ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើល ចាត់ទុកសារព័ត៌មានឯករាជ្យជាតួអង្គសំខាន់ ក្នុងការចង្អុលបង្ហាញជំងឺសង្គម ខណៈរដ្ឋាភិបាលគ្រួសារហ៊ុនចាត់ទុកសារព័ត៌មានដែលជួយបន្លឺសំឡេងជនរងគ្រោះ ជាព័ត៌មានក្លែងក្លាយ ដែលការណ៍នេះពួកគេបាម្ភពីកំណើនជនរងគ្រោះ អយុត្តិធម៌សង្គម និងបទឧក្រិដ្ឋ។
ក្តីបារម្ភនេះ ក្រោយពីមេដឹកនាំកម្ពុជា លោក ហ៊ុន សែន បង្ហាញការសារទរចំពោះការដែលវិទ្យុឯករាជ្យ ពីរ គឺអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិក VOA ត្រូវបានរដ្ឋបាលលោក ដូណាល់ត្រាំ ផ្តាច់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដែលលោក ហ៊ុន សែន ចាត់ទុកថា ជាការរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ជុំវិញបញ្ហានេះ ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តក្រចេះ អ្នកស្រី អ៊ែល រ៉ូហ្សា និយាយប្រាប់VODនៅថ្ងៃទី២០ ខែមីនានេះថា អ្នកស្រីសោកស្តាយចំពោះដំណឹងនេះ។ អ្នកស្រីថា វិទ្យុឯករាជ្យបានជួយបន្លឺសំឡេងពួកគាត់ជុំវិញការរំលោភបំពានដីធ្លីច្រើនខែទៅនេះ នៅខេត្តក្រចេះ ដែលមានជម្លោះជាមួយក្រុមហ៊ុនវៀតណាម។
អ្នកស្រីចាត់ទុកថា ការបាត់បង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺជាការបំបិទសំឡេងជនរងគ្រោះដែលកំពុងដង្ហើយហៅរកយុត្តិធម៌ ក្រោមការជិះជាន់ ធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធដីធ្លីរបស់ពួកគាត់ជាដើម។
អ្នកស្រីអះអាងថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនេះហើយ ដែលតែងតែជួយពាំនាំទុក្ខកង្វល់ ឬទុក្ខលំបាករបស់ពលរដ្ឋទៅផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំប្រទេស ឱ្យដឹងឮថា ពលរដ្ឋកំពុងរងទុក្ខវេទនាពីអំពើជិះជាន់។
អ្នកស្រីថា៖ «ព័ត៌មានឯករាជ្យទាំងអស់ គ្រប់ស្ថាប័នហ្នឹងជួយផ្សព្វផ្សាយដឹងឮពីទុក្ខលំបាកប្រជាពលរដ្ឋដល់តែពេលអ៊ីចឹងប្រជាពលរដ្ឋ ដូចថាមានកម្លាំងកាយកម្លាំងចិត្តនឹងរុញច្រានបន្តទៅមុខទៀត។ ចុះបើយើងធ្វើការអីស្ងប់ស្ងាត់គេរឹតត្បិតគំរាមកំហែងយើងមានអី(សូន្យ) អត់មានអ្នកណាដឹងហើយយើងមិនដឹងថា ដោះស្រាយពីចំណុចណាទៅចំណុចណា បើព័ត៌មានគេអត់មានដឹងផងបិទជិតឈឹងអស់ហើយហ្នឹង»។
ពលរដ្ឋរងគ្រោះចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបខេត្តព្រៃវែងម្នាក់ទៀត អ្នកស្រី ចាន់ រតនា អះអាងថា កន្លងមក សារព័ត៌មានឯករាជ្យនេះហើយ ជួយវែកមុខក្រុមឧកញ៉ាខិលខូចបោកលុយប្រជាពលរដ្ឋ។
អ្នកស្រីបន្តថា សព្វថ្ងៃនេះ បើគ្មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជួយបំន្លឺសំឡេងពលរដ្ឋទេ ពួកក្រុមឧកញ៉ាខិលខូចនឹងបន្តបោកប្រាស់ កេងប្រវ័ញ្ញកម្លាំងញើសឈាមលុយកាក់របស់រាស្រ្ត មិនចេះចប់មិនចេះហើយ។
អ្នកស្រីថា៖ «បានវិទ្យុហ្នឹងហើយដែលដឹងព័ត៌មានដល់ថ្នាក់ដឹកនាំកំពូលៗ បានគាត់ចាត់វិធានការបានដោះស្រាយ។ បានវិទ្យុគ្រាន់ជួយផ្សាយជូនដំណឹងដល់ថ្នាក់ដឹកនាំខាងលើ។ ជួនកាលពេលខ្លះការងារទាំងឡាយថ្នាក់ក្រោមលាក់បាំងការពិត ជួយបិទបាំងលើក្រុមហ៊ុនបោកប្រាស់ប្រជាជនឡើងអស់លីង។កុំតែបានព័ត៌មានជួយផ្សាយទេ ខំអីគ្មានដំណោះស្រាយអ្វីទេ»។
បន្ថែមពីនេះ ពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង លោក វិជ្ជា ថុន សង្ឃឹមលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនេះហើយ ដែលបានជួយគាស់កកាយទង្វើអាក្រក់របស់ជនផ្តាច់ការបំផ្លាញជាតិ និងធ្វើបាបរាស្រ្តនោះ។
