ជនជាតិដើមភាគតិច​​មានជម្លោះ​ដីធ្លី​នៅ​ខេត្ត​​ព្រះវិហារ​រង​ការ​គំរាម​សម្លាប់​ពី​ទាហាន​ការ​ពារ​ចិន

ជនជាតិដើមភាគតិចកួយ នៅក្នុង​​ស្រុក​ជ័យ​សែន​ ខេត្ត​ព្រះ​វិហារ រង​ការ​គំរាម​សម្លាប់​ពី​សំណាក់​ទាហានការ​ពារ​ក្រុម​ហ៊ុន​ចិន ហេង ណុង (Heng Nung) ខណៈ​ពួក​គេ​កំពុង​ព្រួស​ស្រូវ​លើ​ដី​ធ្លាប់​អាស្រ័យ​ផល តពី​ដូន​តា​ទំហំ​២០​ហិកតា។

ជនជាតិដើមភាគតិចកួយ​ក្នុង​​ស្រុ​ក​ជ័យ​សែន​ អ្នក​ស្រី ព្រំ ញេប បាន​ឱ្យដឹង​​នៅ​ថ្ងៃ​ទី​២០ ខែ​មិនា​នេះ​​ថា កាល​​ពី​ថ្ងៃ​ទី​១៨ ខែ​មិនា​នេះ ទាហាន​ចំនួន ៣នាក់​ ប្រដាប់​ដោយ​អាវុធ និង​​ជន​ជាតិ​ចិន បាន​មក​រារាំងពួក​​គេ​មិនឱ្យ​​​ធ្វើ​ស្រែ​លើ​ដី​ធ្លីដែលធ្លាប់​​អាស្រ័យផល​​នោះទេ ខណៈពួកគេកំពុងព្រួសស្រួវ។

គាត់​បញ្ជាក់ថា ក្នុងការ​ចុះមករារាំងនេះ ទាហាន​ឈ្មោះ ម៉ឹង សុផល បាន​គំរាម​បាញ់​សម្លាប់ បើ​ពួក​​គេ​មិនព្រម​ឈប់​ព្រួស​ស្រូវ​នៅ​លើ​ដី​ស្រែ​នោះ។ អ្នក​ស្រី​ថា ទង្វើនេះ​ វា​អយុត្តិធ​ម៌​សម្រាប់​ពួក​គាត់​ជាជន​ជាតិដើម​ភាគ​តិច ដែល​ពឹង​តែ​លើ​មុខ​របរធ្វើ​ស្រែ​ចម្ការ​នេះ ។

អ្នកស្រីថា៖ «ខាង​ទាហានៗ​៣នាក់ ចិន​ម្នាក់ និង​អ្នក​បក​ប្រែ​ម្នាក់ ខាង​ក្រុម​ហ៊ុន​ចិន។ ខ្ញុំ​តូច​ចិត្ត ដោយនឹក​ឃើញថា​ គាត់​ជា​ទាហាន សម្រាប់​ការ​ពារ​ប្រជាពលរដ្ឋ តែ​ពេល​នេះ​បែរ​ជា​មក​សំឡុត​គំរាម​បង​ប្អូនប្រជា​ពលរដ្ឋ ហើយ​ថែម​ទាំង​មក​សំឡុត​ប្រុង​បាញ់​ខ្ញុំ​ចោល​ទៀត។ ខ្ញុំ​ថា មាន​ភាព​រំលោភ​សិទ្ធិ​មនុស្ស​​ហើយ​​និង​អយុត្តិធម៌​ចំពោះ​រូប​ខ្ញុំ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា»។

ជនជាតិដើមភាគតិចកួយ​ម្នាក់​ទៀត អ្នកស្រី ហួត ម៉ាលី និយាយ​ថា ក្រុមទាហាន​នេះ ការពារឱ្យក្រុមហ៊ុន​ចិន​ឈ្មោះ ហេង ណុង (Heng Nung)។ គាត់ថា សារគំរាមនេះ ធ្វើឱ្យពួកគាត់​បារម្ភ​ពី​សុវត្ថិ​ភាព រួមទាំង​ខ្លាច​បាត់​បង់​តំបន់​ដី ដែលធ្លាប់អាស្រ័យផលតាំងពីដូនតា។

