ចៅក្រមជំនុំជម្រះនៃតុលាការបារាំង កំពុងបន្តនីតិវិធីសួរនាំសាក្សីមួយចំនួន ជុំវិញរឿងក្តីព្រហ្មទណ្ឌប្រឆាំងមេកងអង្គរក្សពីរនាក់របស់ លោក ហ៊ុន សែន ខណៈដើមចោទនៅក្នុងរឿងក្តីនេះ គឺលោក សម រង្ស៊ី ត្រូវបានតុលាការបិទបញ្ចប់ការយកចម្លើយរួចហើយ ដែលប្រើពេលអស់ជាច្រើនម៉ោង ដែលជាការឆ្លើយតបទៅនឹងបណ្តឹងចោទប្រកាន់ប្រឆាំង លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ។
មនុស្សដែលស្និទ្ធនឹងលោក សម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្ទ្រ បានប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃទី២០ ខែមីនា តាមទូរសព្ទថា ចៅក្រមជំនុំជម្រះ និងរដ្ឋអាជ្ញានៃតុលាការប្រទេសបារាំង បានយកចម្លើយបន្តទៀតទៅលើសាក្សីមួយចំនួន ដែលស្ថិតនៅក្នុងហេតុការណ៍ កាលពីជិត៣០ឆ្នាំមុននោះ។
លោកបន្តថា ស្របពេលតុលាការកំពុងបន្តនីវិធីសួរដេញដោល ទៅលើសាក្សីវិញម្តងនេះ ដោយឡែក លោក សម រង្ស៊ី ដែលជាដើមចោទ និងលោក ប្រែត អាដាម នាយកអង្គការ Human Rights Watch ត្រូវបានចៅក្រម និងលោកស្រី បេ អាទ្រីស ឌឹសាញូ ដែលជារដ្ឋអាជ្ញាតុលាការបារាំង ទើបបានបញ្ចប់ការសាកសួរ ជុំវិញបទឧក្រិដ្ឋនេះរួចហើយ កាលពីថ្ងៃម្សិលមិញ។ ប្រភពដដែលបន្តថា ចំណែកនីតិវិធីដែលចៅក្រម និងរដ្ឋអាជ្ញានឹងបន្តដំណើរនៅក្នុងរឿងក្តីនេះទៀត គឺដល់វេន លោក អេង ឆៃអ៊ាង និងសាក្សីដទៃទៀត ត្រូវផ្តល់សក្ខីកម្មឱ្យតុលាការ បន្តពីសាក្សីមុនៗវិញម្តង។
បើតាម លោក ម៉ែន សុថាវរិន្រ្ទ ប្រសិនបើនីតិវិធីនៃសវនាការនេះចប់មុនការគ្រោងទុក ចៅក្រមអាចនឹងប្រកាសសាលក្រមដោយកំបាំងមុខ ប្រឆាំង លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ នៃការជំនុំជម្រះនៅថ្ងៃនេះតែម្តង។
លោកថា៖ «មួយថ្ងៃពីម្សិលមិញ គឺកាលពីថ្ងៃទី១៩ ចំនួន៣ម៉ោងកន្លះដែលគេសួរ លោក សម រង្ស៊ី។ តុលាការគេសួរទាំងអស់ គឺគេឈ្លេចសួរតាំងពីវីដេអូគប់គ្រាប់បែក បាតុកម្ម ហើយសួរថាធ្វើបាតុកម្មដើម្បីអ្វី? ហើយកម្មករចូលរួមដើម្បីអ្វី? គេសួរច្រើន(តុលាការ) ហើយមានវីដេអូដែល លោក សម រង្ស៊ី យកភស្តុតាងអីទាំងអស់ ហើយគេសួរច្រើនណាស់ មានន័យថា និយាយឱ្យចំទៅ គឺទិដ្ឋភាពហ្នឹង គឺគេសួរបីម៉ោងកន្លះ ដែលគេសួរលោក សម រង្ស៊ី ហ្នឹង»។
