កម្ពុជា​ថា​ការ​អូស​បន្លាយ​ចាត់​វិធានលើ​ លី រតន​រស្មី និង ពេជ្រ គឹម​ស្រ៊ិន មក​ពី​ភាគីថៃ​

នគរបាលជាតិកម្ពុជា បន្ត​ទម្លាក់កំហុស​ដា​ក់​ភាគី​ថៃ ពី​ការ​មិន​ចាប់​បញ្ជូន លី រតន​រស្មី និង​ពេជ្រ គឹ​ម​ស្រ៊ិន ឱ្យ​ទៅ​តុលាការ​ថៃ​ដើម្បី​កាត់​ទោស​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ លោក លិម គិម​យ៉ា ដែល​បាន​អូស​បន្លាយ​ជិត​៣​ខែ​ទៅ​នេះ ដោយ​សំអាង​ថា បញ្ហា​ចម្បង​មក​ពី​ស្ថាប័ន​ជំនាញ​ថៃ មិន​ផ្តល់​ឯកសារ​ស៊ើប​អង្កេត​បន្ថែម តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់VOD​នៅ​ថ្ងៃ​ទី​១៨ ខែ​មិនានេះ​ថា គិត​មក​ដល់​ពេល​នេះ កម្ពុជា​ទទួល​បាន​សំណើរ​ពី​ភាគី​ថៃ និង​ទទួល​បាន​និវេទន៍​ក្រហមពី​ប៉ូលីស​អន្តរ​ជាតិ ក៏ប៉ុន្តែ​ថា កម្ពុជា​មិនទា​ន់​មាន​ឯកសារ​ផ្លូវ​ការ​ណា​មួយ ដែល​ផ្តល់​ដោយ​ភាគី​ថៃ ដើម្បី​កសាង​បំពេញ​នីតិ​វិធី ក្នុង​កិ​​ច្ចសហការណ៍​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ​នៅ​ឡើយ​ទេ។

លោកគូសបញ្ជាក់ថា ភាគីកម្ពុជា​ធ្លាប់​ជួប​ផ្ទាល់​ជាមួយ​ភាគី​ថៃ ដើម្បី​សុំ​របាយ​ការណ៍​ស៊ើបអង្កេត​លម្អិត​ប​ន្ថែម ប៉ុន្តែ​ថា​មក​ដល់​ពេល​នេះ​ កម្ពុជា​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់​ពី​ភាគីថៃ។ បញ្ហានេះ លោក​ថា មិន​អា​​ចប្រាប់​បាន​ពី​ពេល​វេលា​ជាក់​លាក់​ លើ​វិធានចាប់​បញ្ជូន​ជន​សង្ស័យទាំង​ពី​រនាក់​នេះ​បាន​ទេ។

លោកថា៖ «អ្វីដែលជា​ប្រភព​មូល​ដ្ឋាន​ច្បាស់​លាស់​សម្រាប់​ផ្ដល់​ការ​ស៊ើប​អង្កេត​បន្ត​នេះ វា​ស្ថិត​ក្នុង​ដៃ​ភាគី​ថៃ ដូច្នេះយើង​ក៏​នៅ​តែ​រងចាំ​ឯកសារ​មួយ​ចំនួន ដែល​ពាក់​ព័ន្ធ​ការ​ងារ​ជំនាញ​ស៊ើប​អង្កេត​នៃ​ភាគី​ទាំង​សង​ខាង ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​​លាស់ ​ហើយ​ចំពោះ​គេ​លើក​ឡើង​យ៉ាង​ណា​យ៉ាង​ណី​នោះ​ អាហ្នឹង​សិទ្ធិ​របស់​គេ​ទេ! ប៉ុន្តែ​គ្រាន់​ថា ការ​លើក​ឡើង​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ ឱ្យ​ចេះ​ច្បាប់ ចេះ​ទម្លាប់ ឱ្យ​ដឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ផង»។

លោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងបាញ់​សម្លាប់​ក្នុង​ទីក្រុង​បាង​កក​ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ ខណៈ​លោក និង​ភរិយា ជាជន​ជាតិ​បារាំង ធ្វើ​ដំណើរ​តាម​រថយន្ត​ចេញ​ពី​ខេត្ត​សៀមរាប។

