ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានព្រមានតាមកម្ចាត់អ្នកនិយាយរឿងមិនបំពាក់ផ្កាយមាស៥ ឱ្យលោក ស ខេង តែបែរជាបំពាក់ឱ្យមនុស្សស្និទ្ធនឹងមេដឹកនាំវៀតណាម មានលោកស្រី ម៉ែន សំអន ជាដើម។
បរិបទនេះ ជំរុញឱ្យមានការព្រួយបារម្ភ ពីហានិភ័យនៃបូរណភាពទឹកដីតជំនាន់ និងការពង្រីកអយុត្តិធម៌សង្គម ខណៈមេដឹកនាំជាប់ដៃពង្រឹងអំណាច ហើយមិនព្យាយាមដោះស្រាយវិបត្តិដីធ្លី និងការរីករាលដាលនៃបទឧក្រិដ្ឋស្ទើរពេញផ្ទៃប្រទេសនោះ។
ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ឱ្យលោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន នៅថ្ងៃទី២១ ខែមីនានេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែ ព្រមានថា លោកនឹងកំចាត់ចោលអ្នកព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដោយមិនទុកឱ្យនណារម្នាក់រួចខ្លួនទេ។
ការគំរាមតាមកំទេចនេះ ក្រោយលោកទទួលបានសាររិះគន់ថា បក្សកាន់អំណាចកំពុងបែកបាក់ផ្ទៃក្នុង ដែលស្តែងឡើងតាមរយៈមិនពាក់ផ្កាយមាស៥ឱ្យលោក ស ខេង ដែលជាមនុស្សមានឥទ្ធិពលក្នុងបក្ស តែផ្តល់ឱ្យតែ លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន។
យ៉ាងណា លោក ហ៊ុន សែន បកស្រាយថា អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ជាស៊ីវិលដូច្នេះមិនអាចពាក់ស័ក្តិដូចយោធាបានទេ។
លោកថា៖ «អ្នកឯងត្រូវចាំ! អ្នកឯងកាន់តែបំបែកខ្ញុំ បែកខ្លួនឯង បែកខ្លួនឯង កុំបំបែកគណបក្សប្រជាជនឱ្យសោះ ដែលធ្លាប់បំបែកគណបក្សប្រជាជនទាំងប៉ុន្មាន គឺបែកខ្លួនឯងទាំងអស! បែកខ្លួនឯងទាំងអស់! ខ្ញុំហ៊ាននិយាយខ្ញុំហ៊ានធ្វើ។ បែកខ្លួនឯងបក្សប៉ុន្មានហើយដែលចង់បំបែកគណបក្សប្រជាជន ប៉ុន្តែទីចុងបំផុតលទ្ធផលគឺបែកខ្លួនឯងទាំងអស់ ហើយខ្ញុំនឹងបន្តធ្វើនូវកិច្ចការងារនេះ ដោយមិនទុកឲ្យអ្នកឯងរួចខ្លួនទេ»។
យ៉ាងណាក្នុងពិធីនោះ ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន មិនបាននិយាយរឿងព្រំដែន បញ្ហាបំណុលពលរដ្ឋ ជម្លោះដីធ្លីដែលអ្នកមានអំណាចរំលោភយកដីពលរដ្ឋ អំពើឆបោករបស់ក្រុមឧកញ៉ាខិលខូច បទឧក្រិដ្ឋឆបោកតាមអនឡាញ និងការចាប់ជំរិត ដែលកំពុងបង្កភាពភ័យខ្លាចដល់ប្រទេសក្នុងតំបន់និងប៉ែកអ៊ឺរ៉ុបទេ ក្រៅតែនិយាយតែរឿងពង្រឹងអំណាចបក្សពួកខ្លួន និងតាមកំទេចខ្មែរគ្នាឯងនោះ។
ពលរដ្ឋម្នាក់ក្នុងចំណោមជិត ៣០០គ្រួសារ ដែលត្រូវក្រុមហ៊ុនវៀតណាមរំលោភយកដីនៅខេត្ដក្រចេះ គឺអ្នកស្រី អ៊ែល រ៉ូហ្សា បានបង្ហាញការខកចិត្តចំពោះរដ្ឋាភិបាលបក្សកាន់អំណាច ដោយថាមិនបានខ្វល់ខ្វាយពីសុខទុក្ខរាស្រ្តទេ តែគិតតែពីផលប្រយោជន៍បក្សពួកខ្លួនទៅវិញ។
