ករណីស្លាប់អ្នកទោស​នៅបន្ទាយ​មានជ័យ​គ្រួសារ​សព​ស្តីបន្ទោស​ពី​កម្សោយ​អភិបាល​កិច្ច

សាច់ញាតិរបស់អ្នកជាប់ឃុំម្នាក់​​ដែល​ស្លាប់ ក្រោយ​​បញ្ជូន​​​ទៅ​​សង្គ្រោះ​​​មិនទាន់ពេលនោះ បាន​ស្នើ​ដល់ក្រ​សួង​​មហាផ្ទៃ ចុះ​ស៊ើប​អង្កេត​​ការ​​ងារ​​រប​ស់​មន្ត្រី​ពន្ធនាគារ​​ខេត្ត​បន្ទាយ​​មាន​ជ័យ ដើម្បី​​ស្វែងរក​ការ​​ពិត ជុំវិញករ​ណី​​ដែល​បណ្តែត​បណ្តោយ​​​ឱ្យ​​អ្ន​ក​ជាប់​ឃុំ​មាន​ស្ថាន​ភាព​ជំងឺ​ធ្ងន់​ធ្ងរ​ខ្លាំង​រហូត​​សង្គ្រោះ​លែង​បាន​​ ទើបបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។​​

កាលពីថ្ងៃទី​២៣​ ខែ​មិនា ឆ្នាំ​​២០២៥ មាន​ការ​​បង្ហោះ​នូវ​វីដេអូ​ខ្លីមួ​យ ដែល​បង្ហាញ​ពី​ទិដ្ឋភាព​គ្រួសារ​​​សព បង្ហាញ​ការ​​ឈឺ​ចាប់ ខណៈ​អ្នក​ជាប់​ឃុំ​ម្នាក់ ឈ្មោះ លាប ចាន់ថា អាយុ ១៧ឆ្នាំ ដែល​ត្រូវ​​​ជាកូ​ន​ប្រុស​​របស់គាត់ កំពុង​​​សម្រាក​​​នៅ​លើ​គ្រែ​ពេទ្យ ដែលស្ថានភាពជំងឺធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន។

លោក ទៀវ សំអុល ជាឪពុករបស់​អ្នកជាប់ឃុំឈ្មោះ លាប ចាន់ថា និង​ជា​ចាងហ្វាង​សារព័ត៌​មាន​​​ស្ពាន​នាគ នៅ​ខេត្តបន្ទាយ​មានជ័យ បានឱ្យដឹង​ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៥នេះ​ថា កូនប្រុស​​របស់គាត់​មិនធ្លាប់មានជំងឺអ្វីពីមុនមកនោះ​ទេ ប៉ុន្តែនៅ​ថ្ងៃទី​២០ ខែមិនា​នេះ លោក​បានទទួលទូរស័ព្ទ​ពីខាងពន្ធនាគារ​​ថា កូនរបស់គាត់​​ឈឺ​ និង​កំពុង​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​មួយក្នុងស្រុកមង្គលបុរី ហើយស្អែកឡើង​​​ថ្ងៃទី២១ ខែមិនា កូនគាត់ក៏​បាន​​ស្លាប់ ព្រោះ​គ្រូពេទ្យ​​​ជួយ​​សង្គ្រោះ​​មិន​​បាន ដោយសារ​ស្ថានភាពជំងឺធ្ងន់ធ្ងរទៅហើយ។

ករណីនេះ ​លោកបានចោទជាសំណួរទៅកាន់​មន្ត្រីពន្ធនាគារ​ខេត្តបន្ទាយ​មានជ័យ​ថា ហេតុ​​​អ្វីបា​ន​ជា​​ទុក​កូន​របស់​គាត់​​ដ​ល់ថ្នា​ក់​សង្គ្រោះ​លែង​បាន ទើប​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ?

