ផ្ទះធំៗរបស់ពលរដ្ឋនៅភ្នំ១៥០០​ស្រុក​វាលវែង ត្រូវ​បាន​វាយ​កម្ទេច​​ក្រោម​វិធាន​បណ្តេញ​ចេញ

ផ្ទះ​ធំៗ​របស់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​អន្ទង់​អាំង ភ្នំ​១៥០០ ក្នុង​ស្រុក​វាល​វែង ខេត្ត​ពោធិ៍​​សាត់ ត្រូវ​បាន​វាយកម្ទេច​រាប​ដល់​ដី ក្រោម​វិធាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​អាជ្ញាធរ​ខេត្តពោធិ៍​សាត់ ដែល​វិធាន​នេះ​រង​ការ​រិះគន់​ថា​មិន​អនុលោម​ទៅ​លើ​​សេចក្តី​ជូន​ដំណឹង(សជណ) របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ឆ្នាំ​២០២៤។

អនុប្រធានសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ដែល​តាមដានហេតុការណ៍​នេះ បានឱ្យ​ដឹង​ថា នៅព្រឹកថ្ងៃទី​២០ខែមិនានេះ គ្រឿង​ចក្រ​បាន​កម្ទេច​ផ្ទះ​ពលរដ្ឋ​ធ្វើ​អំពី​ថ្ម និង​ទីតាំង​មួយ​ចំនួន​ទៀត​​នៅ​តំបន់​អន្ទង់​អាំង ឬ​ភ្នំ​១៥០​០​នេះ រាប​ដល់ដី។ រីឯពលរដ្ឋមួយចំនួន​ទៀត ដែល​មាន​ផ្ទះ​ឈើ​កំពុងមមា​ញឹក​​ចាក​ចេញ។

លោកថា៖​ «យើងឃើញមានគ្រឿង​ចក្រកំពុងតែបន្តកាយ​ផ្តួល​រលំ​ផ្ទះ ឬក៏​រីសតដែលធ្វើអំពីថ្ម។ ជាមួយគ្នានេះ​ដែរ យើង​​ក៏​ឃើញ​ប្រជាពលរដ្ឋ​​កំពុង​តែ​បន្ត​រុះ​រើ​ផ្ទះ​របស់​គាត់ ដែល​ជា​ផ្ទះ​ឈើដោ​យ​ខ្លួន​ឯង​ ចំណែកប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្រោម​ស្ពាន​៣៥ ត្រូវ​បាន​រុះរើ​ខ្ទេច​ខ្ទី​អស់​ហើយ រួម​ទាំង​រីសត​អីហ្នឹង​កាយ​បំបាក់អស់​ហើយ »។

កាល​ពីថ្ងៃអង្គារ ពលរដ្ឋបានអះអាងថា សមត្ថកិច្ច​ស្លៀកពាក់ស៊ីវិល​​រាប់សិប​​នាក់ បានដា​ក់​កម្លាំង និង​គ្រឿងចក្រ ទៅកាន់ភូមិករ​របស់ពួកគាត់ ដោយចាប់ខ្លួនពលរដ្ឋម្នាក់​ ព្រមទាំងបាន​បំផ្លាញ​កាមេ​រ៉ា​សុវត្ថិភាពនៅតាម​ខ្នង​ផ្ទះ ដកហូត​ទូរស័ព្ទពី​​ពលរដ្ឋជាច្រើន​គ្រឿង ដែលធ្វើ​ឱ្យ​ពួកគាត់កាន់​តែ​បារម្ភ​ពី​សុ​វត្ថិភាពដោយកា​រ​បណ្តេញ​ចេញដោយបង្ខំ។

វិធាននេះ ធ្វើឡើងក្រោយពីអាជ្ញាធរ​​ខេត្តពោធិ៍សាត់ បាន​ដាក់​ឱសាន​វាទ ដោយ​​តម្រូវ​​ឱ្យ​ប្រជាព​​លរដ្ឋចំនួន ២៤​គ្រួសារ រស់នៅតំបន់ភ្នំ១៥០០ ផ្លូវ​អន្ទង់អាំង រុះរើ​ផ្ទះ និង​សំណង់​ផ្សេងៗ​ចេញ​ពីដីនោះ ដោយគិតត្រឹមថ្ងៃទី​១៩ ខែមីនា​នេះ​ជាកំហិត ដោយអាជ្ញាធរ​​ថា ដើម្បីទុក​ដីនោះ ជាដីតំបន់​អភិរក្ស​បៃតង និង​បានព្រមានថា​នឹងមិនទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​ណាមួយ​ឡើយ។​

​ពលរដ្ឋនៅឃុំអន្លង់រាប ស្រុកវាល​វែង ខេត្តពោធិ៍សាត់​ អ្នកស្រី សែម សុខគា បានបង្ហាញការឈឺចាប់ជុំវិញវិធានបណ្តេញ​ចេញនេះ។

អ្នកស្រីថា៖ «ខ្ញុំអត់ដឹងថាយ៉ាងម៉េចទេឥលូវហ្នឹង ប៉ុន្តែគ្រាន់ថាជីវិតខ្ញុំនៅសល់មិនទាន់ដាច់ខ្យល់ ក៏ខ្ញុំនៅតែធ្វើការតវ៉ារហូតសង្គមនេះសាហាវព្រៃផ្សៃហ្ហាស ខ្ញុំដូចជាមិចង់ស់នៅដោយគាត់ធ្វើឃោឃៅដល់ថ្នាក់ហ្នឹងពេក យើងអត់យល់ទេ ខ្ញុំគិអីអត់យល់តែម្ដង ដីផ្ទះគេទិញហេតុអីក៏ទៅបំផ្លាញរបស់គេហើយទ្រព្យសម្បត្តិរបស់គេហេតុអីក៏ទៅកំទេចរបស់គេចឹង ផ្ទះគេប៉ុនៗណាណីវាអត់ត្រូវ ហើយបើកំទេចផ្ទះគេម៉េចបានយកទ្រព្យសម្បត្តិរបស់គេធ្វើអីដូចជាដបស្រាកាហ្វេអីហ្នឹង»។

