សហគមន៍ការពារ​ព្រៃឈើថា មន្ត្រីនៅតែបង្ក​ឧបសគ្គ​​និង​​រារាំង​​​ពួកគាត់​​ចុះល្បាតព្រៃ​

ប្រជាសហគមន៍​មួយចំនួន​ បន្ត​​លើកឡើង​ពី​ផល​លំបាក​ក្នុង​ការ​​​​​ចុះ​ទៅ​ល្បាត​ការ​ពារ​ព្រៃ​ឈើ នៅ​​តំបន់​​​​ការ​​​​ពារ ដោយ​​សារ​​មាន​ការ​​រំខាន និង​ការ​​ហាម​ឃាត់​​​​​​ពី​មន្ត្រី​ឧទ្យានុរក្ស​​​ដែល​ឈរ​ជើង​នៅ​​តំបន់​​ទាំង​​នោះ ដែល​ការណ៍​នេះ​ សហគមន៍​បាន​ស្នើ​ដល់​ក្រសួង​បរិស្ថាន ជួយ​​អន្តរា​​គមន៍​​ទៅ​​​កាន់​​​មន្ត្រី​ទាំង​នោះ ឱ្យបើក​ទូលាយ​ដល់សហគមន៍ក្នុងការ​ចូលរួម​ចុះល្បាត និងការ​ពារ​ព្រៃ​ឈើ និង​ធនធានធម្មជាតិ។

ការ​លើកឡើង​របស់​ប្រជាសហគមន៍ ធ្វើឡើងក្នុង​ទិវាព្រៃឈើ​អន្តរជាតិ ស្តីពី «ការអភិរក្ស​ព្រៃ​ឈើ​ ដើម្បីនិរន្តរ​​​ភាព​សហគមន៍» នៅរាជធានីភ្នំពេញ នាថ្ងៃទី​២១ ខែមិនា ឆ្នាំ​២០២៥នេះ។​​

លោក ខាក ម៉ាស៊ី ជាយុវជនជនជាតិ​ដើមភាគតិច​​ការពារព្រៃឈើនៅតំបន់ព្រៃឡង់​ មាន​ប្រសាសន៍​​ថា ព្រៃឈើ​ និង​ធនធានធម្មជាតិ​ ​ជា​ប្រភព​​​​​​ចំណូល​របស់ប្រជាពលរដ្ឋ ដោយសារ​សេដ្ឋកិច្ច​របស់ពួក​គាត់​រស់នៅពឹង​អាស្រ័យ​លើ​ការ​​រក​​​អនុផលព្រៃឈើ ដូច្នេះ​ពួកគាត់ត្រូវ​ការ​ពារ​ព្រៃឈើពីជនល្មើស​ដែល​មាន​បំណង​ទៅ​កាប់​​បំផ្លាញ។

តែជា​ការ​កត់សម្គាល់របស់​លោក គឺ​នៅពេលដែលសហគមន៍​​ចុះ​ល្បាត​ព្រៃ​ម្តងៗ អាជ្ញាធរ​មូល​ដ្ឋាន​តែង​​តែ​តាម​ឃ្លាំមើល និង​រាយការណ៍ទៅថ្នាក់​លើ ហើយ​​មន្ត្រី​ឧទ្យានុរក្សវិញ តែងតែ​ចុះទៅ​រំខាន ទាមទារឱ្យមានការ​សុំអនុញ្ញាតជាមុន និងដេញពួកគាត់ឱ្យ​ត្រឡប់ទៅភូមិ​វិញជាដើម។​ ​