អ្នកស្រីថា៖ «ខ្ញុំអន់ចិត្តដែរ ព្រោះអីមន្ត្រីនៅក្នុងដែន ប្រជាពលរដ្ឋទៅមើលការខុសត្រូវប្រជាពលរដ្ឋ ហើយគាត់គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន អ៊ីចឹងខ្ញុំអត់សប្បាយចិត្តទេ បងប្អូននៅតែទាស់ទែងគ្នាហ្នឹង។ ទីមួយអត់ឃ្លានអត់មានលុយបង់ធនាគារទេ។ ពិបាកណាស់លោកគ្រូ អត់ហ៊ានហូបអីឆ្ងាញ់ៗទេ ហូបបាយស្រូបទឹកត្រី ម្ងៃៗ។ ឥលូវលោកគ្រូជឿខ្ញុំអត់ ខ្ញុំហូបបាយស្រូបទឹកត្រី ទិញពងទាមួយគ្រាប់ យកលីង! លីងទៅៗ ឆាទៅ ហូបអ៊ីចឹង ស៊ីអត់ស៊ីឃ្លាន ហើយដីធ្លីគេយកទៀតទុកលុយហ្នឹងធ្វើដំណើរដើម្បីតវ៉ារឿងដីហ្នឹងទៀត»។
លោក ហ៊ុន សែន បានច្បាមយកតំណែងកំពូលៗដែរ រួមមាន ជាប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ខណៈពលរដ្ឋកំពុងស្រែករកយុត្តិធម៌។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា លោក ហ៊ុន សែន កំពុងស្នំចិត្តមនុស្សជំនិតៗរបស់ខ្លួន ដើម្បីការពារអំណាចតាមរយៈឱ្យតំណែងកំពូលៗ ដើម្បីឱ្យមន្រ្តីទាំងនោះហែកទ្រព្យសម្បត្តិជាតិចែកគ្នាស៊ី និងព្រមរស់នៅជាមួយគ្រួសារហ៊ុន លើគំនរទុក្ខរាស្រ្តរាប់លាននាក់។
លោកថា៖ «សព្វថ្ងៃឃើញទេ! ពួកអ្នកមានអំណាចប្រើអំណាចផ្ដេសផ្ដាសហ្នឹង ទៅបំពានប្រជាពលរដ្ឋ។ ពាក្យសាមញ្ញាគេហៅថា ចោរស្របច្បាប់។ ពួកហ្នឹងចោរក៏ជាមន្ត្រី! មន្ត្រីក៏ជាចោរដែរ ពួកហ្នឹងបានគប់គិតគ្នាធ្វើបាបប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់ ហើយធ្វើឲ្យប្រទេសនោះវាទន់ខ្សោយ។ ប្រទេសដែលពោរពេញដោយអំពើពុករលួយ និងបក្ខពួកនិយមហ្នឹង វាធ្វើឱ្យច្បាប់នីតិរដ្ឋហ្នឹងវាទន់ខ្សោយ ប្រទេសហ្នឹងវាទន់ខ្សោយ ហើយដល់វាទន់ខ្សោយ អាបរទេសជិតខាង ដូចជាថៃ ដូចជាយួន ដែលគេកំពុងមានមហិច្ឆតាឈ្លានពានយើង អ៊ីចឹងគេអាចបន្តឈ្លានពានបន្តិចម្តងៗ ដោយអ្នកជោគជ័យ ម្ល៉ោះហើយអាហ្នឹងអាចជាហានិភ័យសម្រាប់ជាតិយើងទៅថ្ងៃអនាគត មិនយូរមិនឆាប់ទេ ដែលប្រឈមនឹងប្រឈមនឹងការបាត់បង់បូរណភាពទឹកដីមួយចំណែក មួយចំណែកខ្លះទៀតទៅប្រទេសជិតខាងហ្នឹង»។
ដោយឡែក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកថា លោក ហ៊ុន សែន កំពុងតាមកំទេចខ្មែរគ្នាឯង មិនគិតពីសុខទុក្ខរាស្រ្តទេ។
លោកថា លោក ហ៊ុន សែន បានប្រព្រឹត្តអំពើពុករលួយយកលុយជាតិមកទិញសមាជិកបក្សប្រឆាំង បើទិញមិនបានក៏គំរាមគំហែងចាប់ដាក់ពន្ធនាគារ ប្រើឱ្យមនុស្សប្រើហិង្សា ដើម្បីវាយបំបែកសំឡេងក្រុមប្រឆាំង រួមទាំងប្រើដៃតុលាការរំលាយគណបក្សសង្រ្គោះជាតិជាដើម។