លោកថា៖ «យកមកពេទ្យបានតែមួយយប់ទេ កូនខ្ញុំត្រូវ​ដាច់ខ្យល់ ខ្ញុំ​​ឆ្ងល់ថាតើ​​​ហេតុអ្វីបានជាខាងពន្ធនា​គារ​​​ទុក​កូន​ខ្ញុំ​ទៅ​​ដ​ល់​ថ្នាក់​ហ្នឹង? មិន​ដែលជំងឺ​អីសោះកូនខ្ញុំ ហើយ​ពេលដែល​​ឈឺ​ហេតុអ្វីគាត់មិនព្រម​​ផ្តល់ព័ត៌​​មាន​​​មកខាង​អាណាព្យាបាល ហេតុ​អីក៏​ទុក​ដល់ថ្នាក់ហ្នឹង? ទុក​រហូត​​​ដល់​ឈឺ ដល់ឈឺ​​សង្គ្រោះ​​លែង​បាន​ហើយ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ ចឹង​​​ខ្ញុំអត់មានដឹងថា​ដើមហេតុយ៉ាងម៉េច ខ្ញុំអត់ដឹងទេ ប៉ុន្តែ​គ្រាន់ថា ខ្ញុំចង់​ដឹង​ថា​​ហេតុអីឈឺល្មមៗ ហេតុ​អ្វីមិន​បញ្ជូន​​កូនខ្ញុំមកព្យាបាល មិនផ្តល់ព័ត៌មាន​ដល់អាណាព្យាបាល ទុករហូត​ដល់កូនខ្ញុំ​​សង្គ្រោះលែងបាន បានបាត់បង់ជីវិតចឹង»។

បើតាម លោក ទៀវ សំអុល ក្រោយរៀបចំពិធីបុណ្យសពកូនរបស់គាត់រួច គាត់​នឹង​សិក្សា​ផ្លូវ​​ច្បាប់ និង​ដាក់ពាក្យ​បណ្តឹង​​ស្នើទៅក្រសួងមហាផ្ទៃ សុំអន្តរាគមន៍ចាត់មន្ត្រី​​​​ចុះស៊ើប​​អង្កេត​​នៅក្នុងពន្ធនាគារ​ខេត្តបន្ទាយ​មានជ័យ ជុំវិញការ​ស្លាប់កូន​ប្រុស​របស់គាត់។

លោកថា៖ «ឥលូវចប់បុណ្យរួច​សព្វគ្រប់​ហើយ ខ្ញុំ​ស្វែងរកអ្នកច្បាប់ ដើម្បីឱ្យ​គាត់​​​អ្នកផ្តល់យោបល់​​មតិ ដើម្បី​​នឹ​ង​ដាក់ពាក្យបណ្តឹង​ទៅក្រសួង​មហាផ្ទៃ ដើម្បីឱ្យក្រសួង​មហាផ្ទៃគាត់​មានវិធាន​ការ​ ដំណោះ​ស្រាយ​ រកដាក់​ក្រុម​​មក​ស៊ើបអង្កេតមើល តើរឿងវាយ៉ាង​​ម៉េច ដើម្បីកុំ​ឱ្យថាមានភាពអយុត្តិធម៌ ខ្ញុំក៏អត់មានការចោទប្រកាន់ទៅពន្ធនាគារ​ថាយ៉ាង​ម៉េច​ អត់ទេ​​​ តែក៏​ចង់ឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ​ចំពោះករណីកូនរបស់ខ្ញុំដែលស្លាប់បាត់បង់ជីវិត​ហ្នឹង»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​ ​លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បាន​​ទេ​នៅថ្ងៃនេះ។

តែយ៉ាងណា បើតាម​លិខិតបំភ្លឺរបស់ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បាន​ច្រាន​ចោល​ចំពោះការចោទនេះ។ លិខិតនោះ បញ្ជាក់ថា ជនជាប់ឃុំឈ្មោះ លាប ចាន់ថា អាយុ ១៧ឆ្នាំ ក្នុង​អំឡុងពេលជាប់ឃុំ​ជាង ១ឆ្នាំមកនេះ ពុំធ្លាប់មានជំងឺ​នៅក្នុងពន្ធនា​គារ​​ម្តងណាឡើយ ទើបតែនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៥ ពិរុទ្ធជន​រូបនេះ មានអាការៈមិនស្រួលខ្លួន ហើយ​​​ភ្លាមនោះមន្ត្រីគ្រប់គ្រងអគារ​បានបញ្ជូន​​ទៅប៉ុស្តិ៍​​សុខភាព និងបាន​ជូនដំណឹង​ទៅ​យាយ​​របស់អ្នកជាប់ឃុំចំនួន ៣លើក​ផងដែរ។