ស្រ្តីជនជាតិដើម​រូបនោះ បង្ហាញ​ការព្រួយ​បារម្ភ​ថា ពួកគាត់​ប្រឈម​បញ្ហា​ជីវភាព បើអាជ្ញាធរ​នៅ​តែ​មិនអាច​ទប់ស្កាត់ការគំរាមកំហែង​យកដី​នេះ​បាន ខណៈ​បញ្ហានេះ​បាន​កើត​ឡើង​ជិត​១០​ឆ្នាំ​ហើយ ពោល​គឺបាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៧។

អ្នកស្រីថា៖ «វាអយុត្តិធម៌ហ្នឹឯង ព្រោះអីពួកខ្ញុំជាប្រជាពលរដ្ឋក្រីក្រ មានប្រាក់ខែអីមកពីណាធ្វើស្រែធ្វើចម្ការអាស្រ័យផលលើដីធ្លីហ្នឹងហើយ បើបាត់បង់ដីធ្លី ​បាត់បង់ផលប្រយោជន៍រួម បាត់បង់ព្រៃជំនឿអីទៀត[…]ពួកខ្ញុំរំពឹងអី។ ពេលពួកខ្ញុំធ្វើស្រែរាល់ឆ្នាំ ពួខ្ញុំមិនដែលបានសុខទេ មានការគំរាមកំហែងពីសមត្ថកិច្ច ពីទាហាន និងប៉ូលិស ​ដូជាឆ្នាំនេះអីជាដើម គឺមានចិនតែម្ដងគាត់មានទាហានស៊ីឈ្នួល ​ដើម្បីមកគំរាមភ្ជង់ដើមទ្រូងបងប្អូន ដែលគាត់កំពុងសាបព្រួសស្រូវ ​ហើយដីអីគាត់ភ្ជួរមុនអស់​(រួអស់) ដែលពលរដ្ឋធ្លាប់អាស្រ័យផល​អ៊ីចឹងទៅ ហើយគាត់ប្រមាថសម្លាប់​ ប្រមាថអីចឹងទៅលើអ្នកដែលទៅធ្វើស្រែហ្នឹង។ អ្នកដែលកាន់អាវុធបេះសោ(បើកសោកាំភ្លើង) បះអី ភ្ជង់គ្រប់គ្នា»។

បន្ថែមពីនេះ អ្នកស្រីស្នើឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះ ដោយ​កាត់ឆ្វៀល​ដី​ជូន​ពួក​គាត់​ជាពលរដ្ឋ​ក្រីក្រដែ​ល​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​អាស្រ័យ​ផល​សម្រាប់​ចិញ្ចឹម​ជីវិ​ត​ផង។

VOD មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញករណីនេះ ពី​អភិបាល​ខេត្ត​ព្រះ​វិហារ លោក គឹម រិទ្ធី បាន​ទេ​គិតត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយទូរស័ព្ទចូលតែត្រូវបានចុចបិទ ខណៈ​ស្នង​ការ​នគរបាល​ខេត្ត​ព្រះ​វិហារ លោក ហុក ហេង ក៏មិន​អាច​ទាក់​ទង​បាន​ដែរ។

សម្រាប់នាយក​ទទួលបន្ទុកកិច្ចការទូទៅនៃ​អង្គការការពារសិទ្ធិមនុស្ស​​លីកាដូ លោក ​អំ សំអាត ​ចាត់​ទុកការ​គំរាមនេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ដែល​អាជ្ញាធរពាក់​ព័ន្ធ​ត្រូវ​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

បន្ថែមពី​នេះ លោកថា រដ្ឋាភិបាលគួរពិនិត្យលើបញ្ហានេះ ដោយ​អនុវត្ត​តាម​ច្បាប់ និង​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​រាំរ៉ៃ​នេះ ដោយ​សន្តិ​វិធី តម្លា​ភាព និង​យុត្តិធម៌​ជូន​ពលរដ្ឋ ស្របតា​ម​គោល​នយោបាយ​ដីធ្លី។