លោកថា៖ «​ពេល​ចុះល្បាតទៅ ក្រុម​មន្ត្រី​​​​ឧទ្យានុរក្ស​តែង​តែ​ចុះតាម​ដេញ​ពួកខ្ញុំ​ឱ្យ​ត្រឡប់​មក​វិញ​​ ដោយសារ​គាត់លើកហេតុផលថា យើងអត់មាន​​​ច្បាប់​ទម្លាប់នៃការ​សុំ​ចូល​ទៅ​ល្បាត​​ ដោយ​​​សារ​​​ខ្ញុំជាជនជាតិដើមភាគតិច ធ្លាប់អាស្រ័យ​ផល​ពីដូនតាមក​ហើយ​ ហើយ​ថ្ងៃណាដែលពួក​ខ្ញុំ​ទំនេរពីការ​ងារ​ផ្ទះ​​ការងារ​សម្បែង​ទៅ​​ ពួកខ្ញុំ​​ត្រូវ​​តែ​​​ចូល​ទៅមើលស្ថានភាពព្រៃ តើព្រៃ​នៅគង់វង្សអត់[…] ខ្ញុំចង់​ស្នើឱ្យ​មន្ត្រី​បរិស្ថាន​​នៅ​ខាង​លើ​ ជួយ​​តាមដានមន្ត្រីឧទ្យានុរក្ស​នៅក្រោម​ឱវាទ​ផង ដោយសារ​មន្ត្រីឧទ្យានុរក្ស​​ភាគ​ច្រើន ឱ្យ​តែ​​ក្រុមយុវជន​ចុះទៅល្បាត​ ពួកគាត់​​តែងតែចុះដេញ តើដេញហ្នឹងដេញក្នុងគោល​បំណងអី? មាន​តែ​​ពួកគាត់មានការ​សូក​ប៉ាន់ពីបទល្មើសហ្នឹង​ឬ​ បាន​ជា​ពួកគាត់​​​ចេះតែចូលទៅដេញពួកខ្ញុំឱ្យត្រឡប់មកផ្ទះវិញ»។

សហគមន៍​​ការ​ពារ​ព្រៃ​ឈើម្នាក់ទៀត មកពីខេត្ត​ព្រះវិហារ លោក ហម ផាត បាន​ឱ្យដឹងដែរថា បទល្មើស​ព្រៃ​ឈើ​​នៅ​តែ​បន្តកើតមាននៅក្នុងតំបន់ការពារក្នុ​ងខេត្ត​នេះ បើទោះជា​ក្រសួង​និងស្ថាប័ន​​ពាក់ព័ន្ធ​​ បាន​អះអាង​ពីការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុងការ​ទប់ស្កាត់​​ក៏ដោយ។

លោក​បន្តថា នៅពេល​ដែល​សហគមន៍ចុះល្បាតព្រៃឈើម្តងៗ គឺ​​បានជួប​បទល្មើស​កាប់​ឈើ និង​អារឈើ​មួយចំនួន ដែល​ជនល្មើស​បាន​ដឹក​យកទៅ​លក់នៅវៀតណាម ហើយ​​​ជន​ល្មើសទាំងនោះ​បាន​ប្រើប្រាស់​កាំភ្លើងកែច្នៃដេញ​​បាញ់គំរាម​សហគមន៍​។

ប្រភពដដែល​បាន​បន្តទៀតថា កន្លងមក នៅពេល​ដែលសហគមន៍ចុះល្បាតព្រៃ គឺតែងតែ​​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​​ភូមិ​ឃុំ និងអាជ្ញាធរក៏បានដាក់កម្លាំងទៅជាមួយ​សហគមន៍ តែក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ អាជ្ញាធរ​មិនបានចុះជាមួយសហគមន៍ទេ ហើយការ​ចុះល្បាត​ក៏​មានការ​រឹតត្បិត​ជាងមុន​ដែរ។

លោក ហម ផាត និយាយថា៖ «សហគមន៍យើងខ្ញុំ ជន​ជាតិ​ដើមភាគ​តិច​មិនសូវ​ទូលាយ​ប៉ុន្មាន​ទេ [មិន​សូវបើកឱ្យចុះល្បាត​បាន​ទូលាយប៉ុន្មានទេ] ព្រៃឈើវា​​ច្រើន ហើយបើចឹង​ទៀត​ព្រៃ​សហគម៍​​​កាន់តែបាត់បង់ហើយ។ ជាចុងក្រោយ ខ្ញុំសូមសំណូមពរដល់​រដ្ឋាភិបាល និង​​ក្រសួង​បរិស្ថា​ន​ឱ្យបានចូលរួម ឱ្យសហគមន៍ចូលរួម​ការ​ពារ​ធនធាន​ធម្មជាតិ​ឱ្យ​បាន​គង់​វង្ស​ នៅក្នុងប្រទេស​​កម្ពុជា​យើងទាំងមូល»។      