លោកថា៖ «តាំងពីគណបក្សហ៊្វុនស៊ិនប៉ិច តាំងពីគណបក្សលោកតា ស៊ឺន សាន! លោក ហ៊ុន សែន គាត់បានលូកដៃផ្ទៃក្នុង ទៅបំបែកបំបាក់ក្នុងគណបក្សគេហ្នឹង រហូតដល់មានការបែកបាក់ផ្ទៃក្នុង តាមរយៈការប្រើចារកម្មរបស់គាត់ ហើយនិងតាមរយៈការបំភិតបំភ័យការទិញទឹកចិត្តផ្តល់ជាតំណែង! អាហ្នឹងយើងឃើញគាត់ព្យាយាមធ្វើអ៊ីចឹងឯង ដល់គណបក្សសង្គ្រោះជាតិ គាត់ព្យាយាមរំលាយហើយព្យាយាមចាប់គេដាក់គុកតាំងពីថ្នាក់ដឹកនាំ រហូតដល់ថ្នាក់ក្រោម ដើម្បីធ្វើម៉េចឲ្យមានការបែកបាក់ក្នុងចំណោមអ្នកប្រជាធិបតេយ្យ ដើម្បីឲ្យគាត់ងាយស្រួលក្នុងការដឹកនាំប្រទេសតាមរបៀបផ្ដាច់ការ អាហ្នឹងគេហៅថា យុទ្ធសាស្រ្តបំបែកបំបាក់ដើម្បីគ្រប់គ្រង»។
បើតាមលោក អ៊ុំ សំអាន ការផ្តល់សក្តិឱ្យ លោកស្រី ម៉ែន សំអន និងលោក ទៀ បាញ់ នេះដើម្បីសម្របសម្រួលផ្ទៃក្នុងបក្សកុំឱ្យបែកបាក់ ក្រោយលោក ហ៊ុន សែន ឱ្យកូនខ្លួនក្លាយជានាយករដ្ឋមន្រ្តី។ លោកថា មិនយូរទេ លោក ហ៊ុន សែន នឹងរុញឱ្យ លោក ហ៊ុន ម៉ាណែត ច្បាមយកតំណែងជាប្រធានបក្សថែមទៀត។
ជាងនេះទៀត លោកថា អ្នកស្រី ម៉ែន សំអន ជាមនុស្សស្និទ្ធនឹងវៀតណាម ចំណែក លោក ទៀ បាញ់ ជាមនុស្សនៅអ៊ែបនឹងប្រទេសចិនទើប លោក ហ៊ុន សែន ផ្តល់តំណែងខ្ពស់បែបនេះ តែលោកថាសម្រាប់ខ្សែលោក ស ខេង មិនត្រូវគ្នាជាមួយគ្រួសារហ៊ុននោះទេ។
គេសង្កេតឃើញថា លោក ហ៊ុន សែន ក៏បានថ្លែងជាចំហរពីយុទ្ធសាស្រ្តងើបមួយវាយមួយ ដើម្បីលោក ហ៊ុន ម៉ាណែត ឈ្នះឆ្នោតទាំងគ្មានដៃគូប្រកួតនយោបាយតាមគន្លងប្រជាធិបតេយ្យ។
យុទ្ធសាស្រ្តបង្រ្កាបខ្មែរគ្នាឯងនេះ ត្រូវបាន លោក ហ៊ុន សែន បានប្រើចាប់តាំងពីពលរដ្ឋបោះឆ្នោតដកសេចក្តីទុកចិត្តយ៉ាងគំហុកនៅឆ្នាំ២០១៣ ហើយងាកទៅគាំទ្រគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំង។
ពេលនោះគណបក្សប្រជាជនកម្ពុជា បាត់បង់អាសនៈក្នុងសភាចំនួន២២ និងឆ្នាំ២០១៧ បាត់បង់អាសនៈឃុំសង្កាត់ជិតកណ្តាលប្រទេស។
ការពង្រីកយុទ្ធសាស្ត្រតាមកម្ទេចខ្មែរគ្នាឯងឥតឈប់ឈរជាង៤ទសវត្សរ៍ទៅនេះ ជំរុញឱ្យមានការរិះគន់ថា គ្រួសារហ៊ុនខ្លាំងបានតែជាមួយខ្មែរគ្នាឯង តែរណបបរទេសដែលឈ្លានពានទឹកដី ដើម្បីការពារអំណាចតពូជ។
បញ្ហានេះ បន្សល់ទុកជនរងគ្រោះរាប់លាននាក់ រួមទាំងអ្នករងគ្រោះរាប់ម៉ឺននាក់ ចាញ់បោកក្រុមឧកញ៉ាស្និទ្ធនឹងមេដឹកនាំ ហើយថា បន្ទាត់នយោបាយនេះ ពលរដ្ឋច្រើនលាននាក់ទៀត នឹងបន្តរងគ្រោះ បើកម្ពុជាគ្មានមេដឹកនាំ ចេញពីការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ទេនោះ៕