមេដឹកនាំកម្ពុជាតែងតែ​បិទព័ត៌មាន​ចង្អុល​បង្ហាញ​ជំងឺ​សង្គ​ម?

ភស្តុតាងជាច្រើន ដែលជាអង្គ​ហេតុសម្រាប់ធ្វើ​ការវិភាគ​ជុំវិញ​បញ្ហា​នេះ នោះ​គឺ​ការ​ដែល​មាន​​ស្ថាប័ន​សារព័ត៌​មាន​​ឯក​រាជ្យ ​និង​​ការ​មាន​គណបក្ស​​ប្រឆាំង​​ដែ​ល​​មាន​សំឡេង​ខ្លាំង​ គឺ​​​​​​​ជាការ​​ចាំបាច់​ណាស់​នៅ​ក្នុង​​សង្គម​ប្រជា​ធិប​តេយ្យ ​ពីព្រោះ​​សារ​​ព័ត៌មាន​​ឯក​រាជ្យ និង​គណ​​បក្ស​​ប្រឆាំង​​បាន​​ដើរ​តួនាទី​​យ៉ាង​សំខាន់​ ​ប្រៀប​បី​ដូច​ជា​កញ្ចក់​​​២ផ្ទាំង​​ ដែល​​ឆ្លុះ​​បញ្ចាំង​​ឱ្យ​​​ប្រជា​ពលរដ្ឋ​​ម្ចាស់​​ឆ្នោត​ អាច​​មើ​ល​ឃើញ​​ពី​​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល ​និងភាព​អសកម្ម​របស់​មន្ត្រីខិលខូច​បក្ខពួក​និយម គុបគិតគ្នា​ប្រព្រឹត្ត​​អំពើ​ពុករលួយ​​ ដើម្បី​អាច​ធ្វើឱ្យ​រដ្ឋា​ភិបាល​​ធ្វើការ​​កែតម្រូវ​បាន​​ចំចំណុច ​និង​ចំគោលដៅ ដើម្បី​​បង្កើន​ប្រសិទ្ធ​ភាព​ការ​ងារ​​ឱ្យ​បាន​​កាន់​​តែប្រសើរ​ ធ្វើ​ឱ្យ​ប្រទេស​​ជាតិ​​​មានការ​​រីក​ចម្រើន​​​កាន់​តែឆាប់​រហ័ស។

ប្រទេស​មួយបើ​​​គ្មាន​គណបក្ស​ប្រឆាំង​​​​ដែល​​ខ្លាំង​ និង​ពុំ​មាន​​សារព័ត៌មាន​​ឯក​រាជ្យ​​​ មេដឹកនាំ ​និង​​មន្ត្រី​​ប្រទេស​នោះ​នឹងជិះ​សេះ​​លែង​ដៃ​ធ្វើអ្វីៗ​​តាម​​តែ​​​អំពើចិត្ត ​យក​​បុណ្យ​ស័ក្តិ​​តួនាទី​​ធ្វើ​ជា​មុខ​របរ​​រកស៊ី​​កើបប្រមូល​ប្រាក់ គប់​គិត​គ្នា​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ មិន​ខ្វល់​ពីសុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោតឡើយ​។

ជារួម​ប្រទេស​ដែល​គ្មាន​ព័ត៌មាន​ឯក​រាជ្យ​ គ្មាន​គណបក្ស​ប្រឆាំង​ដែល​ខ្លាំង​ គឺជាឋានសួគ៌​សម្រាប់​មេដឹក​នាំ​ផ្តាច់​​ការ​​មិនសុចរិត​ និង​មន្ត្រីខិលខូច​ ពីព្រោះ​​ពួកគេ​​និង​បក្ខពួក​​មានភាព​ងាយ​ស្រួល ក្នុង​ការ​​ធ្វើអ្វីៗ​​តាម​អំពើ​​ចិត្ត អាច​ផ្ទេរអំណាច​តពូជ​បាន​​ គុប​​គិត​គ្នា​​ប្រព្រឹត្ត​អំពើ​​ពុក​រលួយ​ជា​ប្រព័ន្ធ​​ ប្រមូល​​ច្បាម​​វាទ​​យក​ធន​ធាន​​របស់​​ប្រទេស​​​ជាតិ ​​ទៅ​​ធ្វើ​មាន​​ធ្វើ​បាន​​សម្រាប់​​តែ​ក្រុម​​គ្រួសារ​ និង​បក្ខពួកខ្លួន​តាម​អំពើ​ចិត្ត​​ គឺ​ដូចអ្វី​ដែល​លោក ​ហ៊ុន សែន ​បាន​ធ្វើ និង​កំពុង​តែបន្ត​ធ្វើ​​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។

