ខ្មែរនៅសហរដ្ឋអាមេរិករំឮកយុត្តិធម៌ លោក លិម គិមយ៉ា តាមរយៈការធ្វើបុណ្យឧទ្ទិសកុសល ខណៈរដ្ឋាភិបាលកម្ពុជា ព្យាយាមលាក់ជនសង្ស័យ លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន ជិត៣ខែទៅនេះ ដោយមិនព្រមចាប់បញ្ជូនឱ្យទៅតុលាការថៃ ដើម្បីផ្តន្ទាទោស និងរកអ្នកនៅពីក្រោយឃាតកម្មដ៏ឃោរឃៅនេះ។
អ្នករៀបចំកម្មវិធី លោក សុស ចាន់ដារ៉ា និយាយប្រាប់VODនៅថ្ងៃទី២១ ខែមីនានេះថា ពលរដ្ឋខ្មែរនៅអាមេរិកនឹងរៀបចំពិធីបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ លោក លិម គិមយ៉ា នៅថ្ងៃទី២២ ខែមីនាខាងមុខនេះនៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោកបន្តថា កម្មវិធីនេះក៏ជាការផ្ញើសារថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស មិនបំភ្លេចវីរៈភាពលោក លិម គិមយ៉ា និងទាមទារឱ្យចាប់មេខ្លោងនៅពីក្រោយឃាតកម្មដ៏ឃោរឃៅនេះមកផ្តន្ទាទោសផងដែរ ដើម្បីយុត្តិធម៌លោក លិម គិមយ៉ា និងក្រុមគ្រួសារ។
ម្យ៉ាងវិញទៀត លោកបញ្ជាក់ថា ការប្រារព្ធកម្មវិធីបុណ្យនេះ ក៏ដើម្បីរៃអង្គាស់ថវិកាខ្លះៗជួយគ្រួសារលោក លិម គិមយ៉ា ឱ្យបន្តនិតិវិធីនៅតុលាការបារាំង ដើម្បីស្វែងរកយុត្តិធម៌សម្រាប់គ្រួសារគាត់ផងដែរ។
លោកថា៖ «ជារឿងសំខាន់ ទី១ យើងចង់ពញ្ញាក់ស្មារតីដល់បងប្អូនជាពលរដ្ឋយើងនៅខាងក្រៅនេះ ហើយក៏ដូចជាអ្នកដែលតស៊ូក្នុងស្រុកហ្នឹង ទោះបីលោកបាត់បង់ជីវិត ប៉ុន្តែស្មារតីតស៊ូយើងនៅតែចងចាំយើងរំឭកដល់វិញ្ញាណក្ខន្ធគាត់ ឧទ្ទិសកុសលជូនដល់គាត់ ដែលបានចំណាយពេលរហូតលះបង់ជីវិតដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន។ អ៊ីចឹងសាររបស់យើង គឺយើងនៅតែគាំទ្រ និងលើកទឹកចិត្តដល់អ្នកតស៊ូផ្សេងៗទៀតនៅក្នុងស្រុក និងនៅក្រៅស្រុកក្តី គឺសូមឲ្យបន្តសកម្មភាពមិនត្រូវបោះបង់ទេ ព្រោះការតស៊ូវាអាចមានការយូរអង្វែង ប៉ុន្តែយើងត្រូវតែតស៊ូទៅមុខទៀត»។
សម្រាប់ លោក ចាន់ដារ៉ា ដរាបណាមេដឹកនាំគ្រួសារហ៊ុនបន្តលាក់ជនសង្ស័យ លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន នោះមហាជននៅតែដាក់ការសង្ស័យថា រដ្ឋាភិបាលកម្ពុជា អាចមានជាប់ពាក់ព័ន្ធករណីនេះ។
លោកបន្តថា បើរដ្ឋាភិបាលកម្ពុជាចង់លាងជម្រះមន្ទិលសង្ស័យថា ខ្លួនមិនជាប់ពាក់ព័ន្ធករណីឃាតកម្មនេះ ត្រូវតែចាប់បញ្ជូនជនសង្ស័យទាំងពីរនាក់នោះ ឱ្យតុលាការថៃ ឬអាជ្ញាធរបារាំង ដើម្បីសួរចម្លើយ។
