ជនជាតិដើម​ឃុំប្រមេ​រុ​ខេត្ត​ព្រះ​វិហារ​​បន្ត​អាស្រ័យ​ផល​លើ​ដី​​សហគមន៍​ទាំង​ភាព​ភ័យ​ខ្លាច

ជនជាតិដើមភាគតិចកួយ​នៅ​ស្រុក​​ត្បែង​មាន​ជ័យ ខេត្ត​ព្រះ​វិហារ អះ​អាង​ថា ពួកគេនឹ​ង​បន្ត​ចូល​ទៅ​អាស្រ័​យ​​​​​ផ​ល​លើ​ដី​សហគមន៍​ទំហំ​ជាង​៨ពាន់​ហិកតា បើទោះ​បី​ប្រឈម​ការ​គំរាម​ពី​អាជ្ញាធរ និង​ក្រុម​ហ៊ុន​ចិន ហេ​ង​ហ្វូ ដោយ​សំអាង​​ថា ដើម្បី​សង្គ្រោះ​ជីវិត​សមាជិក​ជាង​ ៥០០​គ្រួសារ។

បើតាមពលរដ្ឋ កាលពីថ្ងៃទី​២០​ ខែមិនា​នេះ ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ប្រមាណ​ជា ៦៥​នាក់ រស់​នៅ​ឃុំប្រមេរុ ស្រុក​​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ បាន​ជួប​ជជែក​គ្នា​ជាមួយ​សមត្ថ​កិច្ច និង​ទាហាន​ការ​ពារ​ក្រុមហ៊ុន​ចិន​ហេង​ហ្វូ។

 ប្រភពនោះ បន្ត​ថា ក្នុង​ជំនួប​នោះ​ អាជ្ញាធរ​បានហាម​ឃាត់​ពលរដ្ឋ មិន​ឱ្យ​ចូល​ភ្ជួរ​ដី និង​អាស្រ័យ​ផល​លើ​ដី​សហគមន៍​​​របស់​ជន​ជាតិ​ដើម​ភាគតិច​នោះ​ឡើយ ត្រូវរង់ចាំ​ការ​ដោះ​ស្រាយ ដោយ​ថា ដីនោះ​ជាដី​របស់ក្រុម​ហ៊ុន​ចិន ។

សម្រាប់ជនជាតិដើមភាគតិកួយ ស្រុក​​ត្បែង​មានជ័យ អ្នកស្រី ទេព ទឹម​ បាន​ឱ្យដឹងនៅថ្ងៃទី​២១ ខែ​មិនានេះ​ថា ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ហាម​ឃាត់​នេះ និង​បារម្ភ​បាត់​បង់​ដី​សហគមន៍។

ប៉ុន្តែថា ពួកគាត់ នៅ​តែបន្តចូលទៅអាស្រ័យផល​លើដីសហគមន៍​នេះ មិន​អាច​ពន្យា​ពេល​បាន​ទេ ដើម្បីដោះ​ស្រាយ​បញ្ហា​ជីវភាព និង​ដោះ​ស្រាយ​បញ្ហា​បំណុល។

អ្នកស្រីថា៖ «មានការ​លំបាកមួយ​ មាន​ការ​រារាំង​មិន​ឲ្យ​ចូល​កាន់​កាប់​ដី​យើង ជាប់​ការ​ចោទ​ប្រកាន់​ប្ដឹងយើង​ថា​ យើង​​លួច​ដី​រដ្ឋ​ លួច​ដី​ចិន​ អ៊ីចឹង​យើង​ជាប់​ការ​ចោទ​ប្រកាន់​ តុលាការ​កោះ​ហៅ​ ជីវភា​ព​ក្រី​ក្រជំពាក់​បំណុល​ធនាគារ និង​កូន​ចៅ​ចំណាក​ស្រុក​ទៅ​ស៊ី​ឈ្នួល​នៅ​ថៃ[…]បែក​បាក់​គ្រួសារ​ហើយ​បាត់​បង់ប្រាក់​ចំណូល​ កូនចៅ​ក៏​បាត់​បង់​ការ​សិក្សា​ មូល​ហេតុ​អត់​មាន​ដី​ធ្វើ​ស្រែ រឿង​ហ្នឹង​អយុត្តិធម៌​ណាស់សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច ដែល​លោក​រស់​ពឹង​អាស្រ័យ​លើ​ដីធ្លី​ព្រៃ​ឈើ​តាំង​ពី​ដូន​តាមក ​ហើយ​ពួក​ខ្ញុំមាន​ទីលំនៅ​អចិន្ត្រៃយ៍ ហើយ​ពូជ​អំបូរ​ជា​ជន​ជាតិ​ដើម​ភាគ​តិច ត្រូវ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​កា​រ​ប្រើប្រាស់​ដី​ធ្លី»។

