ចៅក្រមប្រឹក្សាជំនុំជម្រះនៃតុលាការបារាំង បានបញ្ចប់ការសួរដេញដោលលើអង្គសេចក្តី ចំពោះសាក្សីដាក់បន្ទុក នៅក្នុងសំណុំរឿងគប់គ្រាប់បែកដៃ កាលពីជិត៣០ឆ្នាំមុន ខណៈតុលាការបន្តនីតិវិធីបន្ថែមទៀត ដោយពិនិត្យមើលទៅលើចម្លើយទាំងដើមចោទ និងសាក្សី ដែលបានផ្តល់សក្ខីកម្ម ក្នុងសំណុំរឿងនៃបទឧក្រិដ្ឋមួយនេះ។
លោក ម៉ែន សុថាវរិន្រ្ទ មន្រ្តីដែលស្និទ្ធរបស់លោក សម រង្ស៊ី បានប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី តាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃនេះថា តុលាការបានបិទបញ្ចប់រួចរាល់ហើយ ទាក់ទងការយកចម្លើយទាំងម្ចាស់ដើមបណ្តឹង និងសាក្សីដាក់បន្ទុក នៅក្នុងរឿងក្តីមួយនេះ។ លោកបន្តថា តាមរយៈដីកាកោះរបស់តុលាការយុត្តិធម៌បារាំង សាក្សីដាក់បន្ទុកដែលទើបបិទបញ្ចប់នៅថ្ងៃនេះ រួមមាន ជាអ្នកជំនាញសិទ្ធិមនុស្សអន្តរ ជាតិ កម្មករ និងអ្នកនយោបាយ។
តាមរយៈការអង្កេតរបស់ខ្លួន លោក ម៉ែន សុថាវរិន្រ្ទ អះអាងថា ការអនុវត្តនីតិវិធីនៅក្នុងអង្គជំនុំជម្រះនៃតុលាការបារាំងនេះ គឺទាំងចៅក្រម និងរដ្ឋអាជ្ញា ធ្វើការងារដោយហ្មត់ចត់ ឈរលើឯករាជ្យ និងមិនលម្អៀងក្រោមឥទ្ធិពលនយោបាយ ដូចដែលតុលាការកម្ពុជា ធ្លាប់អនុវត្តនោះទេ។
លោកថា៖《អូ ! មិនមែនធម្មតាទេ ដេញដោលសួរគេមិនចេះតែធ្វើទេ។ គេមានអាជាក់ស្តែងហើយ គេមានវិភាគគេមានអីផង គេថែមទាំងមានវីដេអូឃ្លីប។ គ្រាន់តែថាបោកគ្រាប់បែកហើយ មានប៉ុន្មានគ្រាប់ និងមានផ្ទុះទៅណា ហើយរត់ទៅណា។ អូរ! មានអីណាច្រើនណាស់ គេលម្អិតណាស់ គេលម្អិតទាំងអស់ ហើយគេមិនចេះតែកាត់ទេ》។
បើតាមលោក ម៉ែន សុថាវរិន្រ្ទ សាក្សីដែលបានផ្តល់សក្ខីកម្ម នៅថ្ងៃចុងក្រោយបន្ទាប់ពី លោក ប្រែត អាដាម និងលោក គ្រីស បែស ស្តូហ្វើ ហើយគឺនៅមានកម្មករដែលធ្លាប់ចូលរួមបាតុកម្មជាមួយ លោក សម រង្ស៊ី ដែលពួកគេកំពុងរស់នៅប្រទេសបារាំង និងអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គឺ លោក អេង ឆៃអ៊ាង។
យ៉ាងណា សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្នើសុំការបំភ្លឺបានភ្លាមៗទេ ពីលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ នៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
លោក ម៉ែន សុថាវរិន្រ្ទ បញ្ជាក់ថា ការជំនុំជម្រះលើកនេះ គឺពុំមានវត្តមានចុងចោទចូលរួមសវនាការដោយផ្ទាល់ទេ ហើយបើសវនាការលើអង្គសេចក្តី នៅពេលនេះមិនមានអ្វីប្រែប្រួលណាមួយទេ តុលាការអាចនឹងប្រកាសសាលក្រម ដោយកំបាំងមុខប្រឆាំងជនជាប់ចោទទាំងពីរនាក់ នៅថ្ងៃនេះតែម្តង។