លិខិត​ដដែល បន្តទៀត​ថា ដោយពិនិត្យឃើញថា ជនរូបនោះមានសភាពហត់ខ្លាំង ពិបាកដកដង្ហើម ចុកឆ្អល់​ចុងដង្ហើម ក្អួត និងស្វាយចុងដៃចុងជើង ក៏មាន​​កា​រ​បញ្ជូនទៅសង្គ្រោះបន្ទាន់​ភ្លាមៗ​​នៅមន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ប៉ុន្តែមិនអាចជួយសង្គ្រោះបាន រហូត​ដល់អ្នកជាប់ឃុំរូបនេះបានស្លាប់ ដោយ​សារជំងឺបេះដូង និងខ្វះអុកស៊ីសែន​ទៅចិញ្ចឹមក្នុងខួរក្បាល។

លិខិតបំភ្លឺ​របស់ពន្ធនាគារខេត្ត បានគូសបញ្ជាក់ថា៖ «សូមធ្វើការបដិសេធ​ទាំង​ស្រុង​ចំពោះ​គេហរទំព័រហ្វេស​ប៊ុក​​ថ្ងៃ​ថ្មី ដែលបានធ្វើការ​ចុះផ្សាយខ្លឹម​សារ​ខាងលើ ក្នុងន័យចោទប្រកាន់ និងបំភ្លើស​ការ​ពិត​ដល់ពន្ធនា​គារ​​ខេត្ត​បន្ទាយ​មានជ័យ ដែលធ្វើឱ្យប៉ះពាល់​ដល់កិត្តិយស​ សេចក្តីថ្លៃ​ថ្នូរ​របស់​អង្គភាព​ពន្ធនាគារ ក៏ដូចជាអគ្គនាយក​​ដ្ឋានពន្ធនា​គារ ក្រសួងមហាផ្ទៃ»។

បើតាមលិខិត​បំភ្លឺរបស់ពន្ធនាគារ​ខេត្តបន្ទាយ​មានជ័យ អ្នកជាប់ឃុំដែលបានស្លាប់នោះ ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោម​ការ​​ចោទ​ពីបទ កាន់កាប់​ឬដឹកជញ្ជូនអាវុធ​ដោយ​គ្មានការ​អនុ​ញ្ញាត និង​បទហិង្សា​ដោយ​ចេតនា(​ស្ថានទម្ងន់ទោស) លួច និងពីបទប្រើ​ប្រាស់​​​​ដោយខុស​ច្បាប់​នូវសារធាតុ​ញៀន កម្រិត​​ទោស ៣ឆ្នាំ ក្នុងនោះ​​បានរងទោស​​រយៈពេល ១ឆ្នាំ ២ខែ ២៨ថ្ងៃ និងទោស​នៅសល់ ១ឆ្នាំ ៩ខែ ២ថ្ងៃ។​

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន មានប្រសាសន៍ថា ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បាន​ស្រាយបំភ្លឺច្បាស់ហើយ ពីស្ថានភាពនៃការ​ស្លាប់របស់អ្នកជាប់ឃុំរូប​នោះ។ លោកថា ប្រសិន​បើ​ខាងគ្រួសារ​សព មិន​អស់ចិត្ត និង​មានចម្ងល់ត្រង់ណានោះ អាច​ទៅ​ជួប​មន្ត្រី​ពន្ធនាគារ​ខេត្ត និង​គ្រូពេទ្យ​ដែលព្យាបាល​អ្នកជាប់ឃុំរូបនោះ ដើម្បីផ្ទៀង​ផ្ទាត់ឯកសារ របាយ​ការណ៍​កោសល្យ​វិច្ច័យ និង​សាកសួរព័ត៌​មាន​​លម្អិត​​ពី​ស្ថានភាពជំងឺរបស់អ្នកស្លាប់បាន។​​