​សកម្ម​ភាព​របស់ ​លោក ​ហ៊ុន សែន គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​​ច្បាស់​ថា រូបលោក​និង​គណបក្ស​ប្រជាជនកម្ពុជា​​របស់​លោក ​មិន​​ត្រូវការ​គណបក្ស​ប្រឆាំង​​ មិន​​ត្រូវ​ការ​ស្ថាប័ន​សារ​ព័ត៌មាន​ឯក​រាជ្យ​​ និង​មិន​ត្រូវ​ការ​អង្គការ​សង្គមស៊ីវិល​​ឯករាជ្យនោះឡើយ​ ហេតុ​ដូច្នេះ​ហើយ​​ទើប​លោក​បាន​ចេញសារ​អបអរសាទរ​ និង​​សម្តែង​ការ​​គាំទ្រ​យ៉ាង​​ពេញ​ចិត្ត​​ពេញថ្លើម ​នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ​ដូណាល់ ត្រាំ បាន​​ប្រកាស​​បិទ​បញ្ចប់​ការ​ផ្តល់​ថវិកា​​ទៅ​ឱ្យ​វិទ្យុ​អាស៊ីសេរី​ និង​វីអូអេសំឡេង​​សហ​រដ្ឋអា​មេរិក កាលពីថ្ងៃទី​១៤ ​ខែមីនា ​ឆ្នាំ២០២៥។

លើសពីនេះ លោក ហ៊ុន សែន កាលពីថ្ងៃទី​១៧ ​ខែមីនានេះ ​បាន​​សរសេរ​នៅលើ​ហ្វេស​​ប៊ុក​របស់​​លោក ចាត់ទុក​វិធាន​កាត់​ផ្តាច់​​ថវិកា​​​ឱ្យ​ទៅ​វិទ្យុ​ផ្សាយ​ចេញ​ពី​ក្រៅ​ប្រទេស​ទាំង​ពីរ​នេះ​ថា ជា​ការ​ចូល​រួម​ចំណែក​ប្រ​យុទ្ធ​ប្រឆាំង​ព័ត៌​មាន​ក្លែង​​ក្លាយ។

តើអ្វីទៅជាព័ត៌មាន​ក្លែងក្លាយ​?

និយាយ​​ឱ្យខ្លី ព័ត៌មានក្លែងក្លាយ​​​ គឺ​​ជាព័ត៌មាន​មិន​ពិត ព័ត៌​មាន​​បំភ្លៃ ព័ត៌​មាន​​​បំផ្លើស ដែល​​ត្រូវ​​​បាន​​ប្រឌិត​​ឡើង​​​ដោយ​​បុគ្គល​ណាម្នាក់​ ឬក្រុម​ណា​មួយ ​ក្នុង​ចេតនា​ទុច្ចរិត​​ទៅ​លើ​​ក្រុម​ណាមួយ ឬបង្កើត​ព្រឹត្តិការណ៍​​អ្វីមួយ។

ឧទាហរណ៍ ​ដូចជា​កាល​ពីចុង​ខែ​មិថុនា ​ឆ្នាំ​២០២៣​ លោក ​ហ៊ុន សែន ​បាន​ប្រកាស​បញ្ជូន​​កងកម្លាំង​អង្គរក្ស​​របស់​​លោក​​ចំនួន ​៥០០​នាក់​ ទៅ​កាន់​ខេត្ត​ភាគ​ឦ​សាន ​ដើម្បី​​បាញ់​ទម្លាក់​​ដ្រូន​​ដែល​លោក​​អះអាង​​ថា​ ​បាន​​ហោះ​​ចូល​ទឹកដីកម្ពុជា​​ពី​​ប្រទេស​​វៀតណាម នៅ​​តាម​​ព្រំដែន​ និង​កាលពីដើម​ខែកុម្ភៈ ​ឆ្នាំ​២០២៥​​នេះ​ លោក​ ហ៊ុន សែន ​បា​ន​​អះ​អាង​​ទៀត​ថា មាន​មនុស្ស​​មួយ​ក្រុម​ បាន​រៀបចំ​ផែន​ការ​វាយ​ប្រហារដោយ​ដ្រូន​ចូល​ក្នុង​ភូមិគ្រឹះ​របស់​លោក​​ក្នុង​ក្រុង​តាខ្មៅ​ជាដើម​។