លោកថា៖ «ជាទូទៅយើងដាក់ការសង្ស័យទៅលើអ្នកដែលមិនពេញចិត្តនូវការបញ្ចេញមតិរបស់គាត់ អាហ្នឹងជាទិសដៅរបស់យើង ហើយអ្វីដែលយើងបានឃើញកន្លងមកហ្នឹង គឺយុត្តិធម៌មិនដែលត្រូវបានរកឃើញទេ នៅពេលដែលអ្នកទាក់ទងនឹងរឿងនយោបាយឬក៏បុគ្គលល្បីៗ ចឹងចំពោះយើងមានការសង្ស័យ ប៉ុន្តែភារៈឬការសម្រេចយ៉ាងណានោះ គឺទុកឱ្យតុលាការឬក៏ភាគីពាក់ព័ន្ធផ្ទាល់តែម្ដង ដើម្បីប្រជាជនអស់ចិត្ត»។
បន្ថែមលើនេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា យល់ថា កម្មវិធីបុណ្យនេះ ក៏ជាផ្នែកផ្ញើសារទៅរដ្ឋាភិបាលកម្ពុជាថា ការទាមទារយុត្តិធម៌សម្រាប់ លោក លិម គិមយ៉ា មិនបញ្ឈប់ដំណើរ តាមការចង់បានរបស់មេដឹកនាំកម្ពុជានោះទេ។
តែថាផ្ទុយទៅវិញ លោកថា ខ្មែរនៅក្រៅប្រទេស នឹងបន្តបន្លឺសំឡេងទាមទារយុត្តិធម៌សម្រាប់ លោក លិម គិមយ៉ា ដរាបណា មេដឹកនាំគ្រួសារហ៊ុនលាក់បាំង អ្នករួមដៃក្នុងសំណុំរឿងឃាតកម្មនេះ។
លោកថា៖ «កាលណារដ្ឋាភិបាលនៅតែមិនចាប់បញ្ជូនជនសង្ស័យពីររូបហ្នឹង អាហ្នឹងខ្ញុំឃើញថាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាននិយាយច្បាស់ហើយថា គាត់មិនចាប់ប្រជាពលរដ្ឋខ្មែរណា បញ្ជូនឱ្យរដ្ឋបរទេសទេ ក្នុងន័យនេះ គឺគាត់មានន័យច្បាស់លាស់ណាស់ថា គាត់មិនចាប់បញ្ជូន លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន ឱ្យអាជ្ញាធរថៃនៅក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា អាហ្នឹងនិយាយច្បាស់ចឹងម៉ង អាហ្នឹងមានន័យអញ្ចឹង»។
ចំណែក លោក មុត ចន្ថា អតីតនាយកខុទ្ទការល័យលោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ និយាយលើហ្វេសប៊ុកនៅថ្ងៃទី២១ ខែមីនានេះ ដោយចោទជាសំណួរថា ឃាតករជាទីប្រឹក្សា លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន ងាប់ហើយ ឬកំពុងត្រូវការពារ? ។
ក្នុងន័យនេះ លោកទំនងជាចង់សំដៅទៅលើ លី រតនរស្មី ដែលជាទីប្រឹក្សាលោក ហ៊ុន សែន ត្រូវតុលាការថៃចេញដីកាឱ្យចាប់ខ្លួន ជុំវិញសំណុំរឿងឃាកម្មនេះ។
ដូចគ្នានឹងឈ្មោះ ពេជ្រ គឹមស៊្រិន ដែលគេដឹងថាស្និទ្ធនឹងអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង ដែលជនសង្ស័យរូបនេះ ត្រូវប៉ូលីសអាំងទែប៉ូលចេញនិវេទន៍ក្រហម ឱ្យតាមចាប់ខ្លួនដូច លី រតនរស្មី ដែរ។
សម្រាប់លោក មុត ចន្ថា មេខ្លោងនៅពីក្រោយអំពើឃាតកម្មលើលោក លិម គិមយ៉ា គឺមិនមែនមានត្រឹមតែ លី រតនរស្មី ទីប្រឹក្សារបស់ លោក ហ៊ុន សែន ទេ។