សំឡេងប្រជាធិបតេយ្យ វិអូឌី មិនអាចស្នើសុំការបំភ្លឺពីសហមេធាវីការពារសិទ្ធិឱ្យ លោក សម រង្ស៊ី គឺលោកស្រី សេស៊ីកា សឺណែល និងលោកមេធាវី បាត់តូនីញេ បានទេនៅថ្ងៃនេះ។ ប៉ុន្តែលោក សម រង្ស៊ី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ដោយចាត់ទុកថា អ្វីដែលតុលាការប្រទេសបារាំង សើរើរឿងក្តីដែលកប់ទុកជិត ៣០ឆ្នាំមកនេះ គឺដល់ពេលដែលត្រូវផ្តល់សងមកវិញ នូវយុត្តិធម៌ចំពោះពួកគេហើយ។ តាមរយៈសំណេររបស់ខ្លួន អតីតមេបក្សជំទាស់រូបនេះ និយាយថា ក្រោយសាលក្រមចេញមក គឺមានតែ លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ទេដែលជាអ្នកទទួលរងថ្មបាក់ពី លោក ហ៊ុន សែន។
ប្រភពបន្តថា៖ «ថ្ងៃនេះ តុលាការបារាំងចាប់ផ្តើមកាត់ក្តី មេអង្គរក្ស ហ៊ុន សែន ករណីបោកគ្រាប់បែក លើហ្វូងបាតុករអហិង្សា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ហ៊ីង ប៊ុនហៀង កំពុងទទួលទោសជំនួស ហ៊ុន សែន យើងនឹងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់ » ។
លោក ម៉ែន សុថារិន្រ្ទ លើកឡើងថា នៅក្នុងរឿងក្តីព្រហ្មទណ្ឌមួយនេះ តុលាការបានចេញដីកាកោះហៅសាក្សីដាក់បន្ទុកចំនួន ៥រូប ក្នុងនោះមានទាំងជនបរទេស ខ្មែរ និងជនរងគ្រោះ។ ប៉ុន្តែនៅចំពោះមុខនេះ មានលោក ប្រែត អាដាម និងលោក គ្រីស្តូ ហ្វើ ទើបបានបញ្ចប់ការផ្តល់សក្ខីកម្ម ដែលតុលាការប្រើពេលមិនតិចជាង៣ម៉ោងក្នុងម្នាក់ៗទេ។
នៅចំពោះមុខតុលាការ លោក ម៉ែន សុថារិន្រ្ទ បញ្ជាក់ថា ទាំងលោក សម រង្ស៊ី និងសាក្សីដាក់បន្ទុកផ្សេងទៀត ក្រៅពីផ្តល់ចម្លើយផ្ទាល់មាត់ហើយ ពួកគេបានដាក់ភស្តុតាងជាឯកសារ និងឃ្លីបវីដេអូបន្ថែមទៀត ចូលទៅតុលាការ ហើយភស្តុតាងដាក់បន្ទុកទាំងនោះ បានមកពីការស៊ើបអង្កេតរបស់ ប៉ូលីស អេហ្វប៊ីអាយ (FBI) និងតម្រុយភស្តុតាងដែលបានមកពីការស៊ើបអង្កេតរបស់អង្គការអន្តរជាតិដទៃទៀតដែរ នៅក្នុងរឿងក្តីនៃបទឧក្រិដ្ឋមួយនេះ។
ចំណែក លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) អះអាងថា នៅក្នុងរឿងក្តីនេះ ប្រសិនបើចុងចម្លើយ មិនប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការចូលរួមសវនាការទេ នោះមានន័យថាជាការបាត់បង់សិទ្ធិមួយដ៏ធំ ក្នុងការទទួលបាននូវយុត្តិធម៌ តាមការជំនុំជម្រះនេះ។
លោកបន្តថា ផ្អែកតាមគោលការណ៍ច្បាប់ បើទោះជាជនត្រូវចោទខកខានក្នុងការតតាំងនៅក្នុងអង្គជំនុំជម្រះក្តី ផ្អែកតាមឆន្ទានុសិទ្ធិរបស់តុលាការ ចៅក្រមប្រឹក្សាជំនុំជម្រះ ក៏នៅតែអាចចេញលទ្ធផលពីរឿងខុសត្រូវឱ្យភាគីនៅក្នុងរឿងក្តីនេះបានដដែល។ ហេតុនេះ អ្នកដែលបាត់ផលប្រយោជន៍ និងមិនអាចទទួលបាននូវយុត្តិធម៌ គឺមានតែអ្នកដែលបោះបង់សិទ្ធិចូលរួមរបស់ខ្លួនប៉ុណ្ណោះ នៅក្នុងអង្គសវនាការ។