ព័ត៌មាន​ដែល ​លោក​ ហ៊ុន សែន ​បាន​បញ្ចេញ​នេះ​ ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​​នយោ​បាយ ​លើក​ឡើង​​ថា គឺ​ជាព័ត៌​មាន​​​​​មិន​ពិត ក្លែង​ក្លាយ ​​ដែល ​លោក ​ហ៊ុន សែន ​ខ្លួន​ឯង​​បាន​​បង្កើត​ឡើង​​ ខណៈ​​​គេ​រក​​ពុំ​ឃើញ​​ភស្តុតាង​ដូច​អ្វី​ដែល​ លោក ​ហ៊ុន សែន ​​បាន​អះអាង​​ឡើយ​​​។

វិល​ទៅ​​ពិនិត្យ​មើល​ស្ថាប័ន​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​វីអូអេ​​​ ដែល ​លោក ​ហ៊ុន សែន ​បាន​ចោទ​​ថា ជាស្ថាប័ន​ដែល​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ភូត​កុហក លាប​ពណ៌ អុជអាល ញុះញង់ បង្ក​ចលាចល​នោះវិញ​ ​ជាទូទៅ​​ប្រជា​ពល​រដ្ឋ​ខ្មែរ ​និង​មជ្ឈដ្ឋាន​​​ជាតិ​​​និង​អន្តរ​ជាតិ​​ជាច្រើន​ បាន​​ចាត់​ទុក​ការផ្សាយ​របស់​ពួកគេ​ជា​ព័ត៌មាន​ពិត​ ​មានប្រភពច្បាស់​លាស់ ​​ ក្នុង​នោះ​មាន​តាំង​​​ពី​​ប្រជា​ពលរដ្ឋ​​រង​គ្រោះ មន្ត្រី​​អង្គការ​​សង្គម​​ស៊ីវិលពាក់​ព័ន្ធ អាជ្ញាធរ ​និង​​មន្ត្រី​​រដ្ឋាភិបាល​ផងដែរ។

ក្នុង​រយៈ​ពេល​​ជាច្រើនឆ្នាំមកនេះ​ សារព័ត៌មាន​ឯករាជ្យ​​បាន​ចុះផ្សាយជាហូរហែ​​​ថា លោក​ហ៊ុន សែន​ បាន​ប្រើ​​លោក​ ឌិត មន្ទីរ​ ប្រធានតុលាការ​កំពូល​​ដែល​ជា​សមាជិកបក្ស ឱ្យ​​រំលាយ​គណបក្ស​​សង្គ្រោះ​​ជាតិ​ និង​ចាប់​ឃុំ​ខ្លួន​ លោក ​កឹម សុខា ប្រធាន​​គណ​បក្ស​​​នេះ​កាល​ពីឆ្នាំ​២០​១៧​។

លោក​ វិធិត​ មុន​ថាប៊ន​ អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ បាន​រិះគន់ចំៗថា ​​ការផ្ទេរអំណាច​នៅ​កម្ពុជា​​ក្នុង​​ឆ្នាំ​២០២៣ ​ ធ្វើ​​ឡើង​តែ​នៅ​​ក្នុង​រង្វង់​​ក្រុម​​គ្រួសារ​ ដែល​​នេះ​​គឺ​ជា​ការបន្ត​ក្តោបក្តាប់​អំណាច​ដោយ​គ្មាន​លក្ខណៈ​​ប្រជា​ធិប​តេយ្យ​ និង​តម្លាភាព​ទេ​។

សារព័ត៌មាន​ឯករាជ្យ ក៏ចុះ​ផ្សាយដែរ​ថា អង្គការលីកាដូ បានកត់ត្រា​ថា គិត​មក​ដល់​ត្រឹម​​ខែ​មីនា​នេះ ​រដ្ឋាភិបាល​​កម្ពុជា ​បាន​និង​កំពុង​បន្ត​ឃុំ​​ខ្លួន​​អ្នក​​ប្រើ​សិទ្ធិ​​ចំនួន​​ ៦៥​នាក់ ក្នុងនោះ​ក៏មាន លោក ​កឹម សុខា សកម្ម​ជន​​នយោបាយ​ សកម្ម​ជន​បរិស្ថាន​ សកម្ម​ជន​​ព្រំដែន​ និង​សកម្ម​ជន​សង្គម​ផ្សេងៗទៀត​។