យ៉ាងណា អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់ទម្លាក់កំហុសដាក់ភាគីថៃ ជុំវិញភាពយឺតយ៉ាវចាប់បញ្ជូន លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន នេះ។
លោកបកស្រាយថា កម្ពុជាទទួលបានសំណើរពីភាគីថៃ និងទទួលបាននិវេទន៍ក្រហមពីប៉ូលីសអន្តរជាតិក៏ពិតមែន ក៏ប៉ុន្តែថា កម្ពុជាមិនទាន់មានឯកសារផ្លូវការណាមួយ ដែលផ្តល់ដោយភាគីថៃ ដើម្បីបំពេញនីតិវិធីក្នុងកិច្ចសហការផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌនៅឡើយទេ។
លោក ឆាយ គឹមខឿន គូសបញ្ជាក់ថា ភាគីកម្ពុជា ធ្លាប់ជួបផ្ទាល់ជាមួយភាគីថៃ ដើម្បីសុំរបាយការណ៍ស៊ើបអង្កេតលម្អិតបន្ថែម ប៉ុន្តែថា មកដល់ពេលនេះ កម្ពុជាមិនទទួលបានលទ្ធផលអ្វីទាំងអស់ពីភាគីថៃ។
បញ្ហានេះ លោកថា មិនអាចប្រាប់បានពីពេលវេលាជាក់លាក់ លើវិធានចាប់បញ្ជូនជនសង្ស័យទាំងពីរនាក់នេះបានទេ។
លោកថា៖ «អ្វីដែលជាប្រភពមូលដ្ឋានច្បាស់លាស់សម្រាប់ផ្ដល់ការស៊ើបអង្កេតបន្តនេះ វាស្ថិតក្នុងដៃភាគីថៃ ដូច្នេះយើងក៏នៅតែរងចាំឯកសារមួយចំនួន ដែលពាក់ព័ន្ធការងារជំនាញស៊ើបអង្កេតនៃភាគីទាំងសងខាង ពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ហើយចំពោះគេលើកឡើងយ៉ាងណាយ៉ាងណីនោះ អាហ្នឹងសិទ្ធិរបស់គេទេ! ប៉ុន្តែគ្រាន់ថា ការលើកឡើងឲ្យមានការទទួលខុសត្រូវ ឱ្យចេះច្បាប់ ចេះទម្លាប់ ឱ្យដឹងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាផង»។
កាលថ្ងៃទី១៥ ខែមករា នគរបាលអន្តរជាតិអាំងទែប៉ូល (Interpol) បានចេញនិវេទន៍ក្រហម (Red notice) ឱ្យស្វែងរកចាប់ខ្លួនអ្នកផ្តល់តម្រុយ ឱ្យបាញ់សម្លាប់ លោក លិម គិមយ៉ា គឺជនសង្ស័យឈ្មោះ ពេជ្រ គឹមស៊្រិន ។
លោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ខណៈលោក និងភរិយាជាជនជាតិបារាំង ធ្វើដំណើរតាមរថយន្តចេញពីខេត្តសៀមរាប។
ឃាតកម្មនេះ កើតឡើងក្រោយពីលោក លិម គិមយ៉ា រិះគន់គ្រួសារហ៊ុន រឿងធ្វើឱ្យឆេះរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ក្នុងកម្មវិធីព្រឹត្តិការណ៍ «សាទរកម្ពុជា» កាលពីយប់ឆ្លងឆ្នាំសកល ឆ្លងចូលឆ្នាំ២០២៥ ដែលរៀបចំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន ។