លោក នី សុខា បន្តថា៖ «ប្រសិនបើភាគីជនជាប់ចោទមិនចូលខ្លួនទេ នោះដំណើរការនីតិវិធីក៏មិនអាចថាដោយសារតែជនជាប់ចោទ ឬក៏ជនត្រូវចោទមិនចូលខ្លួន មិនអាចរារាំងដំណើរការនៃសវនាការបានទេ។នៅក្នុងដំណើរការនីតិវិធី អាហ្នឹងគឺថាគេនឹងបន្តនីតិវិធីទៅទៀត ដែលគេហៅថាការកាត់សេចក្តីកំបាំងមុខ ជនត្រូវចោទ។ ហើយនេះវាគ្រាន់តែថា យើងមិនបានទៅចូលរួមក្នុងការតតាំងក្តី នៅចំពោះមុខតុលាការទេ គឺថាយើងមានការបាត់បង់នូវ នៃការកាត់ក្តីចំពោះមុខហ្នឹង យើងបាត់បង់នូវសិទ្ធិក្នុងការតតាំង ក្នុងនាមយើងជាជនត្រូវចោទ ហើយយើងជាជនត្រូវចោទ ក៏មានសិទ្ធិនៅក្នុងការតតាំង និងបង្ហាញភស្តុតាងថាយើងជាមនុស្សត្រឹមត្រូវ ហើយមិនបានប្រព្រឹត្តបទល្មើសអីទាំងអស់ហ្នឹងទេ »។
កេសង្កេតឃើញថា ការបោះបង់សិទ្ធិរបស់ចុងចោទ គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាមេកងអង្គរក្សរបស់ លោក ហ៊ុន សែន នៅពេលនេះ នៅក្នុងការសួរដេញដោលផ្ទាល់មាត់ គឺនៅក្រោយពេលដែលតុលាការប្រទេសបារាំង ចេញដីកាកោះហៅពួកគេជាច្រើនដង តែមិនមានការឆ្លើយតប។
ចៅក្រមស៊ើបសួរ និងជាអនុប្រធានផ្នែកស៊ើបអង្កេតនៃតុលាការយុត្តិធម៌បារាំង លោក សាប៊ីន ខេរីស (Sabine Khéris) ធ្លាប់បានចេញដីកាបញ្ជាឱ្យចាប់ខ្លួនមេអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងឧត្តមសេនីយ៍យោធា លោក ហ៊ុយ ពិសិដ្ឋ ដែរនៅបន្ទាប់ពី លោក សម រង្ស៊ី បានដាក់បណ្តឹងចូលតុលាការ កាលពីខែមីនា ឆ្នាំ២០២១។
ក្រៅពីដីកាបញ្ជាឱ្យចាប់ខ្លួនមនុស្សទាំងពីរនាក់នេះ ចៅក្រមរូបនេះ ក៏បានចេញដីកាដាច់ដោយឡែកមួយផ្សេងទៀត បញ្ជាឱ្យចាប់ខ្លួនលោក ហ៊ុន សែន ដូចគ្នាដែរ។ ប៉ុន្តែត្រូវជំទាស់ពីរដ្ឋាភិបាលបារាំង ក្រោមហេតុផលថា លោក ហ៊ុន សែន នៅមានអភ័យឯកសិទ្ធិសភានៅឡើយ។
បើតាម លោក ម៉ែន សុថាវរិន្ទ្រ លើកនេះអាចជាសម្រេចចុងក្រោយបំផុតរបស់ចៅក្រមជំនុំជម្រះ និងរដ្ឋអាជ្ញា គឺលោកស្រី បេទ្រីស ឌឹសាញូ ប្រឆាំងមន្រ្តីជាន់ខ្ពស់កម្ពុជា ពាក់ព័ន្ធបទឧក្រិដ្ឋ ដែលពួកគេបានប្រព្រឹត្តិកាលពីខែមីនា ឆ្នាំ១៩៩៧។ ការគប់គ្រាប់បែកដៃចំនួន៤គ្រាប់ ចូលហ្វូងបាតុករ កាលណោះ បានផ្តាច់ជីវិតអ្នកតវ៉ាដោយអហិង្សាចំនួន១៦នាក់ និងជាង១០០នាក់ផ្សេងទៀតរងរបួស៕