បច្ចុប្បន្ន​​ការ​រីករាល​​ដាល​យ៉ាងខ្លាំង​នៃគ្រឿងញៀន អំពើ​ពុក​រលួយ​​កើតឡើង​ជាប្រព័ន្ធ​ពេញ​បន្ទុក ជម្លោះ​​​​ដីធ្លី​ធ្វើឱ្យប្រជាពលរដ្ឋ​ជាច្រើន​​ធ្លាក់ខ្លួន​ក្រីក្រ​​​នៅ​ស្ទើរ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ និង​បញ្ហា​​បូរណ​ភាព​ទឹក​ដី​ ដែល​ទាំង​​វៀតណាម​​ទាំង​ថៃ ​បាន​រំលោភបំពាន​​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​​ជាបន្ត​បន្ទាប់​ជាដើម។

សួរ​ថា តើ​​ព័ត៌មាន​ដែល​​ត្រូវបាន​ចុះផ្សាយ​ទាំង​នេះ​​ ជាព័ត៌មាន​​ក្លែងក្លាយ ព័ត៌មានភូត​កុហក លាបពណ៌ អុជ​អាល ញុះញង់ បង្កចលាចល ដូច​ដែល​លោក ​ហ៊ុន សែន ​បាន​លើកឡើង​ដែរឬយ៉ាងណា?​

ចម្លើយ​យ៉ា​ង​ខ្លី​គឺ​ថា មិន​​មែន​​ជាព័ត៌មាន​​ក្លែង​ក្លាយ អុចអាល ​ឬញុះញង់​​លាបពណ៌​អ្វី​​នោះទេ តែជាព័ត៌​មាន​ពិត​​ដែល​​កំពុង​តែកើតឡើង​​នៅក្រោមការ​ដឹកនាំ​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។

តឹកតាងខាងលើនេះ ជាការឆ្លើយទៅនឹងសំណួរ​ដែលសួរ​ថា ហេតុអ្វីមេដឹកនាំកម្ពុជាតែងតែបិទព័ត៌មានចង្អុល​បង្ហាញជំងឺសង្គ​ម?

ដោយ​ឡែក សម្រាប់​​ប្រធាន​​វិទ្យុអាស៊ី​សេរី លោក​ស្រី  Bay Fang បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​​ «​ការ​បិទ​វិទ្យុ​អាស៊ីសេរី គឺ​ជា​កាដូ​សម្រាប់​ជនផ្ដាច់ការ និង​ជនជិះជាន់​ រួម​មាន​ទាំង​បក្ស​កុម្មុយ​នីស្ត​ចិន ដែល​តែង​តែ​​សប្បាយ​​ចិត្ត​​ដែល​​អាច​ឲ្យ​ឥទ្ធិពល​របស់​ពួកគេ ​រីកសាយភាយ​​តាម​ចិត្ត ​នៅពេល​ដែល​​​គ្មាន​ការ​ត្រួត​ពិនិត្យ​ក្នុង​លំហ​ព័ត៌មាន​»។​

តាម​រយៈសេចក្តី​ថ្លែងការណ៍​​ចុះថ្ងៃទី​​៧ ខែ​ធ្នូ ឆ្នាំ​​២០២៤ អង្គការ​អ្នកកាសែត​​​គ្មាន​ព្រំដែន (Reporters Without Borders) បាន​​ដាក់​​កម្ពុជាឲ្យ​ជាប់​ចំណា​ត់​ថ្នាក់​ទី១៥១​ ក្នុង​ចំណោម ១៨០​​ប្រទេស ​​នៅ​ក្នុង​​សន្ទស្សន៍​​សេរីភាព​​សារព័​ត៌​មាន​​ពិភព​​លោក​​ឆ្នាំ២០២៤។ ចំណាត់​ថ្នាក់​​នេះ ​មានន័យថា​ កម្ពុជា​​ជា​ប្រទេស​មានការ​គំរាម​កំហែង​ដល់​​សេរីភាព​​សារព័ត៌​មាន​​យ៉ាង​​«ធ្ងន់​ធ្ងរ​ណាស់»​។

សម្រាប់​អ្នក​ឃ្លាំមើលសង្គម ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ បាន​​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​លើក​កម្ពស់​​ប្រជាធិប​តេយ្យ និង​សិទ្ធិមនុស្ស ក៏ដូច​ជា​សេរីភាព​នៃការ​បញ្ចេញ​មតិ​​។