បើទោះបែបណា គេមិនដឹងថាមានមូលហេតុអ្វី បានជាភាគីចុងចោទ មិនដាក់មេធាវីការពារសិទ្ធិ ចូលរួមតតាំងក្តីនៅតុលាការប្រទេសបារាំង ដូចលោក ឌី វិជ្ជា និងលោក ហ៊ុន សែន ធ្លាប់ធ្វើក្នុងសំណុំរឿង បរិហារកេរ្តិ៍លោក ហុក ឡង់ឌី។
យ៉ាងណា កាលពីឆ្នាំ ១៩៩៧ ក្រោយហេតុការណ៍កើតឡើង លោក ហ៊ីង ប៊ុនហៀង ធ្លាប់ប្រាប់កាសែតក្នុងស្រុក ដោយគំរាមសម្លាប់ចំពោះប្រព័ន្ធផ្សព្វផ្សាយណាមួយ ដែលហ៊ានភ្ជាប់ករណីគប់គ្រាប់បែកដៃចំនួន៤គ្រាប់ ទៅនឹងអង្គរក្សរបស់លោក ហ៊ុន សែន។
ជុំវិញសំណុំរឿងព្រហ្មទណ្ឌនេះ ចៅក្រមស៊ើបសួរ និងជាអនុប្រធានផ្នែកស៊ើបអង្កេតនៃតុលាការយុត្តិធម៌បារាំង លោក សាប៊ីន ខេរីស(Sabine Khéris) ធ្លាប់បានចេញដីកាបញ្ជាឱ្យ លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ចូលរួមសវនាការចំនួន៣ដងរួចមកហើយដែរ ប៉ុន្តែជនជាប់ចោទ មិនផ្តល់កិច្ចសហការ។ មូលហេតុដែលនាំឱ្យចៅក្រមស៊ើបសួរ លោក សាប៊ីន ខេរីស ត្រូវបង្ខំចិត្តចេញដីកាកោះហៅ ភាគីនៅក្នុងរឿងក្តីនេះចូលរួមសវនាការ គឺនៅក្រោយពេល លោក សម រង្ស៊ី បានដាក់បណ្តឹងចូលតុលាការ កាលពីខែមីនា ឆ្នាំ២០២១ ដើម្បីស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះ ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា ថ្លែងកាលពីព្រហស្បត្តិ៍ម្សិលមិញថា ការចម្បងដែលបង្ខំចិត្តឱ្យ លោក សម រង្ស៊ី ត្រូវដាក់បណ្តឹងក្នុងរឿងក្តីនៃបទឧក្រិដ្ឋនេះ ចូលតុលាការបារាំង ទំនងជាអតីតអ្នកនយោបាយជាន់ខ្ពស់រូបនេះ យល់ឃើញការស្វែងរកយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា មិនទទួលបានផលដូចការរំពឹងទុក។ ហេតុនេះ ការជ្រើសរើសតុលាការបារាំង ដើម្បីជួយរកយុត្តិធម៌ដល់ជនគ្រោះប្រហែលជាសាកសមជាង។ ណាមួយ លោក សម រង្ស៊ី ក៏ជាពលរដ្ឋបារាំងផង អាចមានទំនាក់ទំនងផ្នែកច្បាប់ច្រើនជាងនៅក្នុងរឿងក្តីមួយនេះ។
លោកថា៖《បើយើងមើលពីបញ្ហានីតិវិធីក្នុងរឿងនេះ ដោយសារតែលោក សម រង្ស៊ី គាត់មានសញ្ជាតិបារាំង ដូច្នេះនៅក្នុងហ្នឹងគឺថាគាត់បានតាំងខ្លួនជាជនរងគ្រោះ អញ្ចឹងគាត់មានសិទ្ធិប្តឹងទៅតុលាការបារាំងដើម្បីរកយុត្តិធម៌។ នៅពេលដែលគាត់យល់ថាតុលាការនៅក្នុង គាត់មិនមានជំនឿចិត្តទៅលើតុលាការនៅក្នុងស្រុក ដើម្បីនឹងថាអាចផ្តល់យុត្តិធម៌បាន ដូច្នេះគាត់មានតែជម្រើសរបស់គាត់ គឺគាត់ប្តឹងទៅតុលាការបារាំងដែលគាត់ជាជនជាតិបារាំង》។
កាលពីខែមីនា ឆ្នាំ១៩៩៧ ស្របពេលលោក សម រង្ស៊ី នៅជាប្រធានគណបក្សជាតិខ្មែរ បានដឹកនាំបាតុករប្រមាណ២០០នាក់ ដង្ហែរជាក្បូន ធ្វើបាតុកម្មនៅក្បែរមន្ទីរអគារដ្ឋសភាចាស់ ម្តុំព្រះបរមរាជវាំង។ ភ្លាមៗនោះ មានជនអនាមិកបានគប់គ្រាប់បែកដៃចំនួន៤គ្រាប់ ចូលហ្វូងបាតុករ កាលណោះហើយបានផ្តាច់ជីវិតអ្នកតវ៉ាដោយអហិង្សាចំនួ ន ១៦នាក់ និងជាង១០០នាក់ផ្សេងទៀតរងរបួស៕