លោកថា៖ «រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរត្រូវដោះស្រាយដោយសន្តិវិធី ដោយតម្លាភាព និងយុត្តិធម៌ដើម្បីឲ្យទទួលយកបានទាំងអស់គ្នា ជាពិសេសគឺបញ្ចប់នៃវិវាទដីធ្លី កុំឲ្យបន្តរាំរ៉ៃដែលធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពរស់នៅ ឬអាចមានអំពើហិង្សា ក៏មានការប្ដឹងផ្ដល់ការចោទប្រកាន់ ឬការជាប់ពន្ធនាគារសម្រាប់ប្រជាពលរដ្ឋដែលគ្រោះ ដោយសារបញ្ហាដីធ្លី។ ម្យ៉ាងវិញទៀត យើងឃើញថា គោលនយោបាយ រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដីធ្លីបញ្ចប់នៅក្នុងពេលឆាប់នេះ គឺត្រូវយកចិត្តទុកដាក់»។ 

យោង​តាម​មាត្រា​២៣៣​ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ការ​គំរាម​កំហែង​​សម្លាប់ ត្រូវ​​ផ្ត​ន្ទា​​ទោស​ ដាក់​ពន្ធនា​គារ​​ពី ៦ ខែ ទៅ ២ឆ្នាំ និង​​ពិន័យ​​​ជា​​ប្រាក់​​ពី មួយ​​លាន​រៀល ទៅ បួន​​លាន​រៀល។

ច្បាប់​ភូមិបាល ដែលរដ្ឋសភាអនុម័តឱ្យ​ប្រើ កាល​​ពីថ្ងៃទី​២០ ខែ​​កក្កដា ឆ្នាំ​​២០០១ បាន​​ចែង​​​ពី​​កាតព្វ​​​កិច្ច​រដ្ឋ និង​​​អាជ្ញាធរ​​​ពាក់​​​ព័ន្ធ ការពារ​​​​​សិទ្ធិ​ជនជាតិ​ដើម​​ភាគ​​តិច លើ​​សិទ្ធ​​​ប្រើ​ប្រាស់​​ដីធ្លី​តាម​របៀប​ជន​ជាតិ​ផង​ដែរ។

មាត្រា២៣ នៃច្បាប់នេះ​​ចែង​​ថា សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច គឺ​ដាំ​​ដុះ​​លើ​​ដី​​ដែល​​ខ្លួន​​កាន់​កាប់​​តាម​ក្បួន​​​ខ្នាត ទំនៀម​​ទម្លាប់​​​នៃ​​ការ​​ប្រើ​​ប្រាស់​​​ដី​​​ជា​​សមូហ​ភាព តាម​​បែប​​វប្បធម៌ និង​ប្រពៃណី។ ដីជន​ជាតិ​ដើម​ភាគ​តិច មិនមែន​មាន​តែដីដែល​បាន​ដាំដុះ​ជាក់​ស្តែង​នោះ​ទេ ប៉ុន្តែ​មាន​ដី​បំរុង​ចាំបាច់ ក្នុង​ការ​​ដូរ​វេន​ដំណាំ​​ថែម​ទៀត ដែល​គេ​និយម​ហៅ​ថា ការធ្វើចំការវិលជុំ។

បន្ថែម​ពីនេះ មាត្រា២៨ ចែង​ថា គ្មាន​អាជ្ញាធរ​ណា​មួយ ក្រៅពី​សហគមន៍​​អាច​ទទួល​បាន​សិទ្ធិ​លើ​អចលន​វត្ថុ​​​របស់​ជន​ជាតិ​ដើម​​​ភាគតិច​បាន​ឡើយ។

ដោយឡែក ការបំពាន​នេះ ក៏បាន​បំពាន​លើ​កម្មវិធី​នយោបាយ​រដ្ឋាភិបាល​ផង​ដែរ ដែល​រដ្ឋាភិបាល បាន​ប្តេជ្ញា​​ចិត្ត​ការ​ពារ​ប្រជាពល​រដ្ឋ​ក្រីក្រ ងាយ​រង​គ្រោះ តាម​រយៈ​ក​​ម្ម​វិធី«ផ្តល់​ដី ការ​​ពារ​​ព្រៃ» ក្នុង​​គោល​ដៅ​ដោះ​​ស្រាយ​​បញ្ហា​​ជូន​​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