វីអូឌី មិន​អាចសុំការ​ឆ្លើយតបជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​ទេ នៅថ្ងៃនេះ។

ចំណែក អគ្គនាយក​រងនៃអគ្គនាយកដ្ឋាន​សហគមន៍មូលដ្ឋាននៃ​ក្រសួងបរិស្ថាន លោក ងួន សែប មាន​ប្រសាសន៍ក្នុង​កម្មវិធីនោះថា ក្រសួង​បើកទូលាយចំពោះការ​ចុះល្បាតព្រៃ​របស់​សហគមន៍ ប៉ុន្តែ​ត្រូវ​ធ្វើទៅតាមច្បាប់ ព្រោះក្នុងច្បាប់មានការចែកចេញជា ៤តំបន់ព្រៃ​ការ​ពារ​​ ហើយ​តំបន់ស្នូល ដែលជាជម្រក​របស់​សត្វព្រៃ​​ គឺ​មិនអនុញ្ញាតឱ្យមាន​ការ​ចុះល្បាត ខណៈតំបន់​​ផ្សេង​​ទៀត​ ដូចជា​តំបន់អភិរក្ស តំបន់អភិវឌ្ឍន៍ និងតំបន់សហគមន៍ អាចចុះល្បាតបាន តាមរយៈការ​ដាក់លិខិត​ជូនដំណឹង​ទៅ​ក្រសួងឬមន្ទីរ​ពាក់ព័ន្ធ។

លោកថា៖ «ចឹងអត់អីទេបើកចំហរ និន្នាការ​នយោបាយ​ទាំងអស់​ អត់មានការ​ហាមឃាត់ទេ ព្រោះ​យើងតែមួយគត់ដើម្បីស្តារប្រទេស​យើង»។

ប្រធានផ្នែក​ចងក្រង និងពង្រឹង​សិទ្ធិ​អំណាច​យុវជន​នៃសមាគម​បណ្តាញ​យុវជន​កម្ពុជា លោក ម៉ើ ចាន់ដារ៉ា មានប្រសាសន៍​ថា ការបើកលំហរសម្រាប់សហគមន៍ ក្នុងការ​​​ចូលរួមល្បាត និង​អភិរក្ស​ព្រៃ​ឈើ ជារឿង​សំខាន់ ដោយ​សារ​សហគមន៍​នៅជុំវិញតំបន់ការពារ អាចដឹង​ឬមាន​​​ព័ត៌​មាន​​ច្រើន​​ជុំវិញ​បទល្មើស ដែលកើត​មាន​នៅតំបន់របស់ពួកគាត់​រស់​នៅ។

យ៉ាងណា លោក​បានស្នើ​ដល់ក្រសួង និង​ស្ថាប័នពាក់ព័ន្ធ អាចជួបពិភាក្សា​គ្នាចែករំលែក​ព័ត៌មានថាតើតំបន់ណាខ្លះដែលពលរដ្ឋ​អាចចូលរួម​ល្បាតបាន និង​តំបន់ណាខ្លះដែលច្បាប់​ហាម​ឃាត់ការ​ចុះល្បាត ដើម្បីជៀស​វាង​ការ​សាចទឹកដាក់គ្នា។