ក្រោយចាប់ខ្មាន់កាំភ្លើង ជាជនជាតិថៃបាន តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាឱ្យនាំខ្លួនជនសង្ស័យ លី រតនរស្មី ដែលបុរសរូបនោះ ជាទីប្រឹក្សា លោក ហ៊ុន សែន ។ រីឯប៉ូលីសអាំងទែប៉ូល ក៏បានចេញនិវេទន៍ក្រហមឱ្យតាមចាប់ខ្លួនបុរសម្នាក់ទៀត គឺ ពេជ្រ គឹមស្រ៊ិន។
ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា ក៏ធ្លាប់អះអាងថា ការបន្តលាក់បាំងជនសង្ស័យរបស់មេដឹកនាំកម្ពុជា ឆ្លុះបញ្ចាំងថា ខ្លួនពិតជាមានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះ។
លោកថា ដើម្បីកុំឱ្យខ្មាស់បរទេសគឺតុលាការថៃ ប៉ូលីសអន្តរជាតិអាំងទែប៉ូល និងភាគីបារាំង មេដឹកនាំកម្ពុជា ត្រូវចាប់បញ្ជូនជនសង្ស័យទាំងពីរនាក់នោះឱ្យតុលាការថៃ ដើម្បីសួរចម្លើយនិងផ្តន្ទាទោស។
លោកថា៖ «ការដែលបន្តលាក់បាំងនេះ គឺគេអាចមានមន្ទិលសង្ស័យថា វាជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចនៅកម្ពុជា ដែលគេមានការព្រួយបារម្ភថា បើបញ្ជូនជនសង្ស័យ លី រតនរស្មី និងពេជ្រ គឹមស្រ៊ិន ទៅនឹងធ្វើឱ្យមានការបែកធ្លាយអ្នកនៅពីខាងក្រោយខ្នងជាដើម។ ចឹងរឿងដែលមិនចាប់បញ្ជូនហ្នឹង វាអាចប៉ះពាល់ដល់មុខមាត់ថ្នាក់ដឹកនាំ ទើបមិនហ៊ាននោះ»។
កាលពីថ្ងៃទី២៤ ខែមករា បារាំងតាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ធ្លាប់លើកឡើងពីយុត្តិធម៌ លោក លិម គិមយ៉ា នៅចំពោះមុខ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាផងដែរ។
បន្ទាប់មកទៀតភាគីបារាំងក៏បានជួប លោក ឌី វិជ្ជា ជាប្រធាននាយកកណ្ដាលសន្តិសុខ អគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ជុំវិញវិធានចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងឃាតកម្មនេះ ។
តែយ៉ាងណា វិធានការចាប់បញ្ជូនជនសង្ស័យ លី រតនរស្មី និង ពេជ្រ គឹមស៊្រិន នៅតែបន្តជាប់គាំង ខណៈគេសង្ស័យថាឃាតកម្មនេះ ជាប់ពាក់ព័ន្ធនឹងគ្រួសារហ៊ុន ដោយសំអាងថាភាគីថៃមិនព្រមផ្តល់ឯកសារស៊ើបអង្កេតបន្ថែម ឱ្យតាមការស្នើសុំរបស់កម្ពុជាមុនសហការចាប់បញ្ជូន។
សម្រាប់ ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោក សុខ សំអឿន យល់ថា ដីការបស់តុលាការព្រហ្មទណ្ឌថៃ និងនិវេទន៍ក្រហមរបស់ប៉ូលីសអន្តរជាតិ អាចដំណើរកនីតិវិធីព្រហ្មទណ្ឌបាន។
លោកថា៖ «យើងបានដីកាបង្កាប់ឱ្យតាមចាប់ខ្លួនពីតុលាការថៃហើយ ខ្ញុំអានឹងដូចជាគ្រប់គ្រាន់ហើយ ជាទស្សនៈខ្ញុំ។ ក៏ប៉ុន្តែក្រែងល៎ អាជ្ញាធរខ្មែរត្រូវអ្វីផ្សេងទៀតៗខ្ញុំមិនដឹងដែរ»៕