បន្ថែមពីនេះ អ្នកស្រីក៏​ស្នើឱ្យរដ្ឋា​ភិបាល​ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ ដោយ​កាត់​ឆ្វៀល​ដី ដោយ​ដាក់ជាដី​សមូហ​ភាព​ជូន​សហគមន៍​ពួក​គាត់ និង​ទម្លាក់​បទ​ចោទ​លើ​ពួក​គាត់​ដែល​ជា​ជន​រងគ្រោះ។

ប្រធានសហគមន៍ជនជាតិ​ដើមភាគតិច​​កួយ លោក ស៊ុត សាវន និយាយ​ថា ដី​សហគមន៍​ទំហំ​ជាង ៨០០០​ហិកតា ដែលអាជ្ញាធរ​ហាម​ឃាត់​នេះ ពួក​គាត់​បាន​មក​អាស្រ័យផល​តាំង​ពី​ដូន​តា​មក​ម្លេះ ពោលគឺ​មុន​ក្រុម​ហ៊ុន​ចិន ។

បើតាមលោក សាវន សហគមន៍បានស្នើសុំដល់អាជ្ញាធរ​ឱ្យ​កាត់​ឆ្វៀល​ដី​ទំហំ​ជាង ៨០០០​ហិកតា ទុក​ជាដី​សមូហ​ភាព សម្រាប់​ជនជាតិដើម​ភាគតិចកួយ​ជាង ៥០០​គ្រួសារ នៅ​ឃុំ​ប្រមេរុ អាស្រ័យ​ផល​តាម​បែបប្រពៃណី ជាច្រើន​ដង​មក​ហើយ​ តែ​គ្មាន​ដំណោះ​ស្រាយ ដែល​ធ្វើ​ឱ្យ​គាត់​ប្រឈម​នឹង​គ្រោះ​អត់​ឃ្លាន។​

លោកថា៖ «មានទាហាន​មានអាជ្ញាធរ​គាត់​ឃាត់​ហាម​មិន​ឲ្យ​យើង​ចូល​ធ្វើ​ដី​ និង​អាស្រ័យ​ផ​ល​ ជា​ផល​ប៉ះពាល់ដល់​បង​​ប្អូន​ពលរដ្ឋ​ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល​លើ​ដី​របស់​គាត់ ជា​បញ្ហា​ប្រឈម​ខ្លាំង​មែន​បញ្ហាលំបាក​ដល់​គាត់​[…] សំណូម​​ពរ​ឲ្យ​អាជ្ញាធរ​ចុះ​បញ្ជី​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ តាម​អ្វី​ដែល​គាត់ត្រូវ​ការ។ ​យោង​តាមច្បាប់​ចុះ​បញ្ជី​ដី​​រៀបចំជូន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច មាន​ន័យ​ថា ពន្លឿន​ការចុះ​បញ្ជី​ដី​តាម​ច្បាប់ ទទួល​ស្គាល់​ហើយ​ ក៏ដូ​ច​ជា​ការ​តាម​អ្វី​ដែល​គាត់​ប្រើ​ប្រាស់​ជាក់​ស្ដែង»។

VOD មិនអាចសុំការ​អត្ថាធិប្បាយ ​ពីអភិបាល​ខេត្ត​ព្រះ​វិហារ លោក គឹម រិទ្ធី បាន​ទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយ​ទូរស័ព្ទចូលតែគ្មានអ្នកលើក។

ដោយឡែក អ្នកនាំពាក្យសមាគម​​ការពារ​​សិទ្ធិ​​មនុស្ស​អាដ​ហុក លោក យិន ម៉េងលី និយាយ​ថា បើ​ដូច​ការអះ​អាង​របស់​ប្រជាពល​រដ្ឋ​មែន ការ​ហាម​គាត់​នោះ រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ និង​បំពាន​ច្បាប់។

យ៉ាងណា លោក​ចង់​ឃើញ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់​ព័ន្ឋ មាន​វិធានការ​​ទប់​ស្កាត់​លើ​មន្រ្តី​ណា​ដែលប្រព្រឹត្ត​ខុស និង​កាត់​ដី​ជា​សមូហភាព​ជូន​ពលរដ្ឋ​តាមកា​រ​ស្នើ​សុំ ដើម្បី​ឱ្យ​ពលរដ្ឋ​រស់​នៅ​ប្រកប​មុខ​របរដោយ​គ្មាន​ការ​ភ័យ​ខ្លាច ។