ឃាតកម្មនេះ កើតឡើង​ក្រោយ​ពី​លោក លិម គិម​យ៉ា រិះ​គន់​គ្រួសារ​ហ៊ុន រឿង​ធ្វើ​ឱ្យ​ឆេះ​រូប​​ព្រះ​ឆាយា​ល័ក្ខណ៍​​ព្រះមហា​ក្សត្រ ​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍ «សាទរ​កម្ពុជា» កា​លពី​យប់​ឆ្លង​ឆ្នាំ​សកល ឆ្លងចូលឆ្នាំ២០២៥ ដែលរៀបចំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន ។

ក្រោយចាប់ខ្មាន់កាំភ្លើង ជាជនជាតិថៃបាន តុលាការព្រហ្មទណ្ឌថៃ បាន​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន ​ជន​សង្ស័យ លី រតន​រស្មី ដែល​បុរស​រូប​នោះ ជាទី​ប្រឹក្សា ​លោក ហ៊ុន សែន ។

ដោយឡែក ប៉ូលីសអាំងទែប៉ូល ក៏​បាន​ចេញ​និវេទន៍​ក្រហម​ឱ្យ​តាម​ចាប់​ខ្លួន​បុរស​ម្នាក់​ទៀត គឺ ពេជ្រ គឹមស្រ៊ិន ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​ស្និទ្ធ​នឹង​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង ខណៈ​ជន​សង្ស័យ​ត្រូវ​បាន​កាមេរ៉ា​សុវត្ថិ​ភាព ​ចាប់​បាន​ពី​ទំនាក់​ទំនង​ជាមួយ​ខ្មាន់​កាំភ្លើង​នៅកន្លែង​កើត​ហេតុ។

ជុំវិញការអះអាងរបស់ លោក ឆាយ គឹមខឿន នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សូរីដា ចាត់ទុក​ថា ជា​លេស​ដោះ​សារ​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​តែ​ប៉ុណ្ណោះ ដោយ​ថា ទោះ​បី​មិន​ចាប់​បញ្ជូន​ទៅ​ភាគី​ថៃ តែ​ក៏​ត្រូវ​ហៅ​ជន​សង្ស័យ​ទាំង​២​នោះ​មក​ស៊ើប​អង្កេត​លើ​ទឹកដី​កម្ពុជា​ដែរ ព្រោះ​អ្នក​ស្លាប់​ជា​ជន​ជាតិ​ខ្មែរ។

មួយវិញទៀត លោក​ថា ការមិ​ន​ខ្វល់​ខ្វាយ​រក​យុត្តិធម៌​បែប​នេះ ដោយ​សារ​អ្នក​ស្លាប់​ជា​អ្នកនយោ​បាយ​ប្រឆាំង​រដ្ឋាភិ​បាល តែ​បើ​ជន​រង​គ្រោះជា​មន្រ្តី​បក្ស​កាន់​អំណាច​វិញ រដ្ឋាភិបាល​កម្ពុជា​ប្រហែល​មិន​សង្ងំ​ស្ងៀម​ដូច​នេះ​ទេ។

លោកថា៖ «វាមិនចាំបាច់ចាប់ហើយ​ត្រូវ​បញ្ជូន​​​ទៅ​​​ថៃ​ទេ ឲ្យ​តែ​ដំណាក់​កាល​ទីមួយ​ចាប់​ជន​ហ្នឹង​សិន រដ្ឋាភិបាល​ចាប់​ជនហ្នឹង​សិន ហើយ​រឿង​បញ្ជូន ឬ​មិន​បញ្ជូន​ អាហ្នឹង​ចាំ​មើល​ទៅ​តាម​ក្រោយ​ទៅ។ បើរដ្ឋាភិបាល​ថា​អត់​ទេ អត់​បញ្ជូន​ទេ គឺ​ត្រូវ​តែ​ស៊ើប​អង្កេត​ ត្រូវ​តែ​កាត់​ក្ដី​ឲ្យ​ជន​ហ្នឹង​នៅ​ស្រុក​ខ្មែរ​ អាហ្នឹង​​គឺ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ចំណាត់​ការ​បែប​ហ្នឹង​ទៅ បើ​ធ្វើ​ចំណាត់ការ​បែប​ហ្នឹង អាហ្នឹងគឺ​វា​ជា​រូបភាព​មួយ​ដែល​ធ្វើ​ឲ្យ​មហាជន​ខ្មែរ​ហ្នឹង​អាច​នឹង​ស្ងប់​ចិត្ត​ខ្លះ»។