ក្រៅពី​ផ្តល់​ព័ត៌មាន​ពិត​ពីគ្រប់ជ្រុង​នៃសង្គម សារព័ត៌មាន​ឯករាជ្យ ​ក៏​ផ្ដល់​នូវ​ការ​វិភាគស៊ីជម្រៅ​ចំពោះ​ព្រឹត្តិ​កា​រ​​​​ណ៍​​ដែល​​បាន​កើតឡើង​​ ដែល​ការណ៍​នេះ​វា​ផ្ដល់នូវ​ឥទ្ធិពល​​ជា​វិជ្ជមាន​ ទៅ​ដល់​​ការ​យល់​ឃើញ និង​​ការ​គិត​ស៊ី​ជម្រៅ​របស់​ពលរដ្ឋ ​ក្នុង​ការ​សម្រេច​ចិត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើសមេដឹកនាំ​ និង​នៅក្នុង​​ជីវភាពប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ផងដែរ។​

ប៉ុន្តែ​នៅ​កម្ពុជា​​ ក្រោម​ការ​ដឹកនាំ​របស់គ្រួសារ​ហ៊ុន សារព័ត៌មាន​ឯក​រាជ្យ​​តែងតែត្រូវ​បាន​​រដ្ឋាភិបាល​​បង្ក្រាបជាបន្តបន្ទាប់ ក្រោមសំឡេងរិះគន់ថា ដើម្បីបិទបាំងការដឹកនាំខ្វះសុចរិតភាព ដែលមា​នប្រភ​ពចេញពី​​ការ​បោះ​ឆ្នោ​តក្លែងក្លាយ បន្លំភ្នែកជាតិ និងអន្តរជាតិ។ នេះក៏ជាចម្លើយមួយទៀត ដែលឆ្លើយតបទៅនឹងប្រធានបទចោទសួរខាងលើដែរ។

សរុបមក​វិញ ​មេដឹកនាំដែលកើតចេញពីការ​បោះឆ្នោតមិនត្រឹមត្រូវ ឬក្លែងក្លាយ  ត្រូវបាន​គេមើល​ឃើញថា​​ពួកគេ​មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​​ទទួល​​បាន​​ព័ត៌​មាន​​ពិត​​ ឯក​រាជ្យ​​​ពីភាព​​អវិជ្ជមាន​​នៅ​ក្នុង​​សង្គម​ក្រោម​​ការ​ដឹក​នាំ​​​របស់​ពួក​គេ​​​​នោះ​ទេ ដូចដែល​​លោក ​កឹម សុខា ​ធ្លាប់​​បាន​​លើក​ឡើង​ថា មេដឹកនាំ​ផ្តាច់ការ ​គេចង់​ឱ្យ​ប្រជាពលរដ្ឋ​​ខ្លៅ ខ្លាច ឃ្លាន ​ដើម្បី​ឱ្យពួកគេងាយ​​ស្រួល​គ្រប់គ្រង។

បរិបទនេះ ជំរុញកំណើនសេដ្ឋកិច្ចស្ទើរទាំងអស់​ធ្លាក់ក្នុងដៃក្រុម​គ្រួសារអ្នកមានអំណាច រីឯពលរដ្ឋក្លា​យជា​ជនរ​ងគ្រោះនៃអំពើពុករលួយ។

លើសពីនេះ ភស្តុងតាងដែលមិនអាចប្រកែកបាន ក្រោយ​មេដឹកនាំ​គ្រួសា​​រ​ហ៊ុន វាយបំបែកកញ្ចក់សង្គម ធ្វើយុទ្ធនា​ការបោសម្អាត​ព័ត៌មានឯករាជ្យ​ជិត១០ឆ្នាំទៅ​នេះ ក្បាលម៉ា​ស៊ីន​ដឹកនាំ​រដ្ឋ ប្រទាក់ក្រឡាគ្នា​​ដោយ​អំ​ពើ​​ពុ​​​​ក​​រលួយ​បែបគ្រួសារនិយម។

ការណ៍នេះ កម្ពុជាក្លាយជាឋានសួគ៌ពួកឧក្រិដ្ឋជន ពល​​រដ្ឋ​ច្រើ​​នលា​ននា​ក់ រង​គ្រោះ​ពី​​ប្រព័ន្ធ​យុត្តិធម៌ និងច្រើន​​លាន​នាក់​ទៀត រស់នៅក្រោមសម្ពាធបំណុល សំឡេងជនរងគ្រោះ​នឹងត្រូវ​គេ​បិទ​ខ្ទប់ បើគ្មា​នសា​រព័​ត៌មាន​ឯករាជ្យ ជាអ្នក​ជួយបន្លឺសំឡេង។

ទាំងអស់នេះបងប្អូនពិចារណាដោយខ្លួនឯងថា ហេតុអ្វីមេដឹកនាំកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ តែង​​តែ​ភ័យ​ខ្លាចសារព័ត៌មាន​ឯករាជ្យដែលបង្ហាញជំងឺសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