លោកថា៖ «អីចឹង​ស្នើ​សុំ​ឱ្យគ្រួសារសាច់ញាតិ​​គាត់​ទៅជួប​ជាមួយអង្គភាព[ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ] ដើម្បីផ្ទៀង​ផ្ទាត់​ឯកសារ​ជាមួយគ្នា​​ អំពីស្ថានភាពជំងឺ​របស់ជន​ហ្នឹង​​ ហើយអាចទៅ​សាក​សួរនៅខាង​មន្ទីរពេទ្យ​​បង្អែក​ដែលគាត់អ្នកទទួលព្យាបាល​​ជន​ហ្នឹង​ចុង​ក្រោយ ចឹង​ខ្ញុំគិតថា លោកគ្រូ​ពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យបង្អែក​ដែល​ជន​នេះ​ក៏គាត់​មាន​​​ទិន្នន័យ​​ ដែលអាច​ផ្ទៀង​ផ្ទាត់ថាតើ​ស្ថានភាពជំងឺជននេះយ៉ាងណា មុននឹង​ឈានដល់មរណភាព»

សម្រាប់លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដែលធ្លាប់ជាប់ពន្ធនាគារ​ដោយសារ​ការ​បង្ក្រាប​​ដោយហិង្សា​ក្នុ​ងអំឡុងការ​ធ្វើកូដកម្ម​របស់កម្មករ នៅផ្លូវវេងស្រេង និង​មុខ​រោ​ង​ចក្រ​យ៉ាក​ជីង​កាលពីឆ្នាំ២០១៤​នោះ បានបង្ហាញ​ការ​សោក​ស្តាយ​​នៅពេលទទួលបានព័ត៌មាននេះ ដោយ​លោក​ថា នេះជាការ​ធ្វេសប្រហែសមួយ និង​ជាការឆក់ល្វែង​ដែល​មន្ត្រីពន្ធនាគារ ​មិនបានយកចិត្ត​ទុក​ដាក់​ចំពោះ​សុខភាពអ្នកជាប់ឃុំ។

ជាបទពិសោធន៍ដែលធ្លាប់ជាប់ពន្ធនាគារ​ទាំងមានរបួស និង​ជំងឺ​ប្រចាំកាយ​ផងនោះ លោកថា​ ថ្នាំ​សង្កូវ និង​ការព្យាបាលរបស់មន្ត្រីពេទ្យ​​ក្នុង​ពន្ធនាគារ នៅមានកម្រិត ហើយ​សម្រាប់​អ្នកជាប់​ឃុំ​ដែលមិនមានលុយ នឹង​​មិន​ងាយ​​នឹង​​ទទួល​បាន​ការ​​ព្យាបាល​​នៅមន្ទីរពេទ្យខាងក្រៅភ្លាម​ៗ​ ដូច​អ្នក​មានលុយមានអំណាច ឬឧកញ៉ានោះទេ គឺ​ទុកទាល់តែ​ឈឺធ្ងន់ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យ។​

លោកថា៖ «ពេទ្យក្នុងពន្ធនា​គារ​មិន​មាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ព្យាបាលអ្នកទោស​ទេ អីចឹង​វា​រឿងមួយ​ដែរ ចឹងអ្នកទោស​ដែលគ្មានខ្សែគ្មានអី ជាអ្នកមាន ជាក្រុមអ្នកឧកញ៉ា​ តែ​ពួក​យើង​អ្នកក្រីក្រ​ ឬអ្នកទោស​នយោ​បាយ អ្នកទោស​មនសិកា​ធម្មតា​ មិនងាយ​គេឱ្យ​​ព្យាបាល​ធ្ងន់ធ្ងរ​ទេ ទាល់តែធ្ងន់ធ្ងរ​បានគេ​បញ្ជូន​មកក្រៅ​​ ជាក់ស្តែងកាលខ្ញុំនៅពន្ធនាគារ​ត្រពាំង​ថ្លុង ទាល់តែយើងឈឺចាប់ខ្លាំង ធ្ងន់ធ្ងរ​ខ្លាំងបានបញ្ជូន​មក​ក្រៅ អីចឹង​វា​ជារឿង​មួយ​ដែល​​​ខ្ញុំមានការ​​សោកស្តាយ​ដែរ ដែលរឿងនេះវា​ជារឿងមួយ​អយុត្តិធម៌​ សម្រាប់អ្នកដែលជាប់ពន្ធនាគារ​នៅក្នុងស្រុកយើង»