សម្រាប់ ប្រធានក្រុមអ្នកច្បាប់​អមរិន្ទ លោក សុខ សំអឿន យល់​ថា បើតាម​ដីកា​របស់​ថៃ​ឬ​និវេទន៍​ក្រហម​របស់​ប៉ូលីស​​អន្តរ​ជាតិ អាច​ជា​ភស្តុតាង​ជំរុ​ញ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ ប៉ុន្តែ​វាអាស្រ័យ​លើ​ឆន្ទៈ​របស់​ថ្នាក់​ដឹក​នាំ​ទៅ​វិញ​ទេ។

លោកថា៖ «យើង​បាន​ដីកា​បង្កាប់​ឱ្យ​តាម​ចាប់​ខ្លួន​ពី​តុលាការ​ថៃ​ហើយ ខ្ញុំ​ថាអាហ្នឹង​ដូចជា​គ្រប់​គ្រាន់​ហើយ ជា​ទស្សនៈ​​​ខ្ញុំ​ ក៏​ប៉ុន្តែ​ក្រែង​ល៎ អាជ្ញាធរ​ខ្មែរ​ត្រូវ​អ្វី​ផ្សេង​ៗទៀត​ ខ្ញុំមិន​ដឹង​ដែរ»។

ដោយឡែក ប្រធានអង្គការប្រជាធិបតេយប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែន​ករុណា ក៏ធ្លាប់​អះ​អាង​ថា ការ​បន្ត​លាក់​បាំង​ជន​សង្ស័យ​របស់​មេដឹកនាំ​កម្ពុជា ឆ្លុះ​បញ្ចាំង​ថា ខ្លួន​ពិត​ជាមាន​ជាប់​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​នេះ។

លោកថា ដើម្បីកុំឱ្យខ្មាស់បរទេសគឺតុលាការថៃ ប៉ូលីសអន្តរជាតិ​អាំងទែប៉ូល និង​ភាគី​បារាំង មេដឹកនាំ​កម្ពុជា ត្រូវ​ចាប់​បញ្ជូន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ​ឱ្យ​តុលាការ​ថៃ ដើម្បី​សួរ​ចម្លើយ​និង​ផ្តន្ទា​ទោស។

លោកថា៖ «ការដែលបន្តលាក់បាំងនេះ គឺគេអាចមានមន្ទិល​សង្ស័យ​ថា វា​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច​នៅ​កម្ពុជា ​ដែល​គេ​មាន​ការ​ព្រួយ​បារម្ភ​ថា បើ​បញ្ជូន​ជន​សង្ស័យ លី រតនរស្មី និងពេជ្រ គឹមស្រ៊ិន ទៅ​នឹង​ធ្វើ​ឱ្យ​មាន​ការ​បែក​ធ្លាយ​អ្នកនៅ​ពី​ខាង​ក្រោយ​ខ្នង​ជាដើម។ ចឹងរឿង​ដែល​មិន​ចាប់​បញ្ជូន​ហ្នឹង វា​អាច​ប៉ះ​ពាល់​ដល់​មុខ​មាត់​ថ្នាក់​ដឹក​នាំ ទើប​មិន​ហ៊ាននោះ»។

​កាល​​ពី​ថ្ងៃ​ទី​២៤ ខែ​​មករា បារាំងតាមរយៈ​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ធ្លាប់​លើក​​ឡើ​​​ងពីយុត្តិ​ធម៌ លោក លិម គិមយ៉ា នៅ​ចំពោះ​មុខ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​ការ​បរទេស​កម្ពុជា​ផង​ដែរ។

កាលថ្ងៃ​ទី១៥ ខែមករា នគរបាល​អន្តរ​ជាតិ​អាំង​ទែប៉ូល (Interpol) បាន​​ចេញ​​និវេទន៍​ក្រហម (Red notice) ​​​​​​​ឱ្យស្វែង​រក​​ចាប់​ខ្លួ​ន​​អ្នក​​ផ្តល់​​​តម្រុ​យ ​​​ឱ្យ​​បា​​ញ់សម្លាប់លោក លិម គិមយ៉ា។

ជុំវិញបញ្ហានេះ មន្ត្រីបក្សប្រឆាំងដាក់ការចោទថា ការបន្តលាក់បាំងជនសង្ស័យទាំងក្នុងសំណុំរឿងឃាតកម្មនេះ បញ្ជាក់ថា គ្រួសារហ៊ុន នៅជាមេខ្លោងនៅពីក្រោយឃាតកម្មនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