យ៉ាងណា អភិបាល​ខេត្តពោធិ៍សាត់ លោក ខូយ រីដា ធ្លាប់​អះអាងថា ដីនៅតំបន់ដែល​អនុវត្តវិធានបណ្តេញចេញ​នេះ ជាដីតំបន់អភិរក្ស​ មិនអនុញ្ញាតឱ្យពលរដ្ឋ​បន្តរស់នៅបានទៀតឡើយ។

លោក​បន្តថា នៅតំបន់អន្ទង់អាំងនោះ មានពលរដ្ឋសរុប​ ៩៨គ្រួសារ ដែលបាន​តាំងទីលំនៅដោយ​មិនស្រ​ប​ច្បាប់​​​នៅទីនោះ ហើយក្នុងនោះមាន​​ពលរដ្ឋ​ជាង៦០គ្រួសារ​ ​បាន​យល់ព្រមទទួលយកគោលនយោ​បា​យ​របស់​រដ្ឋាភិបាល ដើម្បីទៅ​កាន់​​ទីតាំង​ថ្មីនៅឃុំប្រម៉ោយ តែថា​​នៅសល់​តែ ២៤គ្រួសារ មិនព្រមចាកចេញ។

យ៉ាងណា លោក យិន ម៉េងលី និយាយថា វិធានការ​បណ្តេញ​ចេញ​របស់​អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់​នេះ មិនអនុ​លោម​ទៅ​តាម​​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តី​ការ​គណៈ​រ​ដ្ឋ​មន្ត្រី ឬ(ស.ជ.ណ.)​លេខ​១១០០ ចុះ​ថ្ងៃ​ទី៩សីហា ឆ្នាំ​២០​២​៤នោះ​ទេ។

លើសពីនេះ អាដហុក កាលពីថ្ងៃទី១៨ ខែ​មិនា បាន​ចេញសេចក្តីថ្លែងការណ៍​មួយ ​បង្ហាញ​ក្តី​​បារម្ភយ៉ាងខ្លាំង ជុំវិញវិធាន​បណ្តេញចេញនេះ។

សម្រាប់​អាដហុក ការប្រើវិធានបណ្តេញ​ចេញ វានឹងធ្វើឱ្យពលរដ្ឋ​រងការខូច​ខាត​​​ទ្រព្យ​​សម្បត្តិ និង​ប៉ះ​ពាល់ផ្នែក​សេដ្ឋ​កិច្ច រីឯ រដ្ឋាភិបាល រង​ការ​ប៉ះពាល់​មុខ​មាត់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។

បើ​តាមពលរដ្ឋ អាជ្ញាធរ​ធ្លាប់​បានចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ ឈ្មោះ សេន ពិសី ដោយ​​ចោទថា​​រុក​រា​ន​ដីតំបន់​អភិរក្ស​​ដោយ​​ខុស​ច្បាប់ ហើយបច្ចុប្បន្ន​ពលរដ្ឋ​រូប​នោះ កំពុងជាប់ឃុំនៅពន្ធនាគារ​ ខណៈព​លរ​ដ្ឋម្នាក់ទៀត ដែល​​ត្រូវ​​ចាប់​ខ្លួន​នៅ​ថ្ងៃទី១៨​ ខែមិនា​នេះ ចាំថ្ងៃដែលអាជ្ញាធរដាក់ពង្រាយកម្លាំងទៅតំបន់នោះ ​។

ជុំវិញ​ការធានាសិទ្ធិ​រស់រាន​មាន​ជីវិត និង​សិទ្ធិមានលំនោះឋាននេះ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សច្ចា​ប័ន ជាមួយ​អង្គការសហប្រជាជាតិផងដែរ។

នៅឆ្នាំ១៩៩២ រដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័ន​ជាមួយអង្គការសហប្រជាជាតិ​លើកតិការ​សញ្ញា​អន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកចិ្ច សង្គមកិច្ច និងវប្បធម៌ ដែលរាប់បញ្ជូលទាំងសិទ្ធិលំនៅដ្ឋានសមរម្យ ។

ដោយឡែក មាត្រា៤៤​នៃរដ្ឋធម្មនុញ្ញកម្ពុជា ក៏បានទទួល​ស្គាល់​សិទ្ធិជាម្ចាស់ទ្រព្យ រួមទាំងច្បាប់​ភូមិបាលឆ្នាំ២០០១។

បើតាមចំនុច៦ នៃកតិការសញ្ញាអន្តរជាតិ ការបណ្តេញចេញដោយបំពាន គឺជាការរំលោភបំពាន​ដ៏កម្រោល លើសិទ្ធិមនុស្សជាច្រើន ដែល​បានទទួលស្គាល់ជាអន្តរជាតិ រួមទាំងសិទ្ធិមាន​ផ្ទះសម្បែង អាហារ ទឹក សុខភាព ការអប់រំ ការ​ងារ សន្តិសុខ សេរីភាពចាកផុតពីការប្រព្រឹត្តឃោឃៅ អមនុស្សធម៌។

លើសពីនេះ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទ​ទួ​លការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