លោកថា៖ «វារឿងល្អ ខ្ញុំគិត​ថា​ ព័ត៌មាន​ច្រើន ទំហំ[ព្រៃឈើតំបន់ការ​ពារ​​]ច្រើន ពេល​ខ្លះ​ក៏[មន្ត្រី​]​​​យើង​​ក្តោប​​អត់ជិតដែរ អីចឹង​​យើងអាច​យកអាហ្នឹង​​មកធ្វើការ​​​ជជែកគ្នា​[ជាមួយសហគមន៍]​ ហើយ​ដាក់លើតុជជែកគ្នាមើល ប្រសិនបើ​រឿង​ហ្នឹង​ទៅចឹងមែន រកឃើញចឹង​មែន​ តើ​​ក្នុងនាម​ក្រសួង​សាម៉ី​ខ្លួនឯង​ដែលទទួលខុស​ត្រូវ​ទៅលើ​កា​រចូលរួមអភិរក្ស​ហ្នឹង​ មានយន្តការយ៉ាង​ម៉េចបន្តទៀត​ចឹង ហើយក៏ចង់លឺពីពួគគាត់​ ពួកគាត់មានអីស្នើទៅវិញដែរ ខ្ញុំលើកទឹកឱ្យមាន​​ជជែកគ្នាចឹង ដូចខ្ញុំលើកពីខា​ងដើម​ចឹង ខ្ញុំអត់ចង់​ឱ្យ​មានការ​ជះ​ទឹក​ដាក់គ្នា មើលមុខគ្នាអត់ចំ»។  

កាលពីខែមីនា ឆ្នាំ២០២៤ សហគមន៍​មូលដ្ឋាន និង​​អង្គការ​​សង្គម​ស៊ីវិល​​​ចំនួន ៧​ស្ថាប័ន ក៏​​​ធ្លាប់​បាន​​​​​​​​​​ចេញសេចក្តីថ្លែងការណ៍​រួម ស្នើ​​​ឱ្យ​​​រដ្ឋាភិបាល​​​កម្ពុជា ​បើក​​​​លំហ​​​​​​​សិទ្ធិ​​​​សេរីភាព​​​​​របស់​​​​​ពលរដ្ឋ​ ​ក្នុង​​​ការ​​​ចូល​រួម​​​​ការ​​ពារ​​​​ព្រៃឈើ​​​​​ឡើង​​វិញ ដោយ​សេរី និងគ្មានការ​គំរាម​កំហែង​ និងបំផិត​បំ​ភ័យ​​ក្នុងគ្រប់រូបភាព​ បន្ទាប់ពី​មន្ត្រី​ក្រសួង​​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន ហាមឃាត់​ទាំងស្រុង​​មិន​​ឱ្យ​ចូល​​ល្បាត​ព្រៃ​ក្នុង​តំបន់​ការពារ​ចាប់តាំងពី​ដើម​ឆ្នាំ​២០២០មក។

សេចក្តី​ថ្លែងការណ៍​ដដែល ​បន្ត​ថា ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ បារម្ភ​ជា​ខ្លាំង​​ចំពោះ​ការ​មិន​ទាន់​​អនុវត្ត​ឱ្យ​បាន​ពេញលេញ​​គ្រប់​ជ្រុងជ្រោយ ​ទៅ​លើ​គោលនយោបាយ ​ស្ដីពី ​កិច្ចការពារ​ព្រៃឈើ ការ​ព្រងើយ​កន្តើយ និង​ពុំ​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​នូវ​រាល់​សំណូមពរ ក៏ដូចជា​ក្តី​កង្វល់​នានា​ដែល​បាន​លើក​ឡើង​ដោយ​សាធារណជន ជុំវិញ​បញ្ហា​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​អង្គការ​ស៊ីវិល​ដែល​ធ្វើការ​លើ​ការងារ​បរិស្ថានទាំងនោះ ក៏បាន​​អំពាវនាវ​ទៅ​​កាន់​​ក្រសួង​ពាក់​ព័ន្ធ ឱ្យ​ពង្រឹង​​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ឧទ្យានុរក្ស និង​ត្រូវ​ផ្ដន្ទាទោស​លើ​មន្ត្រី ឬ​ក៏​អាជ្ញាធរ​​មូលដ្ឋាន​រូប​ណា ​ដែល​ហ៊ាន​ទទួល​លុយ​ពី​បទល្មើស​ព្រៃឈើ ហើយ​បើ​មាន​ការ​ធ្វេសប្រហែស​​​​​ផ្នែក​វិជ្ជាជីវៈ មន្ត្រី​ទាំងនោះ​ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​រដ្ឋបាល​ដោយ​ខាន​​ពុំ​បាន ដើម្បី​កាត់ផ្ដាច់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