លោកបន្តថា បើគ្មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទេ ពួកជនផ្តាច់ការនឹងធ្វើអ្វីតាមទំនើងចិត្ត ព្រោះមេដឹកនាំផ្តាច់ការស្អប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលគាស់កកាយពីទង្វើផ្តាច់ការរបស់ខ្លួន និងបក្ខពួករបស់ខ្លួន។
លោកថា៖ «មេដឹកនាំផ្ដាច់ការនៅកម្ពុជា នៅពេលដែលឃើញទៅសហរដ្ឋអាមេរិកប្រធានាធិបតី ដូណាល់ ត្រាំ បិទឬមួយក៏ផ្អាកជំនួយទៅដល់វិទ្យុទាំងអស់នេះ គឺមេដឹកនាំផ្ដាច់ការគឺគាត់សប្បាយចិត្ត ព្រោះគាត់ដឹងថាទៅថ្ងៃខាងមុខអត់មានវិទ្យុណា ដែលចុះទៅយកព័ត៌មានផ្សាយផ្ទាល់ពីក្នុងស្រុកទេ ជាក់ស្ដែងគឺទៅផ្សាយព័ត៌មានពីកកូរកកាយរឿងពិតរបស់មេដឹកនាំផ្ដាច់ការ ដូចជា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត នេះតែម្តង»។
ចំណែក តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាឱកាសរបស់មេដឹកនាំផ្តាច់ការគ្រួសារហ៊ុនបំផ្លាញជាតិ រំលោភសិទ្ធិមនុស្ស និងកាត់ទឹកដីឱ្យបរទេស។
លោកថា ជាលទ្ធផលជិត១០ឆ្នាំទៅនេះក្រោយ លោក ហ៊ុន សែន រំលាយបក្សប្រឆាំង កម្ចាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺគ្រួសារហ៊ុនជិះសេះលែងដៃធ្វើអ្វីតាមទំនើងចិត្តមិនខ្វល់ពីប្រជាធិបតេយ្យនោះទេ។
លោកថា៖«អំពើអយុត្តិធម៌ក្នុងសង្គមនិងកាត់តែកើនឡើងៗ ហើយមេដឹកនាំកាន់តែដឹកនាំផ្ដាច់ការៗទៅកាន់តែបិទសិទ្ធសេរីភាពខ្លាំងឡើងៗ ចឹងការដឹកនាំប្រទេសកាន់តែដូចកូរ៉េខាងជើង គឺដឹកនាំឯកបក្ស ព្រោះអត់មានសារព័ត៌មានឯករាជ្យជួយផ្សាយពីទង្វើផ្តាច់ការរបស់មេដឹកនាំ គាត់ធ្វើអ្វីតាមទំនើងចិត្ត»។
តែយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ធ្លាប់និយាយថា វិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ជំរុញតម្លាភាពសង្គម និងដំណើរការប្រជាធិបតេយ្យ។
លោកថា៖ «វិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗ ដូចជា ទី១ ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី២ បញ្ជូនព័ត៌មានពិតរហ័សទាន់ពេល ទី៣ផ្ដល់ព័ត៌មានបែបអប់រំ និងចំណេះដឹង ទី៤ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥ចូលរួមចំណែកកែលម្អសង្គមតាមរយៈការផ្ដល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងជាអ្នកផ្ដល់ធាតុចូលនៅក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល»។
ប៉ុន្តែការអនុវត្តត្រូវបានគេមើលឃើញផ្ទុយពីនេះ។ ផ្ទុយនៅត្រង់ថា ទាំងរដ្ឋាភិបាលចាស់ និងរដ្ឋាភិបាលថ្មី តែងតែតាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយដែលហ៊ាននិយាយការពិត ដើម្បីជំរុញអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។
វិធានបង្ក្រាបនេះ បានកើតឡើងជិត១០ឆ្នាំ ចាប់ពីឆ្នាំ២០១៧មក ដែលធ្វើឱ្យវិស័យសារព័ត៌មាន និងសិទ្ធិមនុស្ស រងការគំរាមជាបន្តបន្ទាប់។
អង្គការអ្នកកាសែតគ្មានព្រំដែន បានដាក់កម្ពុជាឲ្យជាប់ចំណាត់ថ្នាក់ទី១៥១ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤ ដែលមានន័យថា កម្ពុជាជាប្រទេសមានការគំរាមកំហែងដល់សេរីភាពសារព័ត៌មានកាន់តែធ្ងន់ធ្ងរ។
ដោយឡែក ប្រធានស្ថាប័នសារព័ត៌មានVOD លោក ប៉ា ងួនទៀង មានប្រសាសន៍ថា សារព័ត៌មានឯករាជ្យដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លុះបញ្ចាំងពីតថភាពសង្គមដែលកំពុងរងការរំលោភបំពាន។