ជាគំនិតកែលម្អ​ លោក វន់ ពៅ យល់ថា ក្រសួងពាក់ព័ន្ធ ជាពិសេស​ពនន្ធាគារ​គ្រប់រាជធានី-ខេត្ត គួរបង្កើនការ​យកចិត្ត​ទុកដាក់លើ​សុខ​ភាព​របស់អ្នកជាប់ឃុំឱ្យ​បាន​ស្មើៗគ្នា ដោយ​មិន​ត្រូវ​ប្រកាន់អ្នកមានលុយ ឬអ្នកក្រីក្រ, ត្រូវ​រៀបចំ​ឱ្យមានពេទ្យជំនាញ​ច្បាស់លាស់ ដើម្បីជួយ​សង្គ្រោះ​​​​អ្នកជំងឺឱ្យបាន​ទាន់ពេល និងត្រូវ​បើក​ទូលាយ​ឱ្យ​​​​គ្រូ​ពេទ្យ​មក​ពីអង្គការ​សង្គមស៊ីវិល​ជួយ​ពិនិត្យ​ និង​ព្យាបាលអ្នកជាប់ឃុំ​​ជាដើម។

ចំណែក នាយកទទួលបន្ទុក​កិច្ចការ​ទូទៅនៃអង្គការ​ការ​ពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា អ្នកជាប់ឃុំ​​មាន​​​សិទ្ធិ​ទទួលបាន​​សេវា​សុខភាព​ដូចពលរដ្ឋ​ធម្មតាដែរ ដោយគ្មាននរណាអាចដកហូត​សិទ្ធិ​នេះ​បានទេ។

លោកបន្ត​​ថា ប្រសិន​បើ​អាជ្ញាធរ​​បណ្តោយ​ឱ្យ​អ្នកជាប់ឃុំធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ​​​ក្នុង​ពន្ធនាគារ ហើយ​​​​​ទើបបញ្ជូន​ព្យាបាលនៅ​មន្ទីរ​ពេទ្យខាង​ក្រៅ​​ ដូចការលើកឡើង​របស់​​សាច់ញាតិ​នោះមែន នោះ​គឺជា​កា​របំពាន​សិទ្ធិ​ទទួល​​សេវាសុខភាពរបស់អ្នកជាប់ឃុំ។

តែយ៉ាងណា ខាងមន្ត្រីពន្ធនាគារ​​បាន​ចេញលិខិត​បំភ្លឺ​ដែរ ដូច្នេះដើម្បីស្វែងរក​នូវ​ការ​ពិត ​លោក​​ អំ សំអាត បាន​ជំរុញដល់​ក្រសួង​​​​មហាផ្ទៃ បង្កើ​តគណៈកម្មការ​ចុះ​ធ្វើ​ការ​ស៊ើបអង្កេត​រក​មូល​ហេតុ​​​ពិត​​ឱ្យ​បាន​ច្បាស់លាស់។

លោកថា៖ «អាហ្នឹង​ត្រូវ​តែមានបង្កើតគណៈកម្មការមួយ ធ្វើការពិនិត្យទៅលើរឿងហ្នឹងឱ្យបាន​ច្បាស់លាស់ ដើម្បីបញ្ជាក់ពីរឿង​ហេតុ​ដែលបាត់បង់ជីវិត ឬក៏មូលហេតុនៃ​កា​របាត់បង់ជីវិត ឱ្យ​ច្បាស់លាស់ ហើយបើសិនជារកទៅឃើញថាមានការ​ពាក់ព័ន្ធ​ណាមួយ អាហ្នឹង​ត្រូវ​អនុវត្តតាមផ្លូវច្បាប់»