លោកថា៖ «ព្រោះ​ថារដ្ឋធម្មនុញ្ញ​បាននិយាយអំពីរាល់ការស្នើសុំ​របស់​ប្រជាពលរដ្ឋ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពីអង្គ​ការ​រដ្ឋ[…] ពួក​គាត់​បន្ត​ការ​តវ៉ា​ការ​ស្នើ​សុំ​ទៅ​ថ្នាក់​ជាតិ មាន​ការ​លំបាក​ណាស់ អ៊ីចឹង​ឥឡូវ​នេះ​បើ​សិនជា​បញ្ហា​ប្រឈម​ប៉ុណ្ណឹង​ហើយ ត្រូវ​មាន​វិធាន​ការ​ជា​បន្ទាន់​ ជំហាន​ទី​មួយ​ទប់​ស្កាត់​កុំ​ឲ្យ​ប៉ះ​ទង្គិច​គ្នា​រវាង​គ្នា​ ទីពីរ​បើ​ប្រជាពលរដ្ឋ​មិន​មាន​ដី​ធ្វើ​ស្រែ​ចម្ការ អាច​ឲ្យ​ដី​​រដ្ឋ​បង្ក​បង្កើន​ផល​ជា​បណ្ដោះ​អាសន្នសិន ជំហានទីបីត្រូវ​ដោះ​ស្រាយ​បញ្ចប់​វិវា​ទ​ដីធ្លី ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​កុំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត»។
ច្បាប់​ភូមិបាល ដែលរដ្ឋសភាអនុម័តឱ្យ​ប្រើ​កាល​​​​ពីថ្ងៃ​ទី​២០ ខែ​​​កក្កដា ឆ្នាំ​​​២០០១ បាន​​​ចែង​​​ពី​​កាតព្វ​​​កិច្ច​រដ្ឋ និង​​​អាជ្ញាធរ​​​​ពាក់​​​ព័ន្ធ ការពារ​​​​​សិទ្ធិ​ជនជាតិ​ដើម​​ភាគ​​​តិច លើ​​សិទ្ធ​​​ប្រើ​ប្រាស់​​ដីធ្លី​តាម​របៀប​ជន​ជាតិ​ផង​ដែរ។

មាត្រា២៣ នៃច្បាប់នេះ​​ចែង​​ថា សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច គឺ​ដាំ​​ដុះ​​លើ​​ដី​​ដែល​​ខ្លួន​​កាន់​កាប់​​តាម​ក្បួន​​​ខ្នាត ទំនៀម​​ទម្លាប់​​​នៃ​​ការ​​ប្រើ​​ប្រាស់​​​ដី​​​ជា​​សមូហ​ភាព តាម​​បែប​​វប្បធម៌ និង​ប្រពៃណី។ ដីជន​ជាតិ​ដើម​ភាគ​តិច មិនមែន​មាន​តែដីដែល​បាន​ដាំដុះ​ជាក់​ស្តែង​នោះ​ទេ ប៉ុន្តែ​មាន​ដី​បំរុង​ចាំបាច់ ក្នុង​ការ​​ដូរ​វេន​ដំណាំ​​ថែម​ទៀត ដែល​គេ​និយម​ហៅ​ថា ការធ្វើចំការវិលជុំ។

បន្ថែម​ពីនេះ មាត្រា២៨ ចែង​ថា គ្មាន​អាជ្ញាធរ​ណា​មួយ ក្រៅពី​សហគមន៍​​អាច​ទទួល​បាន​សិទ្ធិ​លើ​អចលន​វត្ថុ​​​របស់​ជន​ជាតិ​ដើម​​​ភាគតិច​បាន​ឡើយ។

ដោយឡែក ការបំពាន​នេះ ក៏បាន​បំពាន​លើ​កម្មវិធី​នយោបាយ​រដ្ឋាភិបាល​ផង​ដែរ ដែល​រដ្ឋាភិបាល បាន​ប្តេជ្ញា​​ចិត្ត​ការ​ពារ​ប្រជាពល​រដ្ឋ​ក្រីក្រ ងាយ​រង​គ្រោះ តាម​រយៈ​ក​​ម្ម​វិធី«ផ្តល់​ដី ការ​​ពារ​​ព្រៃ» ក្នុង​​គោល​ដៅ​ដោះ​​ស្រាយ​​បញ្ហា​​ជូន​​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