លោកបន្តថា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាការវាយបំបែកកញ្ចក់សង្គម និងការបើកឪកាសឱ្យក្រុមជនផ្តាច់ការធ្វើអ្វីតាមទំនើងចិត្តដូចជា ការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យជាដើម។
លោកថា៖«ជាធម្មជាតិរបស់មេដឹកនាំផ្ដាច់ការ មិនមែនតែលោក ហ៊ុន សែន ទេ នរណាក៏ដោយឱ្យដឹកនាំផ្តាច់ការ គឺយកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាសត្រូវ ព្រោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវាលាតត្រដាងអំពីបញ្ហាអសកម្មទាំងឡាយក្នុងសង្គមនិងអំពើខុសឆ្គងរបស់របបឬក៏មេដឹកនាំដែលកំពុងគ្រប់គ្រងសង្គមហ្នឹង ដូច្នេះទៅនៅពេលដែលគេឃើញការដួលរលំរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺមេដឹកនាំផ្តាច់ការឬក៏របបផ្ដាច់ការគឺសប្បាយរីករាយណាស់»។
ស្រដៀងគ្នានេះដែរ ប្រធានសមាមគការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ចាត់ទុកសារព័ត៌មានឯករាជ្យ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ «ដូច្នេះសារព័ត៌មានបែបហ្នឹង គឺជាសារព័ត៌មានមួយដែលជាមូលដ្ឋានគ្រឹះ នៅក្នុងការពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ ពីព្រោះអីបើមានសារព័ត៌មានបែបហ្នឹង គិតថា ធ្វើឲ្យពលរដ្ឋហាក់បីដូចជាមានអំណាច ពីព្រោះពលរដ្ឋទទួលបានព័ត៌មានពិត ពលរដ្ឋឲ្យមានការចូលរួម បើវិនិច្ឆ័យឲ្យបានច្បាស់លាស់តាមដានស្ថានភាពច្បាស់លាស់ មុននឹងធ្វើការសម្រេចចិត្តអីផ្សេងៗ ថានៅក្នុងនយោបាយប្រជាធិបតេយ្យសេរីមានន័យថា ប្រជាពលរដ្ឋជាម្ចាស់សិទ្ធិ ជាម្ចាស់ជោគវាសនានៃប្រទេសជាតិ»។
នៅថ្ងៃទី២០ ខែមីនានេះ អង្គការចលនាមាតាធម្មជាតិ ក៏បានបញ្ចេញមតិលើបណ្តាញហ្វេសប៊ុករបស់ខ្លួនដោយនិយាយថា ការបញ្ចប់នៃវិទ្យុអាស៊ីសេរី គឺជាការបាត់បង់ដ៏ធំធេងសម្រាប់សេរីភាពសារព័ត៌មាន និងប្រជាជនកម្ពុជា។
ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន បានធ្វើយុទ្ធនាការបោសសម្អាតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់តាំងពីឆ្នាំ២០១៧មក ដោយបិទការផ្សាយផ្ទាល់តាមរលកធាតុអាកាស សារព័ត៌មានឯករាជ្យពេលនោះ រាប់សិបកន្លែង និងដកអាជ្ញាប័ណ្ណ ដូចជា កាសែតឌឹខេមបូឌាដេលី ជាដើម ចោទថាពួកគេបំពានច្បាប់។
ប៉ុន្តែក្រោយមកវិទ្យុឯករាជ្យមួយចំនួន បានហក់ទៅផ្សព្វផ្សាយតាមបណ្តាញសង្គមវិញ តែត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន បន្តតាមយាយី និងដកអាជ្ញាប័ណ្ណផ្សព្វផ្សាយដូចករណីវីអូឌីជាដើម។
ចាប់ពីពេលនោះមក របាយការណ៍នានា រកឃើញថា សេរីភាពសារព័ត៌មានរបស់កម្ពុជា ត្រូវបានធ្លាក់ចុះយ៉ាងគំហុក អ្នកសារព័ត៌មានខ្លះត្រូវបានចាប់ឃុំខ្លួន ដូចជាក្រុមការងារវិទ្យុអាស៊ីសេរីជាដើម។
ជុំវិញបញ្ហានេះ អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានសេចក្តីថ្លែងការណ៍រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះខ្លាំង ចាប់តាំងពីឆ្នាំ២០១៧ ពោលគឺនៅពេលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាបន្តបន្ទាប់ និងចុងក្រោយ គឺវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ត្រូវដកហូតអាជ្ញាប័ណ្ណ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពនោះ សង្កត់ធ្ងន់ទៀតថា រយៈពេលមួយឆ្នាំនៃការកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់កំពុងបន្តការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បន្តពីលោក ហ៊ុន សែន ជាឪពុក៕