កាលពីខែដើម​ខែ​​វិច្ឆិកា ឆ្នាំ​២០២៤ ក៏មានការ​ផ្សព្វផ្សាយព័ត៌មានមួយចំនួន ពីការ​ស្លាប់ជាបន្តបន្ទាប់​​​របស់អ្នកជាប់ឃុំ​ជាង ១០នាក់ នៅពន្ធនាគារ​ខេត្តព្រះវិហារ​ផងដែរ។ តែភ្លាម​នោះ ពន្ធនា​​គារ​ខេត្តនេះ បានចេញលិខិតបំភ្លឺដោយច្រាន​ចោលព័ត៌មានទាំងនោះ និងបានបញ្ជាក់ថា ក្នុងខែ​តុលា មានអ្នកជាប់ឃុំ ៤នាក់ប៉ុណ្ណោះ​ដែលបានស្លាប់ ដោយសារ​ជំងឺសួត ទឹកនោម​ផ្អែម ជាតិ​​​​​ពុលក្នុងថ្លើម និង​ជំងឺគាំងបេះដូង។ 

នៅក្នុងរបាយការណ៍​ចេញផ្សាយកាលពី​ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ អង្គការ​សិទ្ធិមនុស្ស​លីកាដូ បង្ហាញ​ថា រយៈពេលជាង១៥ឆ្នាំមកនេះ ស្ថានភាពពន្ធនាគារនៅកម្ពុជា នៅតែបន្តមានភាពចង្អៀត និង​កង្វះ​ធនធាន​។ បើតាមលីកាដូ ​​ពន្ធ​នាគា​រ​ជាច្រើន​កន្លែង​មាន​ដាក់​ជន​ជាប់ឃុំ​ចំនួន​ ​១​៧​៥​​ភាគរយ ដែលជាចំនួនលើស​សមត្ថភាព​ដែល​ពន្ធ​នាគា​រអា​ច​ដាក់អ្នកជាប់ឃុំ​បាន​។

ទោះ​ជា​យ៉ាង​ណា​ អ្នក​ជាប់​ឃុំ​នៅ​​​កម្ពុជា ត្រូវ​អ្នក​សង្កេតការណ៍ មើល​ឃើញ​​មាន​ស្តង់ដារ​ផ្សេងៗ ពី​គ្នា ទៅ​តាម​ប្រភេទ​ក្រុម​​មនុស្ស។ អ្នក​ជាប់​ឃុំ​ក្រីក្រ មិន​ត្រូវ​បាន​អាជ្ញាធរ អើពើ​យក​ចិត្ត​ទុក​​ដាក់​ព្យាបាល​ទេ ខណៈ​អ្នកទោស​មន​សិការ ត្រូវ​បាន​រឹតត្បឹត និង​គំរាម​កំហែង ប៉ុន្តែ​អ្នក​ទោស ដែល​​មាន​​លុយ​​មាន​​អំណាច​វិញ ពួកគេ​តែង​​ទទួល​​បាន​​សិទ្ធិ​ពិសេស ទាំង​កន្លែង​ស្នាក់​នៅ​​ធំ​ទូលាយ និង​អាច​ធ្វើ​អ្វីៗ​បាន​តាម​ចិត្ត ហើយ​ពេល​មាន​ជំងឺ​អាច​ទៅ​រស់នៅ​​បន្ទប់​វីអាយភី (VIP) របស់​ពេទ្យ​បាន​តាម​ចិត្ត ដោយ​មិន​កំណត់​ពេល។

ជាក់ស្ដែង ដូច​ជា​ករណី​ឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម ដែល​តុលាការ​កាត់ ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត និង​ឧកញ៉ា គិត ធាង ដែល​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន បាន​ទៅ​​រស់នៅ​ក្នុង​បន្ទប់​វីអាយភី​​ក្នុង​មន្ទីរពេទ្យ​រដ្ឋ រហូត​ដល់​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​ស្ងាត